ភ្នំពេញ — រដ្ឋាភិបាលក្រុងប៉េកាំងកំពុងពង្រឹងចំណងសេដ្ឋកិច្ច ការទូត និងយោធាជាមួយនឹងរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈការវិនិយោគ ប្រាក់ឧបត្ថម្ភ និងកញ្ចប់ប្រាក់ជំនួយយោធាដ៏ច្រើន។ ស្របពេលជាមួយគ្នានេះ ភ្ញៀវទេសចរណ៍ កម្មករ និងអ្នកជំនួញចិនសម្រុកមកប្រទេសកម្ពុជាក្នុងចំនួនដ៏ច្រើនដែលមិនធ្លាប់មានពីមុន។
ខណៈដែលពលរដ្ឋខ្មែរមួយចំនួនទទួលបានប្រយោជន៍ពីការហូរចូលមកដល់របស់ជនជាតិចិន និងប្រាក់របស់ចិន ជីវិតរបស់មនុស្សជាច្រើនទទួលរងផលប៉ះពាល់អវិជ្ជមានយ៉ាងខ្លាំង។
អ្នកលក់ទូរស័ព្ទម្នាក់នៅក្នុងសង្កាត់មួយពោរពេញដោយជនជាតិចិននៅក្នុងក្រុងព្រះសីហនុ ដែលសុំប្រើឈ្មោះ ចេ បានប្រាប់ VOA ផ្សាយជាភាសាចិនកុកងឺថា៖
«ខ្ញុំមិនមានអារម្មណ៍ថា មានសុវត្ថិភាពនោះទេ ដោយសារតែជនជាតិចិនមួយចំនួនបើកបរលឿនៗណាស់។ អ្នកខ្លះផឹកស្រាច្រើន និងនិយាយឮៗ»។
បុរសវ័យក្មេងម្នាក់ដែលធ្វើនៅក្នុងរោងចក្ររបស់ចិនក្នុងតំបន់សេដ្ឋកិច្ចពិសេសរបស់ក្រុងព្រះសីហនុ ក៏បានត្អូញត្អែរដែរថា ជនជាតិចិនបើកបរលឿនៗពេក។
កម្មករម្នាក់នោះនិយាយថា៖ «ជនជាតិចិនមិនគោរពពលរដ្ឋខ្មែរនោះទេ»។
លោក ឆន សុគន្ធ ដែលជាអ្នកបើកតាក់ស៊ីម្នាក់ មានអតិថិជនបរទេសជាច្រើន។
លោកនិយាយថា៖ «នៅពេលដែលជនជាតិចិនមកធ្វើជំនួញនៅទីនេះ ពួកគេខុសពីជនជាតិអឺរ៉ុប»។ លោកបានពន្យល់បន្ថែមថា៖ «នៅពេលដែលជនជាតិអឺរ៉ុបមកទីនេះ វាជាការធ្វើជំនួញដើម្បីអ្នកដទៃ ចំណែកឯជនជាតិចិនធ្វើជំនួញតែជាមួយនឹងជនជាតិចិនគ្នាឯង ហើយពលរដ្ឋខ្មែរមិនអាចធ្វើជំនួញជាមួយពួកគេបានទេ»។
លោក ថុន រដ្ឋា ដែលជាអ្នកស្រាវជ្រាវម្នាក់នៃអង្គការមាតាធម្មជាតិ យល់ថា ជនជាតិចិនខ្វាយខ្វល់តែពីការរកប្រាក់តែប៉ុណ្ណោះ។
លោក ថុន រដ្ឋា បាននិយាយថា៖ «នៅពេលពួកគេ [ជនជាតិចិន] មកធ្វើការវិនិយោគ ពួកគេមិនខ្វល់ពីសិទ្ធិមនុស្សនោះទេ។ ពួកគេមិនខ្វល់ពីច្បាប់នោះទេ។ ពួកគេគ្រាន់តែចង់បានប្រយោជន៍ និងផលចំណេញ»។
អ្នកស្រី Maggie Eno ជាស្ថាបនិក និងសហប្រធាននៃអង្គការម្លប់តាប៉ាង ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញមួយធ្វើការការពារកុមារ និងគ្រួសារងាយរងគ្រោះនៅក្នុងខេត្តព្រះសីហនុ។ អ្នកស្រីនិយាយថា អ្វីដែលពលរដ្ឋក្នុងស្រុកមានការលំបាកមួយទៀតនោះ គឺឥរិយាបថចោលសំរាមរបស់ជនជាតិចិនដែលជាអ្នកចំណូលថ្មី។
អ្នកស្រី Eno និយាយថា៖ «ខ្ញុំឃើញជនជាតិចិនជាច្រើនជក់បារីនៅលើឆ្នេរ និងបោះបារីនោះចោលទៅក្នុងសមុទ្រ»។
ជនជាតិអង់គ្លេសរូបនេះបានរស់នៅ និងធ្វើការនៅក្នុងប្រទេសកម្ពុជាអស់រយៈពេល១៧ឆ្នាំមកហើយ។ អ្នកស្រីនិយាយថា អ្នកស្រីបានមើលឃើញថា មានការខឹងសម្បារខ្លាំងចំពោះជនជាតិចិន។
អ្នកស្រី Eno និយាយថា៖ «ខ្ញុំគិតថា មនុស្សជាច្រើនមានគំនិតមិនពេញចិត្តនឹងជនជាតិចិន។ ការរើសអើងជាតិសាសន៍កើតមានឡើង ជាពិសេសនៅតាមផ្លូវ ដោយសារតែពួកគេគិតថា ជីវភាពរបស់ពួកគេ និងចរាចរណ៍នៅលើផ្លូវមានការផ្លាស់ប្តូរ ដោយសារតែការមកដល់របស់ជនជាតិចិន»។
អ្នកស្រី រ័ត្ន ចន្ទផល្គុណ ជាសហប្រធានអង្គការម្លប់តាប៉ាង និងបានធ្វើការដោយផ្ទាល់ជាមួយនឹងគ្រួសារខ្មែរ។
អ្នកស្រីនិយាយថា៖ «នៅពេលពួកគេ [ពលរដ្ឋខ្មែរ] ជួបបញ្ហាមួយទៅបញ្ហាមួយ ពួកគេមានការឆ្អែតចិត្ត។ ពួកគេហត់នឿយ។ អ្វីដែលពួកគេយល់ឃើញគឺថា ដោយសារតែអ្នក [ជនជាតិចិន] ទើបខ្ញុំត្រូវប្រឈមមុខនឹងបញ្ហាទាំងនេះ ហើយរស់នៅកន្លែងបច្ចុប្បន្ន»។
ការហូរចូលយ៉ាងគំហុករបស់ជនជាតិចិន និងប្រាក់របស់ចិន កំពុងក្លាយជាបញ្ហានយោបាយ ដោយសារតែគណបក្សប្រឆាំងបានព្រមានពីកំណើនឥទ្ធិពលរបស់ចិន។
លោក ទាវ វណ្ណុល គឺជាប្រធានគណបក្សភ្លើងទៀន ដែលជាគណបក្សប្រឆាំងមួយត្រូវបានបង្កើតឡើង ពេលដែលគណបក្សសម រង្ស៊ី ត្រូវប្តូរឈ្មោះ។ លោកបាននិយាយថា ដោយសារតែការឈ្លានពានរបស់វៀតណាមមកលើកម្ពុជា និងភាពអយុត្តិធម៌នៅក្នុងប្រវត្តិសាស្ត្រផ្សេងទៀត កាលពីពេលមុនពលរដ្ឋខ្មែរមិនចូលចិត្តជនជាតិវៀតណាម ប៉ុន្តែឥឡូវនេះពួកគេខឹងជនជាតិចិនខ្លាំងជាងវៀតណាម។
លោក ទាវ វណ្ណុល បាននិយាយថា៖ «ឥឡូវនេះ ការខឹងសម្បារបានប្តូរទៅរកជនជាតិចិនវិញ ដោយសារតែនៅពេលជនជាតិចិនមកទីនេះ ពួកគេមិនគោរពពលរដ្ឋខ្មែរនោះទេ។ ពួកគេមិនគោរពច្បាប់នៅកម្ពុជាទេ។ លើសពីនេះ ឥរិយាបថនិងទង្វើរបស់ពួកគេមកលើពលរដ្ឋ អាក្រក់ខ្លាំងណាស់»។
អ្នកស្រី រ័ត្ន ចន្ទផល្គុណ និយាយថា អ្នកស្រីបានឃើញជនជាតិចិនមានឥរិយាបថអាក្រក់ ប៉ុន្តែអ្នកស្រីក៏មានមិត្តភក្តិចិនល្អមួយចំនួន និងបានឃើញជនជាតិធ្វើរឿងល្អៗនៅក្នុងប្រទេសកម្ពុជាផងដែរ។
អ្នកស្រីបាននិយាយថា៖ «ប៉ុន្មានថ្ងៃមុន [ក្នុងខែសីហា] ផ្លូវត្រូវបានលិចទឹកយ៉ាងខ្លាំង នៅពេលខ្ញុំធ្វើដំណើរទៅផ្ទះ។ វាស្ថិតនៅកម្ពស់នេះ»។ អ្នកស្រីបានចង្អុលទៅចង្កេះអ្នកស្រី ដើម្បីប្រាប់ថា ទឹកជំនន់មានកម្ពស់ណានៅពេលនោះ។
អ្នកស្រីបន្ថែមថា៖ «ខ្ញុំឃើញម៉ូតូកង់បីមួយដួល ហើយជនជាតិចិនមួយក្រុមរត់ទៅជួយលើកម៉ូតូកង់បីនោះ»។
ខណៈពេលដែលមានអារម្មណ៍មិនពេញចិត្តលើជនជាតិចិននោះ អ្នកខ្លះជឿថា មិនគួរបន្ទោសទៅលើជនជាតិចិនតែម្ខាងនោះទេ ដោយសារតែពួកគេត្រូវបានអនុញ្ញាតឱ្យចូលមកក្នុងប្រទេសកម្ពុជា។
អ្នកស្រី Eno និយាយថា៖ «យ៉ាងហោចណាស់ ពួកគេភាគច្រើនមិនបានមកទីនេះដោយខុសច្បាប់នោះទេ»។
ស្ត្រីខ្មែរម្នាក់ដែលធ្វើនៅក្នុងរោងចក្រកាត់ដេររបស់ចិនមួយនៅក្រៅរាជធានីភ្នំពេញបានយល់ស្របថា វាមិនយុត្តិធម៌នោះទេក្នុងការបន្ទោសជនជាតិចិនសម្រាប់អ្វីៗគ្រប់យ៉ាងនោះ»។
នាងនិយាយថា៖ «ពួកគេមកទីនេះដើម្បីសាងសង់រោងចក្រ ហើយពួកគេធ្វើល្អ។ មនុស្សមួយចំនួននិយាយថា ជនជាតិមកទីនេះយកដីរបស់ពួកយើង។ ប៉ុន្តែប្រសិនបើអ្នកមិនលក់ដី តើគេអាចយកដីរបស់យើងបានយ៉ាងដូចម្តេច?»
អ្នកស្រី រ័ត្ន ចន្ទផល្គុណ យល់ថា ពលរដ្ឋខ្មែរមានការមិនពេញចិត្តចំពោះរដ្ឋាភិបាលខ្មែរដែលមិនបានជួយពួកគេនៅពេលពួកគេត្រូវការជំនួយ។
វិនិយោគិនចិននៅក្នុងប្រទេសកម្ពុជាមួយចំនួនយល់ថា វាជារឿងធម្មតាសម្រាប់ពលរដ្ឋខ្មែរដែលមានការមិនពេញចិត្តខ្លះចំពោះជនជាតិចិន។
លោក Fei Lu ដែលជានាយកគម្រោងរបស់ក្រុមហ៊ុន New Landmark ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ដោយផ្តោតការវិនិយោគនៅក្នុងខេត្តព្រះសីហនុ បាននិយាយថា៖ «នៅកន្លែងណាក៏ដោយ នៅអឺរ៉ុប អាមេរិក ចិន ជប៉ុន ឬកូរ៉េខាងត្បូង នៅពេលអ្នកមានអ្នកខាងក្រៅហូរចូលយ៉ាងច្រើនគំហុកដើម្បីមកធ្វើការវិនិយោគក្នុងទ្រង់ទ្រាយធំ វាគេចមិនផុតទេដែលថា ពលរដ្ឋក្នុងស្រុកនឹងរងផលប៉ះពាល់។ ដោយសារតែវាពាក់ព័ន្ធការផ្លាស់ប្តូរទម្លាប់»។
លោកនិយាយថា អ្វីៗក៏ដោយ មានកត្តាទាំងសងខាង។ លោកថា៖ «នៅពេលដែលអ្នកមើលឃើញថា វាជាបញ្ហា ខ្ញុំមើលឃើញថា វាជាអ្វីមួយដែលនាំយកបច្ចេកវិទ្យាទំនើបៗ និងគំនិតថ្មីៗ រួមទាំងការអភិវឌ្ឍផ្លោះទៅមុខលឿនសម្រាប់ទីក្រុងទាំងមូលផងដែរ»។
ជនជាតិចិនជាច្រើនយល់ស្របថា ការវិនិយោគរបស់ចិននៅក្នុងប្រទេសកម្ពុជា រួមទាំងគម្រោងជាច្រើននៃគម្រោងផ្លូវក្រវាត់ពាណិជ្ជកម្មរបស់ចិនដ៏មានមហិច្ឆតា កំពុងលើកកម្ពស់ការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា។ លោក Jiaping Zhou ដែលជាអ្នកតំណាងស្របច្បាប់របស់ក្រុមហ៊ុន Hubei Hengji Intelligence Equipment Corp ជាមនុស្សម្នាក់ដែលគិតដូច្នេះ។
លោក Zhou ស្ថិតនៅតំបន់តារាសាគរដើម្បីរកមើលឱកាសវិនិយោគ។ លោកបានប្រាប់ VOA ផ្សាយជាភាសាចិនកុកងឺថា៖ «ខ្ញុំមកប្រទេសកម្ពុជា ដោយសង្ឃឹមថា នឹងនាំយកបច្ចេកវិទ្យាទំនើបៗរបស់ចិនទៅកាន់ប្រទេសនានា ដែលមិនទាន់មានការអភិវឌ្ឍនៅឡើយ តាមរយៈគម្រោងផ្លូវក្រវាត់ពាណិជ្ជកម្មរបស់ចិន ដើម្បីធ្វើឱ្យមានភាពរុងរឿងនៅទីនោះ»។
លោក Zhang ដែលជាកម្មករសំណង់ម្នាក់នៅក្នុងរាជធានីភ្នំពេញក៏ជឿថា គម្រោងផ្លូវក្រវាត់ពាណិជ្ជកម្មរបស់ចិនជាគម្រោងល្អសម្រាប់កម្ពុជាដែរ។
លោកបាននិយាយដោយមានមោទនភាពថា៖ «គម្រោងផ្លូវក្រវាត់ពាណិជ្ជកម្មរបស់លោកប្រធានាធិបតី ស៊ី ជីនពីង (Xi Jinping) របស់យើង គឺជារឿងដ៏អស្ចារ្យសម្រាប់គ្រប់ទីកន្លែងនៅក្នុងពិភពលោក។ វាជារឿងល្អដោយសារតែវាអាចជួយឱ្យអ្នកក្រក្លាយជាអ្នកមានបាន និងលើកកម្ពស់ការអភិវឌ្ឍ»។
ទោះជាយ៉ាងណាក៏ដោយ ពលរដ្ឋខ្មែរភាគច្រើនបារម្ភថា ប្រទេសកម្ពុជានឹងក្លាយជារដ្ឋចំណុះមួយរបស់ចិន ដោយសារតែចិនជាម្ចាស់បំណុល និងអ្នកផ្តល់ជំនួយដ៏ធំបំផុតរបស់កម្ពុជា និងដោយសារតែរដ្ឋាភិបាលកម្ពុជាពឹងផ្អែកលើរដ្ឋាភិបាលក្រុងប៉េកាំងកាន់តែខ្លាំងទៅៗ។
លោក ទាវ វណ្ណុល ដែលជាប្រធានគណបក្សភ្លើងទៀន និយាយថា លោកមិនបារម្ភថា ចិននឹងលេបយកប្រទេសកម្ពុជានោះទេ ប៉ុន្តែលោកបារម្ភអំពីឥទ្ធិពលចិនមកលើកម្ពុជា និងលទ្ធភាពដែលប្រវត្តិសាស្ត្រអាចកើតឡើងម្តងទៀត។
លោក ទាវ វណ្ណុល និយាយថា៖ «ប្រសិនបើអ្នកមើលប្រវត្តិសាស្ត្រ នៅក្នុងឆ្នាំ១៩៦៥ សម្តេចសីហនុបានទាត់អាមេរិកចេញពីប្រទេសកម្ពុជា ហើយក្រោយមកប្រទេសចិនបានក្លាយជាបងធំរបស់កម្ពុជា»។
លោកបន្តថា៖ «អ្នកបានឃើញមានអ្វីកើតឡើងនៅក្នុងឆ្នាំ១៩៦៥ ដល់ឆ្នាំ១៩៧០ រួចហើយ។ សង្គ្រាមបានកើតឡើង។ នៅក្នុងឆ្នាំ១៩៧៥ ប៉ុល ពត ដែលជាអ្នកមានគំនិតកុម្មុយនិស្តបែបចិនបានដណ្តើមយកការដឹកនាំប្រទេស។ អ្នកឃើញហើយថា ប្រទេសកម្ពុជាត្រូវបានបំផ្លាញដោយរបៀបណា។ នោះជាអ្វីដែលខ្ញុំបារម្ភបំផុត។ ខ្ញុំបារម្ភថា ពួកគេនឹងដើរតាមប្រវត្តិសាស្ត្រម្តងទៀត»។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរបស់រដ្ឋាភិបាលកម្ពុជា បានប្រាប់ VOA នៅក្នុងបទសម្ភាសន៍មួយក្នុងការិយាល័យរបស់លោក នៅឯអគារទីស្តីការគណៈរដ្ឋមន្ត្រី ដែលជាអគារសាងសង់ដោយទឹកប្រាក់ជំនួយរបស់ចិន ថា ប្រវត្តិសាស្ត្រមិនប្រាកដថាត្រូវកើតឡើងម្តងទៀតនោះទេ។ លោកបានផ្តល់ឧទាហរណ៍ពីទំនាក់ទំនងវៀតណាមនិងអាមេរិក។
លោកបាននិយាយថា៖ «ពួកគេ[វៀតណាម]បានចាប់ និងសម្លាប់ពលរដ្ឋអាមេរិកាំង ប៉ុន្តែពួកគេនៅត្រឡប់មកវិញ ចាប់ដៃគ្នា និងជឿទុកចិត្តគ្នាទៅវិញទៅមក។ គេមិនបានដើរតាមប្រវត្តិសាស្ត្រនោះទេ។ ដូច្នេះសូមផ្តល់ឱកាសឲ្យកម្ពុជាបញ្ជាក់ចំណុចនេះសិនទៅ»។
អ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលរូបនេះ បន្តរៀបរាប់ថា កត្តាមួយចំនួនដូចជា រដ្ឋធម្មនុញ្ញកម្ពុជា របបពហុភាគី និងវត្តមានរបស់គណបក្សនយោបាយដែលលម្អៀងទៅរកសហរដ្ឋអាមេរិក និងប្រទេសមហាអំណាចលោកខាងលិចធានាបានថា ពលរដ្ឋខ្មែរនឹងមិនអនុញ្ញាតឱ្យប្រទេសខ្លួនធ្លាក់ចូលក្នុងអន្ទាក់ចិននោះទេ។
នៅពេលសួរថាតើកម្ពុជាអាចនឹងធ្វើវិសោធនកម្មលើរដ្ឋធម្មនុញ្ញរបស់ខ្លួនដើម្បីអនុញ្ញាតឱ្យមានវត្តមានយោធាចិននៅលើដីកម្ពុជាឬយ៉ាងណា លោក ផៃ ស៊ីផាន និយាយថា វាមិនអាចទៅរួចនោះទេ ដោយសារតែកម្ពុជាត្រូវតែជាប្រទេសអព្យាក្រឹត មានអធិបតេយ្យភាព និងឯករាជ្យ។
លោក អ៊ូ វីវៈ គឺជាស្ថាបនិកអង្គការវេទិកាអនាគតដែលជាអង្គការស្រាវជ្រាវ និងជាវិភាគឯករាជ្យមួយនៅក្នុងរាជធានីភ្នំពេញ។ លោកក៏ជឿថា គេមិនទាន់អាចសន្និដ្ឋានបានថា ចិននឹងលេបយកប្រទេសកម្ពុជាឬយ៉ាងនោះទេ។
លោក អ៊ូ វីរៈ និយាយថា៖ «ខ្ញុំអាចនិយាយថា ប្រទេសកម្ពុជាមិនស្ថិតនៅក្នុងដៃរបស់ចិននោះទេ។ ខ្ញុំគិតថា យើងអាចងាយគិតដូច្នេះ បើយើងមើលស្ថានភាពបច្ចុប្បន្ន ទិសដៅយើងកំពុងងាកទៅរកក្នុងពេលបច្ចុប្បន្ន»។
លោកគិតថា ប្រសិនបើពលរដ្ឋខ្មែរចំណាយពេលទប់ទល់ជាមួយនឹងប្រទេសលោកខាងលិច និងចិន ហើយព្យាយាមពង្រឹងសេដ្ឋកិច្ចរបស់ខ្លួន និងកាត់បន្ថយការពឹងផ្អែកលើជំនួយបរទេស និងអំណាចប្រទេសលោកខាងលិច នោះកម្ពុជានឹងមានឱកាសដើរឆ្ពោះទៅមុខនៅលើផ្លូវស្ថិរភាពមួយ។
នៅក្នុងការដ្ឋានសាងសង់របស់អគារខារ៉ាអូខេមួយកន្លែងនៅក្នុងរាជធានីភ្នំពេញ កម្មករចិន និងខ្មែរធ្វើការជាមួយគ្នា។ ទោះជាពួកគេមានប្រវត្តិ ភាសា ប្រាក់ឈ្នួល និងកន្លែងស្នាក់នៅផ្សេងគ្នាក្តី តាមរយៈការធ្វើការ និងរស់នៅជាមួយគ្នា ពួកគេបានក្លាយជាសហការី និងអ្នកជិតខាងល្អ។ កូនៗរបស់កម្មករខ្មែរដែលរស់នៅក្បែរការដ្ឋានឧស្សាហ៍មកលេងកម្មករចិននៅក្នុងកន្លែងស្នាក់នៅរបស់កម្មករចិនណាស់។
កម្មករចិនម្នាក់និយាយថា៖ «ពួកគេគោរពយើងដែលជាជនជាតិចិន»។ លោកបន្ថែមថា៖ «យើងក៏គោរពពួកគេវិញដែរ»៕
ប្រែសម្រួលដោយលោក សាយ មុន្នី