ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខុសពី​​អាណត្តិមុនៗ​ អ្នក​បោះឆ្នោត​មិន​សូវ​ខ្លាច​ក្នុង​ការ​បញ្ចេញ​មតិ


លោកសម រង្ស៊ី​ជួបជាមួយ​អ្នកលក់​នៅតាម​ផ្សារ ពេល​ចុះ​ឃោសនា​​​​តាម​ខេត្ត។
លោកសម រង្ស៊ី​ជួបជាមួយ​អ្នកលក់​នៅតាម​ផ្សារ ពេល​ចុះ​ឃោសនា​​​​តាម​ខេត្ត។
ខុស​ប្លែក​ពី​អាណត្តិ​មុនៗ ​សម្រាប់ការ​បោះឆ្នោត​នា​អាណត្តិ​នេះ​ គេ​សង្កេត​ឃើញ​ថា​ ប្រជា​ពលរដ្ឋ​ជា​ទូទៅ​ហ៊ាន​សម្តែង​មតិ​ និង​លើក​យក​ប្រធាន​បទ​នយោបាយ​មក​វែកញែក ​ដេញ​ដោលគ្នា​តាម​ទី​សាធារណៈ​នានា​ជា​ច្រើន។ ការណ៍​នេះ​ មន្ត្រី​ជំនាញ​យល់​ឃើញ​ថា​ ជា​ចំណុច​របត់​នយោបាយ​ដ៏​វិជ្ជមាន​មួយ​ក្នុង​សង្គម​កម្ពុជា។​

មនុស្ស​ម្នារ​ជជែក​គ្នា​អំពី​បញ្ហា​នយោបាយ​នៅ​តុអាហារ​ថ្ងៃត្រង់​មួយ​ក្នុង​ខណ្ឌ​៧មករា​ ​កណ្តាល​រាជធានី​ភ្នំពេញ។​ ប្រជា​ពលរដ្ឋ​មួយ​ក្រុមនេះភាគ​ច្រើន​គឺ​ជា​អ្នក​រត់​ម៉ូតូ​ឌុប។​

ការ​ពិភាក្សា​គ្នាអំពី​បញ្ហា​នយោបាយ​យ៉ាងបើកចំហ​បែប​នេះ​នៅ​តាម​ទី​សាធារណៈ​ នៅ​តាម​តូប​កាហ្វេ ​ទី​ផ្សារ​ នៅ​តាម​ទី​ប្រជុំ​ជន​ និង​នៅ​តាម​ហាង​បាយ ​មិន​សូវ​កើត​មាន​ទាល់​តែ​សោះ​នៅ​ក្នុង​យុគ​បោះឆ្នោត​កាលពី​បួន​អាណត្តិ​មុន។​

លោក​ងិន សារិន​មាន​សំបុរ​ខ្មៅ​ស្រអែម​គឺជាអ្នក​រត់​រ៉ឺម៉ក​កង់​បី។​ បុរស​អាយុ​៤៣​ឆ្នាំ​ម្នាក់​នេះ​គឺជា​ពលរដ្ឋ​ម្នាក់​ក្នុង​ការ​ពិភាក្សា​ក្នុង​វង់​បាយ​ថ្ងៃត្រង់​នេះ។​

លោក​និយាយថា៖ ​«ពី​មុន​ ហ៊ាន​ដែរ​ តែ​ហ៊ាន​តិច​តួច។​ ប៉ុន្តែ​ឥឡូវ​មតិ​ប្រជា​ពលរដ្ឋ ​គេ​ហ៊ាន​ចេញ​មក​និយាយ​តែ​ម្តង។​ គេ​ថា ​មិន​ឱ្យ​ងាប់​ដូច​ពស់ ​រស់​ដូច​កង្កែប​ទេ។​ ដូច្នេះ​មនុស្ស​ចេះ​តែ​និយាយ​តៗ​គ្នា​ទៅ​គឺ​ហ៊ាន​តាម​គេ​ តាម​ឯង​ដែរ។​ រយៈ​កាល​កន្លង​មក​ គេ​ដឹង​អស់​ហើយ​ ដូច​ជា​អ្នក​រត់​ម៉ូតូ​ឌុប​ សិស្ស​សាលា​អី​ គេ​ដឹង​អស់​ហើយ​ គ្មាន​អ្នក​ណា​គេ​ចាញ់​បោក​ទៀត​ទេ»។​

ប្រទេស​កម្ពុជា​បាន​បង្កើត​រដ្ឋាភិបាល​ថ្មី​តាម​រយៈ​ការ​បោះឆ្នោត​អស់​រយៈ​ពេល​២០​ឆ្នាំ​មក​ហើយ ​ដោយ​សារ​ការ​បារម្ភ​ពីសុវត្ថិភាព​ផ្ទាល់​ខ្លួន ​និង​ការ​មានជំងឺ​បាក់​ស្បាត​ដោយ​សារ​សង្គ្រាម ​ដែល​បាន​ធ្វើឲ្យ​ប្រជា​ពលរដ្ឋ​កម្ពុជា​ដែល​ជា​ម្ចាស់ឆ្នោត​បំបិទ​សិទ្ធិ​ផ្ទាល់​ខ្លួន ​មិន​ហ៊ាន​ជជែក​វែកញែក​ពី​បញ្ហា​នយោបាយ​ទេ ​នា​ពេល​កន្លង​មក។​

ប៉ុន្តែ​នា​ពេល​នេះ ​ស្ទើរ​តែ​គ្រប់​កន្លែងប្រមូល​ផ្តុំ​ គេ​សង្កេត​ឃើញ​ប្រជា​ពលរដ្ឋ​ជា​ច្រើន​មាន​ភាព​ក្លាហាន​ និង​សកម្ម​ខុស​ពី​មុន ​ក្នុង​ការ​សម្តែង​មតិលើ​ប្រធាន​បទ​នយោបាយ​នានា។​ ប្រធាន​បទ​នៃ​ការ​វែកញែកទាំង​នោះ​រួម​មាន​ជា​អាទិ៍​ ការបោះ​ឆ្នោត ​បុគ្គល​ភាព​របស់​បេក្ខ​ជនតំណាង​រាស្ត្រ ​ការ​ហែ​ក្បួន​ឃោសនា​របស់​គណបក្ស ​និង​គោល​នយោបាយ​របស់​គណបក្ស​នយោបាយ​ជា​ដើម។​

នៅ​កន្លែងលាង​ម៉ូតូ​មួយ​កន្លែង ក្រោយ​ព្រះ​បរម​រាជវាំង​ មនុស្ស​ចំណាស់ៗ​មួយ​ក្រុម​កំពុង​ជជែក​គ្នា​អំពី​បញ្ហា​នយោបាយ។​

បុរស​វ័យចំណាស់​ម្នាក់ដែល​នៅក្នុង​ការ​សន្ទនា​នោះ​និង​ដែល​សូម​មិន​បញ្ចេញ​ឈ្មោះ​ បាន​ប្រាប់​ថា​ កាល​ពី​មុន​លោក​មិន​ដែល​ហ៊ាន​និយាយ​អំពី​បញ្ហា​នយោបាយ​អញ្ចឹង​តាម​ទី​សាធារណៈ​ទេ។​ ប៉ុន្តែ​ដោយ​សារ​ឃើញ​ភាព​អយុត្តិ​ធម៌​សង្គមកាន់​តែ​ច្រើន​ឡើង​គឺ​ជា​ការ​ជំរុញ​សេចក្តី​ក្លាហាន​របស់​លោក។​

លោក​និយាយថា៖​ «យើង​ចេះ​តែ​ភ្ញាក់​រឭក​ហើយ។​ បើ​មិន​ជឿ​ ជិះ​ទៅ​មើល​ខ្លួន​ឯង​ផ្ទាល់​ទៅ​ ឃើញ​ថា​ ភូមិ​យួន​សុទ្ធ​តែ​ម្តង។ ​ខ្ញុំ​ឃើញ​ព្រឺ​សម្បុរ ខ្ញុំ​ខ្លាច។​ យើង​លែង​ខ្លាច​ហើយ​ ព្រោះ​អាយុ​៥០​ឆ្នាំ​ហើយ។​ ប៉ុន្តែ​កូន​ចៅ​យើង​ជំនាន់​ក្រោយ​ចេះ​តែ​មាន​ការ​ឈឺ​ចាប់​អញ្ចឹង​ទៅ។​ ដី​រដ្ឋ​ក៏​វា​អស់។​ ស្អី​ក៏​វា​អស់។​ កន្លែងខ្លះ​ដូ​ចជា​ប៉ូឌីញ​ គេ​ដេញ​ប្រជា​ពលរដ្ឋ ​សង់​ផ្ទះ​លក់​ឱ្យ​ឈ្មួញ ​ហើយ​ឈ្មួញ​យក​លក់​ឱ្យ​ប្រជា​ពលរដ្ឋដដែល»។​

លោក​ស៊ុន សាវឿន​ អាយុ​៤៣​ឆ្នាំ ​ជា​អ្នក​លាង​ម៉ូតូ​នៅ​ជាប់​នោះ។ លោក​ថ្លែង​ថា​ លោក​ហ៊ាន​នេះ​ដោយ​សារ​លោក​យល់​ដឹង​ច្រើន​ជាង​មុន​ពីសេរីភាព​បញ្ចេញ​មតិ​របស់​ខ្លួន។​

លោក​និយាយថា៖​ «កាល​ពី​មុន​លាក់លៀម​រៀង​ខ្លួន។​ អញ​អត់​ទុក​ចិត្ត​ខាង​នេះ​បក្ស​នេះ​ ខាង​នោះ​ បក្ស​នោះ​អី​អញ្ចឹង។​ ប៉ុន្តែ​ដល់​អាណត្តិ​នេះ​ យើង​និយាយ​ទូទៅ​ បក្ស​ណា​ក៏​និយាយ​បាន។ ​មើល​ទៅ​អាណត្តិ​នេះ​មាន​ភាព​សកម្ម​ជាង​អាណត្តិ​មុន ​អាច​ហ៊ាន​និយាយ​ច្រើន។​ ខ្ញុំ​នៅ​កណ្តាល​ចេះ​តែ​ស្តាប់​គេ​វែក​ញែក​ទៅ»។​

ចំណែក​ឯ​លោក​ជីន ​សារ៉េត ​អាយុ​៣៩​ឆ្នាំ​ ម្ចាស់​ហាង​កាហ្វេ​មួយ​កន្លែងក្បែរ​ផ្សារ​ដើម​គរ។​ លោក​និយាយថា ​លោក​សង្កេត​ឃើញ​ថា ​នៅ​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ​មាន​ការ​ជជែក​គ្នា​អំពី​រឿង​នយោបាយយ៉ាង​ផុសផុល​ ​ក្នុង​ចំណោម​អ្នក​ដែល​ចូល​មក​ហូប​កាហ្វេ​នៅ​តូប​របស់​លោក។​

លោក​និយាយថា៖ «កាល​ពី​ឆ្នាំ​២០០៨​ ប្រជា​ពលរដ្ឋ​យើង​ហាក់​ដូចជា​មិន​សូវ​ចាប់​អារម្មណ៍​រឿង​នយោបាយ​ទេ។​ ប៉ុន្តែ​មក​ដល់​ឆ្នាំ​២០១៣​ហ្នឹង ​ប្រជា​ពលរដ្ឋ​ហាក់​ដូចជា​មាន​ការ​ចាប់​អារម្មណ៍​ខាង​ផ្នែក​នយោបាយ​ច្រើន។ ភាគ​ច្រើន​ចុង​ក្រោយ​ហ្នឹង​ គាត់​និយាយ​ពី​ការ​ហែ​គណបក្ស​ និង​ការ​វិល​ត្រឡប់​របស់​លោក​សម រង្ស៊ី»។​

លោក​បណ្ឌិត​ហង្ស ពុទ្ធា​គឺ​នាយក​ប្រតិបត្តិ​គណៈ​កម្មាធិការ​អព្យាក្រិត្យ​ និង​យុត្តិធម៌​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី​ និង​ត្រឹមត្រូវ​នៅ​កម្ពុជា​។ លោក​អធិប្បាយ​ថា​ ប្រជា​ពលរដ្ឋ​កម្ពុជា​នា​ពេល​នេះ​កាន់តែ​យល់ដឹង​ទូលំ​ទូលាយ​អំពី​ការ​ជជែក​វែក​ញែក​ពី​បញ្ហា​នយោបាយ។​

លោក​និយាយ​ថា៖​ «​ខ្ញុំ​គិត​ថា​ ទី​មួយ​ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ ចំណេះដឹង​របស់​របស់​ប្រជា​ពលរដ្ឋ​មាន​ការ​រីក​ចម្រើន​ ហើយ​លទ្ធិ​ប្រជា​ធិបតេយ្យ​បាន​បង្រៀន​ពលរដ្ឋ​ឱ្យ​យល់​ពី​សិទ្ធិ​របស់​ខ្លួន។​ ហើយ​មួយ​ទៀត​ ពលរដ្ឋ​ខ្លះ ​គាត់​ចង់​ឱ្យ​មាន​ការ​ផ្លាស់ប្តូរ​ជា​វិជ្ជមាន។​ អញ្ចឹង​ហើយ​បាន​ជា​មាន​ការ​ចូលរួម​យ៉ាង​ផុល​ផុស»។​

លោក​ហង្ស ពុទ្ធា​វាយ​តម្លៃ​ថា ​ការ​ពិភាក្សា​អំពី​បញ្ហា​នយោបាយ​បែប​នេះ​បាន​ផ្តល់​ផល​ប្រយោជន៍​ជា​ច្រើន​ដល់​ប្រជា​ពលរដ្ឋ​សម្រាប់​ការ​ជ្រើស​រើស​មេ​ដឹកនាំ​បាន​ត្រឹមត្រូវ​តាម​ការ​វិនិច្ឆ័យ​យ៉ាង​ល្អិតល្អន់​របស់​ពួកគេ។​ ក៏​ប៉ុន្តែ​ ​លោកហង្ស ពុទ្ធា​គិត​ថា​ ការ​បញ្ចេញ​មតិ​នេះ​នៅ​មាន​កម្រិត​នៅ​ឡើយ​ ដោយសារ​ប្រជា​ពលរដ្ឋ​នៅ​មាន​ការ​ភ័យខ្លាច ​នៅ​មាន​គំនាប ​និង​ការគំរាម​ពី​អាជ្ញាធរ​មួយ​ចំនួន៕
XS
SM
MD
LG