ប្រធានាធិបតីប្រទេសអាស៊ែបៃហ្សង់លោក Ilham Aliyev បាននិយាយនៅថ្ងៃអាទិត្យថា កងទ័ពរបស់ប្រទេសលោកនឹងធ្វើការប្រយុទ្ធរហូតដល់ដំណាក់កាលចុងក្រោយ ប្រសិនបើការចរចាមិនបានឈានដល់ការព្រមព្រៀងដើម្បីឲ្យកងកម្លាំងជាតិសាសន៍ភាគតិចអាមេនីដកចេញពីតំបន់ជម្លោះ Nagorno-Karabakh និងតំបន់ជុំវិញ ៧ ផ្សេងទៀតនោះទេ។
នៅក្នុងជំនួបមួយជាមួយរដ្ឋមន្ត្រីការបរទេសតួកគីលោកMevlut Cavusoglu ក្នុងរដ្ឋធានីបាគូ ប្រទេសអាស៊ែបៃហ្សង់ លោក Aliyev ក៏បានបញ្ជាក់ផងដែរថា ប្រទេសអាមេនី «ពុំមានមូលដ្ឋានណាមួយ» នៅក្នុងការស្នើសុំជំនួយយោធាពីប្រទេសរុស្សីនៅក្នុងជម្លោះនេះទេ។
មានសេចក្តីរាយការណ៍មកថា មានការផ្លោងដាក់គ្នាទៅវិញទៅមករវាងកងកម្លាំងប្រទេសអាស៊ែបៃហ្សង់ និងកងកម្លាំងជាតិសាសន៍ភាគតិចអាមេនីនៅក្នុងនិងជុំវិញតំបន់ជម្លោះ Nagorno-Karabakh កាលពីថ្ងៃអាទិត្យ។
ចំនួនអ្នកស្លាប់ដោយសារការប្រយុទ្ធគ្នាដ៏ខ្លាំងដែលមិនធ្លាប់មានក្នុងរយៈពេល ២៥ ឆ្នាំកន្លងមកនេះ បានកើនលើស ១.០០០ នាក់ និងអាចមានចំនួនច្រើនជាងនេះខ្លាំង។
តំបន់ Nagorno-Karabakh ត្រូវបានទទួលស្គាល់ដោយអន្តរជាតិ ថាជាផ្នែកមួយរបស់ប្រទេសអាស៊ែបៃហ្សង់ ប៉ុន្តែពលរដ្ឋភាគច្រើនក្នុងតំបន់នោះជាជាតិសាសន៍ភាគតិចអាមេនី និងស្ថិតក្រោមការគ្រប់គ្រងរបស់ជាតិសាសន៍អាមេនី។
លោក Aliyev ត្រូវបានទីភ្នាក់ងារព័ត៌មាន Azertag ស្រង់សម្ដីដែលបាននិយាយថា លោកចង់ដោះស្រាយជម្លោះតាមរយៈការចរចា ដែលឈានទៅដល់ការដកកងទ័ពចេញរបស់ជាតិសាសន៍អាមេនីពីតំបន់ជម្លោះ Nagorno-Karabakh។
លោកបានបន្ថែមថា៖ «បើមិនដូច្នេះទេ យើងនឹងបន្តគ្រប់មធ្យោបាយទាំងអស់ដើម្បីស្ដារបូរណភាពទឹកដីរបស់យើងឡើងវិញ ហើយ...យើងនឹងបន្តរហូតដល់ទីបញ្ចប់»៕