ប្រធានអង្គការអូតង់នៅថ្ងៃពុធនេះបានសរសើរផែនការរបស់ប្រទេសជប៉ុនចំពោះការបង្កើនទ្វេដងនូវការចំណាយវិស័យការពារជាតិដោយនិយាយថា ការសន្យានេះបានឆ្លុះបញ្ចាំងនូវការដោះស្រាយរបស់ជប៉ុនចំពោះបញ្ហាសន្តិសុខកាន់តែខ្លាំងឡើងពាក់ព័ន្ធនឹងបញ្ហាពិភពលោក។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP។
ថ្លែងនៅក្នុងទីក្រុងតូក្យូ លោក Jens Stoltenberg បាននិយាយថា ការបន្តផ្តោតយកចិត្តទុកដាក់របស់ជប៉ុនលើសន្តិសុខបានធ្វើឱ្យប្រទេសនេះកា្លយជាដៃគូកាន់តែខ្លាំងឡើង«ដើម្បីសន្តិភាព»។
លោកបានមានប្រសាសន៍នៅក្នុងសុន្ទរកថាមួយនៅឯសាកលវិទ្យាល័យ Keio ថា៖ «ខ្ញុំសប្បាយរីករាយដែលជប៉ុនកំពុងរៀបចំផែនការថវិកាយោធាទៅដល់ការកំណត់របស់អង្គការអូតង់ដែលមាន២ភាគរយនៃផលិតផលសរុបក្នុងស្រុកសម្រាប់វិស័យការពារជាតិ»។
អស់រាប់ទសវត្សរ៍មកហើយ ជប៉ុនបានកម្រិតការចំណាយលើវិស័យយោធាប្រហែល១ ភាគរយនៃផលិតផលសរុបក្នុងស្រុក ក៏ប៉ុន្តែ កាលពីចុងឆ្នាំទៅ រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Fumio Kishida បានយល់ព្រមយុទ្ធសាស្ត្រសន្តិសុខថ្មីរួមមានផែនការដើម្បីបង្កើនការចំណាយដល់ទៅ២ភាគរយនៃផលិតផលសរុបក្នុងស្រុកនៅកំណត់ឆ្នាំសារពើពន្ធ២០២៧។
លោក Stoltenberg បានមានប្រសាសន៍ទៀតថា«ការណ៍នេះបង្ហាញថា ជប៉ុនបានគិតគូយ៉ាងហ្មត់ចត់អំពីសន្តិសុខអន្តរជាតិ»។
ការកើនឡើងនូវការគំរាមកំហែងពីប្រទេសចិននិងកូរ៉េខាងជើង និងសង្គ្រាមរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែនបានធ្វើឱ្យមានការគាំទ្រជាសាធារណៈចំពោះការចំណាយខាងយោធាកាន់តែខ្លាំងឡើងនៅក្នុងប្រទេសជប៉ុន។
លោក Stoltenberg បានជួបជាមួយលោក Kishida កាលពីថ្ងៃអង្គារម្សិលមិញហើយបាននិយាយក្រោយមកថា លោកទាំង២បានព្រមព្រៀងថា «នៅតែរួបរួមគ្នាយ៉ាងខ្លាំង»នៅក្នុងការប្រឈមការគំរាមកំហែងសន្តិសុខពីប្រទេសចិន កូរ៉េខាងជើង និងសង្គ្រាមនៅអ៊ុយក្រែន៕