ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ស ខេង ថា ចលនា​សង្គ្រោះ​ជាតិ​ខុសច្បាប់ និង​បំផ្លាញ​ប្រជាធិបតេយ្យ


ឯកឧត្តម ស ខេង ដើរចេញពីវិមានរដ្ឋសភាបន្ទាប់ពី កិច្ចប្រជុំពេញអង្គពិភាក្សានិងអនុម័តលើសេចក្តីស្នើច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាកាលពីថ្ងៃអង្គារ ទី២០ មិថុនា ២០១៧ វិមានរដ្ឋសភា ទីក្រុងភ្នំពេញ។ (កាន់ វិច្ឆិកា/VOA)
ឯកឧត្តម ស ខេង ដើរចេញពីវិមានរដ្ឋសភាបន្ទាប់ពី កិច្ចប្រជុំពេញអង្គពិភាក្សានិងអនុម័តលើសេចក្តីស្នើច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាកាលពីថ្ងៃអង្គារ ទី២០ មិថុនា ២០១៧ វិមានរដ្ឋសភា ទីក្រុងភ្នំពេញ។ (កាន់ វិច្ឆិកា/VOA)

លោក ស ខេង ថ្លែង​ថា​ ​ទាំង​លោក​ ​សម រង្ស៊ី​ ​និង​លោក​ ​កឹម សុខា​ ​ព្រមទាំង​បក្សពួក​ផ្សេង​ទៀត​ ​សុទ្ធ​តែ​ប្រឈម​នឹង​ការ​ទទួល​ទោស​ ​បើ​ទោះបី​ជា​លោក​ ​កឹម សុខា​ ​ប្រកាស​​មិន​ចូល​រួម​ជាមួយ​ចលនា​នេះ​ក៏​ដោយ។

លោក​ ​ស ខេង​ ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ប្រកាស​ថា​ អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​លោក​ ​សម រង្ស៊ី​និង​លោក​ ​កឹម សុខា​ ​ព្រមទាំង​អ្នកពាក់ព័ន្ធ​ផ្សេងទៀត​ ​សុទ្ធ​តែ​ប្រឈម​នឹង​ការ​មាន​ទោសដោយ​សារការ​បង្កើត​ចលនា​សង្គ្រោះ​ជាតិ​ ​បើ​ទោះបី​ជា​លោក​ ​កឹម សុខា​ ​អះអាង​ថា​មិន​ចូលរួមជាមួយ​ចលនា​នេះ​ក្តី។​

ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ​២០១៧​ ​និង​លើក​ទិសដៅ​សម្រាប់​ឆ្នាំ​២០១៨​ ​របស់​សាលា​ខេត្ត​បាត់ដំបង​ ​កាលពីថ្ងៃទី​២៣ ខែ​មករា​នេះ​ លោក​ ​ស ខេង​ ​ថ្លែងថា​ ការបង្កើត​ចលនា​សង្គ្រោះ​ជាតិ​ ​ដោយ​លោក​ ​សម រង្ស៊ី​ ​អតី​ត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​នីរទេស​ខ្លួន​នៅ​បរទេស​ ​គឺ​ជា​ចលនា​ខុសច្បាប់​ ​និង​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។​ ​លោក​ ​បន្ថែម​ថា​ ​ទាំង​លោក​ ​សម រង្ស៊ី​ ​និង​លោក​ ​កឹម សុខា​ ​ព្រមទាំង​បក្សពួក​ផ្សេង​ទៀត​ ​សុទ្ធ​តែ​ប្រឈម​នឹង​ការ​ទទួល​ទោស​ ​បើ​ទោះបី​ជា​លោក​ ​កឹម សុខា​ ​ប្រកាសមិន​ចូល​រួម​ជាមួយ​ចលនា​នេះ​ក៏​ដោយ។​

​លោក​ ​ស ខេង​ ​មាន​ប្រសាសន៍​បន្ថែម​ថា៖

«ចូល​រួម​ឬ​មិន​ចូលរួម​ក៏​ដោយ​ក៏​ខុស​ច្បាប់​ដូចគ្នា​ទេ។ មិន​ចូល​រួម​ជា​អ្នក​មាន​គំនិត​មួយ​ថា​ស្រមើ​ស្រម៉ៃ​ថា​ថ្ងៃណាមួយ​សង្គ្រោះ​ជាតិ​នឹង​រស់​ឡើង​វិញ។ បើ​ចូលរួម​ហាក់​ដូច​ទទួល​ស្គាល់​ការ​រំលាយ។ អាហ្នឹង​វា​មិន​ខុស​ដែរ?​ អាហ្នឹង​បាន​ន័យ​ថា ខ្លួន​នៅ​តែ​ស្រមើ​ស្រម៉ៃ​មិន​គោរព​ច្បាប់ ​មិន​គោរព​ការរំលាយ​គណបក្ស។ ប៉ុន្តែ​អ្នក​ដែល​បង្កើត​ជាចលនា​នោះ ​មាន​ន័យ​ថា ​ជា​ស្វ័យ​ប្រវត្តិ​ទទួល​ស្គាល់​ការ​រំលាយ​ហើយ»។

លោក​ ​ស ខេង​ ​បន្ថែម​ថា​ ​ការបោះឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០១៨​ខាងមុខ​ ​នឹង​មាន​គណបក្ស​នយោបាយដើរ​តួ​ជា​គណបក្ស​ប្រឆាំង​ជំនួស​គណបក្ស​សង្គ្រោះ​ជាតិ​ ​ប៉ុន្តែ​លោក​ថា ​នឹង​មិនមាន​វត្តមាន​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ ​ហើយ​ក៏មិន​អាច​មាន​ការ​បង្កើត​គណ​បក្ស​ប្រឆាំង​ថ្មី​ដើម្បី​ចូលរួម​បោះឆ្នោត​នោះ​ដែរ​ ដោយ​លោក​ថា​ ពេល​វេលា​នៃ​ការ​បោះឆ្នោត​កាន់​តែ​ខិត​ជិត​មក​ដល់។​

រូបថត​ទាញ​ចេញ​វីដេអូមួយ​មាន​រយៈពេល​៥​នាទី​ ​ដែល​ត្រូវ​បានបង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ ​សម រង្ស៊ី​ ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ទី​២៧ ខែ​តុលា ឆ្នាំ​២០១៧ ​ដោយ​មាន​លោក​ ​សម រង្ស៊ី​ ​អង្គុយ​ជាមួយ​ក្រុម​តំណាង​រាស្រ្ត​ ​និង​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ជាច្រើន​រូបទៀត ​នៅ​ទី​ក្រុង​រ៉ូម​ ​ប្រទេស​អ៊ីតាលី។ (រូបថត​ទាញ​ចេញ​ពី​វីដេអូ​មួយ​ក្នុង​ទំព័រ​ហ្វេសប៊ុក Sam Rainsy)
រូបថត​ទាញ​ចេញ​វីដេអូមួយ​មាន​រយៈពេល​៥​នាទី​ ​ដែល​ត្រូវ​បានបង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ ​សម រង្ស៊ី​ ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ទី​២៧ ខែ​តុលា ឆ្នាំ​២០១៧ ​ដោយ​មាន​លោក​ ​សម រង្ស៊ី​ ​អង្គុយ​ជាមួយ​ក្រុម​តំណាង​រាស្រ្ត​ ​និង​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ជាច្រើន​រូបទៀត ​នៅ​ទី​ក្រុង​រ៉ូម​ ​ប្រទេស​អ៊ីតាលី។ (រូបថត​ទាញ​ចេញ​ពី​វីដេអូ​មួយ​ក្នុង​ទំព័រ​ហ្វេសប៊ុក Sam Rainsy)

ចលនា​សង្រ្គោះ​ជាតិ​ ​ត្រូវ​បាន​ប្រកាស​បង្កើត​ឡើង​ដោយ​លោក​ ​សម រង្ស៊ី​ ​និង​តំណាងរាស្រ្ត​គណ​បក្ស​សង្គ្រោះ​ជាតិ​ដែល​តុលាការ​កំពូល​បាន​រំលាយ​មួយចំនួន​ទៀត​ ​កាល​ពី​ថ្ងៃ​ទី​១២​ ​ខែ​មករា​ ​ឆ្នាំ​២០១៨​ ​ក្នុង​គោល​បំណង​ស្តារ​ប្រជា​ធិបតេយ្យនៅ​កម្ពុជា​ ​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​ ​លោក​ ​កឹម សុខា​ ​និង​ទាមទារ​ឲ្យ​មាន​ការ​បោះ​ឆ្នោតដោយ​សេរី​ ​និង​យុត្តិធម៌​នៅ​កម្ពុជា។​

ក្រោយ​ការ​បង្កើត​ចលនា​នេះ​បាន​ប៉ុន្មាន​ថ្ងៃ​ ​លោក​ ​កឹម សុខា​ ​អតីត​ប្រធាន​គណបក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​ឃុំ​ ​ព្រមទាំង​អតីតមន្រ្តី​គណបក្ស​ប្រឆាំង​មួយ​ចំនួន​ទៀត​ដែល​គាំទ្រ​លោក​ ​កឹម សុខា​ ​ប្រកាស​មិន​ចូលរួម​ជាមួយ​ចលនា​នេះ។​

លោក​ ​មាស នី​ ​អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​ប្រាប់​ ​VOA​ ​នៅ​ថ្ងៃ​ពុធ​នេះ​ ​ថា​ ​ការ​ប្រកាស​របស់​រដ្ឋា​ភិបាល​ដែលថា​ទង្វើ​ណាមួយ​របស់​គណ​បក្ស​ប្រឆាំង​គឺជា​ទង្វើ​ខុស​ច្បាប់​ ​គឺជា​រឿង​ធម្មតា​សម្រាប់​គូ​បដិបក្ខ​នយោ​បាយ។​ ​ប៉ុន្តែ​លោក​ថា​ ​ការ​មិនស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី​ ​គឺ​ជា​ការព្រួយ​បារម្ភសម្រាប់កម្ពុជា។​

លោក​មាន​ប្រសាសន៍​ថា៖

«ដោយសារ​តែ​វិបត្តិ​ដែល​កើត​មាន​មក​ដល់​ពេល​នេះ ​វា​ជា​វិបត្តិ​នយោបាយ​ យើង​មិន​ឃើញ​ក្រលា​ណាមួយ​ដែល​ថា​វាមាន​ពាក់ព័ន្ធ​នឹង​ផ្លូវ​ច្បាប់​ទាំង​ស្រុង​ទេ ដល់​អញ្ចឹង​ទៅ​កាលណា​រឿង​អីក៏​ដោយ កាលណា​វា​ជា​រឿង​នយោបាយ ​ទោះបីជា​ចេញ​ច្រកណា​ក៏​មិនអាច​គេច​រួច​លុះត្រា​តែ​ស្ថានការណ៍​នយោបាយ​ហ្នឹង​វា​ធូរ​ស្រាល​ឡើង​វិញ​ទើប​បាន​វា​មាន​ដំណោះស្រាយ»។​

លោក មាស នី ​បន្ថែម​ថា ​ការ​បង្កើត​ចលនា​សង្គ្រោះ​ជាតិ​គឺ​ជា​យុទ្ធសាស្រ្តរបស់​អតីត​គណបក្ស​ប្រឆាំង​ក្នុង​ការ​ថែររក្សា​ទំនុក​ចិត្ត​របស់​អ្នក​គាំទ្រ​បន្ទាប់ពី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​ ខណៈ​ដែល​អតីត​ប្រធាន​គណបក្ស​នេះ​មួយ​រូប​កំពុង​នីរទេស​ខ្លួន​នៅ​បរទេស​ ​ហើយ​មួយ​រូប​ទៀត​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ។​

លោក​ ​សម រង្ស៊ី​ ​កាល​ពី​ថ្ងៃ​អាទិត្យ ​បាន​បង្ហោះ​សារ​ជា​អក្សរ​មួយ​លើ​ទំព័រ​ Facebook​ របស់​លោក​ថា ​ចលនា​សង្គ្រោះជាតិ​នឹង​ត្រូវរៀបចំ​បណ្តាញ​របស់​ខ្លួន​នៅ​ទូទាំង​ប្រទេស​ ​ព្រម​ទាំង​បាន​អំពាវនាវ​កុំ​ឲ្យ​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​សំខាន់ៗ​ ​ប្រកាស​ការ​គាំទ្រ​របស់​ខ្លួន​ចំពោះ​ចលនា​នេះ​ជា​សាធារណៈ​ ​ដើម្បី​ធានា​សុវត្ថិភាព​ ​និង​ធានា​ប្រសិទ្ធភាព​ការងារ​របស់​ចលនា​នេះ។ លោក​ ​សម រង្ស៊ី​ ​អះអាង​ថា​ ​ចលនា​នេះ​នឹង​ធ្វើ​ឡើង​ដោយ​អហិង្សា​ ​ប៉ុន្តែ​មន្រ្តី​ជាន់ខ្ពស់រដ្ឋា​ភិបាលបាន​ហៅ​ចលនា​សង្គ្រោះ​ជាតិនេះ​ ថា​ជា​ ​«អំពើភេរវកម្ម»​ ​ដែល​ត្រូវ​តែ​កម្ទេចចោល។​

ចលនា​សង្គ្រោះ​ជាតិ ​បង្កើត​ឡើង​បន្ទាប់​ពី​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​ កាលពី​ពាក់​កណ្តាល​ខែ​វិច្ឆិកា​ឆ្នាំ​មុន ​ហើយ​មន្រ្តី​ជាន់​ខ្ពស់​ ​និង​តំណាងរាស្រ្ត​មួយ​ចំនួន​ទៀត​របស់​គណ​បក្ស​នេះ​ត្រូវ​បាន​ហាមឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​ម្នាក់ៗ​ចំនួន​៥​ឆ្នាំ​ ​ទៅ​តាម​បណ្តឹង​របស់​ក្រសួង​មហា​ផ្ទៃ​ដោយ​ចោទ​ថា​ ​គណបក្ស​នេះ​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​បរទេស​រៀបចំ​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិ​បាល៕

XS
SM
MD
LG