ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​ ត្រូវ​បាន​ដក​ចេញ​ពី​តំណែង


លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោក អំឡុងពេលផ្ដល់បទសម្ភាសដល់ VOA នៅខុទ្ទកាល័យរបស់លោក ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ ។ (អូន ឆេងប៉រ/VOA)
លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោក អំឡុងពេលផ្ដល់បទសម្ភាសដល់ VOA នៅខុទ្ទកាល័យរបស់លោក ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ ។ (អូន ឆេងប៉រ/VOA)

សមាជិក​ម្នាក់​នៃ​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោបល់​គឺ​លោក​ សុខសុវណ្ណ វឌ្ឍនាសាប៊ុង ត្រូវ​បាន​បញ្ចប់​ពី​មុខតំណែងនៅ​ថ្ងៃ​ច័ន្ទ​ទី​៤​ ខែ​ឧសភានេះ ដោយ​មិន​ដឹង​ពី​មូលហេតុ​ពិត​ប្រាកដ។ នេះ​បើ​យោង​តាមព្រះរាជក្រឹត្យ​មួយ​ ចុះ​ហត្ថលេខា​ដោយ​លោក សាយ ឈុំ ដែល​បំពេញ​តួនាទី​ជា​ប្រមុខរដ្ឋ​ស្តីពី ជំនួស​ព្រះ​មហាក្សត្រ​ដែល​បាន​យាង​ទៅ​ប្រទេស​ចិន។

ព្រះរាជក្រឹត្យ​ដែល​វីអូអេ​ទទួល​បាន​នៅ​ថ្ងៃ​ចន្ទ​នេះ មិន​បាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​សម្រេច​ចិត្ត​បញ្ចប់​មុខ​តំណែង​របស់​លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ដែល​មាន​ឋានៈ​ស្មើ​ទេស​រដ្ឋមន្ត្រី​នេះ​ទេ។

​លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង គឺ​ជា​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក ដែល​ជា​គណបក្ស​បង្កើត​ថ្មី​មួយ​ដែល​បាន​ចូលរួម​ជាមួយ​គណបក្ស​នយោបាយ​ចំនួន​១៥​ទៀត​នៅ​ក្នុង​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោបល់។

ក្រុម​ប្រឹក្សា​ពិគ្រោះ​យោបល់​នេះ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ ក្រោយ​ការ​បោះឆ្នោត​ជាតិ​ថ្ងៃ​ទី​២៩​ខែ​កក្កដា​ ឆ្នាំ​២០១៨។

ក្រុម​ប្រឹក្សា​នេះ មាន​តួនាទី ផ្តល់​យោបល់​និង​ជួប​ពិគ្រោះ​ជាមួយ​នាយករដ្ឋមន្ត្រី រាល់​៦​ខែ​ម្តង។

លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ដែល​គេ​ស្គាល់​តាម​ឈ្មោះ​ហៅ​ក្រៅ​ថា William Guang ត្រូវ​បាន​គេ​មើល​ឃើញ​ថា​បាន​ចុះ​មូលដ្ឋាន ធ្វើ​សកម្មភាព​ជួប​ជាមួយ​ប្រជាពលរដ្ឋ​និង​ចែក​ម៉ាស​ដល់​អ្នក​ភូមិ​ជាដើម​ក្នុង​ចំណោម​សកម្មភាព​មួយ​ចំនួន​ទៀត​ក្នុង​ពេល​កន្លង​ទៅ​និង​ថ្មីៗ​នេះ។​

វីអូអេ​ បាន​ទាក់ទង​ស្នើ​សុំ​ប្រតិកម្ម​តប​ប៉ុន្តែ​មិន​ទាន់​បាន​ទទួល​ការ​ឆ្លើយ​តប​ណាមួយ​ពី​លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង បាន​នៅ​ឡើយ​ទេ​គិត​ត្រឹម​ថ្ងៃ​ចន្ទ​នេះ៕

XS
SM
MD
LG