បណ្ដាមេដឹកនាំនៃប្រទេសជាសមាជិកអង្គការអូតង់ (NATO) បានជួបប្រជុំនៅថ្ងៃពុធនេះជាមួយនឹងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ស្របពេលពួកគេបិទបញ្ចប់កិច្ចប្រជុំនៅក្នុងទីក្រុងវីលនីញូស ប្រទេសលីទុយអានី ដែលនៅក្នុងកិច្ចប្រជុំនោះមានការផ្ដោតលើការគាំទ្រប្រទេសអ៊ុយក្រែននៅក្នុងការប្រយុទ្ធរបស់ប្រទេសនេះប្រឆាំងនឹងការឈ្លានពានរបស់ប្រទេសរុស្ស៊ីនិងការពិភាក្សាអំពីអនាគតរបស់អ៊ុយក្រែននៅក្នុងការចូលជាសមាជិកអង្គការអូតង់។
បណ្ដាមេដឹកនាំទាំងនោះបានលើកឡើងនៅក្នុងសេចក្ដីប្រកាសជាលាយលក្ខណ៍អក្សរមួយ ដោយបញ្ជាក់ជាថ្មីអំពីគោលជំហរបស់ពួកគេនៅក្នុងការគាំទ្រសមាជិកភាពរបស់អ៊ុយក្រែន ប៉ុន្តែមិនបានលើកឡើងអំពីការតាំងចិត្តជាពិសេសណាមួយឬក៏ពេលវេលាជាក់លាក់ណាមួយដែលលោក Zelenskyy ចង់បាននោះទេ។
លោក Zelenskyy បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយអគ្គលេខាធិការអង្គការអូតង់ លោក Jens Stoltenberg ថាលោកយល់ថា សម្ព័ន្ធមិត្តមួយចំនួនមិនចង់ពិចារណាឲ្យអ៊ុយក្រែនចូលរួមសម្ព័ន្ធនៅពេលនេះទេ ដោយសារការភ័យខ្លាចសង្គ្រាមលោក ហើយថាវាច្បាស់ណាស់ថា អ៊ុយក្រែនមិនអាចចូលរួមបានទេ ខណៈជម្លោះជាមួយរុស្ស៊ីកំពុងបន្ត។
លោក Stoltenberg បានគូសបញ្ជាក់ពីកញ្ចប់បីផ្នែកនៃការធ្វើសមាហរណកម្មយ៉ាងជិតស្និទ្ធជាមួយអ៊ុយក្រែនជាមួយអង្គការអូតង់ រួមទាំងការងារស្តីពីអន្តរប្រតិបត្តិការរវាងកងកម្លាំងអ៊ុយក្រែន និងអង្គការអូតង់ ក្រុមប្រឹក្សាអូតង់-អ៊ុយក្រែនថ្មី ដែលបានបើកកិច្ចប្រជុំលើកដំបូងរបស់ខ្លួនកាលពីថ្ងៃពុធ និងដកចេញនូវតម្រូវការសម្រាប់អ៊ុយក្រែន ដើម្បីបញ្ចប់ផែនការសកម្មភាពសមាជិកភាពដើម្បីត្រាយផ្លូវក្លាយជាសមាជិក។
លោក Stoltenberg បាននិយាយថា៖ «ថ្ងៃនេះយើងជួបគ្នាដោយស្មើមុខមាត់គ្នា។ ខ្ញុំទន្ទឹងរង់ចាំថ្ងៃដែលយើងជួបគ្នាក្នុងនាមជាសម្ព័ន្ធមិត្ត»។
របៀបវារៈនៅថ្ងៃពុធនេះមានការប្រជុំដំបូងរបស់ក្រុមប្រឹក្សាអូតង់-អ៊ុយក្រែន ហើយលោក Zelenskyy ក៏គ្រោងនឹងជួបពិភាក្សាដាច់ដោយឡែកជាមួយនឹងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ផងដែរ។
លោក Biden គ្រោងនឹងថ្លែងសុន្ទរកថា «លើកឡើងអំពីវិធីដែលសហរដ្ឋអាមេរិករួមជាមួយនឹងសម្ព័ន្ធមិត្តនិងដៃគូនានារបស់អាមេរិកគាំទ្រអ៊ុយក្រែន ការពារគុណតម្លៃប្រជាធិបតេយ្យ និងចាត់វិធានការដោះស្រាយបញ្ហាប្រឈមទូទៅនៅលើពិភពលោក»។ នេះបើតាមការបញ្ជាក់របស់សេតវិមាន។
ចក្រភពអង់គ្លេសបានបញ្ជាក់ថា សមាជិកនៃក្រុមប្រទេស G-7 មានផែនការប្រកាសអំពីគ្រោងការថ្មីសម្រាប់សម្ព័ន្ធមិត្តដែលផ្ដល់ការគាំទ្រផ្នែកសន្តិសុខរយៈពេលវែងដល់អ៊ុយក្រែន។
រុស្ស៊ីបានចេញសេចក្តីថ្លែងការណ៍ជាច្រើនក្នុងអំឡុងកិច្ចប្រជុំកំពូលដោយបញ្ជាក់ថា ជំនួយសន្តិសុខសម្រាប់អ៊ុយក្រែន និងការពង្រីកអង្គការអូតង់តំណាងឱ្យការគំរាមកំហែងដល់រុស្ស៊ី។៕
ព័ត៌មានខ្លះសម្រាប់សេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP, AFP និង Reuters