នៅថ្ងៃព្រហស្បតិ៍នេះ លោកស្រី អង់សាន ស៊ូជី មេដឹកនាំគណបក្សប្រឆាំង ដែលបានឈ្នះលើសលប់ក្នុងការបោះឆ្នោតក្នុងខែនេះ បានជួបប្រជុំជាមួយនឹងសមាជិកជាន់ខ្ពស់ម្នាក់នៃគណបក្សគ្រប់គ្រងប្រទេសដែលត្រូវចេញពីអំណាច។ កិច្ចប្រជុំនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើឲ្យអន្តរកាលនៃការផ្ទេរអំណាចនយោបាយនេះប្រព្រឹត្តទៅដោយរលូន។
មន្រ្តីនានាមិនបានបញ្ជាក់ព័ត៌មានពិស្ដារអំពីអ្វីដែលត្រូវបានលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំបិទទ្វារនៅក្នុងទីក្រុងណៃពិដោរ រវាងនិមិត្តរូបនៃលទ្ធិប្រជាធិបតេយ្យនៅភូមា និងអ្នកតំណាងសភាជាន់ទាបគឺលោក Shwe Mann នោះទេ។
នេះគឺជាកិច្ចប្រជុំដំបូងបង្អស់ក្នុងចំណោមកិច្ចប្រជុំផ្សះផ្សាជាតិទាំង៣ដែលបានគ្រោងធ្វើឡើងរវាងលោកស្រី អង់សាន ស៊ូជី និងមន្រ្តីជាន់ខ្ពស់ជាច្រើនរូបនោះ។ លោកប្រធានាធិបតី ថេន សេន និងលោកអគ្គមេបញ្ជាការជាន់ខ្ពស់ Min Aung Hlaing បានព្រមព្រៀងឲ្យមានកិច្ចប្រជុំនេះដែរ។
មន្រ្តីរដ្ឋាភិបាលម្នាក់បានថ្លែងប្រាប់ VOA ភាសាភូមាកាលពីថ្ងៃពុធនេះថា កិច្ចប្រជុំទាំងអស់អាចនឹងត្រូវការពេលវេលាជាង១ខែ ក៏ប៉ុន្តែមន្រ្តីរូបនោះបានព្យាយាមនិយាយបន្ធូរបន្ថយការព្រួយបារម្ភដែលថា ដំណាក់កាលអន្តរកាលនោះប្រព្រឹត្តទៅយឺតពេក។
រដ្ឋមន្រ្តីក្រសួងព័ត៌មាន គឺលោក Ye Htut បានមានប្រសាសន៍ថា «លោកមិនឃើញមានបញ្ហាអ្វីកើតឡើងក្នុងខណៈពេលនេះទេ។ អ្វីដែលលោកប្រធានាធិបតី ថេន សេន បានថ្លែងគ្រប់ពេលវេលានោះគឺដើម្បីរក្សា និងគាំទ្រស្ថិរភាពក្នុងដំណាក់កាលអន្តរកាលនេះ»។
លោក Ye Htut បានបន្ថែមថា៖
«ក្នុងខណៈពេលជាមួយគ្នានេះដែរ លោកស្រី អង់សាន ស៊ូជី ក៏បានស្នើឲ្យអ្នកគាំទ្រគណបក្សរបស់លោកស្រីទាំងអស់បន្តរក្សាភាពស្ងប់ស្ងាត់។ ខ្ញុំគិតថា មិនមានអ្វីត្រូវព្រួយបារម្ភច្រើននោះទេ ពីព្រោះថាមនុស្សភាគច្រើនក៏មានជំនឿដែរថា ស្ថិរភាពមានសារៈសំខាន់ណាស់នៅខណៈពេលនេះ»។
លទ្ធផលបឋមនៃការបោះឆ្នោតជាតិកាលពីថ្ងៃទី៨ ខែវិច្ឆិកា បង្ហាញថា គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) របស់លោកស្រី អង់សាន ស៊ូជី ឈ្នះយ៉ាងភ្លូកទឹកភ្លូកដីលើគណបក្សកាន់អំណាចគឺគណបក្សសហភាពសាមគ្គីភាព និងអភិវឌ្ឍន៍។
ប្រសិនបើលទ្ធផលបោះឆ្នោតនេះនៅដដែល វានឹងអនុញ្ញាតឲ្យគណបក្ស NLD ជ្រើសរើសប្រធានាធិបតី និងបង្កើតរដ្ឋាភិបាលថ្មី។ គេរំពឹងថា គណៈកម្មាធិការរៀបចំការបោះឆ្នោតភូមានឹងប្រកាសលទ្ធផលឆ្នោតក្នុងរយៈពេល២សប្ដាហ៍ក្រោយការបោះឆ្នោត។
ដំណាក់កាលអន្តរកាលនេះនឹងបន្តរហូតដល់ខែមិនា នៅពេលដែលលោកប្រធានាធិបតី ថេន សេន ត្រូវបានកំណត់កាលបរិច្ឆេទឲ្យចុះចេញពីតំណែង។
រហូតមកទល់នឹងពេលនេះ មន្រ្តីជាន់ខ្ពស់ជាច្រើនបានលើកឡើងថា ពួកគេនឹងគោរពទៅតាមលទ្ធផលនៃការបោះឆ្នោត ហើយនឹងមិនធ្វើការរារាំងដល់ការផ្ទេរអំណាចនោះទេ។ ក៏ប៉ុន្តែពួកគេនៅតែមានហេតុផលភ័យខ្លាច។
កាលពីឆ្នាំ១៩៩០ គណបក្ស NLD ក៏បានឈ្នះយ៉ាងភ្លូកទឹកភ្លូកដីដែរក្នុងការបោះឆ្នោតដោយសេរីលើកចុងក្រោយបង្អស់នៅក្នុងប្រទេសនេះ។ ក៏ប៉ុន្តែ លទ្ធផលនៃការបោះឆ្នោតនោះត្រូវបានទុកជាមោឃៈដោយរដ្ឋាភិបាលយោធារបស់គណបក្សកាន់អំណាច ហើយលោកស្រី អង់សាន ស៊ូជី ត្រូវបានឃុំឃាំងនៅក្នុងផ្ទះអស់រយៈពេលជិត២០ឆ្នាំ។
ថ្វីដ្បិតតែគណបក្ស NLD ទទួលបានជ័យជំនះក៏ដោយ ក៏យោធានៅតែមានអំណាចច្រើនដែរទៅលើប្រព័ន្ធរដ្ឋបាលនៅក្នុងប្រទេសនេះ។
លោកស្រី អង់សាន ស៊ូជី ក៏មិនអាចធ្វើជាប្រធានាធិបតីបានដោយខ្លួនឯងដែរ ដោយសារតែអតីតស្វាមី និងកូនប្រុសទាំង២របស់លោកស្រីមានសញ្ជាតិអង់គ្លេស ហើយរដ្ឋធម្មនុញ្ញរបស់ប្រទេសមីយ៉ាន់ម៉ា ឬភូមា បានកំណត់ថា ជនណាដែលមានស្វាមី ឬ ភរិយា ឬកូនដែលមានសញ្ជាតិបរទេស មិនអាចធ្វើជាប្រធានាធិបតីបានទេ។
លោកស្រី អង់សាន ស៊ូជី បានថ្លែងនៅពេលថ្មីៗនេះថា លោកស្រីនឹងកាន់តំណែងមួយដែលធំជាងប្រធានាធិបតីទៅទៀត។
កិច្ចប្រជុំរបស់លោកស្រី អង់សាន ស៊ូជី កាលពីថ្ងៃព្រហស្បតិ៍ជាមួយនឹងលោក Shwe Mann មានសារៈសំខាន់ណាស់ ពីព្រោះថា គណបក្សទាំង២បានបង្កើតនូវអ្វីដែលចាំបាច់សម្រាប់សម្ព័ន្ធមិត្តនយោបាយក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។
អតីតអគ្គមេបញ្ជាការរូបនេះធ្លាប់ត្រូវបានគេចាត់ទុកថា ជាបុគ្គលដែលមានអំណាចធំបំផុតទី៣ក្នុងអតីតរដ្ឋាភិបាលយោធានៅក្នុងប្រទេសនេះ។ ក៏ប៉ុន្តែ លោកត្រូវបានគេដកចេញពីតំណែងនៅក្នុងរដ្ឋាភិបាលដែលគ្រប់គ្រងដោយយោធារបស់គណបក្សសហភាពសាមគ្គីភាព និងអភិវឌ្ឍន៍កាលពីដើមឆ្នាំនេះ បន្ទាប់ពីលោកបានព្យាយាមរារាំងការក្តោបក្តាប់អំណាចរបស់យោធាទៅលើសភា។
លោក Shwe Mann គឺជាតំណាងរាស្រ្តម្នាក់ក្នុងចំណោមតំណាងរាស្រ្តរាប់រយនាក់ទៀតរបស់គណបក្សសហភាពសាមគ្គីភាព និងអភិវឌ្ឍន៍ដែលនឹងត្រូវបាត់បង់អាសនៈរបស់លោកនៅក្នុងការបោះឆ្នោតនេះ។ ប៉ុន្តែតំណាងរាស្រ្តនៃគណបក្សចាញ់ឆ្នោតនេះនឹងមិនបាត់បង់អាសនៈរបស់ខ្លួននោះទេរហូតដល់ចុងខែមករា ដែលធ្វើឲ្យមានការព្រួយបារម្ភថា ពួកគេអាចអនុម័តច្បាប់ដែលអាចធ្វើឲ្យគណបក្ស NLD មានការលំបាកក្នុងការកាន់អំណាច៕
ប្រែសម្រួលដោយនាង ហុង ចិន្តា