បាតុកររាប់រយនាក់ បានធ្វើបាតុកម្មនៅខាងក្រៅស្ថានទូតសហរដ្ឋអាមេរិកក្នុងប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃព្រហស្បតិ៍ស្តីពីការប្រើប្រាស់ពាក្យរ៉ូហ៊ីងយ៉ាដើម្បីពណ៌នាថាជាក្រុមជនជាតិភាគតិចកាន់សាសនាឥស្លាមនៅក្នុងប្រទេសនោះ។
បាតុករដែលបានចូលរួមដោយព្រះសង្ឃព្រះពុទ្ធសាសនាខ្លះ កំពុងអំពាវនាវដល់ក្រុមដែលត្រូវបានគេហៅថាបង់ហ្គាលី និយាយសំដៅពួកគេថា ជាជនអន្តោប្រវេសន៍ខុស ច្បាប់មកពីប្រទេសបង់ក្លាដែស។ ទោះជាយ៉ាងណាក៏ដោយ ជនជាតិរ៉ូហ៊ីងយ៉ាជាច្រើន បានរស់នៅក្នុងប្រទេសមីយ៉ាន់ម៉ាជាច្រើនជំនាន់មកហើយ។
ការតវ៉ាប្រឆាំង បានចាប់ផ្តើមបន្ទាប់ពីស្ថានទូតសហរដ្ឋអាមេរិក បានប្រើពាក្យរ៉ូហ៊ីងយ៉ា នៅក្នុងសេចក្តីថ្លែងការណ៍ពាក់ព័ន្ធនឹងការលង់ទឹកស្លាប់របស់មនុស្សរាប់សិបនាក់បន្ទាប់ពីទូករបស់ពួកគេ បានក្រឡាប់នៅផ្ទៃទឹកទល់មុខនឹងរដ្ឋ Rakhine។
លោក Scott Marciel ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បានធ្វើអត្ថាធិប្បាយទៅកាន់ VOA ផ្សាយជាភាសាមីយ៉ាន់ម៉ាថា «តាមធម្មតា យើង ហៅពួកគេទៅតាមអ្វីដែលពួកគេសុំឲ្យហៅ។ ការហៅនេះ មិនមែនជារឿងនយោបាយទេ គ្រាន់តែជាការហៅធម្មតា»។
រដ្ឋាភិបាលមីយ៉ាន់ម៉ា មិនបានទទួលស្គាល់ជាផ្លូវការដល់ក្រុមរ៉ូហ៊ីងយ៉ាថាជាក្រុមជនជាតិភាគតិចទេដោយបានបដិសេធពុំព្រមផ្តល់សិទ្ធិនិងសញ្ជាតិដល់ពួកគេ។
ពួកគេ មិនអាចធ្វើដំណើរដោយសេរីនៅក្នុងប្រទេសមីយ៉ាន់ម៉ាហើយពួកគេមិនអាចរៀបការ ឬមានកូនដោយគ្មានការអនុញ្ញាតផ្លូវការ។ ជនជាតិរ៉ូហ៊ីងយ៉ា ក៏បានត្រូវគេរារាំងមិនឲ្យទទួលបានការសិក្សាជាន់ខ្ពស់ហើយបានប្រឈមការគំរាមកំហែងជាខាងហិង្សាជាប្រចាំពីអ្នកកាន់សាសនាព្រះពុទ្ធសាសនាជ្រុលនិយម៕