រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងសង្គមឌីជីថល នៃប្រទេសថៃ លោក Chaiwut Thanakamanusorn បានប្រកាសពីគម្រោងប្តឹងក្រុមហ៊ុន Facebook បន្ទាប់ពីមានកិច្ចប្រជុំនៅក្រសួងកាលពីថ្ងៃទី២១ ខែសីហាមក។
អ្នកនាំពាក្យក្រសួង លោក Wetang Phuangsup បានប្រាប់ VOA កាលពីថ្ងៃទី២៥ ខែសីហា ថា ពាក្យបណ្តឹងនេះនឹងត្រូវធ្វើឡើង «ក្នុងរយៈពេល ១ ទៅ ២ សប្តាហ៍ទៀត»។
លោក Wetang Phuangsup បានថ្លែងក្នុងសម្តីដើមថា «យើងស្ថិតក្នុងដំណាក់កាលប្រមូលព័ត៌មាន ប្រមូលភស្តុតាង ហើយយើងនឹងដាក់ទៅតុលាការដើម្បីចេញសាលក្រមស្ថាពរលើរបៀបដោះស្រាយជាមួយបណ្តាញសង្គម Facebook ព្រោះពួកគេជាផ្នែកមួយនៃការឆបោក»។
លោក Wetang បានថ្លែងថា ការឆបោកពេញនិយមបំផុតមួយចំនួនពាក់ព័ន្ធនឹងការផ្សាយពាណិជ្ជកម្មបង់ប្រាក់នៅលើគេហទំព័រនេះ ដែលជំរុញឱ្យមនុស្សវិនិយោគក្នុងក្រុមហ៊ុនក្លែងក្លាយ ដែលជារឿយៗប្រើនិមិត្តសញ្ញារបស់គណៈកម្មការមូលបត្រថៃ ឬការគាំទ្រពីអ្នកល្បីល្បាញក្នុងស្រុកដើម្បីទាក់ទាញពួកគេ។
លោកបានបន្ថែមថា ក្នុងចំណោមពាក្យបណ្តឹងឆបោកតាមអ៊ីនធឺណិតប្រហែល ១៦.០០០ ករណីដែលត្រូវបានប្តឹងនៅក្នុងប្រទេសថៃកាលពីឆ្នាំមុន មាន ៧០% ទៅ ៨០% ពាក់ព័ន្ធនឹងបណ្តាញសង្គម Facebook ហើយអ្នកប្រើប្រាស់បានខាតបង់រហូតដល់ ១០០ លានដុល្លារអាមេរិក។
លោក Wetang បានថ្លែងក្នុងសម្តីដើមថា៖ «យើងជឿថា ក្រុមហ៊ុន Facebook មានទំនួលខុសត្រូវ។ ក្រុមហ៊ុន Facebook កំពុងយកប្រាក់ពីការផ្សាយពាណិជ្ជកម្មជាច្រើន និងយកប្រាក់ពីសង្គមថៃទាំងមូល។ ក្រុមហ៊ុន Facebook គួរតែមានទំនួលខុសត្រូវខ្ពស់ចំពោះសង្គម គួរតែពិនិត្យការផ្សាយពាណិជ្ជកម្ម។ យើងជឿជាក់ថា ការធ្វើបែបនេះពិតជាអាចកាត់បន្ថយការឆបោកបែបវិនិយោគនៅប្រទេសថៃតាមបណ្តាញសង្គម Facebook បាន»។
លោក Wetang បានថ្លែងថា ក្រសួងកំពុងជំរុញឱ្យក្រុមហ៊ុននេះធ្វើកិច្ចការបន្ថែមទៀតដើម្បីពិនិត្យ និងបដិសេធការផ្សព្វផ្សាយពាណិជ្ជកម្មបង់ប្រាក់សម្រាប់ឆ្នាំមុន ហើយឥឡូវនេះកំពុងងាកទៅរកតុលាការដើម្បីអាចបិទគេហទំព័រនេះដែលជាមធ្យោបាយចុងក្រោយ។
លោកបានបន្តក្នុងសម្តីដើមថា៖ «ប្រសិនបើអ្នកគាំទ្របទល្មើស ជាពិសេសតាមអ៊ីនធឺណិត អ្នកនឹងត្រូវទទួលខុសត្រូវចំពោះបទល្មើសនោះ ហើយតាមច្បាប់ វាអាចទៅរួចដែលតុលាការនឹងចេញសាលក្រមបិទបណ្តាញសង្គម Facebook»។
លោកបន្តក្នុងសម្តីដើមថា៖ «តាមច្បាប់ យើងអាចសុំឱ្យតុលាការព្យួរ ឬដាក់ទោសអ្នកដែលគាំទ្របទល្មើសទាំងអស់ ប្រសិនបើមានភស្តុតាង»។
ទាំងក្រុមហ៊ុន Facebook និងក្រុមហ៊ុនមេរបស់ខ្លួនគឺក្រុមហ៊ុន Meta មិនបានឆ្លើយតបនឹងសំណើជាច្រើនលើករបស់ VOA សម្រាប់ការផ្តល់អត្ថាធិប្បាយ ឬបទសម្ភាសន៍នោះទេ។
សម្ព័ន្ធអ៊ីនធឺណិតអាស៊ី ឬ Asia Internet Coalition ដែលជាសមាគមឧស្សាហកម្មដែលមានក្រុមហ៊ុន Meta ជាសមាជិករបស់ខ្លួនផង បានទទួលស្គាល់ថា ការឆបោកតាមអ៊ីនធឺណិតគឺជាបញ្ហាដែលកំពុងកើនឡើងនៅទូទាំងតំបន់។ សមាជិកផ្សេងទៀតរួមមានក្រុមហ៊ុន Google ក្រុមហ៊ុន Amazon ក្រុមហ៊ុន Apple និងក្រុមហ៊ុន X ដែលពីមុនត្រូវបានគេស្គាល់ថា Twitter។
លោក Sarthak Luthra លេខាធិការនៃសម្ព័ន្ធអ៊ីនធឺណិតនៅអាស៊ីបានប្រាប់ VOA ថា៖ «ខណៈពេលដែលវាកំពុងពិបាកគ្រប់គ្រងដោយសារចំនួនអ្នកប្រើប្រាស់ដ៏ច្រើន វាក៏កាន់តែពិបាកដោះស្រាយបញ្ហាដែរ ដោយសារបច្ចេកវិទ្យានៃកម្មវិធីនៅលើបណ្តាញនេះ ត្រូវបានប្រើក្នុងផ្លូវត្រូវផងខុសផង»។
លោក Luthra មិនថ្លែងក្នុងនាមក្រុមហ៊ុន Meta ឬឆ្លើយតបនឹងការប្តឹងជាក់លាក់ណាស់មួយរបស់ប្រទេសថៃប្រឆាំងនឹងក្រុមហ៊ុន Facebook នោះទេ ប៉ុន្តែបានថ្លែងថា ក្រុមហ៊ុនបច្ចេកវិទ្យាកំពុងចាត់វិធានការដើម្បីរារាំងអ្នកឆបោក រួមទាំងបង្រៀនអ្នកប្រើប្រាស់ពីរបៀបកត់ចំណាំការឆបោក អ្នកឆបោកផងដែរ។
ជាឧទាហរណ៍ កាលពីឆ្នាំមុនក្រុមហ៊ុន Meta បានចាប់ផ្តើមយុទ្ធនាការ #StayingSafeOnline ក្នុងប្រទេសថៃ «ដើម្បីបង្កើនការយល់ដឹងអំពីប្រភេទនៃការឆបោកតាមអ៊ីនធឺណិតពេញនិយមបំផុតមួយចំនួន រួមទាំងជួយអ្នកប្រើប្រាស់ឱ្យយល់ពីអ្នកឆបោកក្នុងទម្រង់ផ្សេងៗ ល្បិចរបស់ពួកគេ និងគន្លឹះដើម្បីរក្សាសុវត្ថិភាពនៅលើអ៊ីនធឺណិត» នេះបើយោងតាមគេហទំព័ររបស់ក្រុមហ៊ុន Meta។
លោក Luthra បានថ្លែងថា ក្រុមហ៊ុនបច្ចេកវិទ្យាកំពុងប្រឈមនឹងបទល្មើសព្រហ្មទណ្ឌ និងការពិន័យរដ្ឋប្បវេណីកាន់តែច្រើនចំពោះមាតិការបស់ពួកគេនៅទូទាំងតំបន់ ខណៈដែលពួកគេជំរុញឱ្យរដ្ឋាភិបាលផ្តល់សេរីភាពដល់ពួកគេបន្ថែមទៀតដើម្បីគ្រប់គ្រងខ្លួនឯង និងអនុវត្តច្បាប់ «លើកលែងការដាក់ទោសទណ្ឌ» ដែលការពារក្រុមហ៊ុនពីការទទួលខុសត្រូវផ្លូវច្បាប់ចំពោះមាតិកាដែលបង្កើតឡើងដោយអ្នកប្រើប្រាស់។
លោកបានថ្លែងថា ការបិទវេទិកាណាមួយនៅទូទាំងប្រទេសមិនមែនជាចម្លើយទេ ហើយលោកបានព្រមានអំពីផលវិបាកដែលមិនបានគ្រោងទុកនានា។
លោក Luthra បានថ្លែងក្នុងសម្តីដើមថា «ទី១ វាពិតជាប៉ះពាល់ដល់ភាពងាយស្រួលនៃការធ្វើអាជីវកម្ម និងការយល់ឃើញជុំវិញការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសមួយ ដូច្នេះការបិទវេទិកាមិនមែនជាដំណោះស្រាយចំពោះបញ្ហាប្រឈមក្នុងករណីនេះនោះទេ។ រដ្ឋាភិបាលពិតជាត្រូវគិតពីរបៀបលើកកម្ពស់សុវត្ថិភាពតាមអ៊ីនធឺណិត ដែលស្របពេលជាមួយគ្នា រក្សាបាននូវបរិយាកាសអ៊ីនធឺណិតបើកចំហរ»។
លោក Luthra បានបន្ថែមក្នុងសម្តីដើមថា «តាមទស្សនៈសេដ្ឋកិច្ច វាប៉ះពាល់ដល់បរិយាកាសវិនិយោគ អាជីវកម្ម និងលទ្ធភាពធ្វើប្រតិបត្តិការក្នុងប្រទេសជាក់លាក់មួយនោះ»។
នៅក្នុងកម្មវិធីរបស់ក្រុមហ៊ុននាពេលថ្មីៗនេះនៅក្នុងប្រទេសថៃ ក្រុមហ៊ុន Meta បានថ្លែងថា មានអ្នកប្រើប្រាស់ Facebook ប្រមាណ ៦៥ លាននាក់នៅក្នុងប្រទេសនេះដែលជាប្រទេសមានសេដ្ឋកិច្ចធំលំដាប់ទី២នៅអាស៊ីអាគ្នេយ៍។
អ្នកស្រី Sutawan Chanprasert នាយកប្រតិបត្តិអង្គការ DigitalReach ដែលជាអង្គការសិទ្ធិឌីជីថលមានមូលដ្ឋាននៅក្នុងប្រទេសថៃបានថ្លែងថា ការបិទវេទិកានេះនឹងជះឥទ្ធិពល «យ៉ាងខ្លាំង» ដល់មនុស្សភាគច្រើនដែលប្រើប្រាស់គេហទំព័រនេះដើម្បីរកប្រាក់ដោយស្របច្បាប់ និងស្មោះត្រង់។
អ្នកស្រីបានថ្លែងថា ការបិទក៏នឹងកាត់ផ្តាច់បណ្តាញដ៏សំខាន់សម្រាប់ការបញ្ចេញមតិដោយសេរីនៅក្នុងប្រទេសថៃ និងឧបករណ៍ដ៏សំខាន់សម្រាប់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យក្នុងស្រុកផងដែរ។
អ្នកស្រី Sutawan បានថ្លែងក្នុងសម្តីដើមថា «ពួកគេមួយចំនួនពឹងផ្អែកខ្លាំងលើបណ្តាញសង្គម Facebook ព្រោះវាជាបណ្តាញសង្គមដ៏ពេញនិយមបំផុតនៅក្នុងប្រទេសថៃ ដូច្នេះពួកគេផ្សព្វផ្សាយមាតិការបស់ពួកគេនៅលើបណ្តាញសង្គម Facebook ដើម្បីផ្សព្វផ្សាយទៅកាន់ទស្សនិកជន ដោយសារតែពួកគេមិនមានសមត្ថភាពបង្កើតបណ្តាញផ្សព្វផ្សាយពេញលេញមួយដោយខ្លួនឯង»។
អ្នកស្រី Sutawan បានថ្លែងថា ការចាត់វិធានការរហូតដល់បិទ Facebookដើម្បីបង្រ្កាបអ្នកឆបោកជាវិធានការ «ជ្រុលហួសហេតុពេក»។ អ្នកស្រីស្នើឱ្យរដ្ឋាភិបាលផ្តោតលើការពង្រឹងច្បាប់ស្តីពីឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត និងសន្តិសុខរបស់ប្រទេស និងការអនុវត្តច្បាប់ទាំងនោះវិញ។
លោក Wetang បានថ្លែងថា រដ្ឋាភិបាលបានដឹងពីការខាតបង់ធ្ងន់ធ្ងរដែលអាចកើតឡើងពីការបិទបណ្តាញនេះ ប៉ុន្តែត្រូវប្រថុយដាក់បណ្តឹងដែលអាចនាំឲ្យដល់ការបិទបណ្តាញ។
លោក Wetang បានថ្លែងក្នុងសម្តីដើមថា៖ «យើងពិតជាមានការព្រួយបារម្ភចំពោះអ្នកប្រើប្រាស់បណ្តាញសង្គម Facebook។ ប៉ុន្តែដោយសារនេះជាបទល្មើសដែលបានកើតឡើងរួចហើយ និងមានភស្តុតាងច្បាស់ណាស់ដែលយើងមិនអាចមិនចាត់វិធានការបាននោះទេ»៕