ខណៈដែលព័ត៌មានពាក់ព័ន្ធនឹងការចាប់ក្មេងត្រូវបានបង្ហោះលើបណ្តាញសង្គមជាញឹកញាប់ កំពុងធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភនោះ អគ្គស្នងការដ្ឋាននគរបាលជាតិបានប្រកាសនៅព្រឹកថ្ងៃចន្ទនេះថា ព័ត៌មានដែលបានបង្ហោះលើបណ្តាញសង្គមទាំងនោះ សុទ្ធតែជា «ព័ត៌មានក្លែងក្លាយ និងបានប្រកាសចាត់វិធានការតឹងរ៉ឹង» លើអ្នកបង្ហោះ និងអ្នកចែកចាយបន្តពាក់ព័ន្ធនឹងករណីនេះ។
អគ្គស្នងការដ្ឋាននគរបាលជាតិហៅការបង្ហោះ ឬផ្សព្វផ្សាយព័ត៌មានពីការចាប់ក្មេង លើបណ្តាញសង្គម ហ្វេសប៊ុកថាជា «ព័ត៌មានមិនពិត» និងថាជាចេតនារបស់ជនមួយក្រុមដែលមានបំណងធ្វើឲ្យសង្គមមានភាពច្របូកច្របល់ នេះបើតាមការប្រកាសរបស់ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិនាព្រឹកថ្ងៃចន្ទ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ប្រាប់អ្នកសារព័ត៌មានថា រយៈពេលជាងមួយខែកន្លងមក មានក្រុមដែលមានចេតនាមិនល្អមួយចំនួនបាននាំគ្នាបង្ហោះ ឬក៏ផ្សាយព័ត៌មានមិនពិតទាក់ទងនឹងការដែលថា មានក្រុមដើរចាប់ជម្រិតកូនក្មេង ឬចាប់ក្មេងដើម្បីវះយកគ្រឿងក្នុងជាដើម។ លោកបញ្ជាក់ថា ការបង្ហោះព័ត៌មានមិនពិតទាំងនោះកាន់តែរីកធំទៅៗ ទើបធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភ និងងាយយល់ច្រឡំក្នុងសកម្មភាពផ្សេងៗ ថាជាករណីចាប់ក្មេង។
លោកបន្តថា រហូតមកដល់ពេលនេះ នគរបាលជាតិរកឃើញករណីបំផុសបំផុលលើបណ្តាញសង្គមបែបនេះប្រមាណជា១៥ករណី ដែលលោកអះអាងថា ករណីទាំងនេះសុទ្ធតែជាករណីមិនពិត និងត្រូវបានចាត់ទុកថាជាចេតនាធ្វើឲ្យសង្គមមានភាពអសន្តិសុខ និងច្របូកច្របល់។
លោក គៀត ច័ន្ទថារិទ្ធ មានប្រសាសន៍ថា៖
«មិនមានករណីនេះកើតឡើងទេសូមមេត្តាកក់ក្តៅទៅ ហើយកុំមានការភ្ញាក់ផ្អើលអី។ ក៏សូមសំណូមពរប្រជាពលរដ្ឋយើងទាំងអស់ដែលប្រើបណ្តាញព័ត៌មាន ជាពិសេសបណ្តាញហ្វេសប៊ុកហ្នឹង សុំមេត្តាប្រយ័ត្នប្រយែង។ អាបណ្តាញហ្វេសប៊ុកនេះវាមានរឿងពិត និងរឿងមិនពិត វាស៊ីសងអ្នកផុសអ្នកបញ្ចេញ អាព័ត៌មានមិនពិតហ្នឹងវាពុលពេញហ្នឹងទាំងអស់...។ ចុងក្រោយក៏សុំបញ្ជាក់ដែរ ការនិយាយបំផ្លើស ការផ្សាយព័ត៌មានមិនពិត ការបញ្ជូនដំណឹងមិនពិត មានទោស»។
អ្នកនាំពាក្យរូបនេះបន្ថែមថា សមត្ថកិច្ចកំពុងស្រាវជ្រាវបន្តរកអ្នកដែលបង្ហោះចែកចាយព័ត៌មានមិនពិតទាំងនោះដើម្បីស្វែងរកមូលហេតុនៅពីក្រោយ និងចាត់វិធានការទៅតាមផ្លូវច្បាប់។ លោកក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋសហការជាមួយសមត្ថកិច្ច ដើម្បីស្វែងរកករណីល្មើសផ្សេងៗ ដែលកំពុងកើតមាននៅក្នុងសង្គម តាមរយៈការរាយការណ៍ផ្ទាល់ទៅសមត្ថកិច្ច ឬទាក់ទងទៅលេខ ១១៧ និង១១៨។
ប៉ុន្មានខែចុងក្រោយនេះ មានការបង្ហោះជាសារ ជារូបភាពនិងវីដេអូ ទៅក្នុងបណ្តាញសង្គមនានាទាក់ទិននឹង ចាប់ខ្លួនក្មេងនឹងវះអវៈយុវៈក្មេងជាច្រើន។ ការស៊ើបអង្កេតមួយ ត្រូវបានធ្វើឡើងដោយ អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីពង្រឹងការតាមដាន និងក្តាប់ព័ត៌មាននានាក្នុងសង្គម។
ពាក់ព័ន្ធនឹងករណីបង្ហោះព័ត៌មានពីការចាប់ក្មេងនេះ សកម្មជនគណបក្សសង្គ្រោះជាតិមួយរូបត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃអាទិត្យ បន្ទាប់ពីសកម្មជនរូបនោះបានប្រើប្រាស់គណនី ហ្វេសប៊ុក មួយមានឈ្មោះថា «Nay Sineng» បង្ហោះសារថា មានជនជាតិវៀតណាមមកចាប់ក្មេងវះក្រលៀន និងភ្នែក នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ។
នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អះអាងប្រាប់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃចន្ទនេះថា ជនជាតិវៀតណាមដែលម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «Nay Sineng» បានបង្ហោះ គឺជាមុខសញ្ញាលួចម៉ូតូ មិនមែនជាអ្នកចាប់ក្មេងដូចការបង្ហោះនោះទេ។ លោកបន្ថែមថា បន្ទាប់ពីសមត្ថកិច្ចបានសួរនាំម្ចាស់គណនីហ្វេសប៊ុកនោះ ព្រះរាជអាជ្ញាក៏បានបញ្ជាឲ្យឃុំខ្លួនបណ្តោះអាសន្នដើម្បីស៊ើបអង្កេតបន្ត។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានស្នើឲ្យសមត្ថកិច្ចស៊ើបអង្កេតករណីនេះដោយស្មើភាព និងគ្មានហេតុផលនយោបាយ។ លោកក៏បានអំពាវនាវឲ្យអ្នកប្រើប្រាស់បណ្តាញសង្គម ប្រើប្រាស់ដោយភាពត្រឹមត្រូវ ជៀសវាងការផ្សព្វផ្សាយព័ត៌មានដែលខុសច្បាប់។
លោកបញ្ជាក់ថា៖
«សុំឲ្យក្រសួងមហាផ្ទៃធ្វើការស៊ើបអង្កេតដោយអព្យាក្រឹត្យ ដោយកុំឲ្យមានហេតុផលនយោបាយនៅពីក្រោយ ស្វែងរកការពិត ដោះស្រាយបញ្ហាហ្នឹង»។
យោងតាមរបាយការណ៍របស់អគ្គគស្នងការដ្ឋាននគរបាលជាតិដែលចេញផ្សាយកាលពីចុងខែកក្កដានេះ ឱ្យដឹងថាអគ្គគស្នងការដ្ឋាននគរបាលជាតិក៏បានធ្វើការអង្កេតនិងប្រមូលព័ត៌មាន ពីបណ្តាអង្គការសង្គមស៊ីវិល និងក្រុមដែលមាននិន្នាការប្រឆាំងមួយចំនួន ព្រមទាំងបញ្ជាឲ្យចាត់វិធានការភ្លាមៗតាមផ្លូវច្បាប់ចំពោះជនទាំងឡាយណាដែលប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ក្នុងចេតនាបំពុលបរិយាកាសសង្គម បង្កើតឲ្យមានភាពច្របូកច្របល់ខាងនយោបាយគ្រប់រូបភាព។
លោក សូ ចន្ថា សាស្រ្តាចារ្យផ្នែកវិទ្យាសាស្រ្តនយោបាយ ប្រាប់ VOA ថា ករណីនៃការបង្ហោះផ្សព្វផ្សាយព័ត៌មានលើបណ្តាញសង្គមពីការចាប់ក្មេង អាចជាការបង្កើតឡើងរបស់ក្រុមមួយដែលមានបំណងធ្វើឲ្យមានភាពចលាចលមុននឹងការបោះឆ្នោតថ្នាក់ជាតិកាន់តែខិតចូលមកដល់ ដើម្បីកេងចំណេញផ្នែកនយោបាយ។ លោកបន្ថែមថា ប្រជាពលរដ្ឋតែងចែករំលែកព័ត៌មាន ឬបញ្ហាដែលកំពុងកើតមានក្នុងសង្គមដើម្បីជំរុញឲ្យមានដំណោះស្រាយ ដូច្នេះលោកថា ការចាប់ខ្លួនអ្នកប្រើប្រាស់បណ្តាញសង្គមដែលចែករំលែកព័ត៌មានផ្សេងៗបន្ត គឺជាការបំបិទសិទ្ធិប្រជាពលរដ្ឋក្នុងការផ្សព្វផ្សាយព័ត៌មានបន្តពីបញ្ហាផ្សេងៗ។
លោក សូ ចន្ថា មានប្រសាសន៍ថា៖
«វាជាចំណែកមួយដែលធ្វើឲ្យប្រជាពលរដ្ឋដែលបញ្ចេញមតិពាក់ព័ន្ធនឹងបញ្ហានានានៅក្នុងសង្គមហ្នឹង អាចនឹងត្រូវបានរិតត្បិតសេរីភាពអីផងដែរ ទី១។ ទី២ ខ្ញុំគិតថា យោងលើករណីហ្នឹងអាចជាចំណែកមួយដែលធ្វើឲ្យរដ្ឋាភិបាលបង្កើតច្បាប់ ដើម្បីគ្រប់គ្រងព័ត៌មានតាមអ៊ីនធឺណេតអីហ្នឹងជាដើម»។
យ៉ាងណាក៏ដោយ លោក គៀត ច័ន្ទថារិទ្ធ អះអាងថាក្នុងចំណោមព័ត៌មានពាក់ព័ន្ធនឹងការចាប់ក្មេងចំនួន១៥ករណី ដែលសមត្ថកិច្ចរកឃើញថាមិនមែនជាការពិតនោះ មានករណីចំនួនពីរពាក់ព័ន្ធនឹងការចាប់ក្មេងនេះដែរ ទី១ ម្តាយមីងបានចាប់ក្មួយរបស់ខ្លួនដើម្បីជម្រិតទារប្រាក់ពីឪពុកម្តាយរបស់ក្មេង និងករណីមួយទៀតជាការលួងលោមក្មេងស្រីអាយុ៨ឆ្នាំម្នាក់នៅសាលាទួលស្វាយព្រៃ និងបញ្ជូនឲ្យត្រឡប់មកផ្ទះវិញ ដោយក្មេងស្រីនោះអះអាងថា ជាការចាប់ច្រឡំ។
ដោយឡែកកាលពីថ្ងៃទី២២ ខែកក្កដានេះ សមត្ថកិច្ចក៏បានឃាត់ខ្លួនបុរស និងស្រ្តីដែលជាយុវជនចំនួនពីរនាក់ ពាក់ព័ន្ធនឹងការបង្ហោះព័ត៌មានមិនពិតមួយលើបណ្តាញសង្គមហ្វេសប៊ុក ថាមានយន្តហោះធ្លាក់នៅខេត្តសៀមរាប។ ក្រោយការបង្ហោះនោះ សមត្ថកិច្ចបានឃាត់ខ្លួនពួកគេទាំងពីរនាក់ទៅសួរនាំ និងបានឲ្យពួកគេធ្វើកិច្ចសន្យា និងសុំទោសជាសាធារណៈ មុននឹងដោះលែងឲ្យត្រឡប់ទៅផ្ទះវិញ៕