បំណែកខ្ទេចខ្ទីនៃឧទ្ធម្ភាគចក្រយោធាខ្មែរមួយគ្រឿងដែលបានបាត់កាលពីជាង២សប្តាហ៍មុនដោយមានអ្នកបើកពីរនាក់ ត្រូវបានប្រទះឃើញនៅថ្ងៃចន្ទ លើកំពូលភ្នំមួយតែគេមិនឃើញអ្នកនៅរស់រានជីវិតភ្លាមៗទេ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP ដែលបានដកស្រង់ប្រភពរដ្ឋាភិបាលនិងអង្គភាពសារព័ត៌មានរដ្ឋ។
សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិដែលបានបង្ហោះលើទំព័រFacebook ថាការហោះស្វែងរកបានប្រទះឃើញបំណែកខ្ទេចខ្ទីនៃឧទ្ធម្ភាគចក្រម៉ាក Z-9 ផលិតនៅប្រទេសចិនក្នុងតំបន់ជួរភ្នំក្រវ៉ាញដែលមានព្រៃស្តុក ស្ថិតក្នុងខេត្តពោធិ៍សាត់ ប៉ែកនិរតី។
ក្រុមយោធារុករកត្រូវបានបញ្ចូនទៅកាន់ទីតាំងឧទ្ធម្ភាគចក្រនោះធ្លាក់ តែគេពិបាកចូលទៅដល់ដោយសារទីនោះជាតំបន់ព្រៃស្តុកហើយអាកាសធាតុមិនល្អ។ នេះបើយោងតាមក្រសួងការពារជាតិ។
ក្រសួងដដែលមិនបានលើកឡើងអំពីសាកសពឬអ្នកនៅរស់រានជីវិតទេ តែទីភ្នាក់ងារសារព័ត៌មានរដ្ឋ AKP បានស្រង់សម្តីមន្ត្រីការពារជាតិជាន់ខ្ពស់ម្នាក់ដែលមិនបង្ហាញឈ្មោះថាសាកសពអ្នកបើកឧទ្ធម្ភាគចក្រនោះម្នាក់ ត្រូវបានប្រទះឃើញ ហើយក្រុមរុករក នឹងស្វែងរកម្នាក់ទៀត។
ឧទ្ធម្ភាគចក្រដែលមានអ្នកបើកពីរនាក់នោះ បានបើកហ្វឹកហ្វឺន តែការហោះនោះស្ថិតក្នុងស្ថានភាពអាកាសធាតុមិនល្អ ពេលដែលទីបញ្ជាការកងកម្លាំងទ័ពអាកាស បានបាត់សញ្ញាទាក់ទងនៅថ្ងៃទី១២ខែកក្កដា។ ការស្វែងរកឧទ្ធម្ភាគចក្រដែលបានបាត់នោះ បានធ្វើ១ថ្ងៃក្រោយហេតុការណ៍ធ្លាក់នោះ៕