សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃព្រហស្បតិ៍នេះ នាំខ្លួនលោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជាមកសាកសួរពាក់ព័ន្ធនឹងការអត្ថាធិប្បាយរឿងបោះបង្គោលព្រំដែនកម្ពុជា វៀតណាមនៅខេត្តត្បូងឃ្មុំ ដែលនាំឲ្យលោកត្រូវបានចាប់ខ្លួន។
ស្របពេលជាមួយគ្នានោះ កងកម្លាំងសន្តិសុខខណ្ឌ៧មករា ជាង២០នាក់ បានបំបែកយ៉ាងចាស់ដៃលើក្រុមអ្នកតវ៉ាជាង៤០នាក់ ដែលគាំទ្រលោក រ៉ុង ឈុន ដោយមានទាំងការរុញច្រានក្រុមអ្នកតវ៉ាឲ្យចេញពីមុខតុលាការ។ ការណ៍នេះ បណ្តាលឲ្យអ្នកតវ៉ាជាស្ត្រីមួយចំនួនដួលទៅនឹងដី ហើយយុវតីម្នាក់ទៀតបានរងរបួសនៅត្រង់ជើង និងត្រគាក។
ការសាកសួរលោក រ៉ុង ឈុន នៅថ្ងៃនេះ ធ្វើឡើងក្រោមការយាមកាមយ៉ាងតឹងរ៉ឹងពីកម្លាំងសន្តិសុខចម្រុះផ្សេងទៀតរបស់ទីក្រុងភ្នំពេញរាប់សិបនាក់ រួមមានមានទាំងកងអន្តរាគមន៍ពិសេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកងកម្លាំងនគរបាលជាតិដែលបានដាក់ពង្រាយទាំងនៅមុខតុលាការ និងនៅបរិវេណនៃពហុកីឡាដ្ឋានជាតិអូឡាំពិក។ អ្នកសារព័ត៌មានមិនត្រូវបានមន្ត្រីនគរបាលអនុញ្ញាតឲ្យទៅចូលកៀកនឹងរបងតុលាការទេ។
មេធាវីការពារក្តីលោក រ៉ុង ឈុន គឺលោក សំ សុគង់ មានប្រសាសន៍ថា កូនក្តីរបស់លោកត្រូវបាននាំមកសាកសួរ ពាក់ព័ន្ធនឹងដំណើរនៃការចុះទៅជួបអ្នកភូមិនៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងការចេញសេចក្តីថ្លែងការណ៍ ក៏ដូចជាការផ្តល់ការអធិប្បាយជាមួយវិទ្យុអាសេរី អំពីបញ្ហាព្រំដែន ដែលលោក រ៉ុង ឈុន អះអាងថា មានភាពមិនប្រក្រតី។
ក្រោយការសួរដេញដោលរបស់ចៅក្រមស៊ើបសួរ គឺលោក វ៉ាន់ សែន វិសុទ្ធ ប្រហែលពីរម៉ោងលោក រ៉ុង ឈុន បន្តការពារភាពស្អាតស្អំរបស់លោក និងស្នើឲ្យតុលាការទម្លាក់ចោលបទចោទប្រកាន់។ នេះបើតាមលោកមេធាវី សំ សុគង់។
«ជាចុងក្រោយ នេះ គឺលោកគ្រូ រ៉ុង ឈុន គាត់បានស្នើសុំទៅតុលាការហ្នឹង សុំឲ្យតុលាការហ្នឹងលើកលែងការចោទប្រកាន់ដល់ខ្លួន ហើយនឹងសុំឲ្យដោះលែង ឲ្យនៅក្រៅឃុំឲ្យមានសេរីភាព ត្រឡប់ទៅផ្ទះវិញ»។
លោក រ៉ុង ឈុន ជាអ្នកតាមដានបញ្ហាព្រំដែនជាច្រើនឆ្នាំមកហើយ។ លោកត្រូវបានចាប់ខ្លួននៅយប់ថ្ងៃទី៣១ ខែកក្កដា នៅគេហដ្ឋានរបស់លោកក្នុងទីក្រុងភ្នំពេញ ចំពោះការអធិប្បាយនានារបស់លោកពាក់ព័ន្ធនឹងការបោះបង្គោលព្រំដែនកម្ពុជា វៀតណាម នៅខេត្តត្បូងឃ្មុំ។លោកត្រូវបានចោទប្រកាន់ពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា ហើយអាចប្រឈមនឹងការជាប់ពន្ធនាគារពី៦ខែ ទៅ២ឆ្នាំ ប្រសិនបើរកឃើញថាមានកំហុស។
នៅខាងក្រៅតុលាការវិញ ក្រុមអ្នកតវ៉ាដែលជាគាំទ្រលោក រ៉ុង ឈុន ដែលមានខ្លះពាក់អាវយឺតមានរូបថតលោករ៉ុង ឈុន និងខ្លះទៀតកាន់បដាមានរូបថតមេដឹកនាំសហីពរូបនេះបានរងការរុញច្រានផ្ទួនៗគ្នាពីកងសន្តិសុខមួយក្រុមហើយនៅពេលខ្លះគេឃើញ កងសន្តិសុខមួយចំនួនបានរុញច្រានយ៉ាងកម្រោល និងប៉ុនប៉ងវាយតប់អ្នកតវ៉ា។
នៅជ្រុងម្ខាងនៃស្តាតអូឡាំពិកក្រោយការរុញច្រានរបស់កងសន្តិសុខ លោក រ៉ុង វ៉ាន់ អាយុ២២ ឆ្នាំក្មួយបង្កើតរបស់លោក រ៉ុង ឈុន ប្រាប់វីអូអេថា សហគមន៍ និងអង្គការអន្តរជាតិ គួរជួយឃ្លាំមើលការប្រមូលផ្តុំសម្តែងមតិរបស់អ្នកគាំទ្រលោក រ៉ុង ឈុន ដែលតែងតែរងការបង្រ្កាបដោយកងកម្លាំងសន្តិសុខខណ្ឌ៧មករា។ លោកនិយាយថា កងសន្តិសុខ បានធ្វើផ្ទុយពីតួនាទីក្នុងការការពារសុវត្ថិភាពរបស់ពលរដ្ឋ។
«គាត់គួរណាស់តែបម្រើប្រជាពលរដ្ឋតែផ្ទុយទៅវិញគឺគាត់មកធ្វើបាបប្រជាពលរដ្ឋ រុញៗ ទាំងដួល ហើយគាត់លួចទាត់ធាក់ទៀត។ អ៊ីចឹងគឺមានការឈឺចាប់មែនទែន។ហើយក្នុងប្រទេសយើង ប្រជាធិបតេយ្យ គឺគាត់ធ្វើបែបនេះ គឺរំលោភសិទ្ធិមែនទែន ហើយសុំឲ្យអង្គការនានា សុំជួយអន្តរាគមន៍ចំពោះករណីមួយនេះផង»។
លោក សួង សុភ័ណ្ឌ ប្រធានគណបក្សខ្មែរឈ្នះ ដែលតែងចេញមុខទាមទាររកយុត្តិធម៌ដល់លោក រ៉ុង ឈុន បានចាត់ទុកសកម្មភាពរបស់កងសន្តិសុខថាជាការបំបិទសិទ្ធិបំពានពលរដ្ឋ មិនឲ្យតាមដានចំណាត់ការរបស់តុលាការលើលោក រ៉ុង ឈុន។
«ក្រុមគ្រួសារលោក រ៉ុង ឈុន ហ្នឹងមានសិទ្ធិតាមដាន អ្នកគាំទ្រនិង មានសិទ្ធិតាមដាន ប្រជាពលរដ្ឋទូទៅមានសិទ្ធិតាមដានមើលតុលាការថា តុលាការហ្នឹងឯករាជ្យទេ។ តុលាការដោះស្រាយហ្នឹង ត្រឹមត្រូវទេ។ ប៉ុន្តែចំពោះបាតុភាពរបស់សមត្ថកិច្ចបាតុភាពរបស់អាជ្ញាធរមករុញច្រាន អ្នកគាំទ្ររុញច្រានអ្នកតាមដានស្ថានការណ៍ ហ្នឹងបំពានច្បាប់ហើយ រំលោភច្បាប់ហើយ»។
វីអូអេបានព្យាយាមសុំការអធិប្បាយពីមន្ត្រីសន្តិសុខមួយរូបដែលគេច្រើនឃើញដឹកនាំកងសន្តិសុខ រៀបចំសណ្តាប់ធា្នប់នៅមុខសាលាដំបូងរាជធានីភ្នំពេញ ប៉ុន្តែលោកបានបដិសេធមិនផ្តល់ការអធិប្បាយ ដោយបានដើរចេញពីអ្នកយកព័ត៌មាន។
អភិបាលខណ្ឌ៧មករាលោក លីម សុភា បដិសេធមិនផ្តល់ការអធិប្បាយនៅថ្ងៃព្រហស្បតិ៍នេះ ដោយទូរស័ព្ទរបស់អ្នកយកព័ត៌មាន ត្រូវផ្តាច់ចោលវិញ។ វីអូអេក៏មិនទាន់អាចសុំការអធិប្បាយពីលោក ឃួង ស្រេង អភិបាលសាលារាជធានីភ្នំពេញបានដែរ។
កន្លងទៅសមត្ថកិច្ចបានចាត់ទុកថា ការប្រមូលផ្តុំទាមទារយុត្តិធម៌សម្រាប់លោក រ៉ុង ឈុន «ខុសច្បាប់» ដោយសារមិនបានសុំការអនុញ្ញាតពីសាលារាជធានីភ្នំពេញ។
អង្គុយនៅផ្ទាល់នឹងកម្រាលបេតុង និងមានអ្នកតវ៉ាផ្សេងទៀត ជួយរឹតជើងដែលរងរបួសនោះ កញ្ញា ជា គន្ធីន វ័យ១៨ឆ្នាំ ជាយុវតីនៃក្រុមយុវជនខ្មែរថាវរៈ និយាយថាអាជ្ញាធរមានសមត្ថកិច្ច បានប្រើច្បាប់ ដែលកញ្ញាហៅថា «ច្បាប់ព្រៃ» មកបំពានសិទ្ធិប្រជាពលរដ្ឋ ដែលគ្រាន់តែចង់មកឃ្លាំមើលដំណើររឿងក្តីលោក រ៉ុង ឈុន។
«គាត់ប្រើ ប្រើច្បាប់ព្រៃរបស់គាត់មក ធ្វើបាបប្រជាពលរដ្ឋ ធ្វើបាបប្រជាពលរដ្ឋឯង ដែលទាំងដែលខ្ញុំជាក្មេងស្រី គាត់បានរំលោភសិទ្ធិស្ត្រី»។
ដោយឡែក នៅក្នុងការតវ៉ាប្រឆាំងការចាប់ឃុំខ្លួនលោក រ៉ុង ឈុន នៅថ្ងៃព្រហស្បតិ៍នេះ កញ្ញា ឈឿន ដារ៉ាវី សមាជិកមួយរូបទៀតនៃក្រុមយុវជនខ្មែរថាវរៈ បានអះអាងថាកងសន្តិសុខខណ្ឌ៧មករា បានឆក់យកកាបូបរបស់គាត់ ដោយមានសម្ភារៈ ដូចជាកាតអត្តសញ្ញាណបណ្ណ កាតធនាគារ និងលុយកាក់មួយចំនួន។ កញ្ញានិយាយថា កញ្ញាបានព្យាយាមសុំឲ្យប្រធានសន្តិសុខខណ្ឌ៧មករាជួយអន្តរាគមន៍យកកាបូបនោះមកឲ្យកញ្ញាវិញក៏ប៉ុន្តែខាងប្រធានកងសន្តិសុខខណ្ឌ៧មករាមិនមានចំណាត់ការទេ។
គិតមកដល់ល្ងាចថ្ងៃព្រហស្បតិ៍នេះ មានសេចក្តីរាយការណ៍ពីក្រុមយុវជនខ្មែរថាវរៈថាយុវតី ឈឿន ដារ៉ាវី ត្រូវបានឃាត់ខ្លួន ដោយអាជ្ញាធរមានសមត្ថកិច្ច។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីនមានប្រសាសន៍ថា ការបង្រ្កាបនេះ គឺដោយសារអ្នកតវ៉ា បានបំពានច្បាប់ ព្រោះមិនបានជូនដំណឹងដល់អាជ្ញាធរមានសមត្ថកិច្ចជាមុនសម្រាប់ការប្រមូលផ្តុំ។
«អានេះ គឺជាការអនុវត្តច្បាប់របស់សមត្ថកិច្ច។ គាត់ធ្វើតាមតួនាទីភារកិច្ចរបស់គាត់ បានន័យថាប្រើគ្រប់មធ្យោបាយទាំងអស់ដើម្បីធ្វើម៉េចទប់ស្កាត់កុំឲ្យមានបាតុភាពភាពចលាចលកើតឡើង»។
ទាក់ទិននឹងការហាមឃាត់មិនឲ្យអ្នកសារព័ត៌មានទៅយកព័ត៌មាននៅក្បែរសាលាដំបូងរាជធានីភ្នំពេញ មន្ត្រីនាំពាក្យក្រសួងយុត្តិធម៌ អះអាងថា តុលាការអាចត្រូវការការពារភាពសម្ងាត់របស់ខ្លួន ដែលមិនអាចឲ្យអ្នកកាសែតរាយការណ៍បានទេ។
«មិនមែនថា អ្នកសារព័ត៌មានត្រូវតែបានអនុញ្ញាតឲ្យចូលទៅគ្រប់កន្លែង ហើយចង់ថតអីចង់ផ្សាយអីបានតាមចិត្តនោះទេ។ ច្បាប់ស្តីពីរបបសារព័ត៌មាន ក៏មានការហាមប្រាមផងដែរបាទ»។
ប៉ុន្តែលោក អំ សំអាត នាយករងទទួលបន្ទុកឃ្លាំមើល និងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ យល់ថា ក្រុមអ្នកតវ៉ា និងកងកម្លាំងអាជ្ញាធរពាក់ព័ន្ធ ត្រូវរកយន្តការចរចា ដើម្បីឲ្យមានការតវ៉ាដោយសន្តិវិធី ដើម្បីបញ្ចៀសអំពើហិង្សា ដែលអាចកាន់តែធ្ងន់ធ្ងរនៅពេលខាងមុខ។ អ្នកការពារសិទ្ធិមនុស្សរូបនេះ ឲ្យដឹងថា ការហាមឃាត់មិនឲ្យអ្នកសារព័ត៌មានចូលយកព័ត៌មាននៅទីកន្លែងសាធារណៈ ជាការរំលោភសេរីភាពសារព័ត៌មាន៕