តើថវិកាយោធារបស់ចិននឹងកើនឡើងប៉ុន្មាននៅក្នុងឆ្នាំនេះ? នេះជាប្រធានបទសំខាន់មួយក្នុងចំណោមប្រធានបទផ្សេងទៀត ដែលត្រូវបានគេរង់ចាំមើលនៅអំឡុងពេលកិច្ចប្រជុំមេដឹកនាំនយោបាយកំពូលរបស់ចិន ដែលនឹងចាប់ផ្តើមនៅថ្ងៃចន្ទខាងមុខនេះនៅក្នុងទីក្រុងប៉េកាំង។
ប្រធានបទមួយទៀតពាក់ព័ន្ធនឹងការកំណត់អាណត្តិរបស់ប្រធានាធិបតី ត្រូវគេរំពឹងនឹងទទួលបានការអនុម័តនៅក្នុងកិច្ចប្រជុំនោះដែរ។
មុនថ្ងៃប្រជុំនេះមកដល់ បណ្តាញផ្សព្វផ្សាយរបស់រដ្ឋបានរាយការណ៍អំពីការធ្វើសមយុទ្ធយោធា និងរាយការណ៍ពីប្រព័ន្ធការពារប្រទេសដែលបានបញ្ជុះបញ្ជូលឲ្យបន្ថែមថវិកាចាយវាយ និងបានបង្ហាញពីការរីកចម្រើនផ្នែកយោធាដែលបានផ្សាយទៅកាន់ប្រទេសនានានៅក្នុងពិភពលោក។ ប្រទេសចិនបានបង្កើតទីតាំងយោធានៅក្រៅប្រទេសដំបូងនៅក្នុងប្រទេស Djibouti កាលពីឆ្នាំមុន និងមានមហិច្ឆតាពង្រីកតួនាទីរបស់ខ្លួននៅក្នុងសកលលោក។
នៅអំឡុងពេលបុណ្យចូលឆ្នាំចិននាពេលថ្មីៗនេះ បណ្តាញផ្សព្វផ្សាយរបស់រដ្ឋបានចាក់ផ្សាយភាពយន្តដែលបង្ហាញពីសមត្ថភាពយន្តហោះបំបាំងរ៉ាដារបស់ចិន។
កាលពីសបា្តហ៍មុន បណ្តាញផ្សព្វផ្សាយរបស់រដ្ឋបានផ្សាយរបាយការណ៍ពីរ ដែលបាននិយាយអំពីនាវាផ្ទុកយន្តហោះចម្បាំង និងសន្យាថានឹងពង្រីកវាឲ្យបានធំជាងមុន ប្រើដោយថាមពលនុយក្លេអ៊ែរផងដែរ។
ប្រទេសចិននាពេលបច្ចុប្បន្ននេះមាននាវាផ្ទុកយន្តហោះតែមួយគ្រឿងប៉ុណ្ណោះ៕