ប្រទេសមីយ៉ាន់ម៉ាបានប្រារព្ធខួបឆ្នាំទី៦៧ឯករាជ្យជាតិរបស់ខ្លួនជាមួយការដង្ហែរក្បួនព្យុហយាត្រានៅក្នុងរដ្ឋធានី Naypyitaw។
កងយោធពលនៃប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះបានបង្ហាញកងយន្តហោះប្រយុទ្ធ កងរថក្រោះនិងកាំភ្លើងធំរយៈចម្ងាយវែង។ ប្រធានាធិបតីប្រទេសមីយ៉ាន់ម៉ាលោក ថេន សេន (Thein Sein) ក្រុមអ្នកតំណាងមកពីក្រសួងនានានិងក្រុមភ្ញៀវបរទេសបានចូលរូមក្នុងពិធីបុណ្យឯករាជ្យនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋមន្ត្រីការបរទេសស.រ.អា.លោកចន ឃែរី (John Kerry) បានសរសើរប្រជាពលរដ្ឋមីយ៉ាន់ម៉ា តាងនាមលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា (Barack Obama) និងប្រជារាស្ត្រអាមេរិក។លោកបានមានប្រសាសន៍ថាទិវានេះជាពេលវេលាសមរម្យមួយដើម្បីថ្លែងជាថ្មីអំពីការសន្យារបស់ស.រ.អា ក្នុងគាំទ្រមីយ៉ាន់ម៉ា នៅពេលដែលមីយ៉ាន់ម៉ាធ្វើដំណើរបន្ត«នៅលើមាគ៌ានៃកំណែទម្រង់ឆ្ពោះទៅកាន់ឋានៈជាប្រទេសជាតិមួយទំនើប ប្រជាធិបតេយ្យ ប្រកបដោយសន្តិភាព និងមានសេដ្ឋកិច្ចរស់រវើក»។
មីយ៉ាន់ម៉ាបានទទួលឯករាជ្យពីប្រទេសអង់គ្លេសកាលពីថ្ងៃទី៤ខែមករាឆ្នាំ១៩៤៨៕