ទូកមួយដែលដឹកមនុស្សជាង៦០នាក់បានក្រឡាប់ចូលទៅក្នុងទឹកក្នុងរដ្ឋធានី Sittwe នៃរដ្ឋ Rakhine ប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃអង្គារ ដែលបានសម្លាប់មនុស្សអស់យ៉ាងហោចណាស់ចំនួន២១នាក់ ដោយរួមមានទាំងកុមារចំនួន៩នាក់ផងដែរ។ នេះបើយោងតាមមន្រ្តីម្នាក់របស់អង្គការសហប្រជាជាតិ។
លោកស្រី Janet Jackson អ្នកសម្របសម្រួលខាងមនុស្សធម៌របស់អង្គការសហប្រជាជាតិប្រចាំក្នុងប្រទេសមីយ៉ាន់ម៉ា បានចេញសេចក្តីថ្លែងការណ៍មួយថា ជនរងគ្រោះដែលនៅរស់រានមានជីវិត៦នាក់កំពុងទទួលការព្យាបាលនៅមណ្ឌលសុខភាពមួយក្នុងតំបន់ ហើយជនរងគ្រោះដទៃទៀតនៅតែបាត់ខ្លួននៅឡើយ។
លោកស្រីក៏បានមានប្រសាសន៍ថា អ្នកដំណើរភាគច្រើននៅលើទូកនោះគឺជាជនផ្លាស់ប្ដូរលំនៅពីជំរំ Sin Tet Maw សម្រាប់ជនជាតិភាគតិចរ៉ូហ៊ីងយ៉ាកាន់សាសនាឥស្លាម ដែលទទួលបានការអនុញ្ញាតឲ្យធ្វើដំណើរទៅទិញទំនិញនៅទីផ្សារ។
លោកស្រី Jackson បានមានប្រសាសន៍ថា «ឧបទ្ទវហេតុនេះគឺជាការរំលឹកដ៏សោកសៅមួយទៅដល់ភាពដែលងាយរងគ្រោះដែលសហគមន៍ និងក្រុមគ្រួសារជួបប្រទះនៅតាមតំបន់ក្នុងរដ្ឋ Rakhine នេះ ដែលនៅទីនេះពួកគេមានមធ្យោបាយធ្វើដំណើរតែមួយនេះគត់ដើម្បីទៅដល់ផ្សារទិញទំនិញ និងសេវាកម្មមូលដ្ឋាននានាដែលចាំបាច់សម្រាប់ជីវភាពរស់នៅរបស់ពួកគេ»។
ជនជាតិភាគតិចរ៉ូហ៊ីងយ៉ាមិនអាចធ្វើដំណើរដោយសេរីនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងមិនអាចរៀបអាពាហ៍ពិពាហ៍ ឬមានកូនដោយគ្មានការអនុញ្ញាតបាននោះទេ៕