ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជនភៀសខ្លួនអ៊ុយក្រែនបាត់បង់ទីលំនៅរាប់លាននាក់កំពុងប្រឈមអនាគតមិនប្រាកដប្រជា


ពលរដ្ឋអ៊ុយក្រែននៅក្រុង Pokrovsk ​ភៀសខ្លួន​ចេញពីក្រុង ខណៈរុស្ស៊ីបានវាយដណ្តើម​កាន់កាប់​ទីក្រុង Avdiivka នៅតំបន់ Donetsk នៃប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤។
ពលរដ្ឋអ៊ុយក្រែននៅក្រុង Pokrovsk ​ភៀសខ្លួន​ចេញពីក្រុង ខណៈរុស្ស៊ីបានវាយដណ្តើម​កាន់កាប់​ទីក្រុង Avdiivka នៅតំបន់ Donetsk នៃប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤។

ការ​សិក្សា​នា​ពេល​ថ្មីៗ​នេះ​ដោយ​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុកលើ​សិទ្ធិ​មនុស្ស​ ហៅ​កាត់​ថា UNHCR បាន​ព្រមាន​ថា ជនភៀសខ្លួន​អ៊ុយក្រែន​ និង​អ្នក​បាត់បង់​ជម្រក​រាប់​លាន​នាក់​កំពុង​ប្រឈម​នឹង​ភាព​មិន​ប្រាកដប្រជា​ ស្រប​ពេល​អ៊ុយក្រែន​ឈាន​ជើង​ចូល​ក្នុង​ឆ្នាំ​ទី​បី​នៃ​សង្រ្គាម​ជាមួយរុស្ស៊ី និង​ការ​តស៊ូ​ដើម្បី​បន្ត​រស់រាន​របស់​អ៊ុយក្រែន​កំពុងប្រឈម​នឹង​ការ​ក្លាយ​ជា​វិបត្តិ​កាន់​តែ​រ៉ាំរ៉ៃ។

ប្រធាន​ប្រចាំ​តំបន់​របស់​ទីភ្នាក់ងារ​ UNHCR នៅ​អឺរ៉ុប​ លោក Philippe Leclerc បាន​និយាយ​ក្នុង​ពេល​ថ្មីៗ​នេះ​ក្នុង​សម្តី​ដើម​ថា៖ «បន្ទាប់​ពី​សង្រ្គាម​ទ្រង់ទ្រាយ​ធំ​រយៈពេល​ពីរ​ឆ្នាំ​នៅ​អ៊ុយក្រែន​ ខណៈ​ពេល​មាន​ការ​បំផ្លិចបំផ្លាញ​ដ៏​មហិមា និង​ការ​បាញ់​ប្រហារ​ដោយ​យុទ្ធភណ្ឌ​ធុន​ធ្ងន់ ក៏ដូច​ជា ការ​វាយប្រហារដោយ​គ្រាប់​មីស៊ីល​នៅ​ទូទាំង​ប្រទេស​ អនាគត​របស់​មនុស្ស​រាប់​លាន​នាក់ ដែល​បាន​បាត់បង់​ទីជម្រក ​នៅ​តែ​ក្រសោប​ក្នុង​ភាព​មិន​ប្រាកដប្រជា»។

ថ្លែង​នៅ​ក្រុង​អាថែន ប្រទេស​ក្រិក លោក Leclerc បាន​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ក្រុង​ហឺ្សណែវ​ថា ការ​រក​ឃើញនៅ​ដំណាក់កាល​បឋម​នៃ​ការ​សិក្សា​បង្ហាញ​ថា ភាគ​ច្រើន​នៃ​អ្នក​ដែល​ត្រូវ​បាន​ស្ទង់មតិ​បាន​បង្ហាញ​បំណងវិលត្រឡប់​មក​មាតុភូមិ​វិញ​នៅ​ថ្ងៃ​ណា​មួយ។ លោក​បាន​កត់សម្គាល់​ថា «ចំនួន​នេះ​បាន​ថយ​ចុះ ដោយសារ​តែ​មនុស្ស​កាន់តែ​ច្រើន​បាន​បង្ហាញ​ភាព​មិន​ប្រាកដប្រជា​ដោយសារ​តែ​សង្រ្គាម​កំពុង​នៅបន្ត​កើតឡើង»។

ការ​សិក្សា​របស់​ទីភ្នាក់ងារ​ UNHCR គឺ​ផ្អែក​លើ​បទសម្ភាសន៍​ ដែល​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ខែ​មករា និង​ខែ​កុម្ភៈ​ ជាមួយ​នឹង​ជនភៀសខ្លួន​អ៊ុយក្រែន អ្នក​បាត់បង់​ទីលំនៅ​ក្នុង​ប្រទេស និងសមាជិក​គ្រួសារ​អ្នក​វិលត្រឡប់​មក​វិញ​ទាំង​នៅ​ក្នុង​និង​ក្រៅ​ប្រទេស ​ប្រមាណ ៩.៩០០​នាក់។

លោក Leclerc បាន​ថ្លែង​ថា៖ «អ្នក​ដែល​បាត់បង់​ទីលំនៅ ដែល​ត្រូវ​បាន​ស្ទង់មតិ​ បាន​លើកឡើង​ពី​អសន្តិសុខ​ដែល​កំពុង​កើត​មាន​នៅ​អ៊ុយក្រែន ជា​កត្តា​ចម្បង​នៅ​ក្នុង​ការ​រារាំង​ការ​វិលត្រឡប់​របស់​ពួកគេ ស្រប​ពេល​ការ​ព្រួយបារម្ភ​ដទៃ​ទៀត​រួម​មាន កង្វះខាត​ឱកាស​សេដ្ឋកិច្ច និង​បញ្ហា​ទី​លំនៅ»។

ថ្ងៃ​សៅរ៍​ ទី​២៤ កុម្ភៈ នេះ​កំណត់​ជា​ខួប​ពីរ​ឆ្នាំ​នៃ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន។ នៅ​ក្នុង​ការ​រំឭក​ដ៏​ច្បាស់​មួយ​ពី​ការ​ខាតបង់ដោយ​សង្រ្គាម ការិយាល័យ​អង្គការ​សហប្រជាជាតិ​សម្រាប់​ការ​សម្របសម្រួល​កិច្ចការ​មនុស្សធម៌ (OCHA) និយាយ​ថា ជនស៊ីវិល​យ៉ាង​ហោច​ណាស់​ ១០.០០០​នាក់​ត្រូវ​បាន​សម្លាប់ ហើយ​ជាង ១៨.០០០​នាក់​បាន​រង​របួស។ ជន​អ៊ុយក្រែន​ជិត​ ៦.៥​លានាក់​បាន​ស្វែងរក​ទី​ស្នាក់អាស្រ័យ​នៅ​ទូទាំង​សាកលលោក ខណៈមនុស្ស​ប្រមាណ ៣.៧​លាន​នាក់ត្រូវ​បាត់បង់​ទីលំនៅ​ដោយ​បង្ខំ​នៅក្នុង​ប្រទេស។

លោក​ Leclerc បាន​ថ្លែង​ថា៖ «ស្រប​ពេល​សង្រ្គាម​រំកិល​ទៅ​មុខ ស្ថានភាព​មនុស្សធម៌​នៅ​តែ​អាក្រក់​ខាង​ក្នុង​អ៊ុយក្រែន ជាទី​ដែល​ប្រជាជន​ប្រមាណ ៤០​ភាគរយ ឬ​១៤,៦​លាន​នាក់ កំពុង​ត្រូវ​ការ​ជំនួយ​មនុស្សធម៌​ និង​ការ​ការពារ» ដោយ​លោកកត់សម្គាល់​ថា ​សប្តាហ៍​នេះ​ក៏កត់សម្គាល់រយៈ​ពេល ១០ឆ្នាំ​ចាប់តាំង​ពី «សង្រ្គាម​នៅ​ភាគខាងកើត​អ៊ុយក្រែន​បាន​ចាប់ផ្តើម» ផងដែរ។

បើ​ទោះ​បី​ជា​សង្រ្គាម​មិនបាន​បង្ហាញ​សញ្ញា​ស្រាកស្រាន្ត​ លោក Leclerc ​ថា ជនភៀសខ្លួន​អ៊ុយក្រែន​ ៥៩​ភាគរយ​ដែល​ត្រូវ​បាន​ស្ទង់មតិ​និយាយ​ថា ពួកគេ​មាន​ការ​ជំរុញ​ចិត្ត​នឹង​វិលត្រឡប់​មក​មាតុភូមិ​វិញ «ប្រសិន​បើ​ពួកគេ​បន្ត​ប្រឈម​នឹង​បញ្ហា​ប្រឈម​ផ្សេងៗ​នៅ​ក្នុង​ប្រទេស​ដែល​ពួកគេ​កំពុង​ស្នាក់​អាស្រ័យ ដែល​ភាគច្រើន​ពាក់ព័ន្ធ​នឹង​ឱកាស​ការងារ​ និង​ស្ថានភាព​ផ្លូវច្បាប់»។

ដោយ​ឡែក​ លោក Leclerc បាន​លើកឡើង​ថា ការ​សិក្សា​បង្ហាញ​ថា បើទោះ​បី​ជា​មាន​ការ​ប្រយុទ្ធ​គ្នា ជនភៀសខ្លួន​មួយ​ចំនួន​ស្ម័គ្រចិត្ត​វិលត្រឡប់​មក​មាតុភូមិ​វិញ ដោយសារ​តែ​បញ្ហា​ប្រឈម​ដែល​ពួកគេ​ជួបប្រទះ​នៅ​ក្រៅ​ប្រទេស។ នេះ​គឺ​ ដោយសារ​ការ​បែកចេញ​ពី​គ្រួសារ និង​ភាព​សោកសៅ​របស់​ពួកគេ​ចំពោះ​ការណ៍​ដែល​បុរស​ក្នុង​គ្រួសារ​មួយ​ចំនួន​បន្ត​ស្ថិត​នៅ​អ៊ុយក្រែន។

លោក​បាន​ថ្លែង​ថា៖ «របាយការណ៍​បង្ហាញ​ថា ការ​ជួបជុំ​គ្រួសារ​ឡើង​វិញ​ គឺ​ជា កត្តា​ជំរុញ​ចម្បង​សម្រាប់​ជនភៀសខ្លួន ដែល​បាន​វិលត្រឡប់​មក​មាតុភូមិ​វិញ​ជា​អចិន្ត្រៃយ៍»។

លោក Dusan Vujasanin ជា​ប្រធាន​ការិយាល័យ​តាមដាន​នៃ​គណៈកម្មាធិការ​អន្តរជាតិ​កាកបាទក្រហម​ (ICRC) ដែល​តាមដាន​ជម្លោះ​ប្រដាប់​អាវុធ​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន។ លោក​និយាយ​ថា ការងារ​របស់​លោក​គឺ​ ស្វែងយល់​ពី​ជោគវាសនា និង​ទីកន្លែង​របស់​អ្នក​ដែល​បាត់ខ្លួន​នៅ​ក្នុង​ជម្លោះ​នេះ។

លោក​បាន​ថ្លែង​ថា​ មក​ទល់​ពេល​នេះ «នៅ​មាន​មនុស្ស​ ២៣.០០០​នាក់ ដែល​ត្រូវ​បាន​រាយការណ៍​ទៅ​កាន់​គណៈកម្មាធិការ​អន្តរជាតិ​កាកបាទក្រហម​ថា​ បាន​បាត់ខ្លួន ហើយ​ចំនួន​នេះ​បន្ត​កើន​ឡើង»។

លោក Vujasanin និយាយ​ថា ទាំង​រុស្ស៊ី និង​អ៊ុយក្រែន​ បាន​គោរព​តាម​កាតព្វកិច្ច​ចែង​ក្រោម​សន្ធិសញ្ញា​ក្រុង​ហ្សឺណែវ ឱ្យ​បង្កើត​ការិយាល័យ​ព័ត៌មាន​ជាតិ។

លោក Vujasanin បាន​បន្ត​ថា អ្នក​ដែល​ស្វែងរក​សមាជិក​គ្រួសារ​បាន​ទាក់ទង​ទៅ​គណៈកម្មាធិការ​អន្តរជាតិ​កាកបាទក្រហម​ប្រចាំថ្ងៃ។ លោក​បាន​ថ្លែងក្នុង​សម្តី​ដើម​ថា៖ «យើង​ត្រូវ​បានគ្រួសារ​នានា​ទាក់ទង​មក​នៅ​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​មក​នេះ​ជាង ១០០.០០០​ដង ហើយ​នៅ​ក្នុង​រយៈពេល​នោះ យើង​បាន​បើក​សំណើ​ជាង ៣១.០០០ ដើម្បី​ស្វែងរក​អ្នក​បាត់ខ្លួន»។

លោក​បាន​និយាយ​ទៀតថា មក​ទល់​ពេល​នេះ គណៈកម្មាធិការ​អន្តរជាតិ​កាកបាទក្រហម​អាច​បញ្ជាក់​ពី​ជោគវាសនា​មនុស្ស​ ៨.០០០​នាក់ នៅ​ក្នុង​ចំណោម​អ្នក​បាត់ខ្លួន ៣១.០០០​នាក់ ហើយ​បាន​ផ្តល់​ព័ត៌មាន​ដល់​គ្រួសារ​ពី​ជោគវាសនា និង​ទីកន្លែង​របស់​ពួកគេ។

ប៉ុន្តែ​លោក​បាន​លើកឡើង​ថា ការងារ​នេះ​នៅ​មិនទាន់​ចប់​នៅ​ឡើយ​ទេ ដោយសារ​នៅ​មាន ២៣.០០០​គ្រួសារ​ ដែល​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ពី​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​សាច់​ញាតិ​របស់​ពួកគេ​នៅ​ឡើយ៕

ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG