ខណៈពេលដែលប្រទេសមួយចំនួនដូចជាប្រទេសស៊ីរីកំពុងមានសង្គ្រាមដែលនាំឲ្យប្រជាពលរដ្ឋរាប់ម៉ឺននាក់ត្រូវចាកចេញពីប្រទេសនេះ អ្នកនយោបាយនៃប្រទេសមហាអំណាចមួយចំនួនមានគោលការណ៍តឹងរ៉ឹងចំពោះជនភៀសខ្លួនដែលរត់គេចពីសង្គ្រាមនិងវិបត្តិក្នុងប្រទេសផ្សេងៗ។ ដើម្បីជួយស្តារស្ថានភាពជនភៀសខ្លួនទាំងនេះអង្គការ Oxfam អន្តរជាតិបានប្រមូលការគាំទ្រតាមរយៈយុទ្ធនាការ «ជួយគ្នា» ដែលត្រូវបានបញ្ចប់កាលពីដើមខែឧសភានេះ។
អង្គការ Oxfam ដែលជាអង្គការអន្តរជាតិធ្វើការដើម្បីកាត់បន្ថយភាពក្រីក្រ កាលពីថ្ងៃអង្គារបានបិទបញ្ចប់យុទ្ធនាការដែលមានឈ្មោះថា «ជួយគ្នា» ជាមួយនឹងសំឡេងគាំទ្រជនភៀសខ្លួនដែលអង្គការនេះទទួលបានជាង១ម៉ឺនសំឡេង ព្រមទាំងរឿងរ៉ាវផ្សេងៗជាង២០អំពីបទពិសោធន៍អ្នកដែលឆ្លងកាត់ការនិរទេសខ្លួន។
យុទ្ធនាការដែលមានឈ្មោះថា «ជួយគ្នា» ត្រូវបានធ្វើឡើងដើម្បីជាការឆ្លើយតបទៅនឹងវិបត្តិជនអន្តោប្រវេសន៍ពិភពលោកដែលប្រជាពលរដ្ឋច្រើនជាង៦៥លាននាក់កំពុងត្រូវបានបង្ខំឲ្យចាកចេញពីស្រុកកំណើតដោយសារជម្លោះ អំពើហិង្សានិងការធ្វើទុក្ខបុកម្នេញក្នុងរូបភាពផ្សេងៗ។
កាលពីឆ្នាំ២០១៥ រដ្ឋាភិបាលអូស្ត្រាលីបានផ្តល់ថវិកាដល់ប្រទេសកម្ពុជាជាថ្នូរនឹងការបញ្ជូនអ្នកដែលស្វែងរកសិទ្ធិជ្រកកោនមកពីប្រទេសមួយចំនួនដូចជាប្រទេស អាហ្វហ្គានីស្ថានជាដើម ដែលស្វែងរកសិទ្ធិជ្រកកោននៅប្រទេសអូស្ត្រាលីមកកាន់ប្រទេសកម្ពុជា។
ប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិកលោក Donald Trump កាលពីខែមករា ក៏បានចេញបទបញ្ជាឈប់ផ្តល់សិទ្ធិជ្រកកោនជាបណ្តោះអាសន្នឲ្យប្រជាជនមកពីប្រទេសដែលមានសង្គ្រាមនិងចលាចលដូចជាប្រទេសស៊ីរីជាដើម។ ទោះជាយ៉ាងណារហូតមកដល់ពេលនេះបទបញ្ជារបស់លោកមិនមានប្រសិទ្ធភាពនោះទេ។
យុទ្ធនាការ «ជួយគ្នា»ដែលចាប់ផ្តើមកាលពីចុងខែមីនា ត្រូវបានបញ្ចប់នៅដើមខែឧសភានេះ ដោយមានការចាក់បញ្ចាំងខ្សែវីដេអូអំពីបុរសម្នាក់មកលេងប្រទេសកំណើតបន្ទាប់ពីគ្រួសាររបស់លោកបានចាកចេញពីប្រទេសកម្ពុជាទៅរស់នៅប្រទេសបារាំងក្នុងសម័យសង្គ្រាម។ ខ្សែវីដេអូនេះត្រូវបានចាក់បញ្ចាំងនៅមជ្ឈមណ្ឌលបុប្ផាណា។
កញ្ញា ម៉ាន អាស៊ីសាស់ អ្នកសម្របសម្រួលគោលនយោបាយនិងយុទ្ធនាការ របស់អង្គការអន្តរជាតិ Oxfam ប្រចាំនៅកម្ពុជានិងជាអ្នកដែលដឹកនាំយុទ្ធនាការនេះបានប្រាប់ VOA កាលពីល្ងាចថ្ងៃអង្គារនៅក្នុងឱកាសនៃការចាក់បញ្ចាំងខ្សែភាពយន្តដើម្បីជាការបិទយុទ្ធនាការនោះថា យុទ្ធនាការនេះធ្វើឡើងដើម្បីប្រមូលសំឡេងគាំទ្រដាក់ទៅប្រទេសមហាអំណាចនិងប្រទេសអភិវឌ្ឍន៍នានា ឲ្យបើកទ្វារទទួលយកអ្នកសុំសិទ្ធិជ្រកកោនដោយសារសង្គ្រាម និងការគំរាមកំហែងផ្សេងៗទៀត។
តាមរយៈយុទ្ធនាការនេះ អង្គការ Oxfam ក៏បានលើកទឹកចិត្តប្រជាពលរដ្ឋដែលធ្លាប់ឆ្លងកាត់ការចាកចេញពីប្រទេសកំណើតឲ្យបង្ហាញពីបទពិសោធន៍និងផ្តល់ក្តីសង្ឃឹមដល់អ្នកដែលកំពុងស្វែងរកទីជ្រកកោននៅប្រទេសដទៃៗទៀត។
កញ្ញា អាស៊ីសាស់ បានបន្ថែមថា សំឡេងគាំទ្រចំនួន១២.០០០ សំឡេង ជាមួយនឹងរឿងរ៉ាវនៃបទពិសោធន៍ពីការនិរទេសខ្លួនដែលត្រូវបានបង្ហាញតាមរយៈវីដេអូ សំឡេង និងអត្ថបទដែល Oxfam ទទួលបាន នឹងត្រូវដាក់ជូនទៅមេដឹកនាំពិភពលោកដើម្បីស្នើឲ្យមេដឹកនាំនៃប្រទេសអភិវឌ្ឍន៍ទាំងនោះ បើកបេះដូងនិងបើកទ្វារប្រទេសរបស់ខ្លួនដើម្បីឲ្យអ្នកដែលមានវិបត្តិអាចសុំសិទ្ធិជ្រកកោន។
កញ្ញា អាស៊ីសាស់ ប្រាប់ VOA នៅមជ្ឈមណ្ឌលបុប្ផាណាថា៖
«ទូទាំងសកលលោកយើងគឺកំពុងតែជួបវិបត្តិជនភៀសខ្លួន។ តាមតួលេខដែលOxfam បានសិក្សាកន្លងមកគឺចាប់តាំងពីសង្គ្រាមលោកលើកទីពីរចប់ទៅគឺមានប្រជាជនជាង៦៥លាននាក់ដែលគាត់កំពុងតែរត់ភៀសខ្លួនពីតំបន់មួយទៅតំបន់មួយ ពីប្រទេសមួយទៅប្រទេសមួយដើម្បីស្វែងរកទីតាំងឬទីកន្លែងណាដែលគាត់គិតថា មានសុវត្ថិភាពអាចធ្វើការរស់នៅឬធ្វើការចិញ្ចឹមជីវិតប្រកបដោយសុខសន្តិភាព»។
នៅពាក់កណ្តាលខែឧសភានេះ ការគាំទ្រនិងរឿងរ៉ាវនៃបទពិសោធន៍ជនភៀសខ្លួននឹងត្រូវបានចងក្រងហើយនឹងត្រូវដាក់ជូនទៅមេដឹកនាំនៃប្រទេសអភិវឌ្ឍន៍ជាង១០ រួមមានសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងប្រទេសចិនជាដើម។
កញ្ញា អាស៊ីសាស់ ថ្លែងបន្ថែមថា៖
«Oxfam យើងសង្ឃឹមថាតាមរយៈការប្រមូលសំឡេងគាំទ្រពីយុទ្ធនាការនេះមេដឹកនាំថ្នាក់ពិភពលោកទាំងអស់នឹងបន្តបើកទ្វាររបេះដូងហើយនឹងទទួលស្វាគមន៍ជនភៀសខ្លួនទាំងអស់មកពីគ្រប់ទិសទីដោយភាពកក់ក្តៅជាទីបំផុត»។
អ្នកនាំពាក្យរបស់រដ្ឋាភិបាលលោក ផៃ ស៊ីផាន ដែលបានចាកចេញពីប្រទេសកម្ពុជាទៅកាន់សហរដ្ឋអាមេរិកកាលពីឆ្នាំ១៩៧៩ ដើម្បីគេចពីការកាប់សម្លាប់របស់ខ្មែរក្រហម បានមានប្រសាសន៍ប្រាប់ VOA ថា លោកអាចនៅរស់រានមានជីវិតរហូតមកដល់សព្វថ្ងៃនេះ គឺដោយសារតែការចាកចេញពីសង្គ្រាមនៅកម្ពុជាទៅកាន់សហរដ្ឋអាមេរិក។
លោក ផៃ ស៊ីផាន មានប្រសាសន៍ថា៖
«យើងឃើញថា ភាគច្រើនប្រជាជនដែលរត់គេចពីសង្គ្រាមដែលមានចំនួនច្រើនហួសពីការប៉ាន់ស្មានរបស់យើងដោយសារអស្ថិរភាពនយោបាយ ដោយសារការរុកគួនពីប្រទេសក្រៅហ្នឹង ធ្វើឲ្យគេធ្លាក់ខ្លួនទៅជាអ្នកភៀសខ្លួននោះឯង»។
នៅក្នុងវីដែអូនៃយុទ្ធនាការ «ជួយគ្នា» របស់អង្គការអន្តរជាតិ Oxfam លោក សុខស៊ីផាណា ដែលបានចាកចេញពីប្រទេសកម្ពុជាទៅកាន់សហរដ្ឋអាមេរិកនៅពេលប្រទេសមានវិបត្តិបាននិយាយថា៖
«ខ្ញុំធ្វើការងារច្រើនសម្រាប់ជួយសង្គមក៏ដោយសារលទ្ធភាពដែលខ្ញុំបានចេញជីវិតរស់នៅនៅប្រទេសក្រៅ ការចេះដឹង ការអប់រំពីប្រទេសក្រៅដែរ។ ខ្ញុំយកមកចែករំលែកក្នុងសង្គមរបស់ខ្ញុំ»។
បច្ចុប្បន្ននេះលោកជាទីប្រឹក្សាជាន់ខ្ពស់របស់រដ្ឋាភិបាល។
លោក សុន ឆ័យ សមាជិកគណបក្សប្រឆាំងដែលបានចាកចេញពីប្រទេសកម្ពុជាក្នុងឆ្នាំ១៩៨០ទៅកាន់ប្រទេសអូស្ត្រាលី ក្នុងពេលប្រទេសមានភាពវឹកវរប្រាប់ VOA ថា ប្រទេសមហាអំណាចគួរបន្តបើកទ្វារឲ្យជនរងគ្រោះនានាដែលមិនអាចរស់នៅក្នុងប្រទេសរបស់ពួកគេដោយសារសង្គ្រាម។
លោក សុន ឆ័យ មានប្រសាសន៍ថា៖
«យើងដឹងហើយថានៅក្នុងស្ថានភាពនយោបាយពិភពលោកសព្វថ្ងៃអ្នកនយោបាយមាននយោបាយតឹងរ៉ឹងចំពោះជនភៀសខ្លូនឬជនដែលគេចពីសង្គ្រាមដើម្បីរកកន្លែងសុខសាន្តរស់នៅ»។
លោកមានប្រសាសន៍ថា អ្នកដែលមិនស្វាគមន៍ជនភៀសខ្លួនកំពុងតែមានប្រៀបទៅលើអ្នកនយោបាយដែលមាននិន្នាការចង់ទទួលយកជនភៀសខ្លួន។
លោកបន្តថា ប្រទេសកម្ពុជាត្រូវតែចូលរួមឲ្យបានសកម្មក្នុងការអំពាវនាវឲ្យមានការទទួលយកជនភៀសខ្លួនជាសកល។
«ហើយបើគ្មានការផ្តល់ឲ្យមានសិទ្ធិរស់នៅទាំងបណ្តោះអាសន្នឬជាយូរអង្វែងទេគឺថាយើងជាជនភៀសខ្លួននៅពេលនោះប្រហែលជាមិននៅទេបាទ ហើយនឹងរងទុក្ខវេទនាធ្ងន់ធ្ងររហូតដល់បាត់បង់ជីវិតទៀត»។
មានប្រជាពលរដ្ឋខ្មែររាប់ម៉ឺននាក់បានចាកចេញពីប្រទេសទៅកាន់ប្រទេសដទៃទៀតដូចជា សហរដ្ឋអាមេរិក ប្រទេសបារាំង ប្រទេសអូស្ត្រាលី និងប្រទេសផ្សេងៗទៀតនៅពេលដែលកម្ពុជាមានសង្គ្រាម៕