អង្គការសន្ធិសញ្ញាមហាសមុទ្រអាតាឡង់ទិកខាងជើងឬ (NATO) បានបញ្ជាក់ឡើងវិញពីការតាំងចិត្តរបស់ខ្លួនដល់ប្រទេសតួកគីថា តួកគីជាសមាជិកដ៏មានតម្លៃមួយនៃសម្ព័ន្ធមិត្តដែលមានសមាជិក២៨ប្រទេសនៅក្នុងការប៉ុនប៉ងដើម្បីបន្ធូរបន្ថយការព្រួយកង្វល់របស់តួកគីថា ខ្លួនមិនមានការគាំទ្រយ៉ាងពេញលេញពីប្រទេសលោកខាងលិចនោះ។
លោកស្រី Oana Lungescu អ្នកនាំពាក្យអង្គការអូតង់ បាននិយាយកាលពីថ្ងៃពុធនៅក្នុងសេចក្តីថ្លែងការណ៍ថា «តួកគីជាសម្ព័ន្ធមិត្តមួយដ៏សំខាន់ដែលបានរួមវិភាគទានដ៏សំខាន់ដល់ការខំប្រឹងប្រែងរួមរបស់អង្គការអូតង់។តួកគីចូលរួមយ៉ាងពេញលេញនៅក្នុងការសម្រេចដែលផ្អែកលើការមូលមតិរបស់សម្ព័ន្ធមិត្តនៅពេលដែលយើងប្រឈមបញ្ហាសន្តិសុខដ៏ធំបំផុតក្នុងពេលបច្ចុប្បន្ននេះ»។
លោកស្រី Lungescu បានចេញសេចក្តីថ្លែងការណ៍នៅក្នុងការឆ្លើយតបទៅនឹងសេចក្តីរាយការណ៍ដែលជាការទស្សន៍ទាយរបស់សារព័ត៌មានអំពីរដ្ឋប្រហារមិនបានទទួលជោគជ័យកាលពីខែមុននៅក្នុងប្រទេសតួកគី និងសមាជិកភាពរបស់តួកគីនៅក្នុងអង្គការអូតង់។ លោកស្រីអ្នកនាំពាក្យ បាននិយាយទៀតថា «អង្គការអូតង់ ពឹងផ្អែកលើការបន្តរួមវិភាគទានរបស់តួកគី ហើយតួកគី អាចពឹងផ្អែកលើសាមគ្គីភាពនិងការគាំទ្ររបស់អង្គការអូតង់»។
អង្គការអូតង់ បានចេញសេចក្តីថ្លែងការណ៍មួយថ្ងៃបន្ទាប់ពីប្រធានាធិបតី Recep Tayyip Erdogan នៃប្រទេសតួកគី បានជួបជាមួយប្រធានាធិបតី Vladimir Putin នៃប្រទេសរុស្ស៊ីក្នុងទីក្រុង St. Petersburg នៃប្រទេសរុស្ស៊ី។ ជំនួបនេះ បានធ្វើឲ្យមានការនិយាយស្មានៗថា ទំនាក់ទំនងដ៏ខ្លាំងរបស់តួកគីជាមួយប្រទេសលោកខាងលិច អាចចុះខ្សោយ។
តួកគីដែលមានកម្លាំងយោធាធំទីពីរនៅក្នុងអង្គការអូតង់ ជាសម្ព័ន្ធមិត្តដ៏សំខាន់មួយជាមួយប្រទេសលោកខាងលិចនៅពេលដែលតួកគីប្រឈមអស្ថិរភាពដែលមិនធ្លាប់មានកាលពីពេលមុននៅក្នុងតំបន់មជ្ឈឹមបូព៌ា៕