ពលរដ្ឋខ្មែរ-អាមេរិកាំងខ្លះនៅតាមបណ្តារដ្ឋមួយចំនួនបានបង្ហាញការរីករាយ និង ខកចិត្តលាយឡំគ្នានៅក្រោយពេលដែលព្រឹទ្ធសភាខកខានមិនបានដាក់ទោសអតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ពីបទញុះញង់ឲ្យមានអំពើហិង្សា នៅវិមានរដ្ឋសភា។
លោក ពៅ គង់ មកពីក្រុង មីនីអាប៉ូលិស រដ្ឋមីនីសូតា បានថ្លែងថា សវនាការជំនុំជម្រះក្តីអតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump នៅព្រឹទ្ធសភា ជារឿងគ្មានន័យ មិនស្របច្បាប់ និងគ្មានយុត្តាធិការ។
«ត្រូវហើយលោក ត្រាំ គាត់ជាពលរដ្ឋឯកជនធម្មតា ហើយ impeachment ឬការបើកសវនាការជំនុំជម្រះក្តីនេះ បើតាមការយល់ដឹងរបស់ខ្ញុំ គឺអនុវត្តបានតែប្រធានាធិបតី ក្នុងមុខតំណែងប៉ុណ្ណោះ»។
លោកបានបញ្ជាក់ថា គេមិនគួរធ្វើកិច្ចការរំលោភលើច្បាប់ដោយសារតែខឹងលោកត្រាំនោះទេ។
ខ្មែរ-អាមេរិកាំងម្នាក់ទៀតគឺលោក វាសនា ខឹម មកពីរដ្ឋ តិចសាស់ បានបង្ហាញការយល់ឃើញរបស់លោកដែរចំពោះសវនាការជំនុំជម្រះក្តីលោក ត្រាំ ក្រោយពេលលោកបានអស់អាណត្តិជាប្រធានាធិបតី ទៅហើយនោះ។ លោកបានថ្លែងថា៖
«សវនាការជំនុំជម្រះក្តី Impeachment គឺជារឿងមិនស្របច្បាប់រដ្ឋធម្មនុញ្ញ។ វាគ្មានសាក្សីភ័ស្តុតាង ច្បាប់គត្តិយុត្តិចំពោះការញុះញង់របស់គាត់ ឲ្យមានអំពើហិង្សានៅវិមានរដ្ឋសភានោះទេ»។
លោកស្រី ទិត គឹមហ៊ុន មកពីតំបន់ High Point រដ្ឋ North Carolina បានថ្លែងថា នៅសហរដ្ឋអាមរិកច្បាប់មិនមែនសម្រាប់គណបក្សណាមួយទេ គឺប្រទេសទាំងមូលតែម្តង ហើយមានភាពច្បាស់លាស់ទោះជាប្រធានាធិបតីគឺត្រូវតែស្ថិតនៅក្រោមច្បាប់។
«និយាយរួមទោះយើងជា President ប្រធានាធិបតីក៏ដោយ ក៏យើងគ្មានសិទ្ធិទៅបញ្ជាអ្នកខាងច្បាប់ អ្នកខាងសភា ព្រឹទ្ធសភាអីទាំងអស់ហ្នឹងឲ្យធ្វើអ្វី ដែលយើងចង់ធ្វើដែរ។ អីចឹងសរុបសេចក្តីទៅនៅក្នុងការដែលគេរកភស្តុតាងមិនឃើញថាគាត់បានធ្វើកំហុសខុសឆ្គងអ្វីហ្នឹងគឺវាមានការជាក់លាក់ដោយយើងឃើញថាច្បាប់នៅក្នុងសហរដ្ឋអាមរិកនេះគឺយើងឃើញថាមានការត្រួតពិនិត្យសងខាងទាំងអស់មានទាំងគណបក្សប្រជាធិបតេយ្យ Democrat Partyនិង គណបក្សសាធារណរដ្ឋ Republican party»។
សវនាការជំនុំជម្រះក្តីអតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ពីបទញុះញង់ឲ្យមានអំពើហិង្សាដែលធ្វើឲ្យមនុស្សស្លាប់៥នាក់ដែលក្នុងនោះមានមន្ត្រីប៉ូលិសម្នាក់ និងធ្វើឲ្យមន្ត្រីប៉ូលិសយ៉ាងតិច១៣៨នាក់រងរបួសនោះ បានបញ្ចប់នៅរសៀលថ្ងៃសៅរ៍ទី១៣ខែកុម្ភះ បន្ទាប់ពីសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកចំនួន ១០០ នាក់ បានបោះឆ្នោតក្នុងសំឡេង ៥៧ ទល់នឹង ៤៣។
សមាជិកព្រឹទ្ធសភាមកពីខាងគណបក្សសាធារណរដ្ឋចំនួន ៧ នាក់ បានចូលរួមជាមួយសមាជិកព្រឹទ្ធសភាមកពីខាងគណបក្សប្រជាធិបតេយ្យចំនួន ៥០ នាក់ ក្នុងការរកឃើញថាលោក Trump មានទោស។ ដើម្បីរកឃើញថាលោក Trump មានទោសដូចការចោទប្រកាន់ ព្រឹទ្ធសភាត្រូវការសំឡេងឆ្នោតយ៉ាងតិច ៦៧ សំឡេង ឬ ២ ភាគ ៣។
លោក បួរវ៉ាត់ សិទ្ធិ ពលរដ្ឋខ្មែរអាមេរិកាំងមកពីរដ្ឋវ៉ាស៊ីនតោន បានថ្លែងថាសវនាការលោក ត្រាំនៅព្រឹទ្ធសភាជារឿងខ្សោយខាងផ្លូវច្បាប់។
«វាមិនដែលមានអ្នកណាគេ impeach បើកសវនាការជំនុំជម្រះក្តី Civilian (ជនស៊ីវិល) ជាមនុស្សសាមញ្ញជនទេ គាត់អស់តំណែងពីប្រធានាធិបតី រួចទៅហើយ ទៅ impeach គាត់ទៀត វាមិនដែលឃើញក្នុងប្រវត្តិសាស្ត្រ»។
លោកថាលោក រីករាយនៅពេលបានទទួលដំណឹងថាលោកត្រាំ ដែលលោកចាត់ទុកថាជាអ្នកកែទម្រង់គណបក្សសាធារណរដ្ឋ និង ប្រព័ន្ធដឹកនាំសហរដ្ឋអាមេរិកដែលពុករលួយជាប្រព័ន្ធនិងគ្មានការកែប្រែជាយូរមកហើយនោះ បានរួចខ្លួនពីការចោទប្រកាន់ទោស។
តែសម្រាប់អ្នកស្រី សុបិន ពិន មកពីក្រុងឡូវែល រដ្ឋ ម៉ាស្សាជូសិត និងជាស្ថាបនិកបណ្តាញព័ត៌មាន Khmer Post U.S.Aបានថ្លែងថា ជារឿងគួរឲ្យសោកស្តាយ និងខកចិត្តដែលលោកត្រាំ បានរួចខ្លួនពីការដាក់ទោស ដោយសារមានភ័ស្តុតាងគ្រប់គ្រាន់ តែគណបក្សសាធារណរដ្ឋមិនមានឯករាជ្យភាពពីលោក ត្រាំ ដើម្បីផលប្រយោជន៍ជាតិជាធំ និង លទ្ធិប្រជាធិបតេយ្យនោះទេតែគិតតែគណបក្សជាធំវិញ។
«ហើយការសោកស្តាយខ្លាំងមួយទៀតគឺថាយើងគួរឲ្យស្តាយគឺថាជិតពាក់កណ្តាលសហរដ្ឋអាមរិកនៅតែជឿលោក ត្រាំ ហ្នឹងហើយដែលថាជាគ្រោះថ្នាក់មួយដែរ យើងមើលទៅថ្ងៃមុខ នៅពេលបោះឆ្នោតបួនឆ្នាំទៀត»។
អ្នកស្រីថ្លែងដូច្នេះ ដោយយោងថា លោក ត្រាំទំនងជាអាចនឹងវិលមកចូលក្នុងនយោបាយវិញ។ អ្នកស្រី បានអះអាងថា ទោះជាមិនបានដាក់ទោសលោក ត្រាំពេលនេះក្តី តែលោក ត្រាំនៅមានរឿងច្រើនទៀតដែលរងការស៊ើបអង្កេត ហើយសភាឬ Congress បានបង្ហាញពីភាពខ្លាំងឬ Strong និងបង្ហាញ ឬ Demonstrate ពីអំណាចសភាដែរហើយចំពោះការទទួលខុសត្រូវចំពោះមុខច្បាប់ទោះជាប្រធានាធិបតីក្តី។
«ខ្ញុំយល់ថា Congress(សភា)នៅតែ strong (ខ្លាំង)ហើយ Congress ក៏បាន Demonstrate (បង្ហាញ)រួចហើយថា នេះជាប្រទេសមួយដែលមិនមែន Congress ធ្វើការឲ្យប្រធានាធិបតីទេ»។
ទោះជាមានការរិះគន់ជាច្រើនពីមរតកលោកត្រាំនិងការរិះគន់សហរដ្ឋអាមេរិកថាបានបង្ហាញសារមិនល្អលើសកលលោកក្នុងករណីលោក ត្រាំក្តី តែក្រុមពលរដ្ឋអាមេរិកាំង មួយចំនួន រូមទាំងលោក វាសនា ខឹម ក៏នៅតែបង្ហាញថាមរតករបស់ត្រាំជាច្រើនដូចជាលោក បានស្តារសេដ្ឋកិច្ច អាមេរិក ធ្វើឲ្យពាណិជ្ជកម្មជាចិន អាមេរិកមានយុត្តិធម៌ កាត់បន្ថយឳនភាពថវិកាសហរដ្ឋអាមេរិកច្រើន សើរើឲ្យគណបក្សសាធារណរដ្ឋងើបដំណើរការទៅមុខឡើងវិញ ហើយហ៊ានចេញមុខសើរើគោលនយោបាយសហរដ្ឋអាមេរិកដែលគ្មានប្រធានាធិបតីណាហ៊ានធ្វើដូចលោកត្រាំ។
បន្ថែមពីលើនេះទៀត លោក ស្រី ទិត គឹមហ៊ុន ដែលទទូចដល់ពលរដ្ឋខ្មែរចូលរួមក្នុងនយោបាយអាមេរិក ទាក់ទងសភានិងព្រឹទ្ធសភានៅតាមរដ្ឋដើម្បីការធ្វើច្បាប់និងជួយប្រទេសកម្ពុជាជាប្រទេសកំណើតនោះ បានទទួលស្គាល់ពីស្នាដៃរបស់លោក ត្រាំ ជាច្រើន ដូចជាការដាក់ទណ្ឌកម្មបុគ្គលដល់បុគ្គលដែលបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា នៅប្រទេសអាស៊ី និងនៅប្រទេសផ្សេងៗក្នុងពិភពលោក។ អ្នកស្រីអះអាងថាលោកត្រាំនៅតែមានឥទ្ធិពលនយោបាយ ដែលអាចចូលរួមប្រកួតការបោះឆ្នោតឡើងវិញ ហើយអាចនឹងទទួលបានសំឡេងគាំទ្រជាថ្មី។
«ប៉ុន្តែខ្ញុំនៅតែឃើញថាគាត់ក៏នៅតែមានឥទ្ធិពលដែរ គាត់មានអ្នកគាំទ្រគាត់ដូចតំណាងសភា ព្រឹទ្ធសភា បើយើងក្រឡេកមើលរដ្ឋផ្សេងៗទៀត ដូចជារដ្ឋដែលខ្ញុំរស់នៅតែម្តង គឺរដ្ឋ North Carolina គឺពេញការគាំទ្រគាត់តែម្តង។ អីចឹងខ្ញុំគិតថាការដែលគាត់វិលត្រឡប់មកវិញ ក៏នឹងអាចបានជាប់ទៅជាប្រធានាធិបតីទៀតនៅក្នុងដំណាក់កាលណាមួយដែរ ដោយសារគាត់អាចនាំមកនូវកេរ្តិ៍ឈ្មោះគាត់វិញបានដោយសារគាត់បានធ្វើគុណសម្បត្តិច្រើនដែរនៅក្នុងសហរដ្ឋអាមេរិកនោះ»។
អ្នកស្រី ផល្លីន នូ មកពីទីក្រុង ម៉ូដេស្តូ រដ្ឋ California បានបកស្រាយនិងការយល់ឃើញរបស់អ្នកស្រីតាំងពីការអះអាងរបស់លោក ត្រាំឈ្នះឆ្នោត ទោះជាគេយល់ថាចាញ់ក្តី ហើយនិងការអះអាង របស់អ្នកស្រីរឿងប្រកាន់រដ្ឋធម្មនុញ្ញជាធំ ទោះជាបញ្ហាបច្ចេកទេស មិនអាចដាក់ទោសលោកត្រាំបានពេលលោកក្លាយជាជនសាមញ្ញ។
«ម្ល៉ោះហើយចំពោះខ្ញុំជាជនសាមញ្ញធម្មតារស់នៅក្នុងសហរដ្ឋអាមេរិក ខ្ញុំក៏មើលរដ្ឋធម្មនុញ្ញហ្នឹង កាលដែលលោក ត្រាំថាគាត់ជាអ្នកឈ្នះ មិនមែនជាលោក ចូ បៃដិនទេ ខ្ញុំក៏មានជំនឿទៅលើរដ្ឋធម្មនុញ្ញ។ ខ្ញុំថារដ្ឋធម្មនុញ្ញហ្នឹងគឺរស់រវើកទោះបីមានជីវិតហ្នឹងជាង២០០ឆ្នាំហើយក៏ដោយ ខ្ញុំជឿថាទីបំផុតគឺលោក ចូ បៃដិនត្រូវតែធ្វើជាប្រធានាធិបតី ពីព្រោះហេតុអី គឺមកពីរដ្ឋធម្មនុញ្ញគឺថារដ្ឋធម្មនុញ្ញហ្នឹងរស់រវើក មិនអាចអនុញាតឲ្យលោកប្រធានាធិបតី ត្រាំធ្វើតាមចិត្តបានទេ។ ហើយជាមួយគ្នាហ្នឹងរដ្ឋធម្មនុញ្ញរស់រវើកម្តងទៀតពេលណា? គឺនៅពេលគេចង់ដាក់ទោសឲ្យត្រាំហ្នឹង ខ្ញុំថាមុខតែមានបញ្ហាបច្ចេកទេសអីមួយនឹងឲ្យត្រាំរួចខ្លួន ទីបំផុតគឺមែន»។
លោកស្រីបានពន្យល់បន្ថែមថាលោក ត្រាំទោះជាមិនជាប់ទោស ដោយសារបញ្ហាបច្ចេកទេស ជាជនសាមញ្ញ មិនមានសំឡេងគ្រប់គ្រាន់មែន តែបើមើលតាមសំឡេងគណបក្សប្រជាធិបតេយ្យ គឺចំនួនសមាជិកព្រឹទ្ធសភាទាំង៥០ រូបបោះឆ្នោតដាក់ទោសលោក ត្រាំទាំងអស់ រួមទាំង៧រូបមកពីគណបក្សសាធារណរដ្ឋរបស់លោកត្រាំផងដែរ ទោះក្នុងគ្រាដែលខ្វះសំឡេងឆ្នោត២ភាគ៣ ឬ ៦៧ សំឡេងក្នុងការដាក់ទោសទណ្ឌលោក ត្រាំក្តី។
លោក ត្រាំ បានជាប់ឆ្នោតជាប្រធានាធិបតីទី៤៥ កាលពីឆ្នាំ២០១៦ កាន់អំណាចបានតែមួយអាណត្តិតែប៉ុណ្ណោះ ដោយសារលោក បានចាញ់លោក ចូ បៃដិន (Joe Biden) មកពីគណបក្សប្រជាធិបតេយ្យក្រោយការបោះឆ្នោតកាលពីខែវិច្ឆិកាឆ្នាំ២០២០។
លោក Trump បានប្រកាសថាឈ្នះឆ្នោតផងនិងចោទប្រកាន់ថាមានការលួចបន្លំសន្លឹកឆ្នោតផង ក្រោយពេលសំឡេងឆ្នោតទូទៅរបស់លោកចាញ់ឬទទួលបានជាង៧៤លានសំឡេង ទល់នឹង ៨១ លានសំឡេង ដែលលោក បៃដិនទទួលបាន ហើយនិងចាញ់ចំនួនប្រតិភូនៅតាមបណ្តារដ្ឋប្រជែងគ្នាខ្លាំង មួយចំនួន ដោយទទួលបានសំឡេងតែ២៣២ ទល់នឹង៣០៦ ដែលលោកបៃដិនទទួលបានលើសចំនួន២៧០ដែលត្រូវកំណត់ថាជាអ្នកឈ្នះនោះ។
លោកត្រាំបានប្តឹងតវ៉ាពីការលួចបន្លំសន្លឹកឆ្នោត ក្រោយចាញ់ឆ្នោត តែមិនបានជោគជ័យ ដោយសារតុលាការកំពូលនិងតុលាការតាមបណ្តារដ្ឋនានា រួមទាំងស្ថាប័នជាច្រើនរបស់រដ្ឋផ្សេងៗទៀត បានបដិសេធបណ្តឹងតវ៉ារបស់លោកដោយលើកឡើងថាពុំមានភស្តុតាងគ្រប់គ្រាន់។
លោក Joe Bidenត្រូវបានសភាសហរដ្ឋអាមេរិកបញ្ជាក់ថាជាអ្នកឈ្នះការបោះឆ្នោត ជាផ្លូវការកាលពីថ្ងៃទី៧ខែមករា ហើយបានក្លាយជាប្រធានាធិបតីទី៤៦ របស់សហរដ្ឋអាមេរិកកាលពីថ្ងៃទី២០ខែមករាកន្លងទៅនេះ៕