ក្រុមហ៊ុន Microsoft បាននិយាយកាលពីថ្ងៃពុធថា ខ្លួននឹងកាត់បន្ថយការងារ១០.០០០មិនហួសពីដំណាច់ត្រីមាសទីបីនៃឆ្នាំសារពើពន្ធ២០២៣ ដែលជាសញ្ញាថ្មីបំផុតថា ការបញ្ឈប់ការងារបុគ្គលិកកំពុងមានច្រើនក្នុងវិស័យបច្ចេកវិទ្យាសហរដ្ឋអាមេរិកនៅពេលដែលពួកក្រុមហ៊ុនត្រៀមខ្លួនទប់ទល់នឹងការជាប់គាំងដំណើរការសេដ្ឋកិច្ច។
ក្រុមហ៊ុន Microsoft បាននិយាយថា ការបញ្ឈប់ការងារបុគ្គលិកនិងសោហ៊ុយទាក់ទិននឹងការងារនៅផ្នែក hardware និងការផ្លាស់ប្តូរឯទៀតៗនឹងនាំឱ្យមានការបង្កើនចំណាយ១,២ពាន់លានដុល្លារក្នុងត្រីមាសទីពីរនៃឆ្នាំសារពើពន្ធ២០២៣ ដែលជាផលប៉ះពាល់អវិជ្ជមានចំនួន១២សេនលើប្រាក់កម្រៃភាគហ៊ុននីមួយៗ។
នៅក្នុងលិខិតមួយផ្ញើទៅឱ្យក្រុមបុគ្គលិកដែលទីភ្នាក់ងារសារព័ត៌មាន Reuters បានទទួលលោក Satya Nadella ប្រធានប្រតិបត្តិក្រុមហ៊ុន Microsoft បាននិយាយថា ពួកអតិថិជនចង់«កែទម្រង់ចំណាយរបស់ពួកគេឱ្យនៅតិច»និង«មានការប្រុងប្រយ័ត្នក្នុងការចាយវាយ នៅពេលផ្នែកខ្លះនៃពិភពលោកមានដំណើរសេដ្ឋកិច្ចមិនទៅមុខហើយផ្នែកឯទៀតៗរំពឹងថាដំណើរសេដ្ឋកិច្ចនឹងមិនលូតលាស់»។
ព័ត៌មានអំពីការបញ្ឈប់ក្រុមបុគ្គលិកលែងឱ្យធ្វើការនេះ ដែលត្រូវបានរាយការណ៍ដោយបណ្តាញព័ត៌មានកាលពីថ្ងៃអង្គារ មានឡើងក្រោយការបន្ថយបុគ្គលិកខ្លះកាលពីឆ្នាំទៅ។
ក្រុមហ៊ុន Microsoft បាននិយាយកាលពីខែកក្កដាឆ្នាំទៅថា មុខនាទីមួយចំនួនតូចត្រូវបានលុបចោល ចំណែកឯសារព័ត៌មាន Axios បានរាយការណ៍កាលពីខែតុលាថា ក្រុមហ៊ុននេះបានបញ្ឈប់បុគ្គលិកតិចជាង១.០០០នាក់នៅក្នុងផ្នែកមួយចំនួន។
ក្រុមហ៊ុននេះដែលដឹកនាំដោយលោក Satya Nadella ក៏មានការចុះថយក្នុងទីផ្សារ computer ដែរនៅក្រោយការរាតត្បាតជំងឺកូវីដ១៩ បណ្តាលឱ្យមានសេចក្តីត្រូវការ Windows និង software តិចជាងមុន៕