រ៉ុក្កែត Artemis ដែលដឹកយានថ្មីទៅភពព្រះចន្ទរបស់ទីភ្នាក់ងារអវកាសណាសា (NASA) របស់សហរដ្ឋអាមេរិក ត្រូវបានបាញ់បង្ហោះចេញពីមជ្ឈមណ្ឌលអវកាស Kennedy នៅក្នុងរដ្ឋ Florida ដែលជាការបាញ់បង្ហោះលើកដំបូងរបស់ខ្លួនកាលពីថ្ងៃព្រលឹមថ្ងៃពុធម្សិលមិញ។ ការបាញ់បង្ហោះនេះ គឺជាជំហានដ៏ធំមួយរបស់សហរដ្ឋអាមេរិក ក្នុងការខិតកាន់តែជិត ទៅដល់ការបញ្ជូនក្រុមអវកាសយានិកត្រឡប់ទៅឋានព្រះចន្ទវិញជាលើកដំបូង ចាប់តាំងពីការបញ្ចប់កម្មវិធី Apollo (អាប៉ូឡូ) កាលពី៥០ឆ្នាំកន្លងទៅ។
ការបាញ់បង្ហោះរ៉ុក្កែតដឹកយានទៅកាន់ព្រះចន្ទនេះ កើតមានឡើងប្រមាណ៣ខែ បន្ទាប់ពីមានការផ្អាកដោយសារការលេចធ្លាយប្រេង ដែលធ្វើឱ្យរ៉ុក្កែតនេះ មានលក្ខណៈឃ្លីងឃ្លោងនៅលើជើងទម្របាញ់បង្ហោះរបស់វា។
ប្រសិនបើអ្វីៗគ្រប់យ៉ាងដំណើរការទៅដោយរលូនក្នុងរយៈពេល៣សប្តាហ៍នោះ យាននេះនឹងជំរុញយានដែលគ្មានមនុស្សជិះ ឱ្យចូលទៅក្នុងគន្លងតារាវីថី (orbit) ដែលស្ថិតនៅជុំវិញភពព្រះចន្ទនោះ។
យាន capsule ដែលត្រូវផ្តាច់ខ្លួនចេញនោះ នឹងវិលត្រឡប់មកកាន់ភពផែនដីវិញ ដោយទម្លាក់ខ្លួនចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកនៅក្នុងខែធ្នូខាងមុខនេះ។ ទីភ្នាក់ងារ NASA សង្ឃឹមថា នឹងបញ្ជូនអវកាសយានិកចំនួន៤រូបទៅកាន់ភពព្រះចន្ទ នៅក្នុងការបាញ់បង្ហោះយានរបស់ខ្លួនលើកក្រោយក្នុងឆ្នាំ២០២៤ ដើម្បីបញ្ជូនមនុស្សទៅកាន់ភពនោះយ៉ាងឆាប់បំផុតក៏ត្រឹមឆ្នាំ២០២៥ខាងមុខនេះផងដែរ៕
ព័ត៌មានខ្លះនៅក្នុងសេចក្តីរាយការណ៍នេះមានប្រភពពីទីភ្នាក់ងារព័ត៌មាន AP។