ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធី​«ក្លាហាន​៩‍»​ជួយ​ផ្តល់​ដំបូន្មាន​ការងារ​ដល់​និស្សិត


រូប Screenshot ពី​គេហទំព័រ​របស់ Klahan9 ដែល​មាន​អាស័យដ្ឋាន www.klahan9.com.kh
រូប Screenshot ពី​គេហទំព័រ​របស់ Klahan9 ដែល​មាន​អាស័យដ្ឋាន www.klahan9.com.kh

ឧបសគ្គ​ចម្បង​ដែល​និស្សិត​បញ្ចប់​ការ​សិក្សា​ជួប​ប្រទះ​ក្នុង​ពេល​ស្វែងរក​ការងារធ្វើ​គឺ​ខ្វះ​ជំនាញ ឬ​បទពិសោធន៍​តាម​ការ​ចង់​បាន​របស់​ក្រុមហ៊ុន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​ជំនាញ។​

តាមរយៈ​កម្មវិធី​វិទ្យុ​មួយ​ដែល​មាន​ឈ្មោះ​ថា​«ក្លាហាន៩‍»​ម្ចាស់​ជំនួយ​អន្តរជាតិ​សង្ឃឹម​ថា អាច​នឹង​ជួយ​ឱ្យ​យុវជន​ទាំង​នោះ​មាន​ឱកាស​ប្រសើរ​ក្នុង​ការ​ស្វែងរក​ការងារ។​

កម្មវិធី​ដែល​មាន​លក្ខណៈ​កំសាន្ត​នេះ​ផ្តល់​ឱ្យ​យុវជន​នូវ​ព័ត៌មាន​ពី​ឱកាស សុវត្ថិភាព​ការងារ និង​ការ​សម្រេច​ចិត្ត​ផ្សេង​ទៀត​ជុំវិញ​បញ្ហា​ការងារ។

នាង ​សុខ​ សម្ជស្សផល្លីកា នាយក​គ្រប់​គ្រង​ផ្នែក​វិទ្យុ​ក្នុង​កម្មវិធី​«ក្លាហាន៩‍»​បាន​ឱ្យ​ដឹង​ថា៖

«​ក្មេងៗ​គាត់​នឹង​មាន​ការ​សម្រេច​ចិត្ត ដែល​ល្អ​ជាង​មុន​យ៉ាង​ហោច​ណាស់ ​នៅ​ពេល​ដែល​គាត់​សម្រេច​ចិត្ត​ ឧទាហរណ៍​ថា​ គាត់​សម្រេច​ចិត្ត​ធ្វើ​ចំណាក​ស្រុក​ទៅ​ក្រៅ​ប្រទេស​ ឬ​មួយ​ក៏​គាត់​សម្រេច​ចិត្ត​ថា​ គាត់​អត់​រៀន​បន្ត​ ឬ​គាត់​ត្រូវ​ធ្វើ​អ្វី​មួយ​ ប៉ុន្តែ​ការ​សម្រេច​ចិត្ត​នោះ​គឺ​ជា​ការ​សម្រេច​ចិត្ត​ដែល​ផ្អែក​លើ​ព័ត៌មាន​ ដែល​មិន​មែន​ជា​ការ​សម្រេច​ចិត្ត​ទាំង​អត់​មាន​អ្វីនៅ​ក្នុង​ខ្លួន​ទេ»។

សព្វថ្ងៃនេះ ​សិស្សានុសិស្ស​ភាគ​ច្រើន​ខ្វះ​ចំណេះ​ដឹង ​និង​ព័ត៌មាន​អំពី​វគ្គ​សិក្សា និង​ជំនាញ​ទាំង​ឡាយ ដែល​មាន​នៅ​តាម​បណ្ដា​សាកលវិទ្យាល័យ​នានា ដោយសារ​ថ្នាក់​វិទ្យាល័យ​នៅ​ក្នុង​ប្រទេស​មិន​បាន​ផ្តល់​ព័ត៌មាន​គ្រប់គ្រាន់​ដល់​ពួកគេ។ ហេតុ​ដូច​នេះ​សិស្សានុសិស្ស​ភាគច្រើន​មាន​ការ​លំបាក​ក្នុង​ការ​ជ្រើសរើស​យក​មុខ​ជំនាញ​ ដែល​ត្រូវ​គ្នា​ទៅ​នឹង​អ្វី ​ដែល​ពួក​គេ​ចង់​ធ្វើ​នា​ថ្ងៃ​អនាគត​ ហើយ​ខ្លះ​ទៀត​មិន​ដឹង​ថា​ តើ​ជំនាញ​មួយ​ណា​ដែល​សក្តិសម​ទៅ​នឹង​ទេពកោសល្យ​របស់​ពួក​គេ​នោះ​ទេ។

កម្មវិធី«‍ក្លាហាន៩»គឺជា​គម្រោង​ផ្តួច​ផ្តើម​សារព័ត៌មាន​ថ្មី​មួយ​សម្រាប់​យុវជន ដើម្បី​ជួយ​ឲ្យ​យុវជន​ទទួល​បាន​ព័ត៌មាន​សំខាន់​ក្នុង​ការ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ស្វែងរក​ការងារ​ធ្វើ និង​ឱកាស​ការងារ​ផ្សេងៗ រួមទាំង​ការ​ណែនាំអំពី​ជីវិត​នៅ​កន្លែង​ធ្វើការ។ (អ៊ុំ សូនីតា/VOA Khmer)
កម្មវិធី«‍ក្លាហាន៩»គឺជា​គម្រោង​ផ្តួច​ផ្តើម​សារព័ត៌មាន​ថ្មី​មួយ​សម្រាប់​យុវជន ដើម្បី​ជួយ​ឲ្យ​យុវជន​ទទួល​បាន​ព័ត៌មាន​សំខាន់​ក្នុង​ការ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ស្វែងរក​ការងារ​ធ្វើ និង​ឱកាស​ការងារ​ផ្សេងៗ រួមទាំង​ការ​ណែនាំអំពី​ជីវិត​នៅ​កន្លែង​ធ្វើការ។ (អ៊ុំ សូនីតា/VOA Khmer)

កម្មវិធី​«ក្លាហាន​៩‍» ​ផលិត​ដោយ​អង្គការ​ BBC Media Action ហើយ​មក​ទល់​ពេល​នេះ​ ពួកគេ​ផ្ដោត​សំខាន់​ទៅ​លើ​ការ​ផ្សព្វផ្សាយ​តាម​វិទ្យុ ដែល​ក្នុង​នោះ​មាន​ការ​ផ្សាយ​អំពី​បទ​សម្ភាសន៍​ជាមួយ​អ្នក​ជំនាញ​នានា​មក​ពី​ផ្នែក​ផ្សេងៗ ការ​ទូរស័ព្ទ​ចូល​ក្នុង​កម្មវិធី​ដើម្បី​ទទួល​បាន​ដំបូន្មាន និង​រឿង​ភាគ​បែប​អប់រំ​នានា។ កម្មវិធី​នេះ​បង្កើត​ឡើង​ដោយ​មាន​ការ​ផ្តល់​មូលនិធិ​ពី​កម្មវិធី​អភិវឌ្ឍន៍​សហ​ប្រជាជាតិ​ និង​ស្ថានទូត​ប្រទេស​ស៊ុយអែត​នៅ​ក្នុង​រាជធានី​ភ្នំពេញ។

កម្មវិធី​នេះ​មាន​ការ​ផ្សាយ​ផ្ទាល់​នៅ​រៀងរាល់​ថ្ងៃ​អាទិត្យ​ នៅ​ចន្លោះ​ម៉ោង​១ រសៀល​និង​២​រសៀល​តាម​រយៈ​វិទ្យុ FM103 ​ហើយ​ខ្លឹមសារ​ទាំងអស់​ក៏​មាន​ការ​បង្ហោះ​ចូល​ទៅ​គេហទំព័រ​របស់​កម្មវិធី​ និង​ហ្វេសប៊ុក​របស់​«ក្លាហាន៩‍»​ផង​ដែរ​ ដែល​អាច​ឱ្យ​យុវជន​ស្តាប់​ការ​ចាក់​ផ្សាយ​ឡើង​វិញ។

កញ្ញា ផាត​ ពេជ្ជនី និស្សិត​ឆ្នាំ​ទី៣​នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ដែល​ជា​អ្នក​គាំទ្រ​កម្មវិធី​នេះ​បាន​ប្រាប់​ VOA ថា​៖

«កម្មវិធី​នេះ​បាន​ផ្តល់​នូវ​គំនិត​ផ្សេងៗ​ ដំណោះ​ស្រាយ​ផ្សេង​ៗ​ ដែល​អាច​និយាយ​ថា​ ជា​កម្លាំង​មួយ​ដែល​ជួយ​ឱ្យ​ពួក​គាត់​ងាយ​ស្រួល​ក្នុង​ការ​សម្រេច​ចិត្ត»។

អ្នក​គាំទ្រ​ម្នាក់​ទៀត​គឺ​កញ្ញា​ សេង​ គឹមលាង ​យល់​ថា​កម្មវិធី​នេះ​បាន​ផ្តល់​ឱ្យ​ទស្សនិកជន​នូវ​គន្លឹះ​ល្អ​ៗ​មួយ​ចំនួន​ ដែល​ចែក​រំលែក​ដោយ​អ្នក​ជំនាញ​ដែល​ពួក​គេ​បាន​អញ្ជើញ​ឱ្យ​ធ្វើ​ជា​វាគ្មិន​នៅ​ក្នុង​កម្មវិធី។

«គិត​ទៅ​សម្រាប់​យុវវ័យ​គឺ​វា​ល្អ ព្រោះ​ខ្ញុំ​ឃើញ​ថា ប្រធានបទ​រាល់​សប្ដាហ៍​ភាគ​ច្រើន​ និយាយ​ទាក់​ទង​នឹង​ការងារ​ ទាក់​ទង​ជាមួយ​នឹង​ការ​សិក្សា​ ឬ​ការ​ទំនាក់​ទំនង​នៅ​ក្នុង​សង្គម​ ឬ​ក៏​មិត្តភកិ្ត»។

កម្មវិធី​«ក្លាហាន៩‍»​បាន​កសាង​ប្រជាប្រិយ​ភាព​របស់​ខ្លួន​ពី​កម្មវិធី​«ស្នេហ៍៩‍»​ដែល​ផ្ដោត​សំខាន់​ទៅ​លើ​សុខភាព​ផ្លូវ​ភេទ​បន្ត​ពូជ​ និង​កម្មវិធី​«ឡូយ៩‍»​ដែល​ជា​កម្មវិធី​លើក​ទឹក​ចិត្ត​យុវជន​ឱ្យ​ចូល​រួម​កាន់​តែ​ច្រើន​នៅ​ក្នុង​ការងារ​របស់​សហគមន៍៕

XS
SM
MD
LG