ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួងអប់រំណែនាំឱ្យប្រើភាសាខ្មែរឱ្យបានត្រឹមត្រូវ


រូបឯកសារ៖ សិស្សានុសិស្ស​ ចូលរួមកម្មវិធីអានសៀវភៅ និងសកម្មភាពកំសាន្តផ្សេងៗ ក្នុងទិវាអំណានជាតិលើកទី២ នៅវិទ្យាស្ថានជាតិអប់រំ​ នាថ្ងៃទី ១១ ខែមិនា ឆ្នាំ ២០១៧​។ (ខាន់ សុគុំមនោ/VOA)
រូបឯកសារ៖ សិស្សានុសិស្ស​ ចូលរួមកម្មវិធីអានសៀវភៅ និងសកម្មភាពកំសាន្តផ្សេងៗ ក្នុងទិវាអំណានជាតិលើកទី២ នៅវិទ្យាស្ថានជាតិអប់រំ​ នាថ្ងៃទី ១១ ខែមិនា ឆ្នាំ ២០១៧​។ (ខាន់ សុគុំមនោ/VOA)

ក្រសួង​អប់រំ​បានណែនាំ​ដល់​គ្រប់​អង្គភាព ​គ្រឹះស្ថាន​សិក្សា​ និង​អ្នក​ពាក់ព័ន្ធ​ទាំង​អស់ ​ឱ្យ​ពង្រឹង​ការ​ប្រើប្រាស់​អក្ខរាវិរុទ្ធ ​និង​ក្បួន​វេយ្យាករណ៍​ខ្មែរ​ឱ្យ​បាន​ត្រឹម​ត្រូវ ​ដើម្បី​លើក​កម្ពស់​ការ​ប្រើប្រាស់​សំណេរ ​និង​អក្ខរា​វិរុទ្ធ​ខ្មែរ​លើ​ប្រព័ន្ធផ្សព្វផ្សាយ​ និង​តាម​ទី​សាធារណៈ។

សេចក្តី​ណែនាំ​ស្តីពី​«ការ​លើក​កម្ពស់​ការ​ប្រើ​ប្រាស់​សំណេរ​ និង​អក្ខរា​វិរុទ្ធ​ភាសាខ្មែរ​ឱ្យ​បាន​ត្រឹមត្រូវ»​ ចេញ​នៅ​ថ្ងៃទី ​២៣ ​ខែ​កុម្ភៈ ​និង​ត្រូវ​បាន​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​អប់រំ​កាលពី​ថ្ងៃ​អង្គារ​ មាន​ការ​ណែ​នាំ​ចំនួន​ ៨ ​ចំណុច​ដល់គ្រប់​ស្ថាប័ន ​និង​អ្នក​ពាក់ព័ន្ធ​ ​រួម​ទាំងមាតាបិតា ​និង​អាណាព្យាបាល​សិស្ស​ផង​ដែរ។​

សេចក្តី​ណែនាំ​នេះ​មាន​ «គោល​បំណង​លើក​កម្ពស់​ការ​ប្រើ​ប្រាស់​សំណេរ​ និង​អក្ខរា​វិរុទ្ធ​ភាសាខ្មែរ ​នៅ​លើបណ្តាញ​ផ្សព្វផ្សាយ​ បណ្តាញ​ទំនាក់​ទំនង​សង្គម និង​នៅ​តាម​ទីសាធារណៈ​ ទាំង​ក្បួន​សរសេរ ​អក្ខរា​វិរុទ្ធ ​និង​វេយ្យាករណ៍​ ព្រម​ទាំង​បណ្តុះ​ស្មារតី​ស្រឡាញ់​ និង​ថែរក្សា​អក្សរ​ និង​ភាសា​ជាតិ​ឱ្យ​បាន​គង់វង្ស​ និង​រីក​ចម្រើន​ថែម​ទៀត»។​

ក្រសួង​បានណែនាំ​ដល់​គ្រប់​អង្គភាព​ទាំង​សាធារណៈ​ និង​ឯកជន ​សិស្សា​នុសិស្ស​ យុវជន ​និង​ពលដ្ឋ​ ត្រូវ​យក​ចិត្ត​ទុក​ដាក់ ​និង​ខិតខំប្រើប្រាស់ភាសា​ខ្មែរ​ ទាំង​លើ​ការ​អាន ​ការ​សរសេរ​ និង​ការ​និយាយ​ឱ្យ​បាន​ត្រឹម​ត្រូវ​តាម​អក្ខរា​វិរុទ្ធ ​និង​វេយ្យាករណ៍​ភាសាខ្មែរ​គ្រប់​ស្ថានភាព ​ទោះ​ក្នុង​បណ្តាញ​ទំនាក់​ទំនង​សង្គម ​ឬ​ទំនាក់​ទំនង​ផ្ទាល់ ​ការ​ផ្សព្វ​ផ្សាយ​ ឬ​ការចែក​រំលែក​ព័ត៌មាន ​និង​ការ​កម្សាន្ត​ណា​មួយ​ក្តី។

ក្រសួង​ក៏​បាន​ណែនាំ​ឱ្យ​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ជួយ​ជំរុញ​ និង​លើក​ទឹក​ចិត្ត​សិស្ស ​និស្សិត ​ឬ​កូន​ចៅ លើ​ការអាន​ និង​ការ​សរសេរ​ភាសា​ខ្មែរ​ឱ្យ​បាន​ត្រឹមត្រូវ ​ផុលផុស ​និង​ប្រកាន់​ទម្លាប់​ប្រើប្រាស់​អក្សរ​ខ្មែរ ​សម្រាប់​កត់ត្រា​ និង​សរសេរ​ភាសាខ្មែរ ​និង​គួរ​ចៀស​វាង​ការ​ប្រើ​អក្សរ​នៃ​ភាសា​ដទៃ​ជំនួស​តួអក្សរ​ខ្មែរ។ ​

វីអូអេ​មិន​ទា​ន់​អាច​សុំ​ការ​អត្ថាធិប្បាយ​បន្ថែមពី​អ្នក​នាំពាក្យ​ក្រសួង​អប់រំ ​អ្នកស្រី ​ឃួន វិច្ឆិកា ​និង​លោក ​កាន់ ពុទ្ធី ​បាននៅឡើយ​ទេ។​

គ្រូ​បង្រៀន​ឯកទេស​អក្សរ​សាស្រ្ត​ខ្មែរ​កម្រិត​ឧត្តម​សិក្សានៅ​វិទ្យាល័យ​កំរៀង ​ខេត្ត​បាត់ដំបង ​លោក​គ្រូ អួន ស៊ីនិត​ ប្រាប់​វីអូអេ​ថា ​លោក​សាទរចំពោះ​ការ​ចេញ​សេចក្តី​ណែនាំ​របស់​ក្រសួង។​

លោកថ្លែង​ថា៖ ​«សម្រាប់​លោក​គ្រូ ​លោក​គ្រូ​សាទរ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ណែនាំ​របស់​ក្រសួង​អប់រំ​ ពាក់ព័ន្ធ​នឹង​សំណេរ ​អក្ខរា​វិរុទ្ធ​ដែល​ប្រើប្រាស់​ឱ្យ​ត្រឹមត្រូវ​ ព្រោះ​នេះ​ជា​ភាសា​របស់​ជាតិ​ អ៊ីចឹង​គួរតែ​មាន​មោទនភាព​ នាំ​គ្នា​ប្រើប្រាស់។​ យើង​មិន​អាច​ឱ្យ​បរទេស​មក​និយម​ប្រើ​អក្សរ​ភាសា​របស់​ជាតិ​យើង​បាន​ទេ ​អ៊ីចឹង​មាន​តែ​ចាប់​ផ្តើម​ពី​យើង​ម្នាក់ៗ​មាន​ស្មារតី​ជាតិ​និយម។​ យើង​ស្រឡាញ់​ យើង​ចូល​ចិត្ត​ យើង​ប្រើ»។​

គ្រូ​បង្រៀន​រូប​នេះ​សង្កេត​ឃើញ​ថា​ បច្ចុប្បន្ន​យុវជន​មិន​ទាន់​ប្រើប្រាស់​ការ​សរសេរជា​ភាសា​ខ្មែរ​បាន​ត្រឹម​ត្រូវ​នៅ​ឡើយ ​ប៉ុន្តែ​លោក​នៅ​តែ​ជំរុញ​ឱ្យ​មាន​ការ​ប្រើប្រាស់​អក្សរ​ជាតិ​ឱ្យ​ត្រឹម​ត្រូវ​បន្ថែម​ទៀត ​និង​ថា​ មិន​គាំទ្រ​ជា​ដាច់​ខាត​ចំពោះ​ការ​ប្រើប្រាស់​អក្សរ​ឡាតាំង​ជា​សំនៀង​ភាសាខ្មែរ។​

លោក​គ្រូ​បញ្ជាក់​ថា ​ក្រៅ​ពី​ការ​ខិតខំ​យក​ចិត្ត​ទុក​ដាក់​ណែនាំ​ពី​ក្រសួង​ និង​ភាគី​ពាក់ព័ន្ធ​ ​យុវជន​គ្រប់​រូប​ក៏​ត្រូវ​តែ​ចេះ​ប្រើប្រាស់​វចនានុក្រម​ភាសា​ខ្មែរ​ផង​ដែរ​ ដើម្បី​ធ្វើ​ជា​គោល​កុំឱ្យ​មាន​ការ​សរសេរ​សំណេរ ​ឬ​ពាក្យ​ពេចន៍​ខុស។​

ចំណែក​ឯ​នាយក​សាលា​វិទ្យាល័យ​ ជា ស៊ីមចំរើន​រដ្ឋ​ នៅ​ភ្នំពេញ​ លោក​ ឌី ទេព​កោសល្យ​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ​សេចក្តី​ណែនាំ​របស់​ក្រសួង​ស្តីពី​ការ​លើក​កម្ពស់​ការ​ប្រើ​ប្រាស់​សំណេរ​ និង​អក្ខរា​វិរុទ្ធ​ភាសា​ខ្មែរ​នេះ​ នឹង​ជួយពង្រឹង​ការ​យល់​ដឹង​បន្ថែម​ដល់​ប្រជា​ពលរដ្ឋ​ និង​សិស្សា​នុសិស្ស ​ឱ្យ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​សរសេរ​ជា​ភាសា​ខ្មែរ​បាន​ត្រឹម​ត្រូវ។​

លោក​បញ្ជាក់​ថា៖​ «ឥឡូវ​នេះ ​យើង​ឃើញ​ជាក់ស្តែង​ហើយ​ កុំថា​ឡើយ​ប្រជា​ពលរដ្ឋ​សាមញ្ញ​ ប្រជា​ពលរដ្ឋ​សាមញ្ញ​ជា​ទូទៅ​ ការ​សរសេរ​សំណេរ​អី​ហ្នឹង ​គាត់​អត់​សូវ​ខ្វល់​ពី​អក្ខរា​វិរុទ្ធ​ទេ ទាំង​ភាសា​ដែល​គាត់​សរសេរ​ក្នុង​បណ្តាញ​សង្គម​ ក្នុង​ហ្វេសប៊ុក ​ឬ​ក៏​សរសេរ​អក្សរ​តាម​ស្លាក​យីហោ​អី​ផ្សេងៗ។ ​គាត់​ដាក់​ធ្វើ​ម៉េច​ឱ្យ​តែ​បាន​ អាន​ត្រូវ។ ​អ៊ីចឹង​ជាទូទៅ​ ប្រជា​ពលរដ្ឋ​លោក​អត់​សូវ​ខ្វល់​ទេ​ពីរឿង​សរសេរ​ឱ្យ​បាន​ត្រឹម​ត្រូវ។​ អាហ្នឹង​ទី​១។ ​ទី​២ ​ក្នុង​សាលា​រៀន​វិញ​ សិស្ស​ភាគី​ច្រើន​សរសេរ​អត់​ទាន់​ត្រឹមត្រូវ​ទេ»។​

នាយក​សាលា​រូប​នេះ​ថា ​ក្រៅ​ពី​សំណូមពរ​ឱ្យ​ប្រជា​ពលរដ្ឋ​យក​ចិត្ត​ទុក​លើ​ការ​ណែនាំ​នេះ ​លោក​នឹង​ណែនាំ​ដល់​លោក​គ្រូ ​អ្នក​គ្រូ​គ្រប់​មុខ​វិជ្ជា​ទាំងអស់​ក្នុង​សាលា​របស់​លោក​ឱ្យ​អនុវត្ត​ទៅ​តាម​ការ​ណែនាំ​របស់​ក្រសួង ​និង​ពង្រឹង​ការ​ណែនាំ​ដល់​សិស្សានុ​សិស្ស​បន្ថែម​តាម​ថ្នាក់​នីមួយៗ។​

ក្រសួង​អប់រំ ​យុវជន ​និង​កីឡា​បាន​អំពាវនាវ​ឱ្យ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ ​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​ អាជ្ញាធរ​មូលដ្ឋាន​ មហាជន ​និង​អ្នក​ពាក់ព័ន្ធ​ទាំងអស់ ​ជួយ​ណែនាំ ​ជួយ​ត្រួត​ពិនិត្យ​ និង​កែ​សម្រួល​លើ​ការ​ប្រើ​ប្រាស់​សំណេរ ​និង​អក្ខរា​វិរុទ្ធ​ភាសា​ខ្មែរ​ក្នុង​ការ​ដាក់​តាំង​ និង​ផ្សព្វផ្សាយ​គ្រប់​ទម្រង់ ​នៅ​តាម​ទី​សាធារណៈ ​ឬ​តាម​បណ្តាញ​ទំនាក់​ទំនង​សង្គម​នានា៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG