ក្រោយពេលដែលមន្ត្រីរដ្ឋាភិបាលបីរូបនៅរដ្ឋ Michigan សហរដ្ឋអាមេរិកត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តិអំពើឧក្រិដ្ឋកម្មទាក់ទិននឹងវិបត្តិទឹកដែលមានជាតិពុលនៅក្នុងទីក្រុង Flint មានការចោទជាសំណួរថា តើមន្ត្រីរដ្ឋាភិបាលឋានៈណាទៀតនឹងត្រូវទទួលខុសត្រូវចំពោះការបណ្តែតបណ្តោយឲ្យបំពង់ទឹកនៅក្នុងទីក្រុងសឹករិចរិលរហូតដល់បង្កជាតិពុលបែបនេះ។
អគ្គរដ្ឋអាជ្ញាប្រចាំរដ្ឋ Michigan លោក Bill Schuette ថ្លែងថា នឹងមានការចោទប្រកាន់ទៅលើមនុស្សច្រើនជាងនេះទៅទៀត។ មិនមាននរណាម្នាក់រួចខ្លួននោះទេ។
អ្នករស់នៅទីក្រុង Flint មួយចំនួនបានអំពាវនាវឲ្យធ្វើការចោទប្រកាន់ប្រឆាំងនឹងអភិបាលរដ្ឋលោក Rick Snyder និងបានអំពាវនាវឲ្យលោកលាលែងពីតំណែង។ លោក Snyder ច្រានចោលការទាមទារឱ្យលោកលាលែងពីតំណែងម្តងហើយម្តងទៀតហើយបានធ្វើការសុំទោសចំពោះវិបត្តិនេះដោយលើកឡើងថា «អ្នកការិយាធិបតេយ្យបានធ្វើការសម្រេចចិត្តដ៏អាក្រក់ដែលបានធ្វើឲ្យពលរដ្ឋនៅទីក្រុង Flint ធ្លាក់ក្នុងវិបត្តិ»។
មុនពេលលោកSnyder ឡើងកាន់តំណែងជាអភិបាលរដ្ឋនេះ លោកគឺជានាយកប្រតិបត្តិនៃក្រុមហ៊ុនកំព្យូទ័រ Gateway និងជាអ្នកវិនិយោគផ្តល់ទុនដល់ក្រុមហ៊ុនបង្កើតថ្មី។ ដើម្បីឆ្លើយតបទៅនឹងសំណួរថា តើលោកបានប្រព្រឹត្តបទឧក្រិដ្ឋអ្វីក្នុងការដោះស្រាយវិបត្តិនេះ លោកបានថ្លែងថា៖«ខ្ញុំមិនចង់ធ្វើការប៉ាន់ស្មានបែបនេះនោះទេ។ ខ្ញុំមិនជឿនោះទេ»។
ការចូលពាក់ព័ន្ធរបស់រដ្ឋក្នុងកម្រិតខ្ពស់មានតាំងពីខែមេសា ឆ្នាំ២០១៤ នៅពេលដែលនាយកប្រតិបត្តិម្នាក់ដែលត្រូវបានជ្រើសតាំងដោយលោក Snyder ឲ្យគ្រប់គ្រងហិរញ្ញវត្ថុរបស់ទីក្រុងទាំងមូល បានអនុញ្ញាតឲ្យមានការផ្លាស់ប្តូរការបង្ហូរទឹកពីប្រព័ន្ធទឹកខ្នាតធំរបស់ក្រុង Detriot ដែលនាំទឹកពីបឹង Huron មកកាន់ទន្លេ Flint ដែលឆ្លងកាត់ទីក្រុងនេះ។ ការផ្លាស់ប្តូរការបង្ហូរទឹកដែលមានត្រឹមខែតុលាកន្លងទៅនេះគឺ ក្នុងគោលបំណងសន្សំប្រាក់ជាច្រើនលានដុល្លាររបស់ទីក្រុង។
ប៉ុន្តែក្នុងអំឡុងពេលជិត ១៨ខែនោះ ក្រុមមន្ត្រីបានខកខានក្នុងការប្រើប្រាស់សារធាតុគីមីដែលមានតម្លៃ ១០០ដុល្លារក្នុងមួយថ្ងៃក្នុងការទប់ស្កាត់ការសឹករិចរិលនៃបំពង់ទឹករបស់ទីក្រុងនេះ ហើយបាននាំសារធាតុសំណទៅក្នុងទឹកផឹក។ ការពិនិត្យឈាមបានបង្ហាញថាអ្នករស់នៅទីក្រុង Flint ជាច្រើនមានសារធាតុសំណនៅក្នុងសរសៃរឈាម រួមមានកុមារយ៉ាងណាស់ ២០០នាក់ផងដែរ។
ជាតិពុលនៃសំណអាចធ្វើឲ្យប៉ះពាល់ដល់សមត្ថភាពរបស់ក្មេងៗ ហើយធ្វើឲ្យពួកគេមានអកប្បកិរិយាប្រឆាំងនឹងសង្គម។
អ្នករស់នៅទីក្រុង Flint បានតវ៉ាចំពោះពណ៌ រសជាតិ និងក្លិនរបស់ទឹក ក្រោយពេលដែលមានការប្តូរទៅបូមទឹកពីទន្លេ Flint ប៉ុន្តែមន្ត្រីរដ្ឋាភិបាលមិនសូវយកចិត្តទុកដាក់ទៅលើការតវ៉ាប្រឆាំងរបស់ពួកគេនោះទេ។ បន្ទាប់ពីការធ្វើតេស្តបានបង្ហាញថាទឹកមានជាតិពុល ក្រុមមន្ត្រីបានងាកមកប្រើប្រព័ន្ធទឹកទីក្រុង Detroit វិញ។
ទីភ្នាក់ងាររដ្ឋាភិបាលនិងក្រុមសប្បុរសបានដឹកទឹកសុទ្ធទាំងឡានៗទៅកាន់ទីក្រុងដើម្បីចែកជូនដល់អ្នករស់នៅទីនោះ ជាមួយនឹងប្រដាប់ចម្រោះទឹកដើម្បីបំពាក់ពីលើក្បាលរ៉ូប៊ីណេនៅតាមផ្ទះរបស់ពួកគេ។
លោក Snyder មិនបានទទួលស្គាល់ថាមានបញ្ហាទេរហូតដល់ចុងឆ្នាំ ២០១៥ នៅពេលដែលការធ្វើតេស្តបង្ហាញថាមានជាតិសំណខ្ពស់នៅក្នុងខ្លួនកុមារ។
ជាមួយនឹងជោគជ័យបន្តិចបន្តួច ក្រុមមន្ត្រីក្រុងបានទាមទារឲ្យរដ្ឋាភិបាលរបស់រដ្ឋនិងថ្នាក់ជាតិចំណាយប្រាក់រាប់លានដុល្លារដើម្បីដកបំពង់ទឹកចាស់ដែលមានអាយុកាលរាប់សិបឆ្នាំចោលនិងជំនួសដោយបំពង់ទឹកថ្មី។ លោក Snyder បានអំពាវនាវសុំជំនួយពីរដ្ឋសម្រាប់ទីក្រុង Flint បើទោះបីជាសភាមិនទាន់យល់ព្រមជួយដល់ទីក្រុងនេះក៏ដោយ។
ក្រុមមន្ត្រីឥឡូវបានអះអាងថា ទឹកមានសុវត្ថិភាពក្នុងការបរិភោគ ដោយប្រើប្រដាប់ចម្រោះទឹកដើម្បីជាការប្រុងប្រយ័ត្នទុកជាមុន។ ពលរដ្ឋទីក្រុង Flint ជាច្រើននៅតែបដិសេធក្នុងការប្រើប្រាស់ទឹកនោះដើម្បីបរិភោគឬងូតទឹកជាដើម។
លោក Snyder បានធ្វើដំណើរទៅកាន់ផ្ទះមួយនៅទីក្រុង Flint កាលពីពាក់កណ្តាលខែមេសាកន្លងទៅនេះ ហើយបានចាក់ទឹកចូលក្នុងថូមួយ ហើយលោកថ្លែងថា ចាប់ពីខែក្រោយនេះទៅ លោកនឹងផឹកទឹកនៅទីក្រុងនេះដើម្បីបង្ហាញថាទឹកនៅទីក្រុងនេះមានសុវត្ថិភាពកម្រិតណា៕
ប្រែសម្រួលដោយ ស្រេង លក្ខិណា