ក្រសួងសុខាភិបាលបន្តក្រើនរំឭកដល់ពលរដ្ឋបន្ទាប់ពីរកឃើញករណីជំងឺផ្តាសាយបក្សី (H5N1) ថ្មី មួយករណីបន្ថែមទៀតនៅស្រុកពួក ខេត្តសៀមរាប។ នេះបើតាមសេចក្តីប្រកាសព័ត៌មានចេញផ្សាយកាលពីថ្ងៃអាទិត្យ។
ក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី ២៨ ខែមករា ក្រសួងបានបញ្ជាក់ថា បុរសអាយុ ៦៩ ឆ្នាំ ម្នាក់មកពីភូមិតាប្រុយ ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាបត្រូវបានរកឃើញថា មានផ្ទុកវីរុសផ្តាសាយបក្សី H5N1 និងកំពុងទទួលការថែទាំពីសំណាក់ក្រុមគ្រូពេទ្យ។ សេចក្តីប្រកាសព័ត៌មានដដែលបន្តថា ផ្ទះអ្នកជំងឺមានចិញ្ចឹមមាន់ប្រហែល ៥០ ទៅ ៦០ក្បាល និងមានមាន់ងាប់ប្រហែលពីរសប្តាហ៍មកហើយ។
គួររំឭកថា កាលពីថ្ងៃ ២៥ ខែមករាកន្លងទៅ វិទ្យាស្ថានជាតិសុខភាពសាធារណៈ និងវិទ្យាស្ថានប៉ាស្ទ័ររកឃើញមានករណីជំងឺផ្តាសាយបក្សី H5N1 លើក្មេងប្រុសអាយុ ៣ ឆ្នាំ ម្នាក់នៅក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែង ហើយបើតាមការសាកសួរប្រហែល ១០ ថ្ងៃមុន នៅជុំវិញផ្ទះអ្នកជំងឺមានសត្វមាន់ទាងាប់នៅក្នុងភូមិ។
ក្រសួងសុខាភិបាលរំឭកម្តងហើយម្តងទៀតថា ជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់សុខភាពពលរដ្ឋ និងសំណូមពរឱ្យពលរដ្ឋយកចិត្តទុកដាក់ប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សីជានិច្ច។ ប្រសិនបើមានអាការៈក្តៅខ្លួន ក្អក ហៀរសំបោរ ឬពិបាកដកដង្ហើម បុគ្គលនោះត្រូវទៅពិគ្រោះយោបល់និងពិនិត្យព្យាបាលឱ្យបានទាន់ពេលវេលា។
វិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺផ្តាសាយបក្សី H5N1 នេះមានដូចជាការលាងដៃឱ្យបានញឹកញាប់បន្ទាប់ពីមានការប៉ះពាល់បក្សី ដាក់បក្សីឱ្យឆ្ងាយពីកុមារនិងកន្លែងរស់នៅ និងកុំបរិភោគសត្វបក្សីឈឺឬងាប់ជាដើម។ ជំងឺនេះមិនងាយឆ្លងពីមនុស្សទៅមនុស្សទេ ប៉ុន្តែវាក៏អាចបំប្លែងខ្លួនឆ្លងដូចជំងឺផ្តាសាយតាមរដូវកាលដែរ។ នេះបើតាមក្រសួងសុខាភិបាល៕
វេទិកាបញ្ចេញមតិ