ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​​រៀបចំ​យន្តហោះ​ពិសេស​ដឹកអ្នកការទូតនិង​ពលរដ្ឋ​​ខ្លួន​រាប់​ពាន់​នាក់​​ដែល​ជាប់​នៅ​​ក្រៅ​ប្រទេស ​


រូបឯកសារ៖ អ្នកដំណើររង់ចាំឡើងយន្តហោះ ដែលត្រូវបានរៀបចំស្ថានទូតអាមេរិក នៅព្រលានយន្តហោះ La Aurora នៅក្រុងក្វាតេម៉ាឡា កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០។
រូបឯកសារ៖ អ្នកដំណើររង់ចាំឡើងយន្តហោះ ដែលត្រូវបានរៀបចំស្ថានទូតអាមេរិក នៅព្រលានយន្តហោះ La Aurora នៅក្រុងក្វាតេម៉ាឡា កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០។

សហរដ្ឋ​អាមេរិក​កំពុង​«ពិចារណា​ជម្រើស​ទាំង​អស់» ដើម្បី​ជួយ​ពលរដ្ឋ​ខ្លួន​រាប់​ពាន់​នាក់ដែល​ជាប់​នៅ​បរទសេ​ឲ្យ​បាន​ត្រឡប់​មក​មាតុភូមិ​វិញ​ក្រោយ​ពី​ប្រទេស​ជា​ច្រើន​បាន​បិទ​ការ​ហោះហើរ​និង​បិទ​ព្រំដែន​របស់​ខ្លួន​ដើម្បី​ព្យាយាម​ទប់ស្កាត់​ការ​បន្ត​ឆ្លង​រាតត្បាត​នៃ​មេរោគ​កូរ៉ូណា។

ក្រសួង​ការ​បរទេស​អាមេរិក​បាន​ប៉ាន់ស្មាន​ថា មក​ត្រឹម​ថ្ងៃ​ច័ន្ទ​ទី​២៣ ខែ​មីនា​មាន​ពលរដ្ឋ​អាមេរិកាំង​ប្រមាណ​១៣.៥០០នាក់ ដែល​បាន​ស្នើ​សុំ​ជំនួយ​ក្នុង​ការ​ធ្វើ​មាតុភូមិនិវត្តន៍​មក​សហរដ្ឋ​អាមេរិក​វិញ។​

មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​ការ​បរទេស​ថ្លែង​កាល​ពី​ថ្ងៃ​អង្គារ​ថា ក្រសួង​ការ​បរទេស​បាន​ជន្លៀស​បុគ្គលិក​ដែល​មិនចាំ​បាច់​ក្នុង​ពេល​អាសន្ននិង​ក្រុមគ្រួសារ​របស់​គេ​ពី​ការិយាល័យ​១៧​កន្លែង​នៅ​បរទេស។

ពលរដ្ឋ​អាមេរិកាំង​ត្រូវ​គេ​លើក​ទឹកចិត្ត​ឲ្យ​ប្រើ​មធ្យោបាយ​អាកាសចរណ៍​ស៊ីវិល​ត្រឡប់​មក​វិញ​ដោយ​ខ្លួន​ឯងឲ្យ​អស់​លទ្ធភាព​សិន មុន​នឹង​អាចចូល​ទៅ​ក្នុង​ការ​ជម្លៀស​ពិសេស​ដោយ​យន្តហោះ​យោធា​និង​យន្តហោះ​ឯកជន ដែល​ត្រូវ​សភា​អនុម័ត​ការ​ចំណាយ​ពិសេស​នេះ។​

បច្ចុប្បន្ន​នេះ​មាន​ពលរដ្ឋ​អាមេរិករស់​នៅ​ក្រៅ​ប្រទេស​ចំនួន​១០​លាន​នាក់​រស់​នៅ​ជុំវិញ​ពិភពលោក នេះ​បើ​តាម​ក្រសួង​ការ​បរទេស​អាមេរិក។ រដ្ឋាភិបាល​អាមេ​ករិក​បាន​បង្កើត​លេខ​ទូរស័ព្ទ​ហៅ​ចូល​២៤​ម៉ោង​ពិសេស​មួយ​សម្រាប់​ជាជំនួយ​ដល់​ពួក​គេ​ពេល​មាន​គ្រា​អាសន្ន។

កន្លង​មក​ សហរដ្ឋ​អាមេរិក​បាន​ជម្លៀសពលរដ្ឋ​ខ្លួន​នៅ​ក្រៅ​ប្រទេស​ប្រមាណ​៩.៣០០​នាក់​មក​ហើយ​ពី​ប្រទេស​ចំនួន​២៨ ដែល​ភាគ​ច្រើន​គឺ​តាម​យន្តហោះ​ពិសេស​របស់​ក្រសួង​ការ​បរទេស ដោយ​ក្នុង​នោះ​រួម​មាន​ពលរដ្ឋ​៨០០​នាក់​ពី​ក្រុង​វូហាន​ប្រទេស​ចិន ៣០០​នាក់​ពី​ក្រុង​ Yokohama ប្រទេស​ជប៉ុន និង​១២០០​នាក់​ពី​ប្រទេស​ម៉ារ៉ុក​កាល​ពី​សប្តាហ៍​មុន។​

ក្រសួង​ការ​បរទេស​មាន​គម្រោង​ជម្លៀស​ពលរដ្ឋ​រាប់​ពាន់​នាក់​ទៀត​តាម​ជើង​យន្តហោះ​៤០​ក្នុង​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ៕

XS
SM
MD
LG