ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អត្ថាធិប្បាយ​របស់​លោក​ហ៊ុន សែន​ទទួល​ប្រតិកម្ម​ចម្រុះ​ពី​អ្នក​ឃ្លាំ​មើល​ស្ថានការណ៍​អន្តរជាតិ


លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅ​ក្រោយ​​សម័យ​ប្រជុំ​រដ្ឋសភា​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០១៤។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅ​ក្រោយ​​សម័យ​ប្រជុំ​រដ្ឋសភា​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០១៤។

ក្រុម​អ្នក​ឃ្លាំមើល​ស្ថាន​ការណ៍​អន្តរជាតិ​បញ្ចេញ​ទស្សនៈ​ចម្រុះគ្នា​ទាក់ទង​នឹង​អត្ថាធិប្បាយ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​លើ​បញ្ហា​មជ្ឈឹម​បូព៌ា​ និង​ការ​ចំអក​ដល់​យុទ្ធសាស្ត្រ​យោធា​របស់​លោក​ប្រធានាធិបតី​ស.រ.អា.បារ៉ាក់​ អូបាម៉ា​ចំពោះ​បញ្ហា​វាយ​ប្រហារ​ពួក​ឧទ្ទាម​អ៊ីរ៉ាក់​តាម​រយៈ​ទ័ព​អាកាសថ្មីៗ។​

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ចំអក​ដល់​លោក​ប្រធានាធិបតី​ស.រ.អា.​បារ៉ាក់​ អូបាម៉ា​ចំពោះ​បញ្ហា​វាយ​ប្រហារ​តាម​អាកាស​លើ​ពួក​ឧទ្ទាម​នៅ​អ៊ីរ៉ាក់​ និង​រិះគន់​ជាទូទៅ​លើ​អន្តរាគមន៍​លូកដៃ​ពី​បរទេស នាំ​ឲ្យ​មាន​ជម្លោះ​និង​សង្គ្រាម​ហែកហួរ​គ្នា​ មិន​ចេះ​ចប់ ​ដូច​នៅ​ក្នុង​ប្រទេស​មជ្ឈឹម​បូព៌ា​ប្រទេស។​ អត្ថា​ធិប្បាយ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ថ្លែង​យ៉ាង​ដូច្នេះ​ធ្វើ​ឲ្យ​ក្រុម​អ្នកវិភាគ​និង​អ្នក​តាម​ដាន​សភាព​ការណ៍​អន្តរជាតិ​ខ្លះ​ធ្វើ​អត្ថាធិប្បាយ​ផ្សេងៗ​គ្នា។​ អ្នកខ្លះ​ចាត់​ទុក​ថា​ អត្ថាធិប្បាយ​របស់​លោក​ហ៊ុន សែន​ជា​ការ​ដែល​លោក​ចង់​បង្ហាញ​ថា​ លោក​ជា​មេដឹកនាំ​អស្ចារ្យ​ដែល​អាច​ដោះស្រាយ​ជម្លោះ​នយោបាយ​ផ្ទៃ​ក្នុង​កម្ពុជា​បាន​ដោយ​មិន​ពឹង​បរទេស។​

លោក​អ៊ូ ឫទ្ធី ​អ្នក​ឃ្លាំមើល​ស្ថាន​ការណ៍​កម្ពុជា ​និង​អន្តរជាតិ​ម្នាក់​ក្នុង​ប្រទេស​កម្ពុជា​បាន​ថ្លែង​ថា៖​

«ខ្ញុំមើល​ទៅ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​គាត់​ធ្វើការ​រិះគន់​បញ្ឆិត​បញ្ឆៀង​ទៅ​លើ​មហា​អំណាច​អាមេរិក​ដែល​លូកដៃ​ចូល​ ហើយ​ទន្ទឹម​នឹង​ហ្នឹង​ គាត់​បាន​បង្ហាញ​ពីស្នាដៃ​គាត់​ថ្មីៗ​នេះ ​ដែលគាត់​បាន​បញ្ចប់​វិបត្តិ​នយោបាយ​ជាមួយ​គណបក្ស​ប្រឆាំង​ដោយ​គ្មាន​ការជ្រៀត​ជ្រែក​ពីមហា​អំណាច​ ឬ​ក៏​ប្រទេស​ដទៃ​ចូល​ក្នុង​រឿង​ហ្នឹង។​ អញ្ចឹង​គាត់​ព្យាយាម​ពន្លេច​ថា ​ខ្មែរ​ឥឡូវ​អាច​ដោះស្រាយ​បញ្ហា​ផ្ទៃក្នុង​បាន​ដោយ​ខ្លួន​ឯង។ ហើយ​រឿង​ដែល​ខ្មែរ​ដោះស្រាយ​បាន​ដោយ​ខ្លួន​ឯង​គឺ​ជា​រឿងមួយ​ដែល​ឈ្នះៗ​ទាំង​អស់​គ្នា។ ​វា​មិនមាន​ញ្ហា​ផ្ទៃ​ក្នុង​ដូច​មុន។​ ផ្ទុយ​ទៅវិញ​ ប្រទេស​នៅ​អាស៊ី​បូព៌ា​ មជ្ឈឹម​បូព៌ា​ជាដើម​មាន​បញ្ហា​រហូត​ មិនអាច​ចប់​ទេ ​ដោយសារ​តែ​មាន​ការ​លូកដៃ​ពី​មហា​អំណាច​ជា​ពិសេស​អាមេរិកាំង​ហ្នឹង»។​

ថ្លែង​ជា​សាធារណៈ​ប្រាប់​ក្រុម​និស្សិត​សាកល​វិទ្យាល័យ​មួយក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​សប្តាហ៍​មុន ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​អះអាង​ថា ​លោក​នៅ​ប្រកាន់​ជំហរ​ដាច់ខាត​ចំពោះ​ការ​ដោះស្រាយ​បញ្ហា​ជាតិ​ដោយ​យន្តការ​ខ្មែរ​និង​ខ្មែរ​ដែល​អាច​បញ្ចប់​បញ្ហា​ដោយ​ងាយ​ និង​មាន​សន្តិភាព។​

«ដូច្នេះ​វាជា​ការ​អត់​ប្រយោជន៍​ទេ​ក្នុងការ​ដើរ​ទៅរក​ការ​អន្តរាគមន៍​របស់​បរទេស​នោះ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ផ្ទៃ​ក្នុង។​ ឥឡូវ​ចំណោទ​ឃើញ​ហើយ​នៅ​មជ្ឈឹម​បូព៌ា ​រឿង​បរទេស។​ សភាព​ការណ៍​នៅ​លីប៊ី​យ៉ាងម៉េច។ ​នៅពេល​មិន​យូរ​ប៉ុន្មាន​ ​អ៊ីរ៉ាក់​នេះនាំគ្នា​អបអរ​សាទរ​អំពី​ការ​ដែល​អូបាម៉ា​ឲ្យ​ប្រើ​ទ័ពអាកាស​វ៉ៃ»។​

លោក​ហ៊ុន សែន​បាន​បន្ថែម​ថា៖​

«ខ្ញុំ​មិន​ថា ​ឲ្យ​អូបាម៉ា​ទេ​ តែ​ឯក​ឧត្តម​អើយ​ ប្រើ​សង្គ្រាម​នៅ​ក្នុង​សង្គ្រាម​ឥណ្ឌូ​ចិន​នេះ​ច្រើន​ណាស់ ​កង​ទ័ព​អាកាស​នោះ​ តែ​ទីចុង​បំផុត​ លន់ នល់​នៅតែ​រលំ​ កងទ័ព​អាមេរិក​ ដកចេញ​ រត់ទាំង​ទូត ​រត់ទាំងអី​ ចេញពី​ស្រុក​ខ្មែរ ​ចេញ​ពី​វៀតណាម​ ចេញពី​ឡាវ​អស់។​បើ​ទ័ព​អាកាស​ទប់ស្កាត់​បាន​ទាំងអស់​ មិន​ចាំ​បាច់​បង្កើត​ជើង​គោក​មក​ធ្វើ​អីទេ​ ហើយ​ត្រូវ​ចាំ​អ្នកណា​កាន់ជើង​គោក​ អ្នក​ហ្នឹង​ខ្លាំង ​មិនមែន​ពួក​អាកាស​ទេ។​ អាកាស​ក្បាល​មិន​ជាប់​មេឃ ​ជើង​មិន​ជាប់​ដី​ទេ ​ចុះ​ទាប​គេ​បាញ់​ នៅ​ខ្ពស់​ធ្វើ​អី​គេ​មិន​បាន។​ ហើយ​ប្រើ​អាកាស​មក​ធ្វើការ​ការពារ​ថ្មើរ​ជើង​ ទៅ​មិន​រួច​ទេ»។​

លោក​គុជ ច័ន្ទលី​ អ្នកវិភាគ​មួយរូប​មកពី​រដ្ឋម៉ារីឡែន​ បាន​អះអាង​ថា ​ការ​វិល​ត្រឡប់ទៅកាន់​ប្រទេស​អ៊ីរ៉ាក់​វិញ​នេះ​ជា​បេសក​កម្ម​កាតព្វកិច្ច​របស់​ស.រ.អា.ក្នុង​នាម​ជា​ប្រទេស​មហា​អំណាច​ដែល​ការពារ​ពលរដ្ឋ​អ៊ីរ៉ាក់​ អ្នកសេ្នហា​ជាតិ​អ៊ីរ៉ាក់ ​ដែល​ស្រឡាញ់​ប្រជាធិបតេយ្យ​ ហើយ​ស.រ.អា.មិនអាច​ឈរ​ឱប​ដៃ​មើល​ការ​ជិះ​ជាន់​សង្កត់​សង្កិត​ និង​ការ​កាប់​សម្លាប់​ពីក្រុម​ដែល​កាន់​លទ្ធិផ្តាច់​ការ​ ធ្វើបាប​ពលរដ្ឋ​ទេ។​

«អ៊ីរ៉ាក់​មាន​បញ្ហា​ផ្ទៃ​ក្នុង​របស់​ខ្លួន​ ហើយ​របប​ផ្តាច់ការ​និយម ​ដែល​ចង់​ការពារ​ក្រុម​អ្នក​ធ្វើ​ភេរវកម្ម​ផ្សេងៗ​ហ្នឹង​ កាន់តែ​រីក​ឥទ្ធិពល។​ ដូច្នេះ​ហើយ​ភារកិច្ច​របស់​អាមេរិកាំង​គឺ​ត្រូវតែ​ត្រឡប់​ទៅវិញ។ ​តែការ​ត្រឡប់​ទៅវិញ​នេះ​ ប្រធានា​ធិបតីយ​បារ៉ាក់​អូបាម៉ា​មិន​អាច​បញ្ជូន​កងទ័ព​អាមេរិកាំង​ឲ្យទៅ​ច្បាំង​នៅ​ប្រទេស​អ៊ីរ៉ាក់​ដូច​មុន​បានទៀត​ទេ​ ព្រោះ​ទើប​នឹង​ដកចេញ​មក ​ហើយ​សន្យា​ថា​ នឹង​ដក​ឲ្យ​អស់​នៅ​ចុង​ឆ្នាំ​២០១៤​នេះ​ផង។​ ដូច្នេះ​ហើយ​ការ​ត្រឡប់​ទៅវិញ​នេះ​គឺ​ត្រឡប់​ត្រឹម​បាន​តែ​កងទ័ព​អាកាស​ និង​ទីប្រឹក្សា​ចម្បាំង​អាមេរិកាំង​ប៉ុណ្ណោះ»។​

លោក​ថ្លែងថា​ អត្ថាធិប្បាយ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ដែល​មិន​ចង់​ឲ្យ​បរទេស​លូកលាន់​ក្នុង​កិច្ចការ​ប្រទេស​កម្ពុជា​ និង​ការ​ខំ​បង្ហាញ​ថា ​ការ​លូក​ដៃ​ចូល​របស់​ស.រ.អា.ទៅ​ប្រទេស​នានា​នាំឲ្យ​មាន​បញ្ហា​មិនចេះ​ចប់នោះ​ គឺដូច​ជា​អត្ថា​ធិប្បាយ​របស់​មេ​ដឹកនាំ​ប្រទេស​ផ្តាច់ការ​មួយ​ចំនួន​ដែល​មិន​ចង់​ឲ្យ​ប្រទេស​ប្រកាន់​ប្រជាធិប​តេយ្យ​ចូលទៅ ​ដោយ​មេដឹកនាំ​ប្រទេស​ផ្តាច់ការ​ទាំងនោះ​ភ័យ​ខ្លាច​ការ​រលាយ​គោល​លទ្ធិ​របស់​គេ​ ហើយ​ពលរដ្ឋ​ស្គាល់​សេរីភាព ​និង​ប្រជាធិបតេយ្យ​ពិត​ប្រាកដ។​ នេះជា​ការ​អះអាង​របស់​លោក​គុជ ច័ន្ទលី​មកពី​រដ្ឋម៉ារីឡែន​ស.រ.អា.។​

«ព្រោះ​គេ​មិនចង់​ឲ្យ​ប្រទេស​ដែល​លើក​តម្កើង​លទ្ធិ​ប្រជាធិបតេយ្យ​ លើក​តម្លៃ​មនុស្ស​ហ្នឹង​ជ្រៀតជ្រែក​ចូល​ទៅក្នុង​ប្រទេស​មួយ​ដែល​គេកំពុង​តែ​បិទទ្វា​វ៉ៃ​ឆ្កែ ​បិតទ្វារ​ដើម្បី​ធ្វើ​បាប​ប្រជា​ពលរដ្ឋ។ ​គេ​មិន​ចង់ឲ្យ​ប្រទេស​ដែល​ស្រឡាញ់​ប្រជាធិបតេយ្យ​ ស្រឡាញ់​សិទ្ធិ​មនុស្ស​ហ្នឹង​ជ្រៀតជ្រែក​ ទៅឃាត់​ឃាំង​គេ​ទេ។ ​រឿង​នេះ​ខ្ញុំ​អាច​យល់​បាន​នូវ​ប្រសាសន៍​សម្តេច​តេជោ​ហ៊ុន សែន​នៃ​ប្រទេស​ខ្មែរ​យើង​ហ្នឹង។​ ហើយ​ប្រទេស​ផ្តាច់ការ​និយម​ទាំងឡាយ ​ទាំងអស់​ហ្នឹង​ តាំងពី​ប្រទេស​អ៊ីរ៉ាក់​ជំនាន់​សាដាម ​ហូសេន ​តាំងពី​ប្រទេស​លីប៊ី​ជំនាន់ ​ហ្កាដាហ្វីក្តី ​សុទ្ធតែ​ដូច​គ្នា​អញ្ចឹង​ឯង​ មិន​ចង់​ឲ្យ​ប្រទេស​ស្រឡាញ់​លទ្ធិ​ប្រជាធិបតេយ្យ​ហ្នឹង ​យកចិត្ត​ទុក​ដាក់​នឹង​សុខទុក្ខ​ប្រជា​ពលរដ្ឋ​របស់​ខ្លួន​ទេ ​ព្រោះ​ខ្លួន​អាច​ធ្វើអ្វី​បាន​តាម​ចិត្ត​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​ហ្នឹង»។​

បើ​យោង​តាម​តួលេខ​របស់​អ.ស.ប.​ផ្នែក​ជន​ភៀស​ខ្លួន​បាន​ឲ្យដឹង​ថា​ ពលរដ្ឋ​អ៊ីរ៉ាក់​និង​ស៊ីរី​ និង​លីប៊ី​ជាច្រើន​ម៉ឺននាក់​បាន​ស្លាប់​ដោយ​អំពើ​ហិង្សា​ ហើយ​ពលរដ្ឋ​ជាច្រើន​លាន​នាក់​កំពុង​រត់គេច​ខ្លួន​ពីផ្ទះ​សម្បែង​របស់​ពួកគេ​ ចាប់​តាំង​ពីមាន​ការ​ដួល​រលំ​របប​មេ​ដឹកនាំ​ ដែល​កាន់​អំណាច​ផ្តាច់ការ​យូរ​ និង​សង្គ្រាម​ស៊ីវិល​មិនទាន់​បញ្ចប់​នេះ។​

ដើម្បី​ទប់ស្កាត់​ការ​រីករាល​ដាល​របស់​ពួក​ភេរវករ​អៃស៊ីល​(ISIL)​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ដែល​កំពុង​ហ៊ុំព័ន្ធ​ប្រជា​ពលរដ្ឋ​ភាគតិច​អ៊ីរ៉ាក់ ​យេស៊ីឌី​ (Yezidi) ​និង​ពលរដ្ឋ​ជន​ជាតិភាគ​តិច​ផ្សេងៗ​ទៀត​ក្នុង​តំបន់​ភ្នំភាគ​ខាងជើង​ប្រទេស​អ៊ីរ៉ាក់​នោះ​ លោក​ប្រធានាធិបតី​ស.រ.អា. បារ៉ាក់​ អូបាម៉ា​បញ្ជា​ឲ្យ​មាន​ការ​វាយប្រហារ​តាម​អាកាស​កាល​ពីថ្ងៃ​ទី៧​ខែ​សីហា។​

«ថ្ងៃនេះ​ខ្ញុំបាន​អនុញ្ញាតឲ្យមាន​ប្រតិបត្តិការ​ចំនួន​ពីរ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​គឺ​ការ​វាយ​ ប្រហារ​តាម​អាកាស​ចំគោលដៅ​ដើម្បី​ការពារ​បុគ្គលិក​អាមេរិកាំង​ ហើយ​នឹង​កិច្ច​ប្រឹង​ប្រែង​ជួយ​ផ្នែក​មនុស្សធម៌​ដើម្បី​ជួយ​ពលរដ្ឋ​អ៊ីរ៉ាក់​រាប់ពាន់​គ្រួសារ​ដែល​កំពុង​ជាប់​គាំង​នៅ​ក្នុង​តំបន់ភ្នំ​ ដោយគ្មាន​ម្ហូបអាហារ​និង​ទឹក​ទទួលទាន​ ដែល​អាច​ស្លាប់​នៅទីនោះ»។​ ​

ការជួយ​នេះ​គឺផ្អែក​តាម​ការ​ស្នើសុំ​របស់​មេ​ដឹកនាំ​អ៊ីរ៉ាក់​ផង​ដែរ ​ដែល​លោក​បញ្ជាក់​ ថា​ ស.រ.អា.មិនអាច​នៅស្ងៀម​បាន​ទេ​ ជាពិសេស​ត្រូវតែ​រារាំងអំពើ​ប្រល័យ​ពូជ​សាសន៍។

«នៅពេល​យើង​ប្រឈម​មុខ​នឹង​ស្ថានការណ៍​ដូចដែលយើង​ជួប​នៅ​តំបន់​ភ្នំ ​ដែល​ពលរដ្ឋ​ស្លូតត្រង់​អាច​រង​អំពើ​ហិង្សា ​សាហាវ​យង់ឃ្នង ហើយ​ពេល​យើង​មាន​កាតព្វកិច្ច​ក្នុង​ការ​ជួយ​រឿង​នេះ​ ដោយ​មាន​ការ​ស្នើសុំ​ពី​រដ្ឋាភិបាល​អ៊ីរ៉ាក់​ ហើយនឹង​នៅ​ពេល​ដែល​យើង​មាន​សមត្ថភាព​ដ៏​ពិសេស​ក្នុង​ការ​ជួយ​បញ្ជៀស​អំពើ​សម្លាប់​រង្គាល​ ពេល​នេះ​ខ្ញុំ​ជឿ​ថា ​ស.រ.អា.មិនអាច​បិទភ្នែក​បាន​ទេ។ យើងអាច​ធ្វើ​សកម្មភាព​យ៉ាង​ប្រុង​ប្រយ័ត្ន​និង​ប្រកប​ដោយ​ការ​ទទួល​ខុសត្រូវ​ដើម្បី​រារាំង​អំពើ​ប្រល័យ​ពូជសាសន៍​ដ៏​មាន​សក្តានុពល​នោះ។ ​រឿងនេះ​ហើយ​ដែល​យើង​កំពុង​ចាត់​វិធាន​ការ​នៅ​តំបន់​ភ្នំនេះ»។​

ស.រ.អា. ថ្មីៗ​នេះ​ដែរ ​បាន​សម្រេចចិត្ត​បញ្ជូន​ទីប្រឹក្សា​យោធា​១៣០​នាក់​ទៅកាន់​ ប្រទេស​អ៊ីរ៉ាក់​ដើម្បី​ជួយ​ដល់​កងទ័ព​អ៊ីរ៉ាក់​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​ឧទ្ទាម​ដែល​ចេះតែ​ពង្រីក​ការ​វាយ​លុក​ និង​កាន់កាប់​ទឹកដីធំ​ទៅៗ ​រួមទាំង​នៅ​ភាគ​ពាយព្យ​ប្រទេស​នោះ។​

លោក​ព្រហ្ម សៅរ៍នរ៉ា ​អ្នកតាម​ដាន​សភាព​ការណ៍​ក្នុងប្រទេស​អ៊ីរ៉ាក់​រស់នៅ​ក្នុង​រដ្ឋ​ វីជីនៀ​ ស.រ.អា.​ ​បាន​អះអាង​ថា​ ជំនួយ​មនុស្ស​ធម៌​របស់​អាមេរិកាំង​ប្រឆាំង​នឹង​ពួក​អៃស៊ីល​នោះ​បានធ្វើ​ឲ្យ​ពលរដ្ឋ​អ៊ីរ៉ាក់​ដែល​គេ​ព័ទ្ធជាប់​នោះ​ បាន​រួចខ្លួន​ និង​ទទួល​ម្ហូប​អាហារ។​ លោកបាន​អះអាង​ថា​ បញ្ហា​អ៊ីរ៉ាក់​ និង​កម្ពុជា​ជារឿង​ផ្សេង​គ្នា ​មិនមែន​ជា​ស្ថាន​ការណ៍​ដូចគ្នា​ ដែល​ងាយ​ដោះ​ស្រាយ​ ដូច​បញ្ហា​នយោបាយ​ខ្មែរ​ ដែល​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​បញ្ជាក់​នោះ​ទេ។​

«រឿង​អ៊ីរ៉ាក់​ជារឿង​របស់​ជាតិ​សាសន៍​ចំនួន​បី ​មាន​សាសនា​ខុស​គ្នា។ ​នេះគឺ​ជា​រឿង​មួយ។ ​រឿង​ស៊ីរីក៏ជា​រឿង​ពួក​ឧទ្ទាម​អៃស៊ីល​ចូល​មក​ ចង់មក​គ្រប់​គ្រង។​ ដូច្នេះ​ការ​ដោះស្រាយ​ដែល​គាត់​មាន​ប្រសាសន៍​ហ្នឹង ​វា​អត់​ចូល​នៅ​ក្នុង​រឿង​ខ្មែរ​នោះ​ទេ។​ រឿង​អស់​ហ្នឹង​ ​វាសុទ្ធ​តែជា​រឿង​ប្លែកៗ​ ខុសគ្នា ​បាន​ជា​រឿង​ហ្នឹង​វា​មិន​ចប់»។​

លោក​សោរ៍នរ៉ា​បាន​អះអាង​ថា​ បញ្ហា​ខ្មែរ​ដោះស្រាយ​មិន​ចប់​គឺ​ដោយសារ​លោក​ចោទ​ប្រកាន់​ថា ​វៀតណាម​នៅលូក​ដៃ​ចូល​ក្នុង​បញ្ហា​ផ្ទៃ​ក្នុង​ខ្មែរ។

«ការ​ដែល​ជាប់គាំង​នៅក្នុង​រឿង​ស្រុកខ្មែរ​ហ្នឹង​គឺដោយសារ​តែ​មាន​គំនាប​ពីពួក​ វៀតណាម​ហ្នឹង។​ គេ​គាប​មកលើ​គណបក្ស​ប្រជាជន​កម្ពុជា។​ គេ​ធ្វើស្អីៗ សព្វគ្រប់​ហ្នឹង។​ ពួក​គណបក្ស​ប្រជាជន​កម្ពុជា​ ​លោក ​ហ៊ុន សែន​ហ្នឹង​ធ្វើតាម​តែ​បញ្ជា​របស់​គេ​ទេ»។​

លោក​ពុំបាន​ផ្តល់​អត្ថាធិប្បាយ​លម្អិត​ថា​ វៀតណាម​ពាក់ព័ន្ធ​នឹង​បញ្ហា​ខ្មែរ​យ៉ាង​ណា​ទេ។​ ក្រុម​មន្ត្រី​ខ្មែរ ​រួម​ទាំង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ធ្លាប់​វាយ​ប្រហារ​ទៅលើ​អ្នក​រិះគន់​ដែល​ថា ​លោក​ជាអាយ៉ង​របស់​វៀតណាម​ ដោយលោកអះអាង​ថា​ កម្ពុជា​ជា​ប្រទេស​មាន​អធិប​តេយ្យ​ភាព។​

លោក​ សុខ ទូច​ សាកល​វិទ្យាធិការ​សកល​វិទ្យាល័យ​ខេមរៈ ​និងជា​អ្នកវិភាគ​មួយរូប​ បាន​អះអាង​ថា​ ការ​ដោះ​ស្រាយ​បញ្ហា​កម្ពុជា​រវាង​ខ្មែរ​ ​និង​ខ្មែរ​គឺជា​រឿង​ដែល​ពិបាក​ធ្វើ​ ដោយសារ​ទង្វើ​ និង​ពាក្យសម្តី​របស់​អ្នក​នយោបាយមាន​លក្ខណៈ​ផ្ទុយ​គ្នា។​ លោក​បាន​កត់​សម្គាល់ថា​ កម្មករ​ និង​មន្ត្រី​សហជីព​ និង​មន្ត្រី​សង្គម​ស៊ីវិល​ ដែល​បាន​ជាប់​គុក​២៣​នាក់​ ក្រោយ​ការ​បង្ក្រាប​ផ្តាច់ផ្តិល​ជីវិត​កាលពី​ដើមឆ្នាំ​ដោយ​សារការ​ទាមទារ​ឲ្យ​មានការ​ដំឡើងប្រាក់ខែ​ពី​៨០​ទៅ​១៦០​ដុល្លារ​ស.រ.អា.នោះ ​ត្រូវបាន​ដោះលែង​ក្រោយ​ពី​បរទេស​អន្តរាគមន៍​ ក្រោយ​ពី​កម្ពុជា​ទទួល​ជំនួយ​ពី​បទេស ​និង​ប្រើផលិត​ផល​បរទេស​ សូម្បីតែ​របស់​របរ​ដូចជា​បន្លែ​ និង​របស់​របរ​តូច​តាច។ ​

«ប៉ុន្តែ​ខ្មែរ​បំផ្លាញ​ខ្មែរ​ដើម្បី​បរទេស​ច្រើន​ណាស់ ​កាប់ព្រៃឈើ​ខ្មែរ ​លុបបឹង។​ បឹងនៅ​ភ្នំពេញ​លែង​មានទៀត​ហើយ។​ តើខ្មែរ​អាច​ដោះស្រាយ​បញ្ហា​ខ្មែរ​ដោយ​នីតិវិធី​បែប​ណា?​ ហើយ​ខ្មែរ​មិន​ត្រូវការ​បរទេស​ មិន​ត្រូវ​ការ​ពឹង។​ សព្វថ្ងៃ​ហ្នឹង​គឺ​ដោយសារ​តែរឿង​ជំនួយ​ ​ពឹង​បរទេស​ទាំងអស់។ ខ្មែរហូប​ផលិត​ផល​បរទេស​ទាំងអស់។​ យើងដឹង​ថា ​យើង​រស់នៅ​ក្នុង​សាកល​ភាវូបនីយកម្ម ​យើង​ត្រូវការ​បរទេស​ ត្រូវការ​ទំនាក់​ទំនង​នៅ​លើ​ឆាក​អន្តរជាតិ​ តែ​កន្លែង​ខ្លះ​វា​ហួស​ហេតុ»។​

លោក​បាន​អះអាង​ថា​ កម្ពុជា​មិនទាន់​អាច​បញ្ឈប់​ការ​ពឹង​ពាក់​បរទេស​បាន​ទេ​ ពេល​នេះ​ តែក៏បាន​ទទួល​ស្គាល់​ដែរ​ថា​ ការជ្រៀត​ជ្រែក​ពី​បរទេស​ និង​អំណាច​មហា​អំណាចលើ​ប្រទេស​មួយ​ចំនួន​ក៏​ធ្វើឲ្យ​ប្រទេស​ទាំង​នោះ​មាន​បញ្ហា​មិនចេះ​ចប់​មែន។​

លោកបាន​លើក​យក​ការ​ជ្រៀតជ្រែក​របស់​ស.រ.អា.ក្នុង​ការ​ចូលរួមផ្តួល​រំលំ​របប​សាដាំ ហូសេន ​(Saddam Hussein) ​នៅ​អ៊ីរ៉ាក់ ​និង​ម័រម៉ា ហ្កាដាហ្វ៊ី ​(Muammar Gaddafi)​ នៅ ​លីប៊ី។ ​លោក​សុខ ទូច​បាន​សង្កេត​ឃើញ​ថា​ ប្រទេស​ទាំងនេះ​ពិតជា​នៅ​មាន​បញ្ហា​ច្រើន​ ដែល​មិនចេះ​ចប់ ​មិនចេះ​ហើយ ​ហើយ​បញ្ហា​បានកើត​ឡើង ​ទាំង​គ្រោះថ្នាក់​ដល់​ជីវិត​ជា​ប្រចាំ ​ មានការ​បំផ្លាញហេដ្ឋា​រចនា​សម្ព័ន្ធ​ និង​ការ​រំលំ​រលាយ​វប្បធម៌។​

«អញ្ចឹង​ក្រោយ​ពីការ​ផ្តួល​រំលំ ​យើង​សិក្សា​ពី​សាដាំ ហូសេន​ និង​ហ្កាដាហ្វ៊ី​ ​តើ​ប្រជាជន​អ៊ីរ៉ាក់​ស្លាប់​ប៉ុន្មាន? ​ហើយ​ឥឡូវ​ក្រោយ​ពីការ​ផ្តួល​រំលំ​មួយ​ថ្ងៃៗ​ ស្លាប់​ប៉ុន្មាន?​ ​រឿង​ហ្នឹង​ហើយ​ដែល​យើង​ត្រូវ​សិក្សា ​ពីព្រោះ​វប្បធម៌​ប្រជា​ធិបតេយ្យ​អាច​ដុះ​នៅ​ស.រ.អា.​ ​ តែ​ប្រជាធិបតេយ្យ​មិនអាច​ដុះ​នៅ​អ៊ីរ៉ាក់​បាន​ទេ។​ ទាំង​អស់​នេះ​ យើង​ត្រូវ​សិក្សា។​ យើង​អាច​យក​មកពិចារណា​ ​តែ​មិនអាច​យក​មក​កូពី​ដាក់​(ចម្លងតាម)​បាន​ទេ។​ អញ្ចឹង​អ្វី​ដែល​អាមេរិក​ធ្វើ​ អាមេរិក​បាន​បញ្ឆេះ​ ហើយ​ក៏​ចាប់​ផ្តើម​ អត់បាន​បញ្ចប់​រឿង​នេះ​ទេ។​ ឥឡូវ​នេះ​បន្ត​ឆេះ​មក​ទៀត។​ អញ្ចឹង​បើសិន​យើង​បញ្ឆេះ​វា​ហើយ​ យើង​ត្រូវតែ​បញ្ចប់​ឲ្យ​ផុត​ចុង​ផុត​ដើម។​ ហើយ​បើ​មិន​បញ្ចប់​ទេ​ បង្ហូរ​ឈាម​កាន់តែ​ខ្លាំង​ឡើង»។​

ទោះជា​យ៉ាងណា​ក៏ដោយ ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ដែល​កាន់​អំណាច​ជិត​៣​ទសវត្សរ៍​ ហើយ​ត្រូវគេ​ទាមទាម​ឲ្យចុះ​ចេញពី​មុខ​តំណែង​ជាច្រើន​លើក​នោះ ​បានចាត់​ទុក​ថា​ បញ្ហា​បរទេស​ទាំង​អស់​ជាមេរៀន​សម្រាប់​កម្ពុជា៖​

«អញ្ចឹង​បាន​ថា​ រឿងរ៉ាវ​ខ្លះ​គឺ​សម្រាប់​ប្រទេស​ដទៃ​ហ្នឹង​គឺ​ជា​មេរៀន​មួយ​សម្រាប់​យើង​ដែរ។​ អតីត​កាល​របស់​យើង ​យើង​ក៏ត្រូវ​រៀន។​ ពេលដែល​មាន​ការ​បែក​បាក់​ជាតិ​ យើងពិបាក​ណាស់​ ឆ្លងកាត់​នូវ​សោកនាដ្ឋ​កម្ម។​ នា​ទសវត្សរ៍​១៩៧០​មាន​សង្គ្រាម​ ​ បន្ទាប់​ទៅ​ របប​ប្រល័យ​ពូជសាសន៍​ ​ ទំរាំ​តែ​ដល់​នយោបាយ​ឈ្នះៗ ​ត្រូវ​ប្រើ​ពេល​ជាប់​២០​ឆ្នាំ។​ ឥឡូវ​ផល​វិបាក​របស់​វា​មិន​ទាន់​ចប់​ផង»។​

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ គឺ​ភ្លាមៗ​ក្រោយ​ពេល​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ និង​គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោក​សម រង្ស៉ី​ និង​លោក​កឹម សុខា​បាន​បញ្ចប់​ពហិការ​មិន​ចូលរួម​ប្រជុំ​សភា​រយៈ​ពេល​១​ឆ្នាំ ​ហើយ​បាន​បញ្ចប់​ការ​គាំង​ដំណើរ​ផ្នែក​នយោបាយ ​ដែល​មាន​អំពើ​ហិង្សា​កើត​ឡើង​ខ្លះៗ​ ម្តង​ជា​ពីរ​ដង​នោះ ​ហើយនឹង​ក្រោយ​ពី​មាន​កិច្ច​ព្រម​ព្រៀង​រួមគ្នា​ពី​គណ​បក្ស​ទាំងពីរ​ថា​ នឹង​បម្រើប្រទេស​ជាតិ​រួមគ្នា​នោះ៕

XS
SM
MD
LG