ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មីយ៉ាន់ម៉ា​ក្លាយជា​ប្រទេស​ផលិត​អាភៀន​ច្រើនជាងគេ​ក្នុង​ពិភពលោកដោយ​កើន​លើស​អាហ្វហ្កានីស្ថាន


រូបឯកសារ៖ បុរសម្នាក់​កំពុង​ពិនិត្យ​មើល​ដើម​អាភៀន​នៅតំបន់ Hopong រដ្ឋ Shan ក្នុងប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៩។
រូបឯកសារ៖ បុរសម្នាក់​កំពុង​ពិនិត្យ​មើល​ដើម​អាភៀន​នៅតំបន់ Hopong រដ្ឋ Shan ក្នុងប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៩។

អង្គការ​សហប្រជាជាតិ​និយាយនៅ​ក្នុង​របាយការណ៍​ថ្មី​មួយ​ថា​ ក្នុង​ឆ្នាំ ២០២៣ ប្រទេស​មីយ៉ាន់ម៉ាបាន​ក្លាយ​ជាប្រទេសផលិត​អាភៀនច្រើន​ជាង​គេ​ក្នុង​ពិភពលោក គឺ​លើសប្រទេស​អាហ្វហ្កានីស្ថាន ក្រោយ​ពី​ក្នុងប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ មានការ​ពង្រីក​ការ​ដាំ​ដើម​អាភៀន​ដែល​ត្រូវ​ជំរុញដោយ​សង្គ្រាម​ស៊ីវិលក្នុង​ប្រទេស​មីយ៉ាន់ម៉ា។

បន្ទាប់ពីរយៈពេល​ជាង​ពីរ​ទសវត្សរ៍​ក្នុង​នាម​ជា​ប្រទេស​ផ្តល់​អាភៀននាំមុខក្នុង​ពិភពលោក តំបន់​ដាំដំណាំ​អាភៀន​នៅ​អាហ្វហ្កានីស្ថានបាន​ចុះ​ថយ​ពី​ ២៣៣.០០០​ ហិកតា​ ក្នុង​ឆ្នាំ ២០២២​ ​មក​នៅ​ក្រោម​ ១១.០០០ ​ហិកតា​ នៅ​ឆ្នាំនេះ​ ដោយសារពួក​តាលីបង់​គ្រប់គ្រង​ប្រទេស​បានហាមប្រាមយ៉ាង​តឹងរ៉ឹងដល់​ការដាំអាភៀន។

​ជាមួយ​គ្នានេះ​ដែរ កសិករច្រើន​ជាងមុននៅ​មីយ៉ាន់ម៉ាបានដាំ​អាភៀន​ចាប់​តាំងពី​សេដ្ឋកិច្ច​ប្រទេសឱន​ថយ​ខ្លាំង​ក្រោយរដ្ឋប្រហារយោធា​កាល​ពី​ឆ្នាំ ២០២១ ដែល​ជំរុញ​ប្រទេស​ឱ្យ​មាន​សង្គ្រាម​ស៊ីវិល​ទូទាំង​ប្រទេស។ របាយការណ៍​អង្គការ​សហប្រជាជាតិដែលមាន​ចំណង​ជើង​ថា ​ការ​ស្ទង់មតិអំពី​ដំណាំ​អាភៀន​នៅ​អាស៊ីអាគ្នេយ៍ក្នុង​ឆ្នាំ ២០២៣ (Southeast Asia Opium Survey 2023 ) ​ចេញផ្សាយកាលពី​ថ្ងៃអង្គារ​ទី ១២ ខែ​ធ្នូ ​ថា ​ក្រោយ​ពី​បាន​កើន​ឡើង​ ៣៣%កាលពី​ឆ្នាំទៅ តំបន់​ដាំ​អាភៀនក្នុងមីយ៉ាន់ម៉ាបាន​កើន​ ១៨%​ ទៀត​ នៅ​ឆ្នាំ ២០២៣ ទៅ​ដល់​៤៧.០០០​ ហិកតា។

ការណ៍​នេះ​ធ្វើ​ឱ្យ​មានផ្ទៃដីភាគច្រើនបំផុត​ដែល​មីយ៉ាន់ម៉ាដាំ​អាភៀនតាំង​ពី​ឆ្នាំ ២០១៣​ មក ​ហើយក៏​ជា​លើកដំបូង​ដែរដែល​មីយ៉ាន់ម៉ា​នាំមុខ​អាហ្វហ្កានីស្ថានតាំង​ពីឆ្នាំ ២០២២ មក។

លោក Jeremy Douglas ជា​អ្នក​តំណាង​ក្នុង​តំបន់​នៃ​ការិយាល័យ​ អ.ស.ប. ខាងគ្រឿង​ញៀននិង​ឧក្រិដ្ឋកម្ម​ហៅ UNODC។ លោកបានប្រាប់​វីអូអេ​ថា៖ «អស្ថិរភាពនិង​អសន្តិសុខ​ក្នុង​មីយ៉ាន់ម៉ាបានបណ្តាល​ឱ្យ​មានចលាចល​សេដ្ឋកិច្ចកាលពី​ពីរបី​ឆ្នាំមុន​នេះ​ ដោយ​នាំ​ឱ្យប្រជាពលរដ្ឋ​រក​វិធីផ្សេង​ទៀតដើម្បីរក​កម្រៃ។ ដូច្នេះ ​មនុស្ស​ដែលមាន​ជម្រើស​ពីមុន នៅពេលសេដ្ឋកិច្ចល្អ​គួរសម ក៏វិល​ទៅ​ផលិត​អាភៀន​វិញ។ វាជា​វិធីរក​ប្រាក់ចំណូលសម្រាប់​ពួក​គេនៅ​ពេល​ពួក​គេ​មានជម្រើស​តិច​តួច​ឬ​គ្មានជម្រើសឯ​ទៀតៗ»។

មនុស្ស​ច្រើន​ជាង​មុនមានការពិបាកក្នុង​ការ​ទទួល​ទាន​អាហារ​មាន​ជីវជាតិ ឬ​គ្រាន់​តែ​មានអាហារ​គ្រប់គ្រាន់។ បើ​តាម​ការស្ទង់មតិ​មួយ​ដោយ​ធនាគារពិភពលោក​កាល​ពីខែឧសភាថា​ ​នៅក្នុង​ប្រទេស​មួយដែល​គ្រួសារភាគច្រើនមានជីវភាព​ពី​ការ​ដាំដំណាំ គ្រួសារ​កសិករជិត​ពាក់កណ្តាល​និយាយថា​ ពួក​គេ​ព្រួយបារម្ភអំពី​ការ​មាន​អាហារ​គ្រប់គ្រាន់ ដោយ​ចំនួន​នេះកើនឡើង​ ២៦% ពី​មួយ​ឆ្នាំ​មុន​នេះ។

ដោយ​ធ្វើ​ឱ្យ​អាភៀនមាន​ភាពទាក់ទាញជាង​មុន ពួក​អ្នកជួញដូរ​អាភៀន​និង​ឈ្មួញ​កណ្តាល​ទិញ​អាភៀន​ដោយ​ឱ្យ​តម្លៃក្នុង​មួយ​គីឡូក្រាម​នៅ​ឆ្នាំនេះ​ច្រើន​ជាង​ឆ្នាំ​ទៅ ​ហើយបន្តបណ្តាក់​ទុន​ក្នុង​ប្រព័ន្ធជីនិងបង្ហូរ​ទឹកចូល​ក្នុង​ស្រែចម្ការរបស់​កសិករ។ ការណ៍​នេះបាន​បង្កើន​ផលិតផលធ្វើ​ឱ្យ​ដី​មួយហិកតាៗ​មាន​កសិផលច្រើនជាង​មុន។

លោក Douglas ថា៖ «លោក​អ្នក​ដាក់​កត្តា​អ្វីៗបញ្ចូល​គ្នាទាំងអស់ ហើយ​ជា​ការពិត​លោកអ្នកនឹង​ឃើញ​កំណើន​ផលិតផល​[អាភៀន]»។

រូបឯកសារ៖ មន្ត្រីថៃកំពុងពិនិត្យមើលគ្រឿងញៀនដែលត្រូវបានរឹបអូសហើយដែលនឹងត្រូវបំផ្លាញចោល នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២។
រូបឯកសារ៖ មន្ត្រីថៃកំពុងពិនិត្យមើលគ្រឿងញៀនដែលត្រូវបានរឹបអូសហើយដែលនឹងត្រូវបំផ្លាញចោល នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២។

ការិយាល័យ UNODC ប៉ាន់​ប្រមាណថា​ កសិករមីយ៉ាន់ម៉ាដាំអាភៀន​គ្រប់គ្រាន់នៅ​ឆ្នាំ​នេះ​ដើម្បី​ផលិតអាភៀន​ស្ងួត​រហូត​ដល់​ ១.០៨០ ​តោន​ ដោយបាន​ប្រាក់រហូត​ដល់​ ២.៥០០ ​លាន​ដុល្លារ។ អាភៀន​នេះ ភាគច្រើន​ ត្រូវ​ពួក​អ្នក​ជួញ​ដូរ​ដឹក​ជញ្ជូន​ទៅ​ទូទាំង​អាស៊ី​និង​រហូត​ដល់​អូស្ត្រាលី ​ជា​ញឹក​ញយ ដោយ​កែប្រែ​អាភៀន​ទៅ​ជា​ហេរ៉ូអ៊ីន (heroin)។

​ហេរ៉ូអ៊ីន (heroin) ភាគ​ច្រើន​ឆ្លង​កាត់​ប្រទេស​ថៃ​នៅ​ជិតខាង​ទៅ​កាន់​កន្លែង​ឆ្ងាយ​ផ្សេងៗ។ កាលពី​ខែ​កញ្ញា​ប៉ូលិស​ថៃ​បាន​រឹប​អូស​ហេរ៉ូអ៊ីន ៤៤០ដុំ​ ជាមួយ​ methamphetamine ប្រមាណ ១៥ លានគ្រាប់ នៅ​ក្រោយ​ការ​ស៊ើបអង្កេត​ពីរ​ឆ្នាំ​អំពីបណ្តាញ​ជួញ​ដូរ​គ្រឿង​ញៀន​ស្រវឹង​ធំ​មួយ។ លោក Prin Mekanandha នាយកខាង​ការ​ពង្រឹងច្បាប់របស់​ការិយាល័យ​គ្រប់គ្រង​គ្រឿងញៀន​នៃប្រទេស​ថៃ បានប្រាប់​វីអូអេ​ថា ​ការ​ចាប់​បាន​គ្រឿង​ញៀនតម្លៃ​ ៨លាន ២សែន​ដុល្លារ​នេះ ជា​ការ​ចាប់​បាន​ច្រើនបំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស។

របាយការណ៍របស់​ការិយាល័យ UNODC បន្ថែម​ថា​ ការ​ខ្វះអាភៀន​និង​ហេរ៉ូអ៊ីន​សាកល​ដែល​ត្រូវ​រំពឹង​ថានឹង​មាននៅ​ក្រោយ​ការ​ធ្លាក់​ចុះ​ដំណាំនេះ​នៅអាហ្វហ្កានីស្ថាន ​ទំនង​នឹង​ផ្តល់​ឱ្យ​កសិករមីយ៉ាន់ម៉ា​នូវការ​លើក​ទឹកចិត្តច្រើន​ជាងមុន​ ដើម្បី​ចាប់ផ្តើម​ដាំ​អាភៀន​ឬពង្រីក​ផ្ទៃដី​ដាំ​អាភៀន​ដែល​ពួក​គេមាន​ស្រេច​ហើយនៅ​ក្នុងរដូវ​ខាង​មុខ។

លោក Douglas បានថ្លែង​ថា​ ការខ្វះដូច​គ្នា​នេះ​នឹង​ទំនង​នាំ​ឱ្យមាន​ការ​ដឹកជញ្ជូន ហេរ៉ូអ៊ីន​ពី​តំបន់ត្រីកោណ​មាស (Golden Triangle) ​ដែល​ជា​តំបន់ព្រំដែន​ប្រសព្វ​គ្នា​រវាងប្រទេស​មីយ៉ាន់ម៉ា​ ថៃ​ និងឡាវ ទៅ​កាន់​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក ទៅកាន់​អឺរ៉ុបនិងទ្វីប​អាមេរិក​ខាងជើងជា​ថ្មី​ម្តង​ទៀត។

កាលពី​ជាងមួយទសវត្សរ៍​មុននេះ ហេរ៉ូអ៊ីន​ពី​អាហ្វហ្កានីស្ថាន​បាន​ចាប់ផ្តើមវាតទី​ក្នុង​ទីផ្សារអឺរ៉ុប​និង​អាមេរិក​ខាង​ជើង​ ដោយ​ឈ្នះតំបន់​ត្រីកោណមាស​ ពីព្រោះ​ក្រុមជួញដូរ​គ្រឿង​ញៀន​នៅ​អាស៊ីអាគ្នេយ៍បានបង្វែរ​ការ​ផ្តោត​របស់ពួក​គេពី​អាភៀន​ទៅកាន់​ថ្នាំ methamphetamine​ វិញ។

លោក Douglas បាន​ថ្លែង​ថា ​នៅពេលនេះ​ដែល​ការ​ផ្គត់ផ្គង់​អា​ភៀន​ពី​អាហ្វហ្កានីស្ថានមាន​តិច​ជា​ងមុន «នៅតែ​មាន​សេចក្តី​ត្រូវការ​ច្រើន​គួរ​សមពី​ទីនោះ ហើយវា​ទំនង​ច្រើន​ជាង​មុន​ថា ​យើង​នឹង​ចាប់​ផ្តើម​ឃើញមាន​ហេរ៉ូអ៊ីន​ពី​តំបន់​ត្រីកោណមាស​វិល​មក​កាន់​ទីផ្សារ​វិញ ដែល​មិន​មាន​បែប​នេះ​ទេកាលពី​ប៉ុន្មានឆ្នាំ​មុន​នេះ»។

លោក​បាន​និយាយ​ថា​ ការណ៍​នេះនឹង​ជា​ប្រាក់​ចំណូល​ច្រើនសម្រាប់ក្រុម​ប្រដាប់​អាវុធជាច្រើន​ក្នុង​សង្គ្រាម​ស៊ីវិលនៃ​ប្រទេស​មីយ៉ាន់ម៉ា​ ទាំងសម្រាប់ពួក​រួម​ប្រយុទ្ធ​និង​ក្រុមអ្នកប្រយុទ្ធ​ប្រឆាំងនឹងរដ្ឋាភិបាល​យោធា​មីយ៉ាន់ម៉ា។ ថ្វីបើក្រុម​ភាគ​ច្រើន​ដែលជាប់​ទាក់ទិន​នឹងពាណិជ្ជកម្ម​ថ្នាំ​ញៀននៃ​ប្រទេស​មីយ៉ាន់ម៉ា​ភាគច្រើនជួញដូរ​ថ្នាំ methamphetamines នៅ​ពេល​នេះ អាភៀន​និងហេរ៉ូអ៊ីន​នៅតែនាំឱ្យ​មាន​ប្រាក់​ចំណូល​ទៀងទាត់។

លោក Douglas បានថា៖ ​«ប្រសិន​បើ​ការ​ផ្គត់ផ្គង់​ហេរ៉ូអ៊ីន​សាកល​នៅ​តែ​មាន​តិច​តទៅ​ទៀត​ដោយសារ​ស្ថាន​ការណ៍​នៅ​អាហ្វហ្កានីស្ថាន នឹងមាន​ការ​លើក​ទឹកចិត្តនៃ​ឱ្យ​មាន​ការដាំ​ដំណាំ​នេះឡើង​វិញ ហើយ​ក៏​នឹង​មាន​ការ​ចាប់ផ្តើម​ជួញដូរហេរ៉ូអ៊ីន​ច្រើនផង​ដែរ។ ​នឹង​មាន​កំណើន​ការផ្គត់ផ្គង់នៅ​ក្នុង​ប្រទេស​ ហើយ​ក៏​នឹង​មាន​ការ​ដឹកជញ្ជូន​ទៅ​កាន់​កន្លែង​ឯ​ទៀតៗ​ដែរ។ ដូច្នេះ ​ជា​ការ​ច្បាស់លាស់​ពួក​គេ​នឹងបាន​ផល​ប្រយោជន៍​ពី​ការណ៍​នេះ»។

ការ​កើន​ឡើង​នៃ​ការ​ដាំ​អាភៀន​ក៏​នាំ​ឱ្យ​មានការ​បង់ខាតនៅ​មីយ៉ាន់ម៉ា​ដែរ។

ការ​ស្រាវជ្រាវ​របស់​ការិយាល័យ UNODC រក​ឃើញថា ​ក្រុមជន​ដែល​ដាំ​អាភៀន​ងាយ​ទំនង​ប្រើអាភៀនជាងក្រុម​មនុស្សដែល​មិន​ដាំ​វា។ ដូច្នេះការ​ដាំ​អាភៀន​ច្រើនទំនង​នាំឱ្យ​មាន​អ្នក​ញៀនច្រើន​ជាង​មុន ហើយក៏​មាន​សេចក្តី​ត្រូវការច្រើនជាង​មុន​ដើម្បី​ព្យាបាល​ជន​ទាំង​នេះ​ដែរ។ ការ​កើន​ឡើង​នៃ​តម្លៃអាភៀន​ក៏​នឹង​នាំ​ឱ្យ​មាន​ការ​ពិបាក​ជាង​មុនក្នុង​ការពង្រីក​កម្មវិធី​មួយ​ដែល​ អ.ស.ប.​ បាននិង​កំពុង​ដំណើរការក្នុង​រដ្ឋ Shan ដែល​ជា​មជ្ឈមណ្ឌល​នៃ​ឧស្សាហកម្ម​អាភៀន​របស់​ប្រទេស​មីយ៉ាន់ម៉ា ដើម្បី​បញ្ចុះ​បញ្ចូល​កសិករ​ឱ្យ​ទៅ​ដាំ​កាហ្វេ​វិញ​ជារៀង​រហូត។

ការិយាល័យ UNODC មើល​ឃើញ​ថា​ មាន​ឱកាស​តិច​តួច​ក្នុង​ការ​ប្រែ​ក្រឡះទំនោរបច្ចុប្បន្ន​ នៅ​ពេល​ដែលការ​ប្រយុទ្ធ​គ្នា​ខ្លាំងនៅ​មីយ៉ាន់ម៉ា​នី​នៅ​តែ​មាន​តទៅទៀត ហើយ​មិន​នាំឱ្យ​មាន​សង្ឃឹម​អំពី​ការ​រើប​ឡើង​វិញច្រើន​គួរ​សម​នៃ​សេដ្ឋកិច្ច​ទេ។ គេ​រំពឹង​ថា នឹង​មាន​ការ​ដាំ​អាភៀនច្រើន​ជាង​មុន​ក្នុងតំបន់​ឯ​ទៀត​ផង​ដែរ។

លោក Benedikt Hofmann អ្នក​តំណាង​រងនៃ​ការិយាល័យ UNODC ប្រចាំ​តំបន់​បាន​និយាយថា៖ «សហគមន៍កសិករ​ត្រូវជាប់​គាំង​នៅ​ចន្លោះ​អសន្តិសុខនិង​ការ​លំបាក​ខាង​សេដ្ឋកិច្ច»។

លោក​បាន​បន្ថែម​ថា​ ​ដរាប​ណា​ស្ថានភាព​ទាំង​នោះនៅតែ​មាន​តទៅ​ទៀត «មនុស្ស​ច្រើន​ជាង​មុននឹង​សម្លឹង​ឃើញ​អាភៀនថា​ជា​ដំណាំអាច​ដាំ​បាន ​ប្រសិនបើ​គ្មានជម្រើសឯទៀត​ទេ ជាពិសេស​នៅ​ពេល​មិនមាន​នីតិរដ្ឋ»៕

ប្រែសម្រួល​ដោយលោក ឈឹម សុមេធ

XS
SM
MD
LG