ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទស្សនៈ​ចម្រុះ​អំពីតួនាទី​ប្រវត្តិសាស្ត្រ​របស់​វៀតណាម​នៅកម្ពុជា


រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្តាំ) និងលោក ហេង​ សំរិន ប្រធានរដ្ឋសភាជាតិ ចូលរួមពិធីរំឭកខួប៣៦ឆ្នាំនៃការដួលរលំនៃរបបខ្មែរក្រហម។
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្តាំ) និងលោក ហេង​ សំរិន ប្រធានរដ្ឋសភាជាតិ ចូលរួមពិធីរំឭកខួប៣៦ឆ្នាំនៃការដួលរលំនៃរបបខ្មែរក្រហម។

មតិ​ចម្រូង​ចម្រាស​នៅបន្ត​កើតមាន​ចំពោះ​តួនាទី​ជាប្រវត្តិសាស្ត្រ​របស់​វៀតណាម​ក្នុងប្រទេស​កម្ពុជា​ដើម្បី​បណ្តេញ​ពួក​ខ្មែរក្រហម។

ទស្សនៈ​ចម្រុះ​អំពី​តួនាទី​ប្រវត្តិសាស្ត្រ​របស់​វៀតណាម​នៅកម្ពុជា​ នៅបន្ត​កើត​ឡើង​ដ៏​ចម្រូង​ចម្រាស ​ក្រោយ​ពេល​ជិត៤​ទសវត្សរ៍​ដែល​វៀតណាម​បាន​ចូល​ឈ្លាន​ពាន​ទឹកដី​កម្ពុជា​ ដើម្បី​បណ្តេញ​ក្រុមខ្មែរ​ក្រហម​ចេញ​ពីអំណាច។​

មាន​ទស្សនៈ​មួយចំនួន​បាន​លើក​ឡើងថា ​ទង្វើ​វៀតណាម​គឺជា​ការ​ជួយ​រំដោះ​កម្ពុជា​មិនមែន​ជា​ការ​ឈ្លានពាន​ទេ ហើយ​កងទ័ព​វៀតណាម​បាន​បន្ត​ស្ថិតនៅ​ក្នុង​ប្រទេស​កម្ពុជា​រយៈពេល​យូរ ​គឺ​ដោយ​សារ​តែ​ចង់​រៀបចំ​ប្រទេស​កម្ពុជា​ និង​ការពារ​មិនឲ្យ​ក្រុមខ្មែរ​ក្រហម​វាយបក​ ដើម្បី​ដណ្តើម​អំណាច​វិញ។ ​តែ​ពលរដ្ឋ​កម្ពុជា​ជាច្រើន​មិន​បាន​យល់ស្រប​តាម​គំនិត​នោះ​ទេ។

អ្នក​ស្រាវ​ជ្រាវអំពី​បញ្ហា​កម្ពុជា​ម្នាក់ ​បាន​និយាយ​ថា​ ប្រទេស​វៀតណាម​បាន​ប្រថុយ​ប្រថាន​ក្នុងការ​គាំទ្រ​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​ប៉ុន្តែ​វៀតណាម​បាន​មើល​ឃើញ​ថា ​លោក ​ហ៊ុន សែន ​ជា​មេដឹកនាំ​ដែល​មាន​សមត្ថភាព​និង​ឆ្លាត​ដែល​អាច​គាំទ្រ​អំពី​រឿង​វៀតណាម ​រំដោះ​កម្ពុជា​ពីខ្មែរក្រហម។

លោក ​Hoang Vu ​បេក្ខជន​បណ្ឌិត​នៅសាកល​វិទ្យាល័យ ​Cornell ​ស.រ.អា​ បាន​ប្រាប់​ក្រុម​អ្នក​ចូលរួម​នៅក្នុង​សន្និសីទ​សិក្សា​អាស៊ី​ប្រចាំឆ្នាំ​នៅ​រដ្ឋធានី​វ៉ាស៊ីន​តោន កាលពី​ខែ​មីនា​ថា​ វៀតណាម​បាន​ស្នាក់​នៅ​ប្រទេស​កម្ពុជា​អស់​រយៈពេល​មួយ​ទសវត្សរ៍​ ដើម្បី​ធ្វើ​ឲ្យ​មាន​ភាព​ត្រឹមត្រូវ​នៃ​ប្រវត្តិសាស្ត្រ ​ដែលពួកគេ​បាន​ចូលមក​រំដោះ​ប្រទេស​កម្ពុជា។

លោក វូ ​បានប្រាប់ ​VOA ​បន្ទាប់ពី​បានធ្វើ​បទ​បង្ហាញ​ថា៖

‍«វា​គឺជា​ផល​ប្រយោជន៍​ធំបំផុត​របស់​វៀតណាម​ ដែល​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជា​មានិត​កម្ពុជា​ទទួល​បាន​ជោគជ័យ​ បាន​ជោគជ័យ​ក្នុងការ​ការពារ​កុំឲ្យ​ខ្មែរ​ក្រហម​វិល​មក​កាន់​អំណាច​បន្ត​ បាន​ជោគជ័យ​នៅក្នុង​ការ​កសាង​ប្រទេស​ឡើង​វិញ​ ហើយ​ពួកគេ​ត្រូវការ​មេដឹកនាំ​ដែល​មាន​សមត្ថភាព ​ដើម្បី​ធ្វើកិច្ចការ​នោះ បើ​ទោះបី​ជា​ពួកគេ​ត្រូវ​ប្រថុយ​ប្រថាន​ចំពោះ​លោក ​ហ៊ុន សែន​ ក៏ដោយ‍»។​

រូប​ឯកសារ៖ មន្ទីរ​ស-២៦ អតីត​ការិយាល័យ​សន្តិសុខ​មជ្ឈឹម​របស់​ខ្មែរ​ក្រហមនៅ​ទី​តាំង​អតីត​អនុវិទ្យាល័យ​ទួល​ស្លែង ថត​នៅ​ភ្លាមៗ​ក្រោយ​ការ​ដួល​រលំនៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​កាល​ពី​ឆ្នាំ​១៩៧៩។ (ប្រភព៖ ប័ណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា)
រូប​ឯកសារ៖ មន្ទីរ​ស-២៦ អតីត​ការិយាល័យ​សន្តិសុខ​មជ្ឈឹម​របស់​ខ្មែរ​ក្រហមនៅ​ទី​តាំង​អតីត​អនុវិទ្យាល័យ​ទួល​ស្លែង ថត​នៅ​ភ្លាមៗ​ក្រោយ​ការ​ដួល​រលំនៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​កាល​ពី​ឆ្នាំ​១៩៧៩។ (ប្រភព៖ ប័ណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា)

វៀតណាម​បាន​ឈ្លានពាន​កម្ពុជា​នៅខែ​មករា ឆ្នាំ​១៩៧៩​ ដោយ​មាន​កងទ័ព​ប្រហែល ២សែន​នាក់ដើម្បី​ផ្ដួល​រំលំ​របប​ខ្មែរក្រហម​ដែលបាន​គ្រប់គ្រង​តាំង​ពីឆ្នាំ ​១៩៧៥​ មក។ ​កង​កម្លាំង​វៀតណាម​នៅ​ទី​បំផុត​បាន​ដក​ទ័ព​នៅឆ្នាំ​១៩៨៩។

លោក វូ បាន​និយាយថា​ នៅ​ដើម​ដំបូង​អាជ្ញាធរ​វៀតណាម​ បាន​ផ្តល់​អាទិភាព​ដល់​ឥស្សរជន​ដែល​វៀតណាម ​ជឿទុក​ចិត្តបាន ​ហើយ​បន្ទាប់​មក​ក៏បាន​គាំទ្រ​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​បច្ចុប្បន្ន​ ​ទោះបី​ពេល​នោះ​លោក​នៅ​ជា​យុវជន​ក្តី។

«ខ្ញុំ​គិត​ថា​ ជាមួយ​លោក​ ហ៊ុន សែន​ រដ្ឋាភិបាល​វៀតណាម​បាន​បង្កើត​ការ​ប្រថុយ​ប្រថាន​ដ៏ធំ​មួយ។​ ពួកគេ​យល់ថា ​គាត់​គឺ​ជាមនុស្ស​ដែល​ឆ្លាត​ណាស់។ ​ខ្ញុំមាន​ន័យ​ថា​ ទោះបី​ជាគាត់​មាន​អាយុ​ត្រឹម ​២៧ឆ្នាំ​ នៅពេល​នោះ​ វៀតណាម​សុខ​ចិត្ត​ប្រគល់​តំណែង​ជា​រដ្ឋមន្ត្រី​ការ​បរទេស​ដល់​គាត់។​ គាត់​មាន​ភាពវៃឆ្លាត​ខ្លាំង និង​មាន​មហិច្ឆតា​យ៉ាងខ្លាំង ​ហើយ​គាត់​បាន​ដឹង​អំពី​របៀប​កាន់​អំណាច​ និង​ រក្សា​អំណាច​នៅក្នុង​គ្រប់​ស្ថានភាព​ទាំងអស់‍»។

លោក វូ ក៏​បាន​មាន​ប្រសាសន៍​ដែរ​ថា​ ជម្រើស​នោះ​បាន​បង្ហាញ​ឱ្យឃើញ​ដ៏គួរ​ឲ្យ​ចាប់​អារម្មណ៍​ថា លោក​ ហ៊ុន សែន ​ជាឥស្សរជន​ឯករាជ្យ​ជាង​ឥស្សរជន​ដែល​មាន​ឋានៈ​ខ្ពស់​ជាង​លោក ​ហើយ​លោក​មាន​ឆន្ទៈខ្លាំង​ជាង​ក្នុងការ​ធ្វើការ​សម្រេច​ចិត្ត​ដែល​មិន​មែន​ជា​ផល​ប្រយោជន៍​ផ្ទាល់​សម្រាប់​វៀតណាម។

«វៀតណាម​បានធ្វើ​ការ​សម្រេច​ចិត្ត​ត្រឹមត្រូវ​ដើម្បី​គាំទ្រ​អ្នកដឹកនាំ​ដូច​លោក ហ៊ុន សែន។ ​ខ្ញុំ​ចង់​និយាយ​ថា​ មិនមែន​មានតែ​លោក​ ហ៊ុន សែន ទេ​ គឺ​លោក​ ហេង សំរិន ​និង​មេដឹកនាំ​ដទៃដែរ។​ ហើយ​ការ​ដឹងពី​ហានិភ័យ​នេះ ​ពីព្រោះ​ទីបំផុត​កម្ពុជា​ក្លាយ​ជា​ប្រទេស​គួរឱ្យ​ជឿជាក់ ​និង​មាន​ស្ថិរភាព ​ដែល​យ៉ាង​ហោចណាស់​មិន​ប្រឆាំង​នឹង​វៀតណាម​ទេ។ ​នោះគឺ​ជា​លក្ខខណ្ឌ​អប្បបរមា ​ហើយ​វៀតណាម​សម្រេច​បាន​នូវ​រឿង​នេះ​ ហើយ​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​មិន​ជំពាក់​គុណ​ប្រទេស​វៀតណាម​តាម​របៀប​នោះ​ឡើយ​ ហើយ​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​មិន​ស្ថិត​នៅ​ក្រោម​ការគ្រប់គ្រង​ដោយ​វៀតណាម​នោះទេ ​ប៉ុន្តែក៏​មិន​ប្រឆាំង​នឹង​វៀតណាម​យ៉ាង​សកម្ម​ដែរ‍»។

លោក វូ ​បាន​សង្កត់​ធ្ងន់អំពី​សមត្ថភាព​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បន្ថែម​ទៀត​ថា៖

«លោក​អ្នក​ដឹង​ថា​លោក ​ហ៊ុន សែន​ មាន​អ្នកគាំទ្រ​តាមប្រព័ន្ធ​សង្គម​ដ៏ធំ។​ គាត់​បាន​កសាង​ទំនាក់​ទំនង​នៅគ្រប់​កម្រិត​នៃ​រដ្ឋាភិបាល ​ហើយ​ជាពិសេស​នៅក្នុង​រយៈពេល​ប៉ុន្មានឆ្នាំ​ចុងក្រោយ​នេះ​ គាត់​បាន​ធ្វើឱ្យ​មាន​ការ​អន់ចិត្ត​ដល់​ភាគី​ខ្លះ​ក្នុង​ក្រុម​បក្ស​កាន់​អំណាច​នៅក្នុង​គណបក្ស​ប្រជាជន ​ចំពោះ​រឿង​ធ្វើតុល្យភាព​អំណាច ​ហើយការ​ខក​ចិត្តនេះ​ គឺ​ក្នុង​ន័យថា​ គាត់​ទទួល​បាន​ការ​គ្រប់គ្រង​ ទាំង​ស្រុង​ទៅលើ​គណបក្ស​ប្រជាជន ​និង​ជា​ការពិត​ប្រទេស​កម្ពុជា​ផងដែរ‍»។

សាស្រ្តាចារ្យ ​George Chigas​ មកពី​ក្រុងឡូវែល ​រដ្ឋម៉ាស្សាជូសេដ្ឋត៍ (Massachusetts) ដែល​ជា​អ្នក​ចូលរួម​ម្នាក់​បាន​ប្រាប់​ VOA ខ្មែរ​ថា​ អំណះ​អំណាង​របស់​លោក ​វូ ថា វៀតណាម​មិនត្រូវ​បាន​ជំរុញ​ឱ្យបង្កើត​រដ្ឋ​ចំណុះ​មួយ​នៅ​កម្ពុជា ​ហើយ​ថែម​ទាំង​បាន​គិតពី​ផល​ប្រយោជន៍​កម្ពុជា។

លោក​ Chigas ​បាន​ថ្លែងថា៖ ​«វៀតណាម​មិនមែន​គ្រាន់តែ​ជួយ​សង្រ្គោះ​ប្រជាជន កម្ពុជា​ទេ​ តែ​វៀតណាម​ក៏​មាន​ការ​ជំរុញ​ទឹកចិត្ត​មួយ​ចំនួន​ផងដែរ»។

ក៏ប៉ុន្តែ​ ប្រជាជន​កម្ពុជា​ជាច្រើន​មិនយល់​ស្រប​ជាមួយ​នឹងការ​លើកឡើង​របស់​លោក វូ នៅសម័យ​កាល​ប្រវត្តិសាស្ត្រ​ទំនើប​របស់​ប្រទេស​កម្ពុជា​ទេ។

លោក ​ប្រាក់ សេរីវុឌ្ឍ​ ប្រធាន​ប្រតិបតិ្ត​នៃសហព័ន្ធ​ខ្មែរកម្ពុជា​ក្រោម​ជា​ក្រុម​មួយ​ដែល​វាយ​ប្រហារ​វៀតណាម​ឥតសំចៃ​មាត់ ​ដោយសារ​បញ្ហា​ទឹកដី​កម្ពុជា​ក្រោម​នោះ​ បាន​និយាយ​ថា ការ​បរាជ័យ​របស់​សហភាព​សូវៀត​ គឺជា​កត្តា​ជំរុញ​ចម្បង​នៅពី​ក្រោយ​ការ​បង្អាក់​មហិច្ឆតា​របស់​វៀតណាម​ចំពោះ​ប្រទេស​កម្ពុជា។

«មហិច្ឆតា​របស់​វៀតណាម​នៅតែ​ដដែល​ ... ប៉ុន្តែ​ប្រសិន​បើគេ​មិន​អាច​យក​ដល់​ស្រុក​សៀម​ដល់​ម៉ាឡេស៊ីទេ​ ត្រឹមស្រុក​ខ្មែរហ្នឹង​ គឺ​យក​ឲ្យបាន។ ​តែបើ​យក​ដោយ​ចេញ​ទ័ព​មកវ៉ៃ​ខុស​សន្ធិសញ្ញា​ទីក្រុងប៉ារីស​ ថ្ងៃទី២៣​ ខែតុលា ​ឆ្នាំ ​១៩៩១។​ ដូច្នេះ​មាន​តែបញ្ជូន​ចារកិច្ច​មកបង្កប់​ក្នុងទ័ព ​ក្នុង​នគរបាល​ខ្មែរ​ ក្នុងពួក​បណ្តាញ​ផ្សេងៗ​ហ្នឹង ​ដើម្បី​ធ្វើឲ្យ​យើង​រំលាយ​ ដោយ​វៀតណាម​មិន​ចាំបាច់​លើក​កាំភ្លើង​ បាញ់​យើង​ទេ ​រឿងហ្នឹង​ដែល​យើង​ប្រយ័ត្ន‍»។

VOA​ មិនទាន់​អាច​សុំអត្ថា​ធិប្បាយ​បំភ្លឺ​មន្ត្រីវៀតណាម ​អំពីការ​ចោទ​ប្រកាន់​នេះ​បាន​នៅ​ឡើយទេ​រហូតមក​ទល់ពេល​នេះ៕

XS
SM
MD
LG