មេដឹកនាំប្រជាធិបតេយ្យនៃប្រទេសភូមា លោកស្រី អោង សានស៊ូជី ថ្លែងថា គណបក្សរបស់លោកស្រីជាគណបក្សឈ្នះឆ្នោតយ៉ាងជាក់ស្តែង នៅក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកសភាជាប្រវត្តិសាស្ត្រកាលពីថ្ងៃអាទិត្យនេះ។
ថ្លែងនៅថ្ងៃចន្ទនេះ នៅឯទីស្នាក់ការនៃគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ របស់លោកស្រីនៅទីក្រុង Yangon ជ័យលាភីរង្វាន់ណូបែលសន្តិភាពរូបនេះ បានប្រាប់ក្រុមអ្នកគាំទ្រដែលកំពុងតែសប្បាយរីករាយថា ទោះបីជាវាលឿនពេកក្នុងការសាទរបេក្ខជនរបស់គណបក្សដែលឈ្នះឆ្នោតក៏ដោយ ក៏មនុស្សម្នាអាចដឹងអំពីលទ្ធផលចុងក្រោយហើយ។
អ្នកនាំពាក្យគណបក្ស NLD លោក Win Htein បានថ្លែងប្រាប់អ្នកយកព័ត៌មានថា គណបក្សនេះ បានឈ្នះសម្លេងឆ្នោតជាង៧០ភាគរយ។
លទ្ធផលជាផ្លូវការដើមដំបូង ត្រូវគ្រោងប្រកាសកាលពីម៉ោង៩ព្រឹក ម៉ោងក្នុងស្រុក ក៏ប៉ុន្តែក្រុមមន្ត្រីរៀបចំការបោះឆ្នោតបានពន្យាការប្រកាសរហូតដល់ម៉ោង៦ល្ងាចវិញ ដោយមិនបានផ្តល់មូលហេតុសម្រាប់ការពន្យាពេលនេះទេ។
គណបក្ស NLD ត្រូវគេរំពឹងថានឹងឈ្នះយ៉ាងងាយស្រួលលើគណបក្សគ្រប់គ្រងអំណាច គឺគណបក្សអភិវឌ្ឍន៍សាមគ្គីសហព័ន្ធ ដែលមានសមាជិកពីអតីតរបបយោធាផ្តាច់ការនៃប្រទេសមីយ៉ាន់ម៉ា។ សមាជិកសភាម្នាក់នៃគណបក្សនេះ គឺប្រធានសភា Shwe Mann បានប្រកាសចាញ់គូប្រជែងរបស់លោកពីគណបក្ស NLD រួចទៅហើយ ក្នុងកិច្ចប្រឹងប្រែងយកកៅអីនៅក្រុង Pyu៕