ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របប​យោធា​មីយ៉ាន់ម៉ា​និយាយ​ការពារ​ការ​បង្ក្រាប​បាតុកម្ម​ និង​ប្តេជ្ញា​បញ្ឈប់​«ភាព​អនាធិបតេយ្យ»


រូបឯកសារ៖ ទាហាន និង​ប៉ូលិស​បំបែក​ហ្វូង​បាតុករ​នៅ​តាម​ដង​ផ្លូវ​មួយ​ក្នុង​ទីក្រុង Mandalay ប្រទេស​មីយ៉ាន់ម៉ា ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១។
រូបឯកសារ៖ ទាហាន និង​ប៉ូលិស​បំបែក​ហ្វូង​បាតុករ​នៅ​តាម​ដង​ផ្លូវ​មួយ​ក្នុង​ទីក្រុង Mandalay ប្រទេស​មីយ៉ាន់ម៉ា ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១។

យោធា​មីយ៉ាន់ម៉ា​កាល​ពី​ថ្ងៃ​អង្គារ​បាន​និយាយ​ការពារ​ការ​បង្ក្រាប​រយៈ​ពេល​៧​សប្តាហ៍​របស់​ខ្លួន​ដែល​បាន​ធ្វើ​ឱ្យ​បាតុករ​ប្រជាធិបតេយ្យ​ជាង​២៦០​នាក់ស្លាប់ ដោយ​ទទូច​ថា​ខ្លួន​នឹង​មិន​អត់ធ្មត់​ចំពោះ​ភាព​អនាធិបតេយ្យ​ទេ។​

របប​យោធា​នេះ​បាន​ប្រើ​អំពើ​ហិង្សា​ដ៏​ប្រល័យ​នៅ​ពេល​របប​នេះ​ជួប​ការ​លំបាក​ក្នុង​ការ​បង្ក្រាប​បាតុកម្ម​នៅ​ទូទាំង​ប្រទេស​ ដែល​ប្រឆាំងតវ៉ានឹង​ការ​បណ្តេញ​មេដឹក​នាំ​ស៊ីវិល​គឺ​លោកស្រី​ Aung San Suu Kyi ​ចេញពី​តំណែង​កាលពី​ថ្ងៃទី​១ ​ខែ​កុម្ភៈ។​

នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​រដ្ឋធានី​ណៃពិដោ​ អ្នក​នាំពាក្យ​យោធា​លោក​ឧត្តម​សេនីយ៍ត្រី ​Zaw Min Tun​ បាន​និយាយ​បន្ថយ​ចំនួន​អ្នក​ស្លាប់​ថា​មាន​ចំនួន​ត្រឹមតែ ​១៦៤ ​នាក់​តែ​ប៉ុណ្ណោះ។ ​

លោក​មាន​ប្រសាសន៍​ថា៖ «ខ្ញុំសោក​ស្តាយ​ណាស់​ព្រោះ​ភេរវជន​ឃោរឃៅ​ ដែលបាន​ស្លាប់ទាំង​នោះ​គឺ​ជាជន​ជាតិ​របស់​យើង»។​

តាមដង​ផ្លូវ​ក្នុង​ទី​ប្រជុំ​ជននិង​ទីក្រុង​នានា​នៅ​ទូទាំង​ប្រទេស​មាន​ភាព​ច្របូក​ច្របល់​អស់រយៈ​ពេលជា​ច្រើន​សប្តាហ៍​នៅពេល​ដែល​កង​កម្លាំង​សន្តិសុខ​បាន​ប៉ះទង្គិច​ជាមួយ​នឹង​ក្រុមបាតុករ​ដែល​ទាមទារ​ឲ្យ​មាន​ការ​ស្តារ​លទ្ធិ​ប្រជា​ធិបតេយ្យ​ និង​ការ​ដោះលែង​លោកស្រី​ Aung San Suu Kyi ។

អាជ្ញាធរ​បាន​ប្រើ​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក ​គ្រាប់​កាំភ្លើង​ជ័រ​ និង​គ្រាប់​កាំភ្លើង​ពិត​ដើម្បី​បំបែក​ហ្វូង​បាតុករ​ ដែល​ជំរុញ​ឱ្យ​អ្នក​ជំនាញ​ជាន់ខ្ពស់​អង្គការ​សហ​ប្រជាជាតិ​ព្រមាន​ថា​ ពួកគេ​អាច​ប្រព្រឹត្ត​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ។​

ប៉ុន្តែទោះ​បីជាមាន​ការ​ថ្កោលទោស​ជាទូទៅ​ក៏ដោយ​ ក៏លោក​ Zaw Min Tun​ បាន​និយាយ​ការពារ​ការ​បង្ក្រាប​ដោយ​និយាយ​ថា​ កងកម្លាំង​សន្តិសុខ​កំពុង​ដោះស្រាយ​ជាមួយ​ក្រុម​បះបោរ​ដែល​ប្រដាប់​ដោយ​អាវុធ​ ហើយ​ប៉ូលិស ​៥​ នាក់​និង​ទាហាន​ ៤​ នាក់​ត្រូវ​បាន​សម្លាប់។

លោក​និយាយ​ថា៖ «យើង​ត្រូវតែ​បង្ក្រាប​ភាពអនាធិបតេយ្យ។ ​តើ​ប្រទេស​ណានៅ​លើ​ពិភពលោក​ដែល​ទទួល​យក​ភាពអនាធិបតេយ្យ​បាន?»។​

ទោះបី​ជា​មាន​ការ​បង្ហូរ​ឈាម​ក៏ដោយ​ ក៏ក្រុម​បាតុករ​បាន​ធ្វើបាតុកម្ម​នៅតាម​ដង​ផ្លូវ​ម្តងទៀត​កាលពី​ថ្ងៃអង្គារ​ដោយ​ធ្វើ​បាតុកម្ម​នៅពេល​ព្រឹក​ព្រលឹម​នៅផ្នែក​ខ្លះ​នៃ​ទីក្រុង​រ៉ង់ហ្គូន ​ដែល​ជា​ទីក្រុង​ពាណិជ្ជកម្ម។​

ក្រៅពី​ការ​បង្ក្រាប​ការ​តវ៉ា យោធា​មីយ៉ាន់ម៉ា​បាន​ព្យាយាម​ទប់ស្កាត់​ព័ត៌មាន​អំពី​ការ​បង្ក្រាប​ដោយ​ហាមឃាត់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ជាច្រើន​ និង​មាន​ការ​ចាប់ខ្លួន​អ្នក​កាសែត​រាប់​សិបនាក់​ផង​ដែរ៕

XS
SM
MD
LG