លោក Nate Thayer អ្នកសារព័ត៌មានដែលបានប្រថុយជីវិតដើម្បីជួបសម្ភាស ប៉ុល ពត និងរាយការណ៍ពីស្ថានភាពនយោបាយផ្តាច់ការនៅកម្ពុជាក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ បានទទួលមរណភាពនៅគេហដ្ឋានគ្រួសាររបស់លោកនៅរដ្ឋ Massachusetts នាពេលកន្លងទៅនេះ។ លោកមានអាយុ ៦២ឆ្នាំ។
លោក Thayer បានមកអាស៊ីអាគ្នេយ៍នៅចុងទសវត្សរ៍ឆ្នាំ ១៩៨០ ជាអ្នករាយការណ៍ឲ្យទីភ្នាក់ងារសារព័ត៌មាន Associated Press ប្រចាំនៅព្រំដែនថៃ ខណៈពេលមានសង្រ្គាមស៊ីវិលដ៏អាក្រក់នៅកម្ពុជា។ ហើយក្នុងរយៈពេលមួយទសវត្សរ៍បន្ទាប់មក លោកបានក្លាយជាអ្នករាយការណ៍បន្ទាន់ ដោយធ្វើសេចក្តីរាយការណ៍ពីរឿងរ៉ាវសំខាន់ៗនានាលើពិភពលោក ដូចជា ការបញ្ចប់របបខ្មែរក្រហម និងការលេចឡើងនូវកម្ពុជា «សម័យទំនើប»។
លោក Ker Munthit អតីតអ្នកសារព័ត៌មានកម្ពុជា ដែលបានធ្វើការជាមួយលោក Thayer ប្រចាំសារព័ត៌មាន Phnom Penh Post ក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ និយាយថា៖ «លោកជាមនុស្សធ្វើការដោយមិនមានភាពភ័យខ្លាចម្នាក់ ហើយលោកមិនរាថយនោះទេ នៅពេលតាមរកការពិត។ ហើយជាប្រចាំ លោកបានផ្តល់ព័ត៌មានដំបូងគេបង្អស់ទៅពិភពលោកអំពីជម្លោះនយោបាយនៅកម្ពុជា»។
គ្មានព័ត៌មានដំបូងគេណាមួយសំខាន់ជាងការរាយការណ៍របស់លោក Thayer ពីសវនាការប៉ុល ពតកាលពីឆ្នាំ ១៩៩៧ និងបទសម្ភាសន៍ជាមួយប៉ុល ពត ប៉ុន្មានខែបន្ទាប់មក។ ប៉ុន្តែលោកក៏បានរាយការណ៍ពីក្រុមជនជាតិដើម «ម៉ុងតាញ៉ា» (Montagnard) សកម្មប្រយុទ្ធ ដែលត្រូវបានបោះបង់ចោលក្នុងព្រៃនៅកម្ពុជា បណ្តាញជួញដូរថ្នាំញៀនហេរ៉ូអ៊ីនជាប់ទាក់ទងជាមួយនឹងក្រុមអភិជននៅកម្ពុជា និងការប្រយុទ្ធគ្នាដែលគេឃើញរថក្រោះវិលត្រឡប់មកតាមដងផ្លូវក្រុងភ្នំពេញ បន្ទាប់ពីមានសន្តិភាពរយៈពេលប៉ុន្មានឆ្នាំដ៏ខ្លីមួយ។
លោក Thayer ជាអ្នកសរសេរអត្ថបទព័ត៌មានដ៏មុតស្រួចម្នាក់ ដោយលោកបានសរសេរជាអត្ថបទព័ត៌មានស៊ីជម្រៅសម្រាប់បណ្តាញព័ត៌មាននានារួមមាន សារព័ត៌មាន The Phnom Penh Post និងទស្សនាវដ្តី Far Eastern Economic Review។ ប៉ុន្តែប្រភពព័ត៌មានរបស់លោកគឺបានជួយឲ្យរូបលោកមានភាពខុសប្លែកពីអ្នកសារព័ត៌មានដទៃទៀតក្នុងបរិបទការផ្សព្វផ្សាយក្រោយសង្រ្គាមនៅក្រុងភ្នំពេញ ដោយសារតែទំនាក់ទំនងនានាដែលលោកមាន បន្ទាប់ពីចំណាយពេលជាច្រើនខែជាមួយនឹងកងកម្លាំងតស៊ូប្រឆាំងនឹងចលនាកុំម្មុយនិស្តតាមបណ្តោយព្រំដែនថៃ កាលពីដើមទសវត្សរ៍ឆ្នាំ ១៩៩០។
លោក Kevin Barrington អ្នកសារព័ត៌មានជនជាតិអៀរឡង់ ដែលបានធ្វើការជាមួយលោក Thayer ប្រចាំនៅសារព័ត៌មាន The Phnom Penh Post នាពាក់កណ្តាលទសវត្សរ៍ឆ្នាំ ១៩៩០ និយាយថា៖ «លោកបានធ្វើដំណើរវែងឆ្ងាយជាងយើងទាំងអស់គ្នា។ លោកបានធ្វើដំណើរចូលព្រៃយ៉ាងជ្រៅជាមួយនឹងក្រុមឧទ្ទាមនៅកម្ពុជា។ អ្នកដឹងហើយថា លោកចូលចិត្តការប្រថុយប្រថាន»។
លោក Thayer ស្ទើរនឹងបាត់បង់ជីវិតអំឡុងពេលការធ្វើដំណើរមួយក្នុងនោះ។ កាលពីខែតុលា ឆ្នាំ១៩៨៩ លោកបានធ្វើដំណើរក្នុងរថយន្តមួយជាមួយនឹងក្រុមឧទ្ទាមនៅកម្ពុជា នៅពេលដែលរថយន្តនោះបានកិនលើមីនតោនចំនួនពីរ។ តៃកុងរថយន្តធុនធំនោះបានស្លាប់ ហើយលោក Thayer បានរងរបួសក្បាល និងរងរបួសធ្ងន់ធ្ងរពីអម្បែងគ្រាប់។
ប៉ុន្តែលោកបានរួចជីវិត និងបានបន្តរាយការណ៍ពីជម្លោះដែលកំពុងកើតមាននៅតំបន់ព្រៃនៅកម្ពុជា ដែលការណ៍នេះត្រូវបានជំរុញដោយបំណងរបស់លោកក្នុងការជួបជាមួយនឹងបុរសដែលដឹកនាំក្រុមខ្មែរក្រហម នៅពេលដែលរបបនេះបានសម្លាប់ និងបង្អត់អាហាររហូតដល់ស្លាប់ ដល់ពលរដ្ឋខ្មែរប្រមាណ ៣លាននាក់ អំឡុងពេលកាន់អំណាចរយៈពេលបួនឆ្នាំ នៅទសវត្សរ៍ឆ្នាំ ១៩៧០។
លោក Nayan Chanda អតីតការីនិពន្ធប្រចាំទស្សនាវដ្តី Far Eastern Economic Review បាននិយាយថា៖ «បើទោះបីលោកបានធ្វើរឿងជាច្រើននៅកម្ពុជា លោកមិនដែលងាករេចេញពីបេសកកម្ម ដែលលោកត្រូវស្វែងរកប៉ុល ពតឲ្យបាននោះទេ។ នេះជាការងប់ងល់របស់លោក។ ហើយលោកពិតជាក្លាហាន ហ៊ានប្រថុយប្រថាន និងធ្វើរឿងឆ្កួតៗខ្លះ ដើម្បីសម្រេចឲ្យបានដូច្នេះ»។
ជោគជ័យក្នុងការជួបជាមួយប៉ុល ពតបានកើតឡើង នៅពេលប៉ុល ពតកាន់តែមានភាពអស់សង្ឃឹម។ នៅឆ្នាំ ១៩៩៧ មេដឹកនាំខ្មែរក្រហមរូបនេះ ដែលកំពុងមានភាពមិននឹងនរផ្លូវចិត្ត និងមានទំនោរប្រព្រឹត្តអំពើហិង្សា ជឿថា រដ្ឋមន្រ្តីការពារជាតិ យូរអង្វែងរបស់ខ្លួន លោក សុន សេន កំពុងធ្វើការចរចាកិច្ចព្រមព្រៀងសន្តិភាពជាមួយរដ្ឋាភិបាលក្រុងភ្នំពេញក្រោយខ្នងខ្លួន និងបានបញ្ជាឲ្យមានការសម្លាប់រដ្ឋមន្រ្តីការពារជាតិរូបនេះ។ លោក សុន សេន ត្រូវបានបាញ់សម្លាប់ជាមួយនឹងភរិយា កូនៗ និងសមាជិកគ្រួសារដទៃទៀត។
«បងធំទីមួយ» ត្រូវបានចាប់ខ្លួនដោយតា ម៉ុក មេបញ្ជាការខ្មែរក្រហមដែលគូប្រជែង ខណៈពេលមានចលាចលដែលកើតមានបន្ទាប់មក ហើយលោក Thayer ជាមួយនិងអ្នកថតវីដេអូប្រចាំទីភ្នាក់ងារព័ត៌មាន Reuters លោក David McKaige ត្រូវបានអញ្ជើញ តាមរយៈ«ការទាក់ទងជាសម្ងាត់ជាបន្តបន្ទាប់ ដោយប្រើសារជាកូដតាមទូរសព្ទដៃ» ដើម្បីកត់ត្រាជាឯកសារពីដំណើការសវនាការដែលកើតឡើងក្រោយមក។ លោក Nate បានសរសេរក្នុងសារព័ត៌មាន Far Eastern Economic Review ថា៖
«កម្ទេច! កម្ទេច! កម្ទេច! ប៉ុលពត និងបក្ខពួក!» ហ្វូងមនុស្សបានស្រែក ស្របពេលយើងចូលទៅជិត ដៃរបស់ពួកគេក្តាប់សំយ៉ុងចុះមកក្រោម»។
«អង្គុយលើកៅអីឈើធម្មតាមួយ ដោយមានកាន់ឈើច្រត់ធ្វើពីឬស្សីវែងមួយ និងផ្លិតស្លឹក បុរសវ័យចំណាស់ម្នាក់ ទ្រុឌទ្រោម និងព្យាយាមរក្សាកិត្តិយសរបស់ខ្លួន កំពុងមើលខ្សែជីវិតរបស់ខ្លួន ធ្លាក់ចូលក្នុងបរាជ័យនៅទីបំផុត»។
«នេះជារបៀបដែល «តុលាការប្រជាជន» បានចាប់ផ្តើមសម្រាប់ប៉ុល ពត ដែលត្រូវបានគេស្គាល់ជុំវិញពិភពលោកចំពោះការបង្កើតជារបបដ៏តក់ស្លុតមួយ ដែលបានបណ្តាលឲ្យមនុស្សរាប់លាននាក់ស្លាប់ និងជីវិតមនុស្សរាប់លាននាក់ផ្សេងទៀតរងភាពខ្ទេចខ្ទាំ»។
ប៉ុល ពតត្រូវបានកាត់ទោសឲ្យជាប់ឃុំដល់ស្លាប់នៅខ្ទមមួយ ដែលជាកន្លែងលាក់ខ្លួនក្នុងព្រៃជ្រៅមួយ នៅតំបន់អន្លង់វែង។ សវនាការនេះជាលើកដំបូងដែលបស្ចឹមលោកបានឃើញឧក្រិដ្ឋជនសង្រ្គាមដ៏អប្រិយរូបនេះក្នុងពេលប៉ុន្មានទសវត្សរ៍មកនេះ ហើយខ្សែវីដេអូរបស់លោក Thayer ដែលត្រូវបានចាក់ផ្សាយលើកម្មវិធី «Nightline» របស់បុស្តិ៍ទូរទស្សន៍ ABC News គឺជា ការចាប់ផ្តើមនៃជម្លោះផ្លូវច្បាប់រយៈពេលច្រើនឆ្នាំមួយ ពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា។
ពីរបីខែបន្ទាប់មក ប៉ុល ពតខ្លួនឯងបានទាក់ទងតាមបណ្តាញខ្លួន ដើម្បីរៀបចំជាបទសម្ភាសន៍មួយ។ លោក Chanda បាននិយាយថា លោកទទួលបានការហៅទូរសព្ទមួយនៅការិយាល័យរបស់លោកក្នុងក្រុងហុងកុង ពីប្រទេសបារាំង ដោយថា «ពូ» ដែលសំដៅទៅ ប៉ុល ពត ត្រៀមលក្ខណៈរួចរាល់ដើម្បីជួបជាមួយនឹងលោក Thayer។ បន្ទាប់ពីការព្យាយាមផ្តល់ដំណឹងដល់លោក Thayer អស់ពេលពីរទៅបីថ្ងៃ លោក Chanda បានបន្តថា ពួកគេបានពិភាក្សាពីរបៀបដែលលោក Thayer អាចទៅដល់កន្លែងលាក់ខ្លួនជាប់ព្រំដែននោះ។ លោក Thayer បានលើកឡើងពីការប្រើប្រាស់រថពាសដែកមួយពីក្រុងភ្នំពេញ។ លោក Chanda បានបដិសេធ ហើយពួកគេក៏សម្រេចធ្វើដំណើរតាមយន្តហោះទៅក្រុងបាងកក និងឆ្លងកាត់ព្រំដែនពីនោះវិញ។
ប៉ុល ពតមានវ័យជរា និងមិនអាចដើរបានដោយមិនមានជំនួយ។ លោក Thayer បានសរសេរនៅក្នុងទស្សនាវដ្តី Far Eastern Economic Review ថា ប៉ុល ពត «មិនមានអារម្មណ៍ថា ខ្លួនបានសាងបាបកម្មនោះទេ» ដោយគ្រាន់តែសារភាពថា «មានកំហុសផ្សេងៗ» ប្រព្រឹត្តឡើងដោយរបបនេះ ប៉ុន្តែបានទម្លាក់កំហុសការសម្លាប់រម្គាលលើអ្នកដទៃ និងអះអាងថា ប្រសិនបើមិនមានបដិវត្តន៍ធ្វើឡើងដោយក្រុមលោក កម្ពុជានឹងក្លាយជាផ្នែកមួយនៃប្រទេសវៀតណាម។
«ខ្ញុំមកធ្វើការតស៊ូ មិនមែនសម្លាប់មនុស្សនោះទេ» លោកនិយាយខ្សឹបៗ។ លោកបានឈប់បន្តិច ហើយបន្ទាប់មកបាននិយាយទៅកាន់អ្នកសម្ភាសន៍រូបលោក ជាមួយនឹងការនិយាយបែបសុំឲ្យមានការយល់មកលើរូបខ្លួន៖ «សូម្បីតែមកទល់ពេលនេះ ហើយលោកអាចមើលមកខ្ញុំ តើខ្ញុំជាមនុស្សឃោឃៅឬ? ខ្ញុំមានមនសិកាច្បាស់»។
នេះជាបទសម្ភាសន៍ចុងក្រោយរបស់ប៉ុល ពត មុនការស្លាប់របស់លោកនាឆ្នាំបន្ទាប់ ដែលលោក Thayer ក៏បានរាយការណ៍ដំបូងគេបង្អស់ផងដែរ។
លោក McKaige ជារឿយៗ បានធ្វើដំណើររាយការណ៍រួមគ្នាជាមួយលោក Thayer នៅតំបន់ភាគលិចកម្ពុជា និងតាមបណ្តោយព្រំដែនជាមួយថៃ ជាទីដែលកងកម្លាំងតស៊ូដើម្បីប្រជាធិបតេយ្យផ្សេងៗ ដែលសហការជាមួយកងកម្លាំងខ្មែរក្រហម ធ្វើជាមូលដ្ឋាន ធ្វើប្រតិបត្តិការរបស់ខ្លួនប្រឆាំងនឹងរដ្ឋាភិបាលលោកហ៊ុន សែន ដែលត្រូវបានគាំទ្រពីក្រោយដោយរដ្ឋាភិបាលក្រុងហាណូយ ។
ឥឡូវនេះកំពុងរស់នៅប្រទេសសិង្ហបុរី លោក McKaige បាននិយាយថា លោក Thayer ជាជនបរទេសដ៏កម្រម្នាក់ ដែលមិនប្រឡូករបៀបវារៈនយោបាយក្នុងការងាររបស់លោកនៅកម្ពុជា អំឡុងពេលមួយដែលប្រទេសនេះជាចំណុចក្តៅនៃភាពតានតឹងផ្នែកនយោបាយភូមិសាស្រ្ត ដោយបណ្តាប្រទេសលោកខាងលិចគាំទ្រក្រុមសម្ព័ន្ធមួយ ដែលបានរួមបញ្ចូលក្រុមខ្មែរក្រហមជាជាងទទួលយកជាផ្លូវការនូវរដ្ឋាភិបាលមួយចាត់តាំងដោយកងកម្លាំងកុំម្មុយនិស្តដែលបានចូលឈ្លានពាន។
បញ្ញវន្តលោកខាងលិចមួយចំនួនគិតថា ការគាំទ្រក្រុមភាពជាប់ពាក់ព័ន្ធជាមួយនឹងក្រុមខ្មែរក្រហមគឺជា រឿងមិនអាចទទួលយកបានផ្នែកក្រមសីលធម៌ ហើយបានផ្តល់ការគាំទ្រដល់រដ្ឋាភិបាលរបស់លោក ហ៊ុន សែន ដែលបានស្ថិតនៅក្នុងអំណាចមកទល់នាពេលបច្ចុប្បន្ន និងដែលបានបង្ហាញឆន្ទៈក្នុងការបង្រ្កាបអ្នកប្រឆាំងអស់រយៈពេលប៉ុន្មានទសវត្សរ៍មកនេះ។ លោក McKaige បាននិយាយថា ការរាយការណ៍របស់អ្នកសារព័ត៌មានទាំងពីររូបក៏បានធ្វើឲ្យប៉ះពាល់ដល់ការអះអាងរបស់រដ្ឋាភិបាលលោក ហ៊ុន សែន ដែលថា ខ្លួនគ្រប់គ្រងប្រទេសបានពេញលេញ និងបានបង្ហាញថា ក្រុមសម្ព័ន្ធភាពរវាងខ្សែរាជវង្សនិងក្រុមខ្មែរក្រហមមានការគាំទ្រនៅថ្នាក់មូលដ្ឋាន។
លោក McKaige បានថ្លែងថា៖ «ខ្ញុំគិតថា លោកបានផ្តល់លំនឹងខ្លះចំពោះអ្វីដែលអាចជាទស្សនៈបែបឆ្វេងនិយមជ្រុលនៃរឿងហេតុដែលបានកើតឡើងនៅកម្ពុជា។ ជម្រើសទាំងពីរគឺ អាក្រក់ទាំងពីរ»។
ហើយក្រុមយុទ្ធជនតស៊ូខ្លាំងបំផុតមួយចំនួននៅក្នុងសង្រ្គាមអស់ពេលរាប់ទសវត្សរ៍មកនេះនៅកម្ពុជាបាននិយាយដោយបើកចំហទៅកាន់លោក Thayer។ លោក McKaige ថ្លែងថា៖ «លោកពិតជាមនុស្សបើកចំហ និងប្រាកដប្រជាយ៉ាងខ្លាំងម្នាក់ ហើយការបើកចំហនេះត្រូវបានឆ្លើយតបមកវិញ នៅពេលលោកនិយាយទៅកាន់មនុស្សនានា»។
បន្ទាប់ពីអ្វីដែលមនុស្សមួយចំនួន រួមទាំងលោក Thayer ចាត់ទុកជា រដ្ឋប្រហារធ្វើឡើងដោយលោក ហ៊ុន សែន កាលពីឆ្នាំ ១៩៩៧ ប្រឆាំងនឹងគណបក្សរាជវង្សនិយម ហ្វ៊ុនស៊ិនប៉ិច ដែលបានឈ្នះការបោះឆ្នោតរៀបចំឡើងដោយអង្គការសហប្រជាជាតិកាលពីឆ្នាំ ១៩៩៣ ប៉ុន្តែនៅទីបំផុតបានយល់ស្របក្នុងការបង្កើតជារដ្ឋាភិបាលចម្រុះ លោក Thayer បានសម្ភាសឧត្តមសេនីយ៍សេរី កុសល សម្រាប់ទស្សនាវដ្តី Far Eastern Economic Review។ មេបញ្ជាការគាំទ្ររាជវង្សរូបនេះបានរត់ភៀសខ្លួនពីក្រុងភ្នំពេញតាមយន្តហោះយោធា និងជ្រកលាក់ខ្លួនក្នុងព្រៃមួយជាប់ព្រំដែនប្រទេសថៃ។
លោកសំណាងណាស់ដែលបានរត់គេចខ្លួនទាន់ពេលវេលា៖ រដ្ឋប្រហារនេះបានបណ្តាលឲ្យមនុស្សមួយចំនួនស្លាប់ រួមទាំង ឧត្តមសេនីយ៍ពីររូបជិតដិតនឹងលោក និងមនុស្សរាប់រយនាក់ទៀតត្រូវបានចាប់ខ្លួន។ មនុស្សរាប់ពាន់នាក់ទៀតបានរត់ភៀសខ្លួន ឬលាក់ខ្លួន។
ស្លៀកក្នុងខោខ្លីខ្ចីគេ និងគ្មានស្បែកជើង លោក សេរី និយាយថា៖ «យើងត្រូវការកន្លែងសុវត្ថិភាពដើម្បីការពារមនុស្សរបស់យើងពីការសម្លាប់និងការចាប់ខ្លួន។ ហ៊ុន សែន កំពុងតាមប្រមាញ់មនុស្សរបស់យើង ដោយសម្លាប់ពួកគេ ចាប់ខ្លួនពួកគេ។ តើហេតុអ្វីបានជាពិភពលោកមិនថ្កោលទោសពួកធ្វើរដ្ឋប្រហារនេះ និងធ្វើសកម្មភាពគាំទ្រលទ្ធិប្រជាធិបតេយ្យ ហើយប្រឆាំងនឹងក្រុមជនផ្តាច់ការ?»។
នាពេលនោះ ក្រុមខ្មែរក្រហមមួយភាគធំបានភៀសទៅបន្ទាយធំរបស់ខ្លួននៅព្រំដែន។ អ្វីដែលនៅសេសសល់ពីរបបនេះគឺការបន្តគំរាមកំហែងតាមវិទ្យុ ស្របពេលអ្នកផ្តាច់ខ្លួនមួយចំនួនបានចូលខ្លួនជាមួយរដ្ឋាភិបាលថ្មី។
លោក Barrington ដែលបន្ទាប់មកបានធ្វើការឲ្យទីភ្នាក់ងារព័ត៌មាន Agence France-Presse នៅក្រុងភ្នំពេញ បាននិយាយថា ទំនាក់ទំនងរបស់លោកជាមួយនឹងប្រភពខ្មែរក្រហមរបស់លោក បានធ្វើឲ្យមិត្តរួមការងារខ្លះមិនស្រណុកចិត្ត ហើយពេលខ្លះ អ្នករាយការណ៍ដទៃទៀតមានអារម្មណ៍ថា លោកមិនបានសួរធ្ងន់ៗមកលើមេដឹកនាំជាន់ខ្ពស់ក្រុមខ្មែរក្រហម ដូចជា អតីតប្រមុខរដ្ឋលោកខៀវ សំផន នៅពេលលោកទទួលបានការអនុញ្ញាតឲ្យធ្វើបទសម្ភាសន៍ដ៏កម្រ។
លោក Barrington បាននិយាយថា៖ «ប៉ុន្តែខ្ញុំគិតថា នេះជាផ្នែកមួយនៃផែនការធំនៅទីបំផុតរបស់លោកដើម្បីព្យាយាម និងអាចសម្ភាសប៉ុល ពត។ ហើយនិយាយឲ្យស្មោះត្រង់ទៅ នៅពេលលោកបានជូបប៉ុល ពត លោកមិនបានរាថយពីការសួរសំណួរធ្ងន់ៗនោះទេ»។
អំឡុងពេលមួយដែលលោក Thayer បានកើតជំងឺគ្រុនចាញ់ លោក Barrington បាននិយាយថា មន្រ្តីខ្មែរក្រហមម្នាក់បានមកផ្ទះប្រជុំមួយ ជាទីដែលអ្នកសារព័ត៌មានមួយចំនួនបានស្នាក់នៅ ដើម្បីផ្តល់ថ្នាំជំងឺគ្រុនចាញ់ដល់លោក Thayer។
ប៉ុន្តែលោក Thayer មិនបានឲ្យអ្នកសារព័ត៌មានដទៃទៀតដឹងពីប្រភពព័ត៌មានរបស់លោកនោះទេ។ លោក Barrington បានថ្លែងថា៖ «ឃ្លាដែលគាត់ចូលចិត្តនិយាយនោះគឺ «ប្រសិនបើខ្ញុំប្រាប់អ្នក នោះខ្ញុំនឹងត្រូវសម្លាប់អ្នក» ហើយគាត់តែងទំពារថ្នាំជក់ ហើយលោកគាត់តែងមានមនុស្សមកជួបជានិច្ច ដូចពេលមានអ្នកឡើងមកជួបលោកដោយស្ងាត់ៗជាដើម»។
លោក Chanda កត់សម្គាល់ថា បុគ្គលិកលក្ខណៈរបស់លោក Thayer គឺផ្ទុយស្រឡះពីការរំពឹងទុក ដោយសារតែលោកបានកើតមកជាកូនប្រុសរបស់ប្រតិភូប្រកបដោយកិត្តិនាមម្នាក់ និងក្នុងគ្រួសារអភិជនមួយនៅក្រុង Boston។
លោក Chanda បាននិយាយថា៖ «អ្វីដែលខ្ញុំរកគិតថា គួរឲ្យចាប់អារម្មណ៍នោះគឺថា បើទោះបីជាលោកកើតក្នុងត្រកូលខ្ពង់ខ្ពស់មួយនៅក្រុង Boston លោកហាក់ដូចជាមានចេតនាចង់បង្ហាញខ្លួនឯងក្នុងរូបភាពផ្សេងមួយ ជាអ្នករាយការណ៍បែបប្រថុយប្រថានម្នាក់»។
លោក Thayer ជាអ្នកធ្វើការយ៉ាងស្វាហាប់ និងជាអ្នកកម្សាន្តសប្បាយយ៉ាងខ្លាំងម្នាក់ផងដែរ។ លោក Mark Dodd ដែលជាមិត្តភក្តិ មិត្តរួមអាជីព និងអតីតប្រធានការិយាល័យទីភ្នាក់ងារព័ត៌មាន Reuters ប្រចាំនៅកម្ពុជា បានរំឭកពីការទទួលទានសុរារហូតពេលយប់ជ្រៅមួយជាមួយលោក Thayer ដែលជាអតីតកីឡាករហែលទឹកប្រចាំសាកលវិទ្យាល័យ ដែលមានរាងកាយមាំទាំម្នាក់។
លោកបានសរសេរក្នុងសាររំឭកពីលោក Nate ថា៖ «យើងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេល Nate អាចហែលឆ្លងទន្លេបាសាក់ ដោយយកឈ្នះក្រុមអ្នកជាប់ឈ្មោះសម្រាប់ក្រុមហែលទឹកអូឡាំពិកពីកម្ពុជា។ ហើយអ្វីដ៏គួរឲ្យចាប់អារម្មណ៍ទៀតនោះ គឺសហនាយករដ្ឋមន្រ្តីព្រះអង្គនរោត្តម រណឬទ្ធិត្រូវផ្តល់ឲ្យ Nate ដែលជាអ្នករិះគន់ព្រះអង្គនៅពេលខ្លះ នូវពានរង្វាន់មួយ។ Nate ពិតជាចូលចិត្តរឿងនេះខ្លាំងណាស់»។
លោក Thayer ជារឿយៗបានចែករំលែករឿងមួយពីការផ្តល់វិក្កយបត្រដល់ទីភ្នាក់ងារព័ត៌មាន AP ៥០០ដុល្លារសម្រាប់ស្រាជីន (Gin) និងទឹកសូដាតូនិច នាគ្រាមួយ ដោយអះអាងថា ជាការចំណាយសម្រាប់ថ្នាំសង្កូវ ដោយសារតែមានសារធាតុគីនីន ប្រឆាំងនឹងជំងឺគ្រុនចាញ់ ក្នុងទឹកសូដាតូនិច។ ប៉ុន្តែការទទួលសុរាជាប្រចាំក៏បានក្លាយជារឿងអាក្រក់មួយនៅក្នុងជីវិតចំពោះលោកផងដែរ។
លោក McKaige បាននិយាយថា៖ «បុគ្គលណាដែលធ្វើអ្វីដែលយើងធ្លាប់បានធ្វើ ហើយបន្តធ្វើវា ក្នុងស្មារតីលាតត្រដាងរឿងអាក្រក់ដើម្បីឲ្យពិភពលោកដឹងឮ តែងតែប្រឈមនឹងការប៉ះពាល់អារម្មណ៍ផ្សេងៗ»។
លោក Dodd បានសរសេរថា៖ «ការធ្វើការរាយការណ៍នៅជួរមុខអស់រយៈពេលជាច្រើនឆ្នាំគឺជា រឿងដ៏លំបាកមួយសម្រាប់យើងគ្រប់យើងគ្នា ដែលបានធ្វើវា។ ហើយមិនមែនជាការដួលនិងងើបឡើងវិញតិចដងនោះទេ»។
លោក Thayer បានបន្តធ្វើការរាយការណ៍ពីជុំវិញពិភពលោក ជារឿយៗនៅក្នុងប្រទេសដែលហែកហួរដោយសង្រ្គាម ឬក្រោមរបបផ្តាច់ការ រួមមាន អ៊ីរ៉ាក់ អតីតយូហ្គោស្លាវី គុយបា និងកូរ៉េខាងជើង។ អស់រយៈពេលពីរទសវត្សរ៍មកនេះ លោកបានរស់នៅមួយភាគធំនៅសហរដ្ឋអាមរិក អស់ជាច្រើននៅផ្ទះជាកសិដ្ឋានមួយក្នុងក្រុង Maryland ហើយនាពេលថ្មីៗនេះ នៅកោះ Cap Cod។
លោក Munthit បានរំឭកពីការទៅជួបលោក Nate នៅផ្ទះជាកសិដ្ឋានរបស់លោក កាលពីដើមទសវត្សរ៍ឆ្នាំ ២០០០។ លោក Nate តែងទទួលទានដំណេករហូតដល់ក្បាលល្ងាច ហើយលោកងើបមកឲ្យចំណីទានៅស្រះក្បែរនោះ ហើយបន្ទាប់មកចំណាយពេលយប់ដើម្បីសរសេរសៀវភៅរំឭកពីសកម្មភាពរបស់លោក ក្រោមចំណងជើងថា «ក្តីអាណិតសម្រាប់បីសាច»។
លោកមិនបានបញ្ចប់សៀវភៅនេះនៅឡើយទេ។ លោក អ៊ុន សុខុម ដែលជាអតីតអ្នកបោះពុម្ពផ្សាយកាសែតប្រឆាំងនៅកម្ពុជា បាននិយាយថា ប្រទេសនេះបានបាត់បង់សាក្សីរស់ដ៏កម្រម្នាក់ដែលបានជួបនិយាយជាមួយបុរសម្នាក់ដែលនៅពីក្រោយការសម្លាប់រង្គាលមនុស្សជាច្រើននាក់។
លោកបាននិយាយថា៖ «យើងមានការសោកសៅយ៉ាងខ្លាំង ដែលគំនិតនិងសៀវភៅលោកបានសរសេរ និងរៀបចំ ដើម្បីដាក់ចេញ មិនបានចេញផ្សាយ។ វានឹងត្រូវកប់ចោល»។
ប៉ុន្តែការណ៍នេះប្រហែលមិនមែនដូច្នេះនោះទេ។ លោក Barrington បាននិយាយថា លោក Thayer បានបន្សល់ទុកនូវសំណេរព្រៀង ហើយមិត្តភក្តិរបស់លោកកំពុងពិភាក្សាគ្នាពីការដែលពួកគេអាចសរសេរបញ្ចប់សៀវភៅ ដែលលោក Nate ខ្លួនឯងផ្ទាល់ មិនអាចសរសេរបញ្ចប់៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្រ្តបញ្ញា