ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​ភូមា​អបអរសាទរ​​លោកស្រី​អង់សាន ស៊ូជី ចំពោះ​ជ័យជម្នះ​លើ​ការ​បោះឆ្នោត


ប្រធានាធិបតី​មីយ៉ាន់ម៉ា​លោក​ថេន សេន​ចាកចេញ​ពី​មណ្ឌល​បោះឆ្នោត​ បន្ទាប់​ពី​បាន​ចូល​ទៅ​បោះឆ្នោត​នៅ​ក្រុង​ណៃពិដោ​នា​ថ្ងៃ​ទី០៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។
ប្រធានាធិបតី​មីយ៉ាន់ម៉ា​លោក​ថេន សេន​ចាកចេញ​ពី​មណ្ឌល​បោះឆ្នោត​ បន្ទាប់​ពី​បាន​ចូល​ទៅ​បោះឆ្នោត​នៅ​ក្រុង​ណៃពិដោ​នា​ថ្ងៃ​ទី០៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។

ប្រធានាធិបតី​ភូមា​ ឬ​មីយ៉ាន់ម៉ា លោក ថេន សេន បាន​អបអរសាទរ​មេដឹកនាំ​បក្ស​ប្រឆាំង​គឺ លោកស្រី​អង់សាន ស៊ូជី និង​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​ឬ NLD​ របស់​លោកស្រី ចំពោះ​ជ័យជម្នះ​ភ្លូកទឹក​ភ្លូកដី​ដ៏​ច្បាស់​ក្រឡែត​របស់​ពួកគេ​លើ​គណបក្ស​អភិវឌ្ឍ ​និង​សាមគ្គីភាព​ភូមា នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិកសភា​ក្នុង​សប្តាហ៍​នេះ។

អ្នកនាំពាក្យ​គណបក្ស​ NLD និយាយ​ថា សារ​ដែល​គណបក្ស​របស់​លោក​បាន​ទទួល​នៅ​ថ្ងៃ​ពុធ​នេះ​ពី​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​លោក​អ៊ូ យេតុត (U Ye Htut) ​ដែល​ជា​តំណាង​លោក​លោក​ ថេន សេន​ នោះ រួម​មាន​ការ​សន្យា​មួយ​ដែល​ថា «រដ្ឋាភិបាលនឹង​ធ្វើការ​ផ្ទេរ​អំណាច​ដោយ​សន្តិ​វិធី‍» នៅ​ពេល​ដែល​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​របស់​ភូមា​បាន​បញ្ជាក់​ពី​ជ័យ​ជម្នះ​របស់​គណបក្ស​ NLD រួច​ហើយ​នោះ។

លទ្ធផល​ចុងក្រោយចេញ​ពី​គណៈកម្មការរៀបចំការ​បោះឆ្នោត​របស់​ភូមា​បង្ហាញ​ថា គណបក្ស NLD ទទួល​បាន​អាសនៈ ចំនួន​១៣៥ នៅក្នុង​សភា ឬស្មើនឹងជិត​៩០ភាគរយ​នៃ​លទ្ធផល​ដែល​ត្រូវ​បាន​ប្រកាស​កន្លងម​ក។

ក្នុង​ចំណោម​បេក្ខជន​ជាប់ឆ្នោត​ទាំងអស់​ក៏​មាន​លោកស្រី អង់សាន​ ស៊ូជី​ខ្លួនឯង​ដែរ ដែល​ឈ្នះ​ឆ្នោត​ជា​ថ្មី​នៅ​ក្នុង​មណ្ឌលបោះឆ្នោត​របស់​លោកស្រី​នៅក្នុង​រដ្ឋ​យ៉ានហ្គូន។

នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ លោក​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក អ៊ូ យេតុត បាន​បង្ហោះ​នៅ​លើ​ទំព័រ​ ​Facebook របស់​លោកថា លោក​ប្រធានាធិបតី​ ថេន សេន បាន​ទទួល​យក​ការអញ្ជើញ​ពី​លោកស្រី អង់សាន ស៊ូជី ដើម្បី​ពិភាក្សាគ្នា ប៉ុន្តែ​ទាល់តែ​ក្រោយ​ពី​គណៈកម្មការ​រៀបចំការបោះឆ្នោត​បាន​បញ្ចប់​ដំណើរការ​រាប់​សន្លឹក​ឆ្នោត​ចប់​សព្វ​គ្រប់​សិន។

ក្រៅ​ពី​លោកប្រធានាធិបតី បេក្ខជន​ជ័យ​លាភី​រង្វាន់​ណូបែល​សន្តិភាព​គឺ​ លោកស្រី​អង់សាន ស៊ូជីក៏​បាន​ផ្ញើ​លិខិត​ស្នើ​សុំ​ការ​ពិភាក្សា​គ្នា​ជូន​ប្រធាន​សភា​គឺ​លោក ស្វេ ម៉ាន់ (Shwe Mann) និង​មេ​បញ្ជាការ​យោធា​គឺ លោក មីន អុងលាំង (Min Aung Hlaing) ផង​ដែរ នៅ​ក្នុង​អ្វី​មួយ​ដែល​លោកស្រីបាន​និយាយ​ថា ជា​ស្មារតី​នៃ«ការ​ផ្សះផ្សារ​ជាតិ»៕

XS
SM
MD
LG