ទីភ្នាក់ងារអវកាសរបស់សហរដ្ឋអាមេរិក(NASA) បានពន្យារពេលគម្រោងបង្ហោះសាកល្បងកាំជ្រួចនិងយានសម្រាប់ដឹកអ្នកអវកាសទៅភពព្រះចន្ទ កាលពីថ្ងៃចន្ទ ដោយសារមានបញ្ហាបច្ចេកទេសមួយចំនួនពាក់ព័ន្ធនឹងការហៀរសាំង និងការលំបាកក្នុងការបន្ថយកម្តៅម៉ាស៊ីនជំរុញមួយនៅមុនពេលគ្រោងបាញ់បង្ហោះ។
ប្រសិនបើបញ្ហាបច្ចេកទេសទាំងនេះត្រូវបានគេដោះស្រាយរួចរាល់ ទីភ្នាក់ងារ NASA គ្រោងនឹងសាកល្បងបាញ់បង្ហោះកាំជ្រួចម្តងទៀតនៅថ្ងៃសុក្រសប្ដាហ៍នេះ។
លោក Bill Nelson ប្រធានទីភ្នាក់ងារអវកាស NASA បានថ្លែងអំពីការសម្រេចពន្យារពេលការបាញ់បង្ហោះនោះថា៖ «យើងនឹងមិនបង្ហោះទេ ដរាបណាវាមិនទាន់ត្រឹមត្រូវគ្រប់ជ្រុងជ្រោយ។ យើងមិនអាចធ្វើវាបានទេ។ មាននីតិវិធីណែនាំជាក់លាក់ ហើយខ្ញុំគិតថានេះបង្ហាញថា វាជាម៉ាស៊ីនដ៏ស្មុគស្មាញ ជាប្រព័ន្ធដ៏ស្មុគស្មាញ ហើយផ្នែកទាំងអស់ត្រូវតែដំណើរការឱ្យបានត្រឹមត្រូវ»។
បុគ្គលិក NASA កាលពីថ្ងៃចន្ទ ក៏សម្រេចពន្យារគម្រោងបាញ់បង្ហោះមួយផ្នែកទៀតដោយសារមានខ្យល់ព្យុះដែលបក់នៅក្បែរកន្លែងបាញ់បង្ហោះនៅរដ្ឋ Florida ភាគអាគ្នេយ៍សហរដ្ឋអាមេរិកផងដែរ។
គម្រោងបាញ់សាកល្បងនេះ ជាផ្នែកមួយនៃបេសកកម្ម Artemis ដើម្បីបញ្ជូនអ្នកអវកាសអាមេរិកត្រឡប់ទៅឋានព្រះចន្ទវិញ គឺនៅរយៈពេល៥០ឆ្នាំបន្ទាប់មក ក្រោយពីបេសកកម្ម Appollo ទៅឋានព្រះចន្ទដ៏ល្បីល្បាញរបស់អាមេរិកបញ្ចប់។ នៅពេលនេះ NASA គ្រោងប្រើកាំជ្រួចដ៏ខ្លាំងបំផុតរបស់ខ្លួន ដើម្បីសាកល្បងបញ្ជូនយាន Orion គ្មានមនុស្សបើក ទៅក្រឡឹងជុំវិញព្រះចន្ទ រួចត្រឡប់មកភពផែនដីវិញក្នុងរយៈពេល៦សប្តាហ៍។
ប្រសិនបើបេសកកម្ម Artemis នេះបានជោគជ័យ នោះ NASA អាចបញ្ជូនអ្នកអវកាសត្រឡប់ទៅលើផ្ទៃព្រះចន្ទវិញនៅឆ្នាំ២០២៥។
គោលដៅចុងក្រោយរបស់បេសកកម្ម Artemis នេះ គឺទីភ្នាក់ងារ NASA គ្រោងបង្កើតមូលដ្ឋានអវកាសអចិន្ត្រៃយ៍មួយលើឋានព្រះចន្ទ ដើម្បីរៀនសូត្រពីភពនេះ ក្នុងកិច្ចប្រឹងប្រែងដើម្បីបញ្ជូនមនុស្សបន្តទៅភពព្រះអង្គារ ដែលមិនធ្លាប់មានមនុស្សទៅដល់ ហើយនៅឆ្ងាយខ្លាំងជាងព្រះចន្ទទៅទៀត៕
ព័ត៌មានខ្លះនៅក្នុងសេចក្តីរាយការណ៍នេះមានប្រភពពីទីភ្នាក់ងារព័ត៌មាន AP ទីភ្នាក់ងារព័ត៌មាន AFP និងទីភ្នាក់ងារព័ត៌មាន Reuters។