ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ពន្ធនាគារ លោក កឹម សុខា បានលើកឡើងថា លោកមិនចូលរួម និងគាំទ្រចលនានយោបាយថ្មី ដែលបង្កើតឡើងដោយលោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សនោះទេ។ នេះបើយោងតាមមេធាវីរបស់លោក កឹម សុខា។
អតីតមន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិដែលជាគណបក្សត្រូវបានតុលាការកំពូលរំលាយកាលពីខែវិច្ឆិកា ឆ្នាំមុន មានដូចជាលោក សម រង្ស៊ី លោក អេង ឆៃអ៊ាង អ្នកស្រី មូរ សុខហួរ និងមន្រ្តីទទួលបន្ទុកនៅក្រៅប្រទេសមួយចំនួនទៀត កាលពីពេលថ្មីៗនេះ បានប្រកាសបង្កើតចលនាសង្រ្គោះជាតិ (Cambodia National Rescue Movement) ក្នុងគោលបំណងស្តារស្ថានការណ៍នយោបាយនៅកម្ពុជា។
ពួកគេលើកឡើងថា ចលនានេះនឹងធានាឲ្យមានការឯកភាពនៃគ្រប់អ្នកប្រជាធិបតេយ្យទាំងអស់ ដើម្បីទាមទារឲ្យមានការដោះលែងលោក កឹម សុខា និង«អ្នកទោសមនសិការទាំងអស់» ព្រមទាំងទាមទារឲ្យមានការបោះឆ្នោតដោយ សេរី ត្រឹមត្រូវ និងយុត្តិធម៌។ ចលនានេះមិនមានការចូលរួមពីមន្រ្តីដែលមានអតីតភាពជាមួយលោក កឹម សុខា នោះទេ។
មេធាវីរបស់លោក កឹម សុខា គឺលោក ផេង ហេង ដែលបានសួរសុខទុក្ខលោក កឹម សុខា កាលពីថ្ងៃសុក្រ បានថ្លែងប្រាប់ VOA នៅថ្ងៃសៅរ៍ថា លោក កឹម សុខា បានអះអាងថា លោកមិនចូលរួមជាមួយចលនាណាមួយ ក្រៅពីគណបក្សសង្រ្គោះជាតិនោះទេ។ លោក កឹម សុខា បានថ្លែងបែបនេះ ខណៈជួបជាមួយមេធាវីរបស់លោក ដើម្បីពិគ្រោះយោបល់និងជូនព័ត៌មានអំពីដំណើរការរឿងក្តីរបស់លោក។
លោកមេធាវីបានថ្លែងថា៖ «គ្រាន់តែគាត់[លោក កឹម សុខា] ចង់បញ្ជាក់ប្រាប់មេធាវីថា គាត់មិនចូលរួម និងមិនគាំទ្រចលនាណាមួយទេ។ គាត់នៅតែនៅជាមួយឆន្ទៈប្រជាពលរដ្ឋជាងបីលាននាក់ដែលបានបោះឆ្នោតឲ្យគណបក្សសង្រ្គោះជាតិកន្លងមក។ អានេះជាភាសាដើមរបស់គាត់ហើយ ជាសម្តីដើមរបស់គាត់ហើយ។ ត្រង់អ្នកណាយកទៅបកលើសពីហ្នឹង ខ្ញុំមិនដឹងទេ»។លោកមេធាវី ផេង ហេង បានបញ្ជាក់ថា លោក កឹម សុខា មាន«សុខភាពធម្មតា» និង«ជំហររឹងប៉ឹង»។
ការថ្លែងរបស់លោក កឹម សុខា បានក្លាយជាភាពចម្រូងចម្រាសមួយអំពីការមិនឯកភាពផ្ទៃក្នុងបក្ស ខណៈគណបក្សប្រឆាំងដ៏ធំមួយនេះ កំពុងរងការគាបសង្កត់យ៉ាងធ្ងន់ធ្ងរ និងមិនទាន់ដឹងថា អាចចូលរួមការបោះឆ្នោតនៅខែកក្កដា ឆ្នាំ២០១៨ បានឬយ៉ាងណា។
លោក សម រង្ស៊ី អតីតប្រធានគណបក្សសម រង្ស៊ី និងលោក កឹម សុខា អតីតប្រធានគណបក្សសិទ្ធិមនុស្ស បានចាប់ដៃគ្នាបង្កើតគណបក្សសង្រ្គោះជាតិ កាលពីឆ្នាំ២០១២ ដើម្បីអាចប្រកួតប្រជែងជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានកាន់អំណាច៣៣ឆ្នាំមកហើយ។ ការច្របាច់បញ្ចូលគ្នារវាងគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស បង្កើតជាគណបក្សសង្រ្គោះជាតិ បានធ្វើឲ្យគណបក្សប្រឆាំងថ្មីមួយនេះ ទទួលបានសំឡេងកើនឡើងគួរឲ្យកត់សម្គាល់ គឺទទួលបានតំណាងរាស្រ្តរហូតដល់៥៥រូប ក្នុងចំណោម១២៣រូប កាលពីការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៣។
អ្នកវិភាគសង្គម លោក មាស នី បានថ្លែងប្រាប់ VOA ថា ការខ្វែងគំនិតគ្នាជារឿងធម្មតាសម្រាប់គណបក្សដែលប្រកាន់យកប្រជាធិបតេយ្យក្នុងបក្ស។ ប៉ុន្តែលោកថា ការសម្រេចអ្វីមួយគួរតែមានការជជែកគ្នារវាងមេដឹកនាំនៅក្នុងបក្ស។ ទោះជាយ៉ាងណា លោកមិនទាន់មើលឃើញថា នេះជាដំណាក់កាលនៃការបែកបាក់គ្នារវាងលោក សម រង្ស៊ី និងលោក កឹម សុខា នោះទេ។
លោកមានប្រសាសន៍ថា៖ «យើងទទួលស្គាល់ប្រតិកម្មតបតវាជារឿងធម្មតា។ ភាពខុសគ្នាជារឿងធម្មតា តែបើសិនយើងមិនមានការជជែកគ្នាឲ្យបានស៊ីជម្រៅទេនោះ អាហ្នឹងវាអាចឈានទៅរកការបែកគ្នា។ ក៏ប៉ុន្តែសម្រាប់ដំណាក់កាលដំបូងនេះ ខ្ញុំគិតថា វាមិនមែនជារឿងបែកបាក់គ្នាទេ វាគ្រាន់តែជាប្រតិកម្មជាធម្មតា ដែលតែងតែកើតមានក្នុងស្ថាប័នប្រជាធិបតេយ្យ»។
លោក មាស នី បានបញ្ជាក់បន្ថែមថា ថ្នាក់ដឹកនាំរបស់គណបក្សសង្រ្គោះជាតិ គួរតែធ្វើអ្វីថ្មីសម្រាប់អ្នកគាំទ្រ មិនមែនរង់ចាំតែសម្ពាធអន្តរជាតិ និងការរស់ឡើងវិញនៃគណបក្សសង្រ្គោះជាតិនោះទេ។ លោកបានបន្ថែមថា គណបក្សសង្រ្គោះជាតិពិបាកនឹងរស់ឡើងវិញណាស់។
លោក មាស នី បានថ្លែងប្រាប់ VOA ថា៖ «សង្រ្គោះជាតិគួរតែកុំឲ្យមានផែនការតែមួយ បានន័យថា ដេកចាំតែសម្ពាធពីអន្តរជាតិ ក៏ប៉ុន្តែបើសម្ពាធពីអន្តរជាតិវាមិនកើតមានឡើងឆាប់ទេនោះជីវិតរបស់សង្រ្គោះជាតិ វាចេះតែខ្សោយទៅៗ ជាពិសេសអ្នកគាំទ្រនៅតាមមូលដ្ឋាន គេកំពុងតែទន្ទឹងរង់ចាំ ថាតើវាមានរឿងអីកើតឡើង ឬក៏តើដំណាក់កាលបន្ទាប់ត្រូវធ្វើអី ទៀតនៅក្នុងកិច្ចការនយោបាយមួយហ្នឹង»។
ជាមួយសេចក្តីសម្រេចការរំលាយគណបក្សសង្រ្គោះជាតិ តុលាការកំពូល ក៏បានកាត់សិទ្ធិនយោបាយ៥ឆ្នាំរបស់មន្រ្តីគណបក្សចំនួន១១៨រូបផងដែរ។
បន្ទាប់ពីបង្កើតចលនានេះ លោក សម រង្ស៊ី បានពន្យល់ថា ចលនានេះអាចធ្វើឲ្យគណបក្សសង្រ្គោះជាតិបញ្ចេញមតិបានច្រើន ហើយមិនអាចត្រូវបានរំលាយនោះទេ។ លោកបញ្ជាក់ថា ចលនានេះអាចអំពាវនាវឲ្យប្រជាពលរដ្ឋក្រោកឈរប្រឆាំងនឹងរដ្ឋាភិបាលបាន។
លោកមានប្រសាសន៍ថា៖ «សេចក្តីអំពាវនាវបែបហ្នឹង គណបក្សសង្រ្គោះជាតិមិនអាចធ្វើបានទេ អញ្ចឹងស្ថានការណ៍ វានៅតែដដែល ហ៊ុន សែន ជិះសេះលែងដៃ នៅតែធ្វើបាបរាស្រ្តតាមចិត្ត បើយើងមិនអាចរើបម្រះបានហើយមិនចេះរើបម្រះ តែចលនាសង្រ្គោះជាតិនេះ គឺនឹងអនុញ្ញាតឲ្យយើងធ្វើសកម្មភាពផ្សេងៗ ក្នុងនោះមានការអំពាវនាវឲ្យប្រជារាស្រ្តងើបឈរ កុំឱនឲ្យគេជាន់ កុំឲ្យគេជាន់យើង កុំឲ្យគេធ្វើបាបយើង ដូចសព្វថ្ងៃទៀត យើងត្រូវតែរកផ្លូវណាមួយ រើបម្រះ ហើយអ្នកដែលបំផុសបំផុល នាំមុខដឹកនាំគឺចលនាសង្រ្គោះជាតិ»។
លោក សម រង្ស៊ី ពន្យល់បន្ថែមថា មន្រ្តីគណបក្ស ទាំងថ្នាក់លើ និងថ្នាក់មូលដ្ឋាន ពិបាកទាក់ទងជាមួយគ្នា ដើម្បីពិភាក្សា ដូច្នេះលោកយល់ថា គណបក្សគួរតែធ្វើអ្វីមួយ ជៀសវាងការនៅស្ងៀម។
លោកមានប្រសាសន៍ថា៖ «បើយើងមិនរកដំណោះស្រាយ យើងមិនរកវិធីណាមួយ ដើម្បីរើបម្រះ ពង្រឹងកម្លាំងយើងឡើងវិញ ឲ្យយើងមានលទ្ធភាពធ្វើការតស៊ូឡើងវិញ ពេលនោះយើងនឹងជួបប្រឈមនឹងគ្រោះថ្នាក់ ហើយនិយាយឲ្យចំ ខ្ញុំហ៊ាននិយាយ ថាគណបក្សយើងនឹងសាបសូន្យ បើយើងនៅស្ងៀមអញ្ចឹង»។
លោកបានបញ្ជាក់ថា ចលនានេះនឹងរលាយខ្លួនឯង នៅពេលគណបក្សទទួលបានអ្វីដែលខ្លួនចង់បាន។
មេដឹកនាំគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានចាប់ខ្លួនកាលពីដើមខែកញ្ញា ឆ្នាំ២០១៧ ដោយត្រូវចោទប្រកាន់ថា បានប្រព្រឹត្តអំពើក្បត់ជាតិ។ លោក កឹម សុខា បានច្រានចោលការចោទប្រកាន់នេះ។ ចំណែកគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ តាមអំណាចសាលដីការបស់តុលាការកំពូល ទាក់ទងនឹងការចោទប្រកាន់ថា គណបក្សប្រឆាំងនេះ មានបំណងធ្វើបដិវត្តន៍ពណ៌ ដើម្បីផ្ដួលរំលំរដ្ឋាភិបាល។
កន្លងទៅ លោក ហ៊ុន សែន ក៏បានផ្ដល់យោបល់ឲ្យអតីតសមាជិកគណបក្សសង្គ្រោះជាតិ ដែលស្ថិតនៅក្រៅបញ្ជីបម្រាមនយោបាយ បង្កើតគណបក្សថ្មីដើម្បីចូលរួមការបោះឆ្នោតថ្នាក់ជាតិដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដាខាងមុខ។ ប៉ុន្តែមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិស្ទើរតែទាំងអស់ ត្រូវបានកាត់សិទ្ធិនយោបាយ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានចាត់ទុកចលនានយោបាយថ្មីរបស់គណបក្សសង្រ្គោះជាតិ មាន«សកម្មភាពជាឧទ្ទាម»។ លោកបានលើកឡើងបែបនេះ នៅក្នុងប្រព័ន្ធសង្គមតេលេក្រាម (Telegram) ដែលត្រូវបានចងបណ្តាញជាមួយអ្នកសារព័ត៌មាន។
លោកមានប្រសាសន៍បន្ថែមថា៖ «ដូច្នេះទោះបី កឹម សុខា មិនចូលរួមជាមួយរបស់ហៅថាចលនាសង្រ្គោះជាតិ ក៏ កឹម សុខា នៅតែជា កឹម សុខា ជាតួអង្គប្រឆាំងដដែល មិនមានអ្វីប្លែកនោះទេ។ ហេតុនេះ សម រង្ស៊ី និងកឹ ម សុខា ដៀតែខ្នូច ដូចតែគ្នា មិនខុសគ្នាឡើយ»។
មិនទាន់មានការបញ្ជាក់ណាមួយ ថាចលនាសង្រ្គោះជាតិ នឹងអាចក្លាយជាគណបក្សនយោបាយ ដើម្បីចូលរួមការបោះឆ្នោតនៅពេលខាងមុខនោះទេ៕