អ្នកស្រី Guan Junling អាយុ ៥៣ ឆ្នាំ មិនអាចទទួលបានការងារធ្វើនៅតាមរោងចក្របានទៀតទេ ដោយសារតែអ្នកស្រីមានវ័យចំណាស់។ ប៉ុន្តែសម្រាប់កម្មករចំណាកស្រុកដូចអ្នកស្រី ពួកគេចង់បានការងារធ្វើ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ កម្មករចំណាកស្រុកទាំងនេះបានចាកចេញពីភូមិកសិកម្មរបស់ពួកគេដើម្បីស្វែងរកការងារធ្វើនៅតាមទីក្រុង។ ពួកគេធ្វើការយ៉ាងហត់នឿយស្ទើរតែគ្មានពេលសម្រាកនៅតាមរោងចក្រចង្អៀតណែនណាន់តាន់តាប់ និងនៅតាមការដ្ឋានសំណង់នានា។ ពួកគេដើរតួនាទីយ៉ាងសំខាន់នៅក្នុងការប្រែក្លាយប្រទេសចិនឱ្យទៅជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើន។
ប៉ុន្តែនៅពេលដែលកម្មករចំណាកស្រុកជំនាន់ទីមួយនេះមានវ័យកាន់តែចាស់ ពួកគេកំពុងប្រឹងប្រែងយ៉ាងលំបាកដើម្បីរកការងារធ្វើនៅពេលដែលកំណើនសេដ្ឋកិច្ចប្រទេសមានភាពយឺតយ៉ាវ។ ពួកគេភាគច្រើនជាប់ផុងនៅក្នុងបញ្ហាហិរញ្ញវត្ថុ ដែលធ្វើឱ្យពួកគេត្រូវតែបន្តស្វែងរកការងារធ្វើតទៅទៀត។
អ្នកស្រី Guan បាននិយាយថា៖ «គ្មានពាក្យថា «ចូលនិវត្តន៍» ឬ «ប្រាក់សោធននិវត្តន៍» ទេសម្រាប់មនុស្សនៅតាមតំបន់ដាច់ស្រយាល។ យើងត្រូវតែពឹងលើខ្លួនឯងនិងការធ្វើការ។ តើយើងអាចឈប់ធ្វើការពេលណាបាន? យើងមិនអាចឈប់បានទេរហូតទាល់តែដល់ពេលដេកលើគ្រែដើរលែងរួច»។
បច្ចុប្បន្ននេះ អ្នកស្រីពឹងលើការងារសម្អាតផ្ទះដែលមិនទៀងទាត់ ដែលអ្នកស្រីត្រូវចំណាយពេលយ៉ាងច្រើនដើម្បីសន្សំបានប្រាក់បន្តិចបន្តួចទុកសម្រាប់គ្រាអាសន្នផ្នែកសុខភាព។ កម្មករចំណាកស្រុកអាចទទួលបានបដិភាគសម្រាប់ការថែទាំសុខភាពនៅឯស្រុកកំណើតរបស់ពួកគេ ប៉ុន្តែពួកគេមិនអាចទទួលបានសេវាសុខភាពបែបនេះឬក៏ទទួលបានតិចតួចតែប៉ុណ្ណោះនៅកន្លែងផ្សេងទៀត។ ប្រសិនបើអ្នកស្រី Guan ត្រូវទៅមន្ទីរពេទ្យនៅទីក្រុងប៉េកាំង អ្នកស្រីត្រូវតែចេញប្រាក់ពីហោប៉ៅខ្លួនឯង។
ខណៈដែលពលរដ្ឋចិនវ័យចំណាស់មានចំនួនកាន់តែច្រើន កម្មករចំណាកស្រុកក៏មានវ័យកាន់តែចាស់ដូចគ្នាដែរ។ ពលរដ្ឋចិនប្រមាណ ៨៥ លាននាក់មានអាយុលើស ៥០ ឆ្នាំនៅក្នុងឆ្នាំ ២០២២ ដែលស្មើនឹងចំនួន ២៩% នៃកម្មករចំណាកស្រុកទាំងអស់ និងកើនពីចំនួន ១៥% កាលពី ១០ ឆ្នាំមុន។ ដោយសារតែពួកគេទទួលបានប្រាក់សោធននិវត្តន៍និងការធានារ៉ាប់រងសុខភាពតិចតួចឬក៏មិនទទួលបានតែម្ដង ពួកគេត្រូវតែបន្តធ្វើការមិនឈប់។
ពលរដ្ឋប្រហែល ៧៥% ក្នុងចំណោមនោះបានបញ្ជាក់នៅក្នុងការស្ទង់មតិមួយលើកម្មករចំណាកស្រុកជំនាន់ទីមួយចំនួន ២.៥០០ នាក់នៅរវាងឆ្នាំ ២០១៨ និងឆ្នាំ ២០២២ ថា ពួកគេនឹងធ្វើការរហូតដល់អាយុជាង ៦០ ឆ្នាំ។ នេះបើយោងតាមអ្នកស្រី Qiu Fengxian អ្នកស្រាវជ្រាវផ្នែកសង្គមវិទ្យាជនបទ ដែលបានរៀបរាប់អំពីលទ្ធផលស្រាវជ្រាវរបស់អ្នកស្រីនៅក្នុងកិច្ចពិភាក្សាមួយកាលពីឆ្នាំមុន។ កម្មករជំនាន់ទីមួយសំដៅលើអ្នកដែលកើតនៅក្នុងទសវត្សរ៍ ១៩៧០ ឬមុននេះ។
កម្មករដែលមានវ័យចំណាស់មានបញ្ហាលំបាកទ្វេដង។ ការងារគឺកាន់តែតិចទៅនៅតាមការដ្ឋានសំណង់ដោយសារតែការធ្លាក់ចុះនៃទីផ្សារអចលនទ្រព្យ និងនៅតាមរោងចក្រដោយសារតែការប្រើប្រាស់ម៉ាស៊ីនស្វ័យប្រវត្តិនិងសេដ្ឋកិច្ចយឺតយ៉ាវ។ ការរើសអើងដោយសារកត្តាអាយុគឺមានជាទូទៅ ដូច្នេះការងារភាគច្រើនគឺតែងតែបានលើមនុស្សវ័យក្មេង។
លោក Zhang Chenggang ដែលដឹកនាំមជ្ឈមណ្ឌលស្រាវជ្រាវអំពីទម្រង់ការងារថ្មីនៃសាកលវិទ្យាល័យ Capital University of Economics and Business នៅទីក្រុងប៉េកាំង បាននិយាយថា៖ «សម្រាប់មនុស្សវ័យក្មេង ពិតណាស់ពួកគេនៅតែអាចរកការងារធ្វើបាន ទោះបីជាប្រាក់ខែមិនច្រើនគ្រប់គ្រាន់ក៏ដោយ»។
លោក Zhang ដែលបានធ្វើការសិក្សាស្រាវជ្រាវផ្ទាល់លើទីផ្សារការងារចំនួន ៤ នៅទូទាំងប្រទេសចិនកាលពីឆ្នាំមុន បាននិយាយថា៖ «សម្រាប់កម្មករចំណាកស្រុកដែលមានវ័យចំណាស់ គេមិនឃើញមានការងារសម្រាប់ពួកគេនោះទេ។ ឥឡូវនេះ បញ្ហាគឺថា មិនថាការងារមានប្រាក់ខែទាបប៉ុណ្ណានោះឡើយ ប្រសិនបើមានការងារនោះ ពួកគេត្រូវតែទទួលយក»។
ក្រុមហ៊ុនជ្រើសរើសបុគ្គលិកមួយចំនួនដែលទីភ្នាក់ងារសារព័ត៌មាន AP បានទាក់ទងដើម្បីសុំការអត្ថាធិប្បាយបានបញ្ជាក់ថា កម្មករវ័យចំណាស់ធ្វើការមិនបានល្អឬមានជំងឺប្រចាំកាយ។
កម្មករជាច្រើនបានត្រឡប់ទៅធ្វើការបណ្ដោះអាសន្ន ដូចជាករណីលោក Zhang Zixing ជាដើម។ លោកបានចាប់ផ្ដើមស្វែងរកការងារក្រៅផ្លូវការនៅអំឡុងរដូវរងាកាលពីចុងឆ្នាំមុននៅជាយរដ្ឋធានីប៉េកាំង។
លោកបាននិយាយថា លោកត្រូវបានគេបណ្ដេញចេញពីការងារផ្នែកដឹកជញ្ជូនកញ្ចប់ទំនិញកាលពី ៣ ឆ្នាំមុន នៅពេលដែលលោកឈានដល់អាយុ ៥៥ ឆ្នាំ។ កាលពីខែធ្នូឆ្នាំមុន លោករកប្រាក់បានប្រហែល ៣៥ ដុល្លារក្នុងមួយថ្ងៃ ដោយការដំឡើងខ្សែភ្លើងនៅតាមការដ្ឋានសំណង់។
លោក Zhang Quanshou ដែលជាមន្ត្រីថ្នាក់ភូមិម្នាក់នៅខេត្ត Henan និងជាប្រតិភូម្នាក់នៃសភាចិន បាននិយាយថា កម្មករវ័យចំណាស់មួយចំនួនតែងស្វែងរកការងារធ្វើនៅជិតស្រុកកំណើតរបស់ពួកគេ រីឯមួយចំនួនទៀតធ្វើដំណើរទៅរកការងារធ្វើនៅតាមទីក្រុងធំៗ។
អ្នកស្រី Guan ដែលចាកចេញពីតំបន់ធ្វើស្រែនៅភាគខាងជើងប្រទេសចិន ធ្លាប់បានធ្វើការនៅក្នុងរោងចក្រកាត់ដេររហូតដល់ពេលដែលអ្នកស្រីត្រូវបានបញ្ឈប់ពីការងារនៅពេលអ្នកស្រីមានអាយុ ៤០ ឆ្នាំប្លាយ។ បន្ទាប់មក អ្នកស្រីបានធ្វើការងារផ្សេងៗនៅតាមទីក្រុងនានា និងចុងក្រោយបំផុតនៅទីក្រុងប៉េកាំងនៅឆ្នាំ ២០១៨។
អ្នកស្រីធ្វើការ ៧ ថ្ងៃក្នុងមួយសប្ដាហ៍ ដោយមួយផ្នែកគឺដោយសារតែអ្នកស្រីព្រួយបារម្ភថា កន្លែងការងារនឹងមិនហៅអ្នកស្រីឱ្យត្រឡប់ទៅធ្វើការវិញ ប្រសិនបើអ្នកស្រីមិនទទួលយកជម្រើសដែលគេផ្ដល់ឱ្យនោះ។
កាលពីរដូវឈប់សម្រាកបុណ្យចូលឆ្នាំចិនកាលពីខែកុម្ភៈកន្លងទៅនេះ ដែលនៅពេលនោះកម្មករចំណាកស្រុកតែងតែធ្វើដំណើរទៅស្រុកកំណើតរបស់ពួកគេ អ្នកស្រី Guan មិនបានទៅដូចគេទេដោយបន្តនៅក្នុងទីក្រុងប៉េកាំងធ្វើជាអ្នកមើលថែស្ត្រីចំណាស់ម្នាក់ ដោយសារតែស្ត្រីចំណាស់នោះត្រូវការជំនួយ ហើយអ្នកស្រី Guan ខ្លួនឯងក៏ត្រូវការប្រាក់ផងដែរ។
អ្នកស្រី Guan បារម្ភថា ការរកការងារធ្វើនឹងពិបាកកាន់តែខ្លាំងនៅពេលអ្នកស្រីឈានចូលដល់អាយុ ៥៥ ឆ្នាំ។ អាយុចូលនិវត្តន៍នៅប្រទេសចិនសម្រាប់ស្ត្រីគឺ ៥០ ឬ ៥៥ ឆ្នាំ អាស្រ័យទៅលើក្រុមហ៊ុននិង ប្រភេទនៃការងារ។ សម្រាប់បុរសវិញ អាយុចូលនិវត្តន៍គឺ ៦០ ឆ្នាំ។
លោក Lu Guoquan ដែលជាមន្ត្រីសហជីពការងារ បានស្នើកុំឱ្យមានភាពតឹងរ៉ឹងលើការកំណត់អាយុសម្រាប់ការងារ និងបានជំរុញឱ្យវាយតម្លៃលើកម្មករតាមរយៈស្ថានភាពកម្លាំងកាយរបស់ពួកគេ ជាជាងផ្ដោតទៅលើអាយុ។ លោកក៏បានស្នើឱ្យមានការជួយសម្រួលឱ្យមនុស្សវ័យចំណាស់អាចងាយស្រួលរកការងារធ្វើតាមរយៈទីផ្សារការងារនិងវេទិកាការងារតាមអនឡាញផងដែរ។
លោក Lu ដែលជាប្រធានការិយាល័យទូទៅនៃសហព័ន្ធសហជីពការងារ All-China Federation of Trade Unions បានបដិសេធមិនផ្ដល់បទសម្ភាសន៍ដល់ទីភ្នាក់ងារសារព័ត៌មាន AP។
លោក Duan Shuangzhu បានចំណាយពេល ២៥ ឆ្នាំដើម្បីប្រមូលសំរាមនៅក្នុងតំបន់រស់នៅមួយនៃរដ្ឋធានីប៉េកាំង បន្ទាប់ពីលោកបានលះបង់ចោលជីវិតជាអ្នកចិញ្ចឹមចៀមនិងគោនៅក្នុងខេត្ត Shanxi នៅភាគខាងជើងប្រទេសចិន នៅពេលលោកមានអាយុ ៤០ ឆ្នាំប្លាយ។ លោកតែងក្រោកនៅម៉ោង ៣ កន្លះព្រឹកជារៀងរាល់ថ្ងៃដើម្បីទៅធ្វើការតាមវេនរបស់លោក។ លោកទទួលបានប្រាក់ខែប្រមាណ ៤៦០ ដុល្លារ។
ប្រពន្ធរបស់លោក Duan នៅបន្តធ្វើការនៅឯកសិដ្ឋានដើម្បីមើលថែចៅៗ។ លោក Duan មានលទ្ធភាពអាចសន្សំប្រាក់សម្រាប់ខ្លួនលោកផ្ទាល់ កូនៗ និងចៅរបស់លោក ប៉ុន្តែលោកមិនដែលបានដាក់ប្រាក់ក្នុងប្រព័ន្ធប្រាក់សោធននិវត្តន៍ទេ ដោយលោកផ្ញើប្រាក់ដែលរកបានបន្ដិចបន្ដួចទៅឱ្យក្រុមគ្រួសាររបស់លោក។
ករណីនេះគឺដូចទៅនឹងការរកឃើញនៅក្នុងការសិក្សាស្រាវជ្រាវរបស់អ្នកស្រី Qiu Fengxian ដែលបានបោះពុម្ពផ្សាយនៅក្នុងសៀវភៅមួយកាលពីឆ្នាំមុន។ ការសិក្សាស្រាវជ្រាវរបស់អ្នកស្រីបានរកឃើញថា កម្មករចំណាកស្រុកវ័យចំណាស់ធ្វើដំណើរទៅរកការងារធ្វើតាមទីក្រុងនានាដើម្បីធ្វើឱ្យជីវភាពរបស់កូនៗនិងសាច់ញាតិរបស់ពួកគេមានភាពប្រសើរឡើង គឺមិនមែនសម្រាប់ខ្លួនពួកគេផ្ទាល់នោះទេ។
ពួកគេភាគច្រើននៅសល់ប្រាក់សន្សំបន្តិចបន្ដួចឬគ្មានសល់តែម្ដង ហើយមានកម្មករចំណាកស្រុកវ័យចំណាស់តិចតួចណាស់ដែលអាចមានជីវភាពគ្រាន់បើដោយសារការងារដែលពួកគេធ្វើ៕
ប្រែសម្រួលដោយលោក នៀម ឆេង
ទីក្រុងប៉េកាំង ប្រទេសចិន —
វេទិកាបញ្ចេញមតិ