រដ្ឋាភិបាលម៉ិកស៊ិក បានធ្វើបត្យាប័ន Joaquin “El Chapo” Guzman មេជួញដូរថ្នាំញៀនទៅកាន់សហរដ្ឋអាមេរិកដែលនៅទីនោះជននោះប្រឈមការចោទប្រកាន់ការជួញដូរថ្នាំញៀន ឃាតកម្ម ហើយនិងការចោទប្រកាន់ផ្សេងៗទៀត។
ជននោះបានទៅដល់ទីក្រុងញូវយ៉កកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ហើយត្រូវគេរំពឹងថានឹងរងការចោទប្រកាន់នៅក្នុងតុលាការនៅថ្ងៃសុក្រនេះ។ ទីក្រុងញូវយ៉កជាយុត្តាធិការមួយនៃយុត្តាធិការជាច្រើនក្នុងសហរដ្ឋអាមេរិកដែល Guzman ប្រឈមការចោទប្រកាន់។
ពួកមន្រ្តីម៉ិកស៊ិកបានប្រកាសបត្យាប័ននេះនៅពេលដែល Guzman បានស្ថិតនៅក្នុងយន្តហោះលើអាកាសកាលពីថ្ងៃព្រហស្បតិ៍ ទោះជាយ៉ាងនោះក៏ដោយពួកគេមិនមានបញ្ចេញពីទិសដៅចុងក្រោយរបស់ជននោះទេ។
មេថ្នាំញៀន Sinaloa ដែលមានទោសនេះបានចំណាយពេលមួយឆ្នាំហើយដើម្បីប្រយុទ្ធការធ្វើបត្យាប័ននេះ។ ជននោះបានត្រូវជាប់គុកកាលពីពេលថ្មីៗនេះនៅជិតព្រំដែនទីក្រុង Juarez ភាគខាងជើង។ ជននោះបានត្រូវចាប់ខ្លួនម្តងទៀតកាលពីមួយឆ្នាំមុនបន្ទាប់ពីការហែកគុកគេចខ្លួនលើកទី២។
Guzman បានរត់គេចខ្លួនចេញពីគុក Altiplano នៅខែកក្កដា ឆ្នាំ២០១៥ នៅក្នុងអ្វីដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថាជាការអាម៉ាសមុខដ៏ខ្លាំងមួយដល់រដ្ឋាភិបាលប្រធានាធិបតី Enrique Pena Nieto នៃប្រទេសម៉ិកស៊ិក។ ជននោះរួចចេញពីគុកដោយការវារឡើងតាមរូងមួយនៅក្នុងបន្ទប់ទឹកក្នុងគុកទៅកាន់រូងក្រោមដីដែលមានប្រវែង១,៥ គីឡូម៉ែត្រ។ ជននោះបានត្រូវចាប់ខ្លួនមួយខែក្រោយមកនៅក្នុងកិច្ចប្រតិបត្តិការយោធាមួយនៅក្នុងរដ្ឋ Sinaloa ដែលជារដ្ឋកំណើតរបស់ខ្លួន៕