ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានណែនាំឱ្យបញ្ឈប់ជាបន្ទាន់ ក៏ដូចជាទប់ស្កាត់ចំពោះការផលិតវីដេអូបែបកម្សាន្តគ្រប់ទម្រង់ដែលប៉ះពាល់ដល់វប្បធម៌ ប្រពៃណីជាតិ ព្រមទាំងតម្លៃស្រ្តីខ្មែរ និងកុមារ។ នេះបើតាមសេចក្តីណែនាំរបស់ក្រសួងវប្បធម៌ ចេញផ្សាយកាលពីពេលថ្មីៗនេះ។
កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ក្រសួងវប្បធម៌បានចេញសេចក្តីណែនាំមួយស្តីពី«ការទប់ស្កាត់ការផលិត ការផ្សព្វផ្សាយ ឬចែកចាយស្នាដៃវីដេអូ និងមាតិកាកម្សាន្ត (Entertainment Content) គ្រប់ទម្រង់ដែលមានប៉ះពាល់ចំពោះវប្បធម៌ ប្រពៃណី តម្លៃស្រ្តីខ្មែរ និងកុមារ»។ ការណែនាំរបស់ក្រសួងវប្បធម៌កើតមាន ដោយសារតែថ្មីៗនេះ មានអ្នកផលិតវីដេអូ អ្នកបង្កើតមាតិកាកម្សាន្ត និងអ្នកសម្តែងតាមបណ្តាញទំនាក់ទំនងសង្គមមួយចំនួន បានផលិតវីដេអូខ្លីៗដែលមានរូបភាព និងខ្លឹមសារប្រាសចាកពីក្រមសីលធម៌ ដែលបង្កឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វប្បធម៌ ទំនៀមទម្លាប់ប្រពៃណីជាតិ ពិសេសតម្លៃស្រ្តីខ្មែរ និងកុមារ។
ក្រសួងវប្បធម៌បន្ថែមថា ដើម្បីបញ្ចៀសការប៉ះពាល់ និងរក្សាបានគុណតម្លៃ សេចក្តីថ្លៃថ្នូរ នៃវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជាតិ និងចូលរួមគោរពលើកស្ទួយសិទ្ធិស្រ្តី និងកុមារ ក្រសួងណែនាំដល់អ្នកផលិតវីដេអូ ឲ្យបញ្ឈប់ជាបន្ទាន់នូវការផលិត ការផ្សព្វផ្សាយ ឬការចែកចាយស្នាដៃវីដេអូ និងមាតិកាកម្សាន្តដែលមានលក្ខណៈអាសអាភាស ស្រើបស្រាល ហិង្សា និងអសីលធម៌។
ក្រសួងព្រមានថា បើបុគ្គលឬក្រុមណាមួយនៅតែបន្តប្រព្រឹត្តសកម្មភាពអវិជ្ជមានទាំងអស់នេះ ក្រសួងនឹងសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីចាត់វិធានការម៉ឺងម៉ាត់ ស្របតាមបទបញ្ញត្តិច្បាប់ដែលមានជាធរមាន៕