ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ជំនាញ​ជំរុញ​​ការ​ចូលរួម​ពី​គ្រប់​ភាគី​ក្នុង​ការ​បង្កើត​ក្រុម​ប្រឹក្សា​ក្រម​សីល​ធម៌​សារព័ត៌មាន ​


រូប​ឯកសារ៖ ​អ្នក​សារព័ត៌មាន​ផ្តិតយកទិដ្ឋភាព​លោក​ កឹម​ សុខា ធ្វើ​ដំណើរ​ចេញ​ពីគេហដ្ឋាន​ទៅ​សាលា​រាជធានី​ភ្នំពេញ​​ ដើម្បី​ចូលរួម​សវនាការរបស់​លោក​ រាជធានី​ភ្នំពេញ​ ថ្ងៃ​ទី​១៩ ខែ​មករា​ ឆ្នាំ​២០២២។ (ហ៊ាន សុជាតា​/វីអូអេ)
រូប​ឯកសារ៖ ​អ្នក​សារព័ត៌មាន​ផ្តិតយកទិដ្ឋភាព​លោក​ កឹម​ សុខា ធ្វើ​ដំណើរ​ចេញ​ពីគេហដ្ឋាន​ទៅ​សាលា​រាជធានី​ភ្នំពេញ​​ ដើម្បី​ចូលរួម​សវនាការរបស់​លោក​ រាជធានី​ភ្នំពេញ​ ថ្ងៃ​ទី​១៩ ខែ​មករា​ ឆ្នាំ​២០២២។ (ហ៊ាន សុជាតា​/វីអូអេ)

អ្នក​ជំនាញ​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជំរុញ​ឱ្យ​មាន​ការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ នៅ​គ្រា​ក្លឹប​អ្នក​កាសែត​កម្ពុជា​(Club of Cambodian JournalistsឬCCJ) ​បាន​បង្កើតគណៈកម្មការ​ចំពោះ​កិច្ច​មួយដើម្បី​សិក្សា​ស្រាវជ្រាវ​ក្រម​សីលធម៌​ពី​បណ្តា​ប្រទេស​ផ្សេង​ទៀត ​មុន​ឈាន​ទៅបង្កើត​ក្រុម​ប្រឹក្សា​ក្រម​សីល​ធម៌​សារ​ព័ត៌មាន។​

ក្រុម​ប្រឹក្សា​ក្រម​សីលធម៌​មួយ​នេះ​មាន​តួនាទី​ក្នុង​ការ​តម្រង់​ទិស ​ដាក់​ពិន័យ និងកែ​លម្អអ្នក​សារ​ព័ត៌មាន​ឱ្យ​បំពេញ​ការ​ងារ​តាម​វិជ្ជា​ជីវៈ ​ចៀស​វាង​ការ​រិះ​គន់​ពី​មហា​ជន។ ​ប៉ុន្តែ​អ្នក​ជំនាញ​ចង់​ឃើញ​ក្រុម​ប្រឹក្សា​មួយ​នេះ​អាច​បំពេញ​ការងារ​បាន​ដោយ​ឯករាជ្យ។​

លោក ណុប វី ​នាយក​ប្រតិបត្តិ​សមាគម​សម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា ​ហៅ​កាត់​ថា​ ខេមបូចា ​ដែល​មាន​សមាជិក​ជា​អ្នក​សារ​ព័ត៌មាន​ផង​ដែរ​នោះ​ ​បាន​លើក​ឡើង​ថា ​ការ​បង្កើតក្រុម​ប្រឹក្សា​ក្រម​សីល​ធម៌​នេះត្រូវ​តែ​មាន​ការ​ជជែក​គ្នា​ពី​គ្រប់​ភាគី​ពាក់​ព័ន្ធ។​ លោក​បន្ថែម​ថា ​អ្នក​ពាក់ព័ន្ធ​ក៏​ត្រូវ​ពិនិត្យ​មើល​អំពី​សមាស​ភាព ​និង​សមត្ថ​ភាព​របស់​ក្រុម​ប្រឹក្សាក្រម​សីល​ធម៌​មួយនេះ​ឱ្យ​បាន​ដិត​ដល់​ផង​ដែរ។​

លោក​ថ្លែង​ថា៖ ​«អ្វីដែល​យើង​ចង់​ឱ្យ​គ្រប់​ភាគី​ពាក់​ព័ន្ធ​ពិនិត្យ ​និង​រៀប​ចំ​បង្កើត​ក្រុម​ប្រឹក្សា​ហ្នឹង​គឺ​ ​[ទីមួយ] រឿង​ទាក់​ទង​ជាមួយ​នឹង​សមត្ថភាព ​លទ្ធភាព​របស់​ក្រុម​ប្រឹក្សា​ហ្នឹង។ ​ទីពីរ ​សមាស​ភាព​ក្រុម​ប្រឹក្សា​ហ្នឹង ​ហើយ​ប្រសិទ្ធ​ភាព ​និង​ការ​គ្រប​ដណ្តប់​នៃ​ការ​ងារ​របស់​ក្រុម​ប្រឹក្សា​ហ្នឹង​ ដើម្បី​ធានា​អំពី​សេរី​ភាព​របស់​សារ​ព័ត៌មាន​ ដើម្បី​ធានា​អំពី​ប្រសិទ្ធ​ភាព​ការងារ​របស់​អ្នក​សារ​ព័ត៌មាន​ ហើយ​នឹង​ការ​ជួយ​ជ្រោម​ជ្រែង​កម្រិត​វិជ្ជាជីវៈអ្នក​សារ​ព័ត៌មាន​របស់​យើង»។​

លោក ​អ៊ិត សូធឿត ​នាយក​ស្តីទី​នៃ​មជ្ឈ​មណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ​ ហៅ​កាត់​ថា ​CCIM ​ប្រាប់​វីអូអេ​ថា​ ការ​បង្កើត​ក្រុម​ប្រឹក្សា​ក្រម​សីល​ធម៌​សារ​ព័ត៌មាន​នេះ គឺ​ទាម​ទារ​ឱ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ និង​ការ​ប្រុង​ប្រយត្ន័ខ្ពស់ ​ព្រោះ​បើការ​បង្កើត​នេះ​មិន​អាច​បម្រើ​ប្រយោជន៍​ក្នុង​វិស័យ​សារ​ព័ត៌មាន​បាន​នោះ​ គឺ​វា​អាចទៅ​ជា​រឿង​គ្រោះ​ថ្នាក់​ទៅវិញ។​ ដូច្នេះ​លោក​ថា​ ត្រូវ​តែ​មាន​ការ​ចូល​រួម​ពី​គ្រប់​ភាគី​ពាក់​ព័ន្ធ​ជា​ជាង​ឱ្យ​ស្ថាប័ន​ណា​មួយ​ជា​អ្នក​បង្កើត។​

​លោក​ថ្លែង​ថា៖ ​«សម្រាប់​ខ្ញុំ​គិត​ថា​ ដើម្បី​ការ​បង្កើត​ក្រុម​ប្រឹក្សា​ក្រម​សីល​ធម៌​សារ​ព័ត៌មាន​នេះ​មួយ​ ជា​ទូទៅប្រហែល​ជា​គួរមាន​ការ​ចូល​រួម​ជា​មួយ​គ្រប់​ភាគី​ពាក់​ព័ន្ធ​ ជា​ជាង​ឱ្យ​ស្ថាប័ន​ណា​មួយ​ ជា​អ្នក​បង្កើត​ ឬ​ក៏​ជា​អ្នក​សម្រប​សម្រួល ​ដោយ​សារ​តែ​វិស័យ​សារ​ព័ត៌មាន​វា​គឺ​ជាវិស័យ​ឯករាជ្យ​មួយ ​ដែល​ត្រូវ​មាន​ ទទួល​បានឯករាជ្យ​ភាព​ពេញ​លេញ»។​

លោក​ ពុយ គា ​ប្រធាន​ក្លឹប​អ្នក​កាសែត​កម្ពុជា​(CCJ)​ដែល​ទើប​ចូល​កាន់​តំណែង ​ថ្លែង​ថា​ គម្រោង​បង្កើត​ក្រុម​ប្រឹក្សា​ក្រម​សីល​ធម៌​សារ​ព័ត៌មាន​នេះ​មាន​យូរ​មក​ហើយ​ ប៉ុន្តែ​វា​ត្រូវ​បាន​រាំង​ស្ទះ ​និងមិន​អាច​ទៅ​រួច ​ដោយ​សារ​«មហិច្ឆតា​ធំ​ពេក» ​ព្រោះ​ពេល​នោះ ​ក្លឹប​អ្នក​កាសែត​កម្ពុជា​ចង់​ឱ្យ​សមាគម​សារព័ត៌មាន​ ដែល​ពាក់​ព័ន្ធ​ទាំង​អស់​ចូល​រួម។​ ប៉ុន្តែ​លោក​ថា​ ពេល​នេះ​គឺ​ប្តូរ​មក​ចាប់​ផ្តើម​ពី​សមាជិក​របស់​ក្លឹប​អ្នក​កាសែត​កម្ពុជា​ជា​មុន​សិន ​រួច​ចាំ​ទៅ​ប្រមូល​ធាតុ​ចូល​ពី​ភាគី​ពាក់ព័ន្ធដើម្បី​អាច​ឱ្យ​ចេញ​រូប​រាងនៃ​ក្រុម​ប្រឹក្សា​ក្រម​សីល​ធម៌​សារ​ព័ត៌មាន​នេះ។​

លោក​ ពុយ គា ​ដែល​ជា​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​ឱ្យ​សារ​ព័ត៌មាន​ជប៉ុន​ឈ្មោះ​ Kyodo​ ប្រាប់​វីអូអេ​ថា​ គណៈ​កម្មាធិការ​នាយក​ក្លឹប​អ្នក​កាសែត​កម្ពុជា ​នៅ​ថ្ងៃ​សុក្រ​នេះ ​បាន​សម្រេច​បង្កើតគណៈ​កម្មការ​ចំពោះ​កិច្ច​មួយ​ដើម្បី​សិក្សា​ស្រាវ​ជ្រាវ​ក្រម​សីល​ធម៌​ពី​បណ្តា​ប្រទេស​ផ្សេង​ទៀត​ក្នុង​តំបន់​អាស៊ាន​ និង​ប្រទេស​ជា​ច្រើន​ទៀត ​ដើម្បីយក​មក​បំពេញ​បន្ថែម​លើ​ក្រម​សីលធម៌​របស់​ក្លឹប​អ្នក​កាសែត​កម្ពុជា ​ឱ្យ​មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន ​មុន​នឹង​ទៅ​បង្កើត​គណៈ​កម្មការមួយ​ទៀត​ ដែល​រួម​មាន​អ្នក​ចូល​រួមមក​ពីស្ថាប័ន​ពាក់​ព័ន្ធ​ ជា​ពិសេស​ក្រសួង​ព័ត៌មាន​ ​និង​អ្នក​ច្បាប់​ ​ដើម្បី​សិក្សា​ស៊ី​ជម្រៅ​ និង​ធ្វើ​បទ​បញ្ញត្តិ​នានា​ដើម្បី​ទៅ​បង្កើត​ក្រុម​ប្រឹក្សា​ក្រមសីល​ធម៌​សារ​ព័ត៌មាន ដែលអាចឱ្យគ្រប់​ភាគី​ទាំង​អស់​ទទួល​យក​បាន។​

លោក​ថ្លែង​ថា៖ ​«អ៊ីចឹង​ហើយ​បាន​ចាំ​បាច់ត្រូវ​ចាប់​ផ្តើម​ពី​ក្រម​សីល​ធម៌​របស់​ក្លឹប​នេះ​ទៅ​ ហើយ​បន្ទាប់​មក​យើង​នឹង​ចាប់​ផ្តើម​អនុវត្ត​ជាមួយ​សមាជិក​ សមាជិកា​របស់​ក្លឹប​អ្នក​កាសែត​កម្ពុជា​ ដែល​មាន​ចំនួន​៥០០​នាក់​ជាង ​មក​ពី​ជិត​២០០​ស្ថាប័ន​នេះ»។​

លោក​បន្ថែម​ថា ​ក្រោយ​ពី​ការ​ប្រមែ​ប្រមូល​ធាត់​ចូល​នូវ​ក្រម​សីលធម៌​ពី​បណ្តា​ប្រទេស​នានារួ​ច​មក ​ក្លឹប​អ្នក​កាសែត​នឹង​រៀបចំ​ឱ្យ​មាន​គណៈ​កម្មាការ​មួយ​ទៀត​ដែលរួម​មាន​ភាគី​ពាក់​ព័ន្ធ​ ដើម្បី​ឈាន​ទៅបង្កើត​ក្រុម​ប្រឹក្សា​ក្រម​សីលធម៌​សារ​ព័ត៌មាន។​

លោក​បញ្ជាក់​ថា៖ ​«បន្ទាប់​ពី​នោះ​យើង​បាន​អស់​ហើយ​ យើង​នឹង​បង្កើត​គណៈ​កម្មាការ​ធំ​មួយ​ទៀត​ ដោយ​មាន​ការ​ចូលរួម​ពី​សមាគម​ដទៃៗ​ទៀត ​មាន​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ដទៃ​ ដូចជា​ក្រសួង​ព័ត៌មាន ដែល​លោក​មាន​ជំនាញ​ខាង​ផ្នែក​ព័ត៌មាន​នឹង​ស្រាប់​ ក៏ដូច​ជា​ខាង​ផ្នែក​ច្បាប់​ មេធាវី​ដើម្បី​ឱ្យ​លោក​ចូល​រួម​ជា​មួយ​ក្នុង​ការ​ធ្វើ​បញ្ញត្តិ​ ឬ​មួយ​ក៏​កម្រិត​ពី​លក្ខន្តិកៈ​ទាំង​អស់​ដែល​ពាក់​ព័ន្ធ​ទៅ​នឹង​ទិដ្ឋភាព​ច្បាប់​ផង ​ទាក់ទង​ទៅនឹង​ក្រម​សីល​ធម៌ ​និង​វិជ្ជាជីវៈ​សារ​ព័ត៌មាន​ផង ​ដើម្បី​ឱ្យការ​បង្កើត​ក្រុម​ប្រឹក្សា​នេះ​ទៅ​មាន​ជា​លក្ខណៈ​ច្បាប់​ ទូលំ​ទូលាយ ​ហើយ​មាន​ការ​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ផង»។​

បើ​តាម​លោក​ ពុយ គា ​ក្លឹប​អ្នក​កាសែត​កម្ពុជានឹង​រៀបចំ​វេទិកា​មួយ​នា​ដើម​ខែ​មេសា​ខាង​មុខ​នេះ​ ដើម្បី​ធ្វើ​បទ​បង្ហាញ​ផ្សព្វ​ផ្សាយ ​ក្រម​សីល​ធម៌​រួម ​ទៅ​កាន់​សមាជិក​ក្លឹប​ ដើម្បី​ឱ្យ​សមាជិក​យក​ទៅ​អនុវត្ត។​

បើ​តាម​លោក ​ពុយ គា ​ដោយ​សារ​តែ​ក្រសួង​ព័ត៌មាន​មិន​ចង់​ប៉ះពាល់​ដល់​សេរី​ភាព​សារ​ព័ត៌មាន​ ​ដែល​ទាក់​ទងចំណាត់​ការ​លើ​ក្រម​សីល​ធម៌​អ្នក​សារ​ព័ត៌មាន ​ ទើប​ក្រសួង​ប្រគល់​កិច្ច​ការ​នេះ​ឱ្យ​ក្លឹប​អ្នក​កាសែត​កម្ពុជា​ជា​អ្នក​ប្រតិបត្តិ។​

លោក​ពុយ គា បន្ថែម​ថា ដោយ​សារ​កន្លង​មក​មាន​ប្រតិកម្ម​ និង​ការរិះគន់​ពី​មហា​ជន​អំពី​ការបំពេញ​ការងារ​របស់​អ្នក​សារ​ព័ត៌មាន​មួយ​ចំនួន​តូច​ថាមិន​បាន​ត្រឹម​ត្រូវ ​និង​បានធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​អ្នក​សារ​ព័ត៌មាន​ដទៃ ​ទើប​ក្លឹប​អ្នក​កាសែត​កម្ពុជា​យល់​ថា ការ​បង្កើត​ក្រុម​ប្រឹក្សា​ក្រម​សីល​ធម៌​នេះ​ ពិត​ជា​រឿង​សំខាន់ណាស់​ ដែល​ត្រូវ​តែ​ពង្រឹង​ក្រម​សីល​ធម៌ ​និង​វិជ្ជាជីវៈ​អ្នក​សារ​ព័ត៌មាន​នៅ​កម្ពុជា​ ​តាម​រយៈ​កែ​តម្រូវ តម្រង់​ទិស ​និង​ដាក់​ពិន័យ​អ្នក​សារ​ព័ត៌មាន​ជា​ដើម។​

អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន​ លោក មាស សុភ័ណ្ឌ​ ធ្លាប់​ប្រាប់​វីអូអេ​ថា​ គម្រោង​បង្កើត​ក្រុម​ប្រឹក្សា​ក្រម​សីល​ធម៌​វិជ្ជាជីវៈ​សារ​ព័ត៌មាន​នេះ ​ក្រសួង​មិន​មាន​ការ​បដិសេធ​អ្វី​ឡើយ ​ឱ្យ​តែ​គំនិត​ផ្តួច​ផ្តើម​នោះ​ស្រប​ទៅ​តាម​ច្បាប់​របស់​ប្រទេស​កម្ពុជា។ ​ហើយ​លោក​រំពឹង​ថា ​គំនិត​ផ្តួច​ផ្តើម​នេះ​នឹង​ក្លាយ​ជា​យន្តការ​ដ៏​សំខាន់​នៅ​ក្នុង​ការ​វាយ​តម្លៃ​ការ​អនុវត្ត​ក្រម​សីលធម៌​វិជ្ជាជីវៈ​រប​ស់​អ្នក​សារ​ព័ត៌មាន។​

គួរ​បញ្ជាក់​ថា ​កាល​ពី​ខែ​សីហា ​ឆ្នាំ​២០២១ ​ក្រសួង​ព័ត៌មាន​បាន​បង្កើត​គណៈ​កម្មការ​មួយ ​ដែល​មាន​សមាស​ភាព​ពី​មន្រ្តី​ជាន់​ខ្ពស់​របស់​ក្រសួង ​និង​សមាគម​អង្គការ​សារ​ព័ត៌មាន​មួយ​ចំនួន​ដើម្បី​វាយ​តម្លៃ​ការ​អនុវត្ត​ក្រម​សីលធម៌​របស់​អ្នក​សារ​ព័ត៌មាន ​និង​ស្ថាប័ន​សារ​ព័ត៌មាន។ ​គណៈ​កម្មការ​នេះ​នឹង​ដើរ​តួនាទី​ជា​អ្នក​តាម​ដាន ​វាយ​តម្លៃ ​និង​លើក​សរសើរ​អ្នក​សារ​ព័ត៌មាន ​និង​អង្គភាព​សារ​ព័ត៌មាន ​ដែល​អនុវត្ត​ត្រឹម​ត្រូវ​តាម​ក្រម​សីល​ធម៌​វិជ្ជាជីវៈ​សារ​ព័ត៌មាន។ ​ប៉ុន្តែ​គណៈ​កម្មការ​ក៏​អាច​វាយ​តម្លៃ​ឈាន​ដល់​ការ​«ដាក់​វិន័យ»​ចំពោះ​អ្នក​សារ​ព័ត៌មាន ​និង​អង្គភាព​សារ​ព័ត៌មាន​ ដែល​ប្រព្រឹត្ត​ល្មើស​ក្រម​សីល​ធម៌​វិជ្ជាជីវៈ​ផង​ដែរ។ គណៈ​កម្មការ​ក៏​មាន​ភារកិច្ច​ក្នុង​ការ​ពិនិត្យ​មើល​ការ​តវ៉ា​ពី​សាធារណ​ជន​ ឬ​អង្គភាព​ស្ថាប័ន​នានា ​ដោះ​ស្រាយ​បណ្តឹង​តវ៉ា​ដែល​ទាក់​ទង​នឹង​ក្រម​សីលធម៌​វិជ្ជាជីវៈ​សារ​ព័ត៌មាន​រវាង​អ្នក​សារ​ព័ត៌មាន ​អង្គភាព​សារ​ព័ត៌មាន​ ជា​មួយ​បុគ្គល ​ឬក្រសួង​ស្ថាប័ន ​ឬ​អ្នក​សារ​ព័ត៌មាន ​អង្គភាព​សារ​ព័ត៌មាន។​

ប៉ុន្តែ​អ្នក​ធ្វើ​ការ​លើ​ផ្នែក​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​បាន​រិះគន់​គណៈ​កម្មការ​មួយ​នេះ​ថា ​មិន​អាច​បំពេញ​តួនាទី​ដោយ​ឯករាជ្យ​បាន​ឡើយ ​ដោយ​សារ​ស្ថិត​នៅ​ក្រោម​ក្រសួង​ព័ត៌មាន៕

XS
SM
MD
LG