យោធាមីយ៉ាន់ម៉ាបានបញ្ជាក់កាលពីថ្ងៃចន្ទថា ខ្លួនបានត្រួតត្រាប្រទេសមួយឆ្នាំ បន្ទាប់ពីបានប្រកាសស្ថានភាពអាសន្ន។
ហេតុអ្វីបានជាបញ្ហានេះកើតឡើង?
យោធាបានអះអាងថា មានការលួចបន្លំការបោះឆ្នោតនៅក្នុងការបោះឆ្នោតកាលពីខែវិច្ឆិកា ដែលក្នុងនោះគណបក្សសម្ព័ន្ធភាពជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) របស់អ្នកស្រី អោង សានស៊ូជី (Aung San Suu Kyi) បានទទួលជ័យជម្នះយ៉ាងធំមួយ នៅក្នុងការបោះឆ្នោតសភា។ គណៈកម្មការរៀបចំការបោះឆ្នោតមីយ៉ាន់ម៉ា បានច្រានចោលការចោទប្រកាន់ពីការលួចបន្លំការបោះឆ្នោតនេះ។
ហេតុអីកើតមាននៅពេលនេះ?
ចំណាត់ការរបស់ពួកយោធាបានកើតមានឡើងប៉ុន្មានម៉ោង មុនពេលសភាថ្មីមានកំណត់ពេលបើកសម័យប្រជុំសភាលើកទី ១។
តើមានអ្វីកើតមានឡើង ចំពោះមេដឹកនាំគណបក្សសម្ព័ន្ធភាពជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD)?
អ្នកនាំពាក្យគណបក្សបាននិយាយថាអ្នកស្រីអោង សានស៊ូជី បានត្រូវឃុំខ្លួនកាលពីព្រឹកថ្ងៃចន្ទ រួមជាមួយមន្ត្រីផ្សេងទៀត និងលោកប្រធានាធិបតី Win Myint ផងដែរ។
តើសហគមន៍អន្តរជាតិបានឆ្លើយតបយ៉ាងណា?
សេចក្តីថ្លែងការណ៍នៃការថ្កោលទោសចំពោះសកម្មភាពរបស់ពួកយោធា បានចេញមកពីអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ក្រសួងការបរទេសសហរដ្ឋអាមេរិក និងសេតវិមាន និងរដ្ឋាភិបាលមកពីប្រទេសផ្សេងៗទៀត រួមមានអូស្ត្រាលី ឥណ្ឌា និងសិង្ហបូរី។ ប្រទេសចិនដែលជាដៃគូសេដ្ឋកិច្ចដ៏សំខាន់មួយរបស់មីយ៉ាន់ម៉ា បានបញ្ជាក់ថា ខ្លួននៅកំពុងប្រមូលព័ត៌មានស្តីពីព្រឹត្តិការណ៍នោះនៅឡើយ៕
ប្រែសម្រួលដោយលោកជឹង ប៉ូជីន