ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Mike Pence គាំទ្រ​ចៅហ្វាយនាយ​ដែល​មាន​ការទាមទារ​ច្រើន


រូបឯកសារ៖ បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​សាធារណរដ្ឋ​លោក Donald Trump ចង្អុល​ទៅ​បេក្ខជន​អនុ​ប្រធានាធិបតី​លោក Mike Pence បន្ទាប់ពី​លោក Pence បាន​ថ្លែង​សុន្ទរកថា ​ក្នុង​ពេល​សន្និបាត​ជាតិ​គណបក្ស​សាធារណរដ្ឋ​នៅ​ទីក្រុង Cleveland កាលពី​ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦។
រូបឯកសារ៖ បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​សាធារណរដ្ឋ​លោក Donald Trump ចង្អុល​ទៅ​បេក្ខជន​អនុ​ប្រធានាធិបតី​លោក Mike Pence បន្ទាប់ពី​លោក Pence បាន​ថ្លែង​សុន្ទរកថា ​ក្នុង​ពេល​សន្និបាត​ជាតិ​គណបក្ស​សាធារណរដ្ឋ​នៅ​ទីក្រុង Cleveland កាលពី​ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦។

ក្នុង​នាម​ជា​អ្នក​កាន់​គ្រឹស្តសាសនា​និកាយ Evangelical លោក​ Pence បាន​ជួយ​​លោក Trump ​ឱ្យ​មាន​​ការគាំទ្រ​ពី​សំណាក់​ពួក​​អ្នក​កាន់​សាសនា​អភិរក្ស​និយម។

លោក​អនុ​ប្រធានាធិបតីស.រ.អា. ​បានជួប​ប្រទះ​បញ្ហា​ច្រើនដែលបាន​ធ្វើ​ឱ្យ​រង្គើ​សេតវិមាន​ ដោយ​លោក​ឈរជាមួយ​លោកប្រធានាធិបតី នៅពេល​មានការ​ចោទប្រកាន់​ដក​តំណែង​លោក​ និង​ការ​សើរើគណៈរដ្ឋមន្ត្រីច្រើន​លើក។​ លោក​ បាន​បម្រើការ​ជាប្រេសិត​អន្តរជាតិ និង​មាន​មុខ​នាទី​នាំមុខ​ក្នុង​ការឆ្លើយតប​ ​និង​ជំងឺ​កូវីដ១៩​ផង​ដែរ។​ វីអូអេ បាន​និយាយ​ជា​មួយ​អ្នក​វិភាគ​ពីរនាក់​ អំពីការបំពេញ​មុខងារ​របស់​លោក Pence។

ចាប់​តាំង​ពី​មានការ​ប្រកាស​ថា​ លោក Mike Pence នឹងក្លាយជាបេក្ខជន​អនុ​ប្រធានាធិបតីរបស់​លោក Trump អតីតអភិបាល​រដ្ឋ​នៃ​រដ្ឋ Indiana រូបនេះ ជាអ្នក​លើកទឹក​ចិត្ត​ប្រជារាស្ត្រ​អាមេរិកាំង ​ឱ្យ​បោះឆ្នោត​ឱ្យ​លោក Trump។ ​លោក Pence ថ្លែង​ថា៖

«លោក Donald Trump ជាប់​ឆ្នោត​ជា​ប្រធានាធិបតី ​ហើយ​លោក​យល់អំពី​ប្រជាពលរដ្ឋ​អាមេរិកាំង»។

លោក Joel Goldstein នៃមហាវិទ្យាល័យ​ច្បាប់​ក្នុង​សាកល​វិទ្យាល័យ Saint Louis ដែល​ជាអ្នក​ប្រវត្តិសាស្ត្រ​ខាង​អនុប្រធានាធិបតី បាន​និយាយ​ថា​ លោក​ Pence ដើរ​តួនាទី​ជា​អ្នក​ជំនួស​លោក​ Trump។

«​លោក Pence ផ្តល់យោបល់​ជូន​លោក Trump។ លោក​ជា​អ្នកប្រាស្រ័យ​ទាក់​ទង​ជាមួយ​សភា​ពាក់​ព័ន្ធ​នឹង​សេចក្តី​ព្រៀង​ច្បាប់។ ​លោក​បាន​ធ្វើដំណើរដើម្បី​បំពេញ​កិច្ចការ​ការទូត​ផង​ដែរ»។

​ក្រោយពី​វីរុស​កូរ៉ូណាបាន​ចាប់​ផ្តើមរាលដាលទូទាំង​ប្រទេសកាល​ពី​ចុង​ខែ​មករា លោក Pence ចាប់ផ្តើមបម្រើការ​ជា​ប្រធាន​នៃគណៈកម្មការដោះស្រាយ​វីរុស​កូរ៉ូណានៅ​សេតវិមាន ដោយ​ជួន​កាល​លោកបានស្នើ​គោល​នយោបាយចម្រូង​ចម្រាស់។​ លោក Pence បាន​ថ្លែងថា៖

«យើង​យល់​ថា ​យើង​អាចបើក​សាលារៀនជា​ថ្មីដោយ​សុវត្ថិភាព។ ​គ្រោះថ្នាក់​ដល់​ក្រុមកុមារ​មាន​ទាប​ណាស់»។

អនុប្រធានាធិបតី​ពី​មុន​ៗមក មិន​មែន​តែង​តែ​មាន​មុខនាទី​សកម្ម​នោះទេ។​ លោក​ប្រធានាធិបតី John Kennedy មាន​ឥទ្ធិពល​លើស​លុប​លើ​លោក​អនុប្រធានាធិបតី​ Lyndon Johnson។ ​ក៏​ប៉ុន្តែ​ពួក​អ្នក​វិភាគនិយាយ​ថា មាន​ការ​ផ្លាស់ប្តូរក្នុង​រដ្ឋបាល​ពីរបី​ កាល​ពី​ពេល​មុន​នេះ។

លោក Joel Goldstein​ នៃមហាវិទ្យាល័យ​ច្បាប់​ក្នុង​សាកល​វិទ្យាល័យ Saint Louis បាន​និយាយថា៖

«ខ្ញុំយល់​ថា​ តំណែង​អនុប្រធានាធិបតី ​បានចាប់ផ្តើម​ផ្លាស់ប្តូរ​ពិត​ប្រាកដជា​មួយ​រដ្ឋបាលលោកប្រធានាធិបតី Carter និង​លោកអនុប្រធានាធិបតី Mondale ដែល​នៅ​ពេល​នោះ​ អនុ​ប្រធានាធិបតីបានក្លាយ​ទៅ​ជាទីប្រឹក្សាទូទៅ និង​ជា​អ្នកដោះស្រាយ​បញ្ហាសម្រាប់​ប្រធានាធិបតី។ ហើយលំនាំជា​មូល​ដ្ឋាន​នេះ ​ត្រូវ​បាន​ប្រធានាធិបតី​ទាំង​អស់​ធ្វើ​តាម​ចាប់​តាំង​ពី​ពេល​នោះ​មក​ ដោយ​មានការ​ប្រែប្រួលខ្លះ»។

មនុស្ស​ច្រើននាក់យល់ឃើញ​ថា លោក​អនុប្រធានាធិបតី Dick Cheney ជាកម្លាំង​ជំរុញពីក្រោយ​គោលនយោបាយ​ការបរទេស ​និងសន្តិសុខ​ជាតិរបស់លោក​ប្រធានាធិបតី​ George W. Bush។ ​លោក​ Reb Brownell ដែល​ជា​មេធាវីនិង​ជា​អ្នក​និពន្ធ​បាន​និយាយ​ថា៖

«ខ្ញុំ​យល់​ថា​ ជាការច្បាស់​លាស់​ថា ​លោក Donald Trump មិនចង់បាន​អនុប្រធានាធិបតី​ដូច​លោក Dick Cheney ទេ។ លោក​អ្នកមាន​អនុប្រធានាធិបតីដែល​លោក​អ្នកចង់​បាន​និង​ចាត់ឱ្យ​បំពេញកាតព្វកិច្ចដែល​លោក​ចង់​ឱ្យ​មាន។ ជា​ការច្បាស់​លាស់ដែល​លោក Trump មិនចង់បាន​អនុប្រធានាធិបតី​ដែល​មាន​អំណាច​ច្រើនទេ»។

ក្នុង​នាម​ជា​អ្នក​កាន់​គ្រឹស្តសាសនា​និកាយ Evangelical លោក​ Pence បាន​ជួយលោក Trump ​ឱ្យ​មានការគាំទ្រ​ពី​សំណាក់​ពួកអ្នក​កាន់​សាសនា​អភិរក្ស​និយម។

លោក​បានគាំទ្រ​គោលនយោបាយ​អន្តោប្រវេសន៍តឹង​រ៉ឹង​របស់លោក Trump និង​ការ​តែងតាំង​ពួក​អភិរក្ស​និយម​ឱ្យ​កាន់​តំណែងក្នុង​តុលាការ។​ លោក​មាន​គោលជំហរ​តឹងរ៉ឹង​ជា​មួយ​រុស្សី ក៏​ប៉ុន្តែ​លោកកម្រមិន​យល់ស្រប​ជា​មួយ​លោក Trump ដូចនៅ​ពេល​ដែលលោកជំទាស់​នឹងលោក Roy Moore បេក្ខជន​ព្រឹទ្ធសភារដ្ឋ Alabama ដែល​បានត្រូវ​ចោទ​ប្រកាន់​ពី​បទ​អាកប្បកិរិយា​មិន​សមរម្យ​ខាង​ផ្លូវ​ភេទ។

ពួក​អ្នក​ជំនាញ​និយាយ​ថា ​រហូតមក​ដល់​ពេល​នេះ លោក Pence ​មិន​ទាន់មាន​ស្នាដៃធំៗនៅ​ពេល​លោក​កាន់តំណែង​អនុប្រធានធិបតី​ទេ។ លោក Joel Goldstein​ នៃមហាវិទ្យាល័យ​ច្បាប់​ក្នុង​សាកល​វិទ្យាល័យ Saint Louis បាន​និយាយថា៖

«ខ្ញុំ​មិនឃើញ​ថា លោក Pence ជា​អ្នក​មានស្នាដៃអស្ចារ្យ ឬ ​ធ្វើឱ្យ​មានការ​ជាប់​ចិត្ត​ខ្លាំងដូច​អនុ​ប្រធានាធិបតី​ភាគ​ច្រើន​ឯទៀតពីគណបក្ស​ទាំង​ពីរ​នោះ​ទេ»។

ពួក​អ្នក​វិភាគកត់​សម្គាល់​ថា លោក Pence បានបំពេញ​មុខនាទីនៅ​ក្នុង​ការ​ដក​ពួក​ទាហាន​សហព័ន្ធ​ចេញ​ក្រុង Portland នៅពេល​មានចលាចល​នៅ​ក្រោយ​ពួកមន្ត្រី​មូលដ្ឋានបាន​និយាយ​ថា ​ពួក​ទាហាន​ទាំងនេះ នាំ​ឱ្យ​ស្ថានភាពរឹត​តែ​អាក្រក់​ថែម​ទៀត។

នៅ​ចំពោះ​មុខ​សាធារណជន លោក Pence តែងតែស្មោះ​ត្រង់​នឹង​ចៅហ្វាយនាយ​លោកដោយ​ជួនកាល​លោក​ឈរ​នៅក្នុង​ស្រមោល​លោក Trump។ តែ​គេ​ដឹងមិន​ដឹង​ច្បាស់លាស់​ទេ​ថា​ តើ​លោកមាន​ឥទ្ធិពល​អ្វី​ខ្លះ នៅ​ក្រោយ​ឆាក ហើយ​ថា​តើ​លោកនឹង​ធ្វើឱ្យ​មានការ​ខុស​ប្លែក​បែប​ណា​នៅក្នុង​ការ​បោះឆ្នោតក្នុង​ខែវិច្ឆិកា​ ដែលអ្នក​វិភាគ​ភាគច្រើន​យល់​ថា ជា​ការបោះឆ្នោត​ប្រជាមតិ​មួយ​អំពី​លោក Trump៕

ប្រែ​សម្រួលដោយ​លោក ឈឹម សុមេធ

XS
SM
MD
LG