មានការកែប្រែខ្លះកាលពីពីរបីឆ្នាំមុននេះនៅក្នុងប្រទេសមីញ៉ាន់ម៉ា (Myanmar) ដែលគេស្គាល់ថាជាប្រទេសភូមាដែរនោះ។ ការត្រួតពិនិត្យដោយរដ្ឋបានត្រូវបន្ធូរ ពួកអ្នកទោសនយោបាយបានត្រូវដោះលែង ហើយវិនិយោគបរទេសក៏បានហូរចូលច្រើនជាងមុន។ ក៏ប៉ុន្តែសម្រាប់ពួកយោធាមានអំណាចខ្លាំងរបស់ប្រទេស អ្វីៗជាច្រើននៅតែដដែល។
គេឃើញមានការកែប្រែខ្លះនៅក្នុងសេដ្ឋកិច្ចនៃប្រទេសភូមាដែលធ្លាប់មានបញ្ហាច្រើនគឺការត្រួតត្រារបស់រដ្ឋាភិបាលលើសេដ្ឋកិច្ចបានត្រូវបន្ធូរបន្ថយ មានប្រព័ន្ធធនាគារថ្មី មានគោលនយោបាយថ្មីអំពីដីធ្លីនិងមានរូបិយបណ្ណមួយដែលតម្លៃបានត្រូវកំណត់ដោយទីផ្សារមិនមែនដោយរដ្ឋាភិបាលទេ។
វិធានការទាំងនេះបានជួយទាក់ទាញវិនិយោគបរទេសប្រមាណ៩ពាន់លានដុលា្លរចាប់តាំងពីឆ្នាំ២០១១មក។
ក៏ប៉ុន្តែអ្នកសេដ្ឋសាស្ត្រ Sean Turnell និយាយថាទោះណាជាការកែប្រែទាំងនេះបានធ្វើឱ្យសេដ្ឋកិច្ចមានដំណើរការល្អជាងមុនក៏ដោយក៏ការកែប្រែទាំងនេះបានធ្វើឱ្យមានការប្រែប្រួលតែបន្តិចបន្តួចក្នុងមុខនាទីដ៏លប់លើរបស់ពួកយោធានៅក្នុងវិស័យសេដ្ឋកិច្ចនិងវិស័យនយោបាយ។
«នៅក្នុងចលនាមួយឆ្ពោះទៅកាន់កំណែទម្រង់ថ្មីៗខ្លះរបស់រដ្ឋាភិបាលនៅក្រោយឆ្នាំ២០១៥ មានបញ្ហាពួកយោធានិងមុខនាទីរបស់ពួកគេ តើពួកយោធាជាអ្នកបំពេញមុខនាទីសំខាន់ឬទេ? តើពួកយោធានឹងដកថយក្នុងវិធីមានន័យល្អដូចដែលគួរនឹងកើតមានឬទេ? នេះជាសំណួរធំមួយ»។
ជាពិសេស ពួកយោធានៅតែត្រួតត្រាមហាក្រុមហ៊ុនជំនួញពហុផលិតផលនិងភាគច្រើននៃវិស័យសេដ្ឋកិច្ចសំខាន់ៗរបស់ប្រទេសដូចជាការខួងយកឧស្ម័នធម្មជាតិនិងការរករ៉ែត្បូងជាដើម។
ឥទ្ធិពលសេដ្ឋកិច្ចរបស់ពួកយោធានៅក្នុងប្រទេសភូមាឆ្លុះបញ្ចាំងឱ្យឃើញអំណាចនយោបាយរបស់ពួកគេ។ មួយភាគបួននៃអាសនៈក្នុងសភាបានត្រូវរក្សាទុកឱ្យពួកយោធាដែលបានត្រូវតែងតាំងដោយផ្តល់ឱ្យពួកគេនូវអំណាចបោះឆ្នោតវ៉េតូជំទាស់អំពីការកែប្រែទាំងអស់ក្នុងរដ្ឋធម្មនុញ្ញ។ ការណ៍នេះមានន័យថាមានការទទួលខុសត្រូវតែបន្តិចបន្តួចនៅពេលកងកម្លាំងយោធាបានត្រូវចោទប្រកាន់ពីការរំលោភលើសិទ្ធិមនុស្ស។
កាលពីខែមុន អង្គការ International Human Rights Clinic នៃសាកលវិទ្យាល័យ
Havard បានចេញផ្សាយសេចក្តីរាយការណ៍មួយចោទប្រកាន់មន្ត្រីយោធាជាន់ខ្ពស់បួននាក់ ដោយមានរួមបញ្ចូលទាំងឧត្តមសេនីយ៍ទោ Ko Ko រដ្ឋមន្ត្រីក្រសួងមហាផ្ទៃផងពីបទប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមនិងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិកាលពីឆ្នាំ២០០៥និងឆ្នាំ២០០៦។
លោក Matthew Bugher អ្នកស្រាវជ្រាវផ្នែកយុត្តិធម៌សាកលរបស់សាកលវិទ្យាល័យ Harvard និយាយថាមានភ័ស្តុតាងគ្រប់គ្រាន់រួចស្រេចហើយដើម្បីចេញដីកាចាប់ខ្លួន ក៏ប៉ុន្តែគ្មានការចោទប្រកាន់ក្នុងតុលាការទេ។លោកថ្លែងថាលុះត្រាតែមានពួកមន្ត្រីយោធាជាន់ខ្ពស់បានត្រូវធ្វើឱ្យមានការទទួលខុសត្រូវដោយប្រព័ន្ធយុត្តិធ៌មមួយត្រួតត្រាដោយពួកជនស៊ីវិលទើបពួកយោធានឹងមិនបន្តធ្វើសកម្មភាពខុសឆ្គងដោយគា្មនទោសពៃរ៍។
«ពួកយោធាបានពង្រឹងអំណាចហើយ ហើយបាននិយាយថាពួកគេមិនចង់ដោះស្រាយបញ្ហាគំនិតមារយាទពួកគេទេហើយពួកគេបានគំរាមកំហែងពួកជនទាំងទ្បាយណាដែលខិតខំដោះស្រាយបញ្ហានេះ។ យើងយល់ថាពួកអ្នកកែទម្រង់នៅក្នុងរដ្ឋាភិបាលនិងពួកអ្នកនយោបាយប្រឆាំងដែលប្រហែលជាចង់ដោះស្រាយបញ្ហាទាំងនេះមិនបានប្រកាន់គោលជំហរមួយដើម្បីដោះស្រាយការរំលោភលើសិទ្ធិមនុស្សនិងបញ្ហាគំនិតមារយាទរបស់ពួកយោធាទេ។យើងយល់ឃើញដែរថាពួកយោធាកំពុងឧបត្ថម្ភផ្ចុងផ្តើមពួកអ្នករំលោភលើសិទ្ធិមនុស្សឱ្យកាន់តំណែងជាមេបញ្ជាការនិងតំណែងធំឯទៀតៗ»។
ពួកប្រឆាំងនៅក្នុងប្រទេសភូមាដែលមិនបានត្រូវផ្តល់សារៈសំខាន់ឱ្យជាច្រើនទសវត្សរ៍មកហើយ បានទទួលអាសនៈនៅក្នុងសភាក៏ប៉ុន្តែនៅតែមិនអាចប្រែក្រទ្បះការគ្រប់គ្រងរបស់ពួកយោធាបានទេ។
ជាពិសេស ពួកអ្នករិះគន់បាននិយាយថាលោកស្រីអោងសានស៊ូជី មេដឹកនាំក្រុមប្រឆាំង គ្មានជោគជ័យទេក្នុងការជំរុញឱ្យមានការទទួលខុសត្រូវខ្ពស់។អ្នករិះគន់លោកស្រីខ្លះមានជំនឿថាលោកស្រីបានចៀសវៀងមិនប្រឈមមុខនឹងពួកយោធាក្នុងសេចក្តីសង្ឃឹមថាការធ្វើដូច្នេះនឹងធ្វើឱ្យមានលទ្ធភាពល្អជាងមុនសម្រាប់ឱ្យលោកស្រីបានកាន់តំណែងជាប្រធានាធិបតី។
ចំពោះការរិះគន់ទាំងអស់ប្រឆាំងនឹងពួកយោធា ពួកឧត្តមសេនីយ៍ភូមាបានការពារឥទ្ធិពលរបស់ពួកគេដែលមានតទៅទៀតដោយចង្អុលបង្ហាញអំពីការបះបោរយូរយាមកហើយដោយពួកយុទ្ធជននៃក្រុមជនអំបូរភាគតិចនៅក្នុងផ្នែកខ្លះរបស់ប្រទេស។ដោយសារពួកយោធាមានសំទ្បេងខ្លាំងនៅក្នុងសភា ប្រទេសភូមាចំណាយ២៣,២ភាគរយនៃថវិកាជាតិសម្រាប់វិស័យយោធាដែលជាចំណាយខាងយោធាខ្ពស់បំផុតនៅក្នុងតំបន់ ជាផ្នែក ដើម្បីធ្វើសង្គ្រាមប្រឆាំងនឹងក្រុមទាំងទ្បាយណាដែលច្រានចោលអំណាចរបស់រដ្ឋាភិបាល។ក្រុមប្រឹក្សាការពារជាតិនិងសន្តិសុខជាតិដែលគ្រប់គ្រងដោយពួកយោធាជាអ្នកកំណត់ថវិកា។
ក៏ប៉ុន្តែពួកអ្នកសង្កេតការណ៍នៅក្រៅប្រទេសនិយាយថាផលប្រយោជន៍ជំនួញរបស់ពួកយោធាបានត្រូវបន្ទោស ដោយផ្នែក ចំពោះការបះបោរដែលកំពុងមានតទៅទៀត។
លោក Matthew Bugher នៃសាកលវិទ្យាល័យ Harvard និយាយថាផលប្រយោជន៍សេដ្ឋកិច្ចរបស់ពួកយោធានៅក្នុងប្រភពធនធានធម្មជាតិឋិតនៅក្នុងតំបន់មានជម្លោះបានពន្យាពេលដំណើរការសន្តិភាពនិងបានកាត់បន្ថយការទុកចិត្តលើរដ្ឋាភិបាលនិងពួកយោធា។កាលពីខែមុន ពួកទាហានរដ្ឋាភិបាលបានបាញ់ផ្តក់លើកន្លែងហ្វឹកហ្វឺនមួយរបស់ពួកទាហាននៃក្រុមជនអំបូរភាគតិច
បណ្តាលឱ្យទាហាន២៧នាក់ស្លាប់ ក្នុងពេលតែមួយថ្ងៃក្រោយពីកិច្ចចរចាសន្តិភាពមួយជុំបានចប់។
«អ្វីដែលយើងកំពុងឃើញគឺថានៅក្នុងតំបន់ខ្លះនៃប្រទេសភូមាដែលមានឧស្សាហកម្មនិស្សារណកម្មនិងប្រភពធនធានធម្មជាតិ ការត្រួតត្រារបស់ពួកយោធាលើផ្នែករដ្ឋបាលរបស់រដ្ឋាភិបាលមានភាពខ្លាំងក្លាណាស់ដូចជានៅក្នុងតំបន់ Hpakant ដែលមានការរករ៉ែថ្មយក់ ពួកយោធាហាក់ដូចជាមានឥទ្ធិពលលើពួកមន្ត្រីរដ្ឋាភិបាលក្នុងមូលដ្ឋាននិងប្រព័ន្ធយុត្តិធ៌មហើយបានប្រើប្រាស់មន្ត្រី ទាំងនេះឱ្យការពារផលប្រយោជន៍ពួកគេផ្ទាល់ជាជាងការពារអភិបាលកិច្ចល្អនិងវិធាននៃច្បាប់»។
រដ្ឋាភិបាល របស់លោកThein Sein ចង់ឱ្យមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់គ្នានៅទូទាំងប្រទេសនៅមុនការបោះឆ្នោតដែលមានកំណត់នឹងប្រព្រឹត្តទៅនៅចុងឆ្នាំ២០១៥។
នឹងអាចតម្រូវឱ្យមានការកែប្រែមួយក្នុងរដ្ឋធម្មនុញ្ញនៃប្រទេសភូមាដើម្បីកាត់បន្ថយមុខនាទីរបស់ពួកយោធានៅក្នុងរដ្ឋាភិបាល។ នៅក្នុងការជជែកដេញដោលគ្នាមួយក្នុងសភាកាលពីខែមុន ពួកអ្នកតំណាងក្រុមយោធាបាននិយាយច្បាស់លាស់អំពីបំណងរបស់ពួកគេមិនចង់កែប្រែរដ្ឋធម្មនុញ្ញទេនៅមុនការបោះឆ្នោតក្នុងឆ្នាំ២០១៥។
ប្រែសម្រួលដោយលោក ឈឹម សុមេធ