ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ពិភាក្សា​អំពី​ការ​ហាមឃាត់​ការ​បំពុល​បរិស្ថាន​ដោយសារ​ប្លាស្ទិក​រង​ប្រតិកម្ម​ចម្រុះ


រូបឯកសារ៖ កុមារ​ម្នាក់​អង្គុយក្នុង​ទូកដែលពេញ​ដោយដបប្លាស្ទិក​សម្រាប់​ប្រើឡើង​វិញ​ក្នុង​ទីក្រុង Lagos ប្រទេស​នីហ្ស៊េរីយ៉ា កាលពីថ្ងៃទី០៨ វិច្ឆិកា ឆ្នាំ២០២២។
រូបឯកសារ៖ កុមារ​ម្នាក់​អង្គុយក្នុង​ទូកដែលពេញ​ដោយដបប្លាស្ទិក​សម្រាប់​ប្រើឡើង​វិញ​ក្នុង​ទីក្រុង Lagos ប្រទេស​នីហ្ស៊េរីយ៉ា កាលពីថ្ងៃទី០៨ វិច្ឆិកា ឆ្នាំ២០២២។

ក្រុម​អ្នក​ការពារ​បរិស្ថាន​និង​ក្រុម​ផ្សេងៗ​ទៀត​មាន​ការ​យល់​ឃើញ​ខុសៗ​គ្នា​អំពី​កិច្ច​ចរចា​ដែល​ពេល​ខ្លះ​មាន​ភាព​តានតឹង​អំពី​ការ​លុប​បំបាត់​ការ​បំពុល​បរិស្ថាន​ដោយសារ​សំរាម​ប្លាស្ទិក​ដែល​បាន​បញ្ចប់​ទៅ​កាលពី​ថ្ងៃ​ទី ៣ ខែ​មិថុនា​កន្លង​ទៅ​នេះ​នៅ​ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ដោយ​មាន​ការ​ព្រមព្រៀង​គ្នា​លើ​ការ​តាក់តែង​សេចក្ដី​ព្រាង​ដំបូង​នៃ​សន្ធិសញ្ញា​សាកល​សម្រាប់​ដោះស្រាយ​បញ្ហា​នេះ។

កិច្ច​ព្រមព្រៀង​ដែល​សម្រេច​បាន​បន្ទាប់ពី​មាន​ការ​ចរចា​គ្នា​រយៈពេល ៥ ថ្ងៃ​ក្នុង​ទីក្រុង​ប៉ារីស​នេះ មាន​នូវ​សេចក្ដី​ព្រាង​ដំបូង​ដែល​សម្រេច​បាន​មុន​ពេល​អ្នក​តំណាង​ប្រទេស​ចំនួន ១៧៥ ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​ទីក្រុង​ណៃរ៉ូប៊ី ប្រទេស​កេនយ៉ា​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​ក្នុង​គោល​បំណង​ដើម្បី​ធ្វើ​ឱ្យ​ការ​ហាមប្រាម​ដែល​តម្រូវ​ឱ្យ​អនុវត្ត​តាម​ផ្លូវ​ច្បាប់​នេះ​ចូល​ជា​ធរមាន​នៅ​ត្រឹម​ឆ្នាំ ២០២៥។

អ្នកស្រី Jyoti Mathur-Filipp លេខាធិការ​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ចរចា​អន្តរ​រដ្ឋាភិបាល (INC) ទទួល​បន្ទុក​កិច្ចការ​ការ​បំពុល​បរិស្ថាន​ដោយសារ​សំរាម​ប្លាស្ទិក បាន​ប្រាប់ VOA ថា៖ «ការ​លុប​បំបាត់​ការ​បំពុល​បរិស្ថាន​ដោយសារ​សំរាម​ប្លាស្ទិក​នេះ​នឹង​កើតឡើង ដោយសារតែ​យើង​ទាំង​អស់​គ្នា​មិន​ចង់​ឱ្យ​មាន​ការ​បំពុល​បរិស្ថាន​បែប​នេះ​នៅ​ក្នុង​ទឹកដី​របស់​យើង នៅ​ក្នុង​មហា​សមុទ្រ ឬ​នៅ​កន្លែង​ណា​មួយ​នោះ​ទេ»។ អ្នកស្រី​បាន​ហៅ​កិច្ច​ព្រមព្រៀង​កាលពី​ឆ្នាំ​មុន​អំពី​ច្បាប់​នេះ​ថា​មាន​លក្ខណៈ​ជា «ប្រវត្តិសាស្ត្រ»។

ប៉ុន្តែ អ្នក​ការពារ​បរិស្ថាន​និង​សកម្មជន​ដទៃ​ទៀត​មាន​ប្រតិកម្ម​ចំពោះ​កិច្ច​ចរចា​នេះ ដោយ​បាន​រិះគន់​លើ​យុទ្ធសាស្ត្រ​ពន្យារពេល​របស់​ប្រទេស​មួយ​ចំនួន​តូច ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​និង​ប្រទេស​រុស្ស៊ី​ដែល​សម្បូរ​ប្រេង​ឥន្ធនៈ​ផង​ដែរ និង​ការ​អន្តរាគមន៍​របស់​ផ្នែក​ឧស្សាហកម្ម។

អ្នកស្រី Jen Fela នៃ​អង្គការ Plastic Pollution Coalition នៅ​សហរដ្ឋ​អាមេរិក បាន​និយាយ​ថា៖ «យើង​បាន​ឃើញ​ផល​វិបាក​អវិជ្ជមាន​នៃ​វត្តមាន​ជា​បន្ត​របស់​ឧស្សាហកម្ម​ប្លាស្ទិក​និង​ឥន្ធនៈ​ផូស៊ីល និង​ឥទ្ធិពល​លើ​កិច្ច​ចរចា ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ការ​ពន្យារ​នីតិវិធី​និង​ការ​រឹតត្បិត​ក៏​ដូចជា​ការ​ពិភាក្សា​អំពី​ដំណោះស្រាយ​មិន​ពិត​ផង​ដែរ»។

ទោះបីជា​យ៉ាង​នេះ​ក្ដី អង្គការ​មូលនិធិ​សត្វព្រៃ​ពិភពលោក (WWF) បាន​លើកឡើង​ថា​មាន «ការ​វិវឌ្ឍ​ជាក់ស្តែង» លើ​រឿង​នេះ។

លោក Marco Lambertini ប្រេសិត​ពិសេស​នៃ​អង្គការ WWF បាន​ថ្លែង​ថា៖ «បន្ទាប់ពី​មាន​ការ​ចរចា​គ្នា​មួយ​សប្ដាហ៍​មក ពិភពលោក​ជិត​ឈាន​ដល់​ឱកាស​មិន​អាច​បាត់បង់​បាន​នៃ​សន្ធិសញ្ញា​សាកល​មួយ​សម្រាប់​បញ្ចប់​បញ្ហា​ការ​បំពុល​ដោយសារ​សំរាម​ប្លាស្ទិក»។

ទិសដៅ​ខុស

មួយ​សតវត្សរ៍​ក្រោយ​មក​បន្ទាប់ពី​បាន​កកើត​ឡើង ប្លាស្ទិក​ដែល​ក្លាយមក​ពី​ឥន្ធនៈ​ផូស៊ីល​មាន​សារៈសំខាន់​សម្រាប់​ការ​អភិវឌ្ឍ​ធំៗ​ដូចជា​ការ​ធ្វើ​ដំណើរ​ទៅ​អវកាស​ជាដើម ប៉ុន្តែ​វា​ក៏​បណ្តាល​ឱ្យ​មាន​ការ​បំពុល​បរិស្ថាន​ខ្លាំងក្លា​ផង​ដែរ។

បុរស​ម្នាក់​បំពេញ​បាវ​ដោយ​សំរាម​ប្លាស្ទិកនៅ​ទីក្រុង Karachi ប្រទេស​ប៉ាគីស្ថាន​កាលពីថ្ងៃទី​០៥ មិថុនា ឆ្នាំ២០២៣។REUTERS/Akhtar Soomro
បុរស​ម្នាក់​បំពេញ​បាវ​ដោយ​សំរាម​ប្លាស្ទិកនៅ​ទីក្រុង Karachi ប្រទេស​ប៉ាគីស្ថាន​កាលពីថ្ងៃទី​០៥ មិថុនា ឆ្នាំ២០២៣។REUTERS/Akhtar Soomro

ជា​ពិសេស​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ជា​ច្រើន​ដែល​មាន​អត្រា​ទាប​នៃ​ការ​ប្រមូល​និង​កែច្នៃ​វត្ថុ​ប្លាស្ទិក វត្ថុប្លាស្ទិក​ទាំង​នោះ​បាន​ក្លាយជា​សំរាម​នៅ​តាម​ដង​ផ្លូវ ជាប់​ទើ​នឹង​ដើមឈើ និង​ធ្វើ​ឱ្យ​ស្ទះ​ឆ្នេរ​សមុទ្រ។ ប្លាស្ទិក​រាប់​លាន​តោន​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​មហា​សមុទ្រ​ជា​រៀងរាល់​ឆ្នាំ ដោយ​សម្លាប់​សត្វ​ក្នុង​សមុទ្រ​និង​បាន​រសាត់​អណ្តែត​ឆ្ងាយ​តាម​ចរន្ត​ទឹក។

ចំណែក​ឯ​កម្ទេចកំទី​ប្លាស្ទិក​តូចៗ​បំផុត​ត្រូវ​បាន​គេ​ឃើញ​នៅ​កន្លែង​ដែល​ទំនងជា​មិន​ទាន់​មាន​ការ​បំពុល​បរិស្ថាន​និង​នៅ​ក្នុង​សុក​ទារក​មិន​ទាន់​កើត។ ប្លាស្ទិក​ក៏​រួម​ចំណែក​ដល់​ការ​ប្រែប្រួល​អាកាសធាតុ​ផង​ដែរ។

អង្គការ​កិច្ច​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច​និង​អភិវឌ្ឍន៍ (OECD) ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង បាន​បញ្ជាក់​ថា ផលិតកម្ម​ប្លាស្ទិក​ប្រចាំ​ឆ្នាំ ដែល​មាន​ចំនួន​ពីរ​ដង​ច្រើន​ជាង​មុន​ក្នុង​ពេល ២០ ឆ្នាំ​កន្លង​មក​នេះ​ដែល​កើន​ដល់​ចំនួន ៤៦០ លាន​តោន ត្រូវ​គេ​រំពឹង​ថា​នឹង​កើនឡើង​ជិត​បី​ដង​នៅ​ត្រឹម​ឆ្នាំ ២០៦០ ខាង​មុខ។

លោក Eirik Lindebjerg អ្នក​ចាត់ចែង​គោល​នយោបាយ​អំពី​ប្លាស្ទិក​សាកល​នៃ​អង្គការ WWF បាន​បញ្ជាក់​នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ថា៖ «ការ​ផលិត​និង​ការ​ប្រើប្រាស់​វត្ថុ​ប្លាស្ទិក​កំពុង​កើន​ឡើង​យ៉ាង​លឿន ដោយ​យើង​កំពុង​រចនា​ផលិតផល​សម្រាប់​បោះ​ចោល​ក្រោយ​ប្រើ​រួច​ឬ​ត្រូវ​ដុត​ចោល​ក្នុង​បរិស្ថាន។ វា​ជា​កម្រិត​កើនឡើង​ដ៏​លឿន​មួយ​ក្នុង​ទិសដៅ​ខុស»។

ប៉ុន្តែ លោក​បាន​ថ្លែង​ថា​អ្វីៗ​មួយ​ចំនួន​កំពុង​ធ្វើ​ចលនា​ក្នុង​ទិសដៅ​ត្រឹមត្រូវ។ អាជីវកម្ម​ទាក់ទិន​នឹង​ប្លាស្ទិក​ច្រើន​ជាង​មុន​បាន​អំពាវនាវ​ឱ្យ​មាន​បទ​បញ្ញត្តិ​សាកល​ដើម្បី​ឱ្យ​មាន​ស្តង់ដារ​ដូចៗ​គ្នា។ សហភាព​អឺរ៉ុប​និង​ប្រទេស​នានា​ដូចជា​ប្រទេស​រវ៉ាន់ដា​និង​បង់ក្លាដែស​ជាដើម​បាន​ហាមឃាត់​ការ​ប្រើ​ប្លាស្ទិក​តែ​មួយ​ដង​ហើយ​បោះចោល។

ស្រដៀង​គ្នា​នេះ​ដែរ វត្ថុ​ប្លាស្ទិក​សម្រាប់​ប្រើ​តែ​មួយ​ដង​ហើយ​បោះចោល​នឹង​ត្រូវ​ចាត់ទុក​ថា​ខុស​ច្បាប់​នៅ​ក្នុង​ការ​ប្រកួត​កីឡា​អូឡាំពិក​ឆ្នាំ ២០២៤ ខាង​មុខ​នៅ​ក្រុង​ទីក្រុង​ប៉ារីស ដោយ​ឱ្យ​ប្រើ​ពែង​និង​វត្ថុ​ផ្សេង​ទៀត​ដែល​អាច​ប្រើ​ឡើង​វិញ​បាន​ជំនួស​វិញ ដែល​នេះ​គឺ​ជា​កិច្ច​ប្រឹងប្រែង​ដ៏​ទូលំទូលាយ​មួយ​ដើម្បី​កាត់​បន្ថយ​បរិមាណ​សរុប​នៃ​ឧស្ម័ន​កាបូន​ក្នុង​បរិយាកាស​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​នេះ។

លោក Lindebjerg បាន​បន្ថែម​ថា៖ «មាន​រឿង​មួយ​ចំនួន​កំពុង​កើតឡើង ប៉ុន្តែ​មួយ​ផ្នែក​យើង​ឃើញ​ថា​ប្រទេស​ភាគ​ច្រើន​មិន​បាន​ចាត់​វិធានការ​ឱ្យ​បាន​គ្រប់គ្រាន់​ទេ។ ព្រោះ​ហេតុ​នេះ​ហើយ​បាន​ជា​ត្រូវ​មាន​សន្ធិសញ្ញា​នេះ​ដើម្បី​នាំ​ប្រទេស​ទាំងអស់​ឱ្យ​ជួប​ប្រជុំ​គ្នា​ដើម្បី​ធ្វើ​បទបញ្ញត្តិ​រួម​គ្នា‍»។

ជំហាន​បន្ទាប់

គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ថា​សេចក្ដី​ព្រាង​នៃ​សន្ធិសញ្ញា​ប្លាស្ទិក​នេះ​នឹង​មាន​ចែង​អំពី​អ្វី​ខ្លះ។

ក្រុម​ចម្រុះ​មហិច្ឆតា​ខ្ពស់ (High Ambition Coalition) របស់​រដ្ឋាភិបាល​នានា​ដែល​ដឹកនាំ​ដោយ​ប្រទេស​ន័រវែស​និង​ប្រទេស​រវ៉ាន់ដា​ចង់​ឱ្យ​មាន​ការ​ហាមឃាត់​ការ​បំពុល​បរិស្ថាន​ដោយសារ​ប្លាស្ទិក​ទាំងស្រុង​នៅ​ត្រឹម​ឆ្នាំ ២០៤០ និង​ដាក់​កំហិត​លើ​សារធាតុ​គីមី​ដែល​បង្ក​បញ្ហា​នានា​រួម​ជាមួយ​នឹង​ផលិតផល​ប្លាស្ទិក​ដែល​បង្ក​គ្រោះថ្នាក់​ខ្លាំង​ផង​ដែរ។

ទោះបីជា​សហរដ្ឋ​អាសមេរិក​មិន​មែន​ជា​សមាជិក​របស់​ក្រុម​ចម្រុះ​នេះ​ក៏ដោយ ក៏​មន្ត្រី​អាមេរិក​បាន​និយាយ​ថា​ពួកគេ​មាន​គោលដៅ​ដូច​ក្រុម​ចម្រុះ​នេះ​ដែរ ប៉ុន្តែ​ចង់​ឱ្យ​ប្រទេស​នានា​បង្កើត​ផែនការ​សកម្មភាព​ផ្ទាល់​ខ្លួន​ដើម្បី​សម្រេច​គោលដៅ​ទាំង​នេះ។

សកម្មជន​នានា​ដូចជា​អង្គការ Plastic Pollution Coalition ជាដើម​បាន​ជំរុញ​សហរដ្ឋ​អាមេរិក​ឱ្យ​ប្រកាន់​គោល​ជំហរ​ខ្លាំងក្លា​ជាង​មុន​នៅ​ក្នុង​កិច្ច​ចរចា​នេះ។

រូបឯកសារ៖ បុគ្គលិក​សំអាត​រដ្ឋាភិបាល​ម្នាក់​ប្រមូល​សំរាម​ប្លាស្ទិក​ដែល​បាន​បំពុល​ឆ្នេរម៉ានីល​កាលពីថ្ងៃទី​០៣​កក្កដា ឆ្នាំ២០១៤។
រូបឯកសារ៖ បុគ្គលិក​សំអាត​រដ្ឋាភិបាល​ម្នាក់​ប្រមូល​សំរាម​ប្លាស្ទិក​ដែល​បាន​បំពុល​ឆ្នេរម៉ានីល​កាលពីថ្ងៃទី​០៣​កក្កដា ឆ្នាំ២០១៤។

ស្រប​ពេល​ជាមួយ​គ្នា​នេះ ក្រុម​អ្នក​ការពារ​បរិស្ថាន​ចង់​ឱ្យ​មាន​ការ​ដាក់​កំហិត​លើ​ការ​កែច្នៃ​វត្ថុ​ប្លាស្ទិក​ឡើង​វិញ ដែល​នេះ​ជា​ជម្រើស​មួយ​ដែល​ជំរុញ​ដោយ​សហរដ្ឋ​អាមេរិក​និង​ប្រទេស​ផលិត​ប្រេង​ឥន្ធនៈ​ដទៃ​ទៀត​ក្នុង​ចំណោម​ជម្រើស​ផ្សេងៗ​ទៀត។ ជំនួស​មក​វិញ បរិស្ថានវិទូ​បាន​ស្នើ​ឱ្យ​ស្វែងរក​ជម្រើស​ផ្សេង​ក្រៅពី​ប្លាស្ទិក​និង​ផ្លាស់ប្ដូរ​ទម្លាប់​ប្រើប្រាស់​និង​ផលិត​ប្លាស្ទិក។

លោក Lindebjerg បាន​លើកឡើង​ថា៖ «នៅ​ពេល​អ្នក​បង្កើត​បទបញ្ញត្តិ​ដើម្បី​អនុវត្ត នៅ​ពេល​នោះ​នឹង​មាន​ដំណោះស្រាយ​គួរ​ឱ្យ​ចាប់​អារម្មណ៍​ជា​ច្រើន​ដែល​នឹង​ត្រូវ​បង្កើន​ឡើង»។

សកម្មជន​ការពារ​បរិស្ថាន​ខ្លះ​បារម្ភ​ថា​បណ្ដា​ប្រទេស​និង​ឧស្សាហកម្ម​ដែល​ទទួល​បាន​ប្រយោជន៍​ពី​ការ​ផលិត​ប្លាស្ទិក​នឹង​មាន​ឥទ្ធិពល​ខ្លាំងក្លា​លើ​សេចក្ដី​លម្អិត​ដែល​នឹង​ចែង​នៅ​ក្នុង​សន្ធិសញ្ញា​នេះ ហើយ​ក្រុម​ជនជាតិ​ដើម​និង​ក្រុម​ដែល​ទទួល​រង​ផល​ប៉ះពាល់​ផ្សេង​ទៀត​មិន​មាន​សំឡេង​គ្រប់គ្រាន់​លើ​សន្ធិសញ្ញា​នេះ​ទេ។

អ្នកស្រី Mathur-Filipp នៃ​គណៈកម្មាធិការ​ចរចា​អន្តរ​រដ្ឋាភិបាល (INC) មិន​យល់ស្រប​នឹង​ការ​វាយតម្លៃ​នេះ​ទេ​នៅ​ពេល​ទាក់ទិន​ជាមួយ​នឹង​ការ​ចូលរួម​របស់​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល។ អ្នកស្រី​បាន​និយាយ​ថា វា​អាស្រ័យ​លើ​គណៈប្រតិភូ​ផ្លូវការ​ដែល​សម្រេច​អំពី​ការ​រៀបចំ​ឱ្យ​មាន​សន្ធិសញ្ញា​នេះ។

អ្នកស្រី​ក៏​បាន​ការពារ​ការ​ចាប់ផ្តើម​យឺតយ៉ាវ​នៃ​កិច្ច​ចរចា​នេះ​ផង​ដែរ ដោយ​យោង​លើ​សារៈសំខាន់​សម្រាប់​ឱ្យ​ក្រុម​ផ្សេងៗ​គ្នា​លើកឡើង​អំពី​គោល​ជំហរ​របស់​ពួកគេ​និង «កសាង​ទំនុកចិត្ត«។

អ្នកស្រី​បាន​បន្ថែម​ថា៖ «នៅ​ពេល​នេះ​មាន​ការ​សម្របសម្រួល​គ្នា ការ​ចង់​និយាយ​រក​គ្នា​និង​ស្តាប់​គ្នា​ទៅ​វិញ​ទៅ​មក។ យើង​បាន​ធ្វើ​ដំណើរ​ទៅ​មុខ។ យើង​បាន​សម្រេច​នូវ​ការ​វិវឌ្ឍ​មួយ​ចំនួន»៕


ប្រែ​សម្រួល​ដោយ​លោក ឈឹម សុមេធ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG