ប្រទេសចិននិងបណ្ដាប្រទេសនៅតំបន់ទន្លេមេគង្គក្រោម បានសហការគ្នារៀបចំការសិក្សារួមគ្នាដ៏ធំមួយដើម្បីវាយតម្លៃអំពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុនិងផលប៉ះពាល់នៃទំនប់វារីអគ្គិសនីលើទន្លេមេគង្គ ដែលជាផ្លូវទឹកដ៏ធំមួយនៅទ្វីបអាស៊ី និងអំពីវិធីទប់ទល់នឹងការកើនឡើងនៃការគំរាមកំហែងដែលបណ្ដាលមកពីគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត។
កាលពីថ្ងៃទី២១ ខែកញ្ញា គណៈកម្មការទន្លេមេគង្គ (MRC) ដែលជាស្ថាប័នអន្តររដ្ឋាភិបាលមួយ ដែលមានប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាមជាសមាជិក បានប្រកាសអំពីការសិក្សាវាយតម្លៃរយៈពេល ៣ ឆ្នាំលើទន្លេមេគង្គទាំងមូល។
ការសិក្សាវាយតម្លៃនេះ ក៏មានការចូលរួមផងដែរពីសំណាក់ប្រទេសមីយ៉ាន់ម៉ា និងមជ្ឈមណ្ឌលសហប្រតិបត្តិការធនធានទឹកឡានឆាង-មេគង្គ (Lancang Mekong Water Resources Cooperation Center (LMWRCC)) ដែលដឹកនាំដោយប្រទេសចិន។ ឡានឆាង គឺជាភាសាចិនដែលសំដៅលើទន្លេមេគង្គ។
ចាប់ពីប្រភពដើមនៅតំបន់ខ្ពង់រាបភាគខាងលិចប្រទេសចិនរហូតដល់តំបន់ដីសណ្ដទន្លេមេគង្គជាប់សមុទ្រចិនខាងត្បូង (South China Sea) ទន្លេមេគង្គមានប្រវែងជាង ៤.០០០ គីឡូម៉ែត្រ និងហូរកាត់ប្រទេសមីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជា និងវៀតណាម។ ទន្លេនេះ បានជួយទ្រទ្រង់ជីវភាពរស់នៅរបស់មនុស្សជាង ៦០ លាននាក់ ដែលរស់នៅតាមបណ្តោយផ្លូវទឹកមួយនេះ។
លោក Anoulak Kittikhoun ប្រធានផ្នែកយុទ្ធសាស្រ្តនិងផ្នែកភាពជាដៃគូនៃគណៈកម្មការទន្លេមេគង្គ បាននិយាយថា អាកាសធាតុប្រែប្រួលមិនទៀងទាត់និងការសាងសង់ទំនប់វារីអគ្គិសនីជាបន្តបន្ទាប់ទាំងនៅលើដងទន្លេផ្ទាល់និងលើដៃទន្លេអស់រយៈពេលមួយទស្សវត្សរ៍កន្លងមក បានបង្អាក់ដល់វដ្តរដូវរបស់ទន្លេមេគង្គ ដែលមនុស្សរាប់លាននាក់ពឹងពាក់អាស្រ័យលើ។
លោកបានថ្លែងប្រាប់ VOA ថា៖ «យើងចាំបាច់ត្រូវធ្វើការវាយតម្លៃលើស្ថានភាពនេះឡើងវិញ ហើយអ្វីដែលសំខាន់ គឺថា គណៈកម្មការទន្លេមេគង្គមិនអាចធ្វើកិច្ចការនេះដោយខ្លួនឯងបាននោះទេ។ យើងចាំបាច់ត្រូវធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹងបណ្តាប្រទេសនៅខ្សែទឹកខាងលើ ជាពិសេសប្រទេសចិននិងគម្រោងកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ (LMC) ដើម្បីស្វែងយល់ជារួមអំពីការប្រែប្រួលនេះ ហើយបន្ទាប់មករិះរកវិធានការបន្ទាន់នានាដែលអាចធ្វើឡើងក្នុងបរិបទសម្របសម្រួលប្រតិបត្តិការនៃរចនាសម្ព័ន្ធផ្លូវទឹកនេះ ក៏ដូចជាក្នុងបរិបទនៃយន្តការទំនាក់ទំនងនិងផ្តល់ដំណឹងផងដែរ»។
កិច្ចការដែលមើលទៅហាក់ដូចជាងាយស្រួល
គណៈកម្មការទន្លេមេគង្គបានបញ្ជាក់ថា ប្រទេសដៃគូនឹងចាប់ផ្ដើមការសិក្សាវាយតម្លៃរួមគ្នានេះនៅខែធ្នូខាងមុខ។ ការសិក្សាវាយតម្លៃនេះ គឺជាកិច្ចសហប្រតិបត្តិការធំជាងគេបង្អស់មួយរបស់ប្រទេសដៃគូទាំងនោះ ដោយផ្តោតលើទិន្នន័យចាប់ពីឆ្នាំ ១៩៨៥ រហូតដល់យ៉ាងហោចណាស់ឆ្នាំ ២០១៩។ ទិន្នន័យទាំងនេះ មិនមែនត្រឹមតែជាទិន្នន័យដែលបានមកពីបណ្ដាប្រទេសនៅតាមដងទន្លេមេគង្គចម្បងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានមកពីបណ្ដាប្រទេសនៅតាមដៃទន្លេមេគង្គចម្បងៗផងដែរ។
ពួកគេនឹងពិនិត្យមើលលើទិន្នន័យក្នុងរយៈពេលជាង ៣០ ឆ្នាំកន្លងមកនេះ ដោយចែកចេញជាពីរផ្នែក។ ផ្នែកទីមួយ គឺចាប់ពីឆ្នាំ ១៩៨៥ ដល់ឆ្នាំ ២០០៧ និងផ្នែកទីពីរចាប់ពីឆ្នាំ ២០០៨ រហូតមក។ ទិន្នន័យក្នុងផ្នែកទីពីរនេះ ផ្ដោតលើដំណាក់កាលដែលមានការសាងសង់ទំនប់វារីអគ្គិសនីធំៗ។
លោក Anoulak បាននិយាយថា ការបែងចែកជាពីរផ្នែកនេះ អាចធ្វើឲ្យពួកគេមានគំនិតប្រសើរជាងមុនអំពីផលប៉ះពាល់នៃទំនប់វារីអគ្គិសនីលើទន្លេមេគង្គ។
ករណីនេះធ្លាប់ជាចំណុចប្រទាំងប្រទើសដ៏មច្បងមួយរវាងប្រទេសចិននិងបណ្តាប្រទេសនានាដែលបានរិះគន់ថា ការសាងសង់ទំនប់វារីអគ្គិសនីចំនួន ១១ របស់ចិនតាមដងទន្លេមេគង្គបានធ្វើឲ្យថយចុះនូវចំនួនត្រីនិងលំហូរល្បាប់ដីដែលមានសារៈសំខាន់សម្រាប់កសិកម្មនៅតំបន់វាលទំនាបជាប់មាត់ទន្លេ។
នៅពេលដែលក្រុមហ៊ុន Eyes on Earth ដែលជាក្រុមហ៊ុនស្រាវជ្រាវផ្នែកអាកាសធាតុមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានលើកឡើងកាលពីឆ្នាំមុន បន្ទាប់ពីខ្លួនបានសិក្សាវិភាគលើទិន្នន័យដែលទទួលបានពីផ្កាយរណបរួចហើយ ថា អាងស្ដុកទឹកធំៗរបស់ទំនប់វារីអគ្គិសនីបានធ្វើឲ្យគ្រោះរាំងស្ងួតកាលពីឆ្នាំ ២០១៩ នៅតំបន់ទន្លេមេគង្គក្រោមកាន់តែធ្ងន់ធ្ងរថែមទៀត ចិនបានច្រានចោលការអះអាងដូចនេះ។
សេចក្តីលម្អិតជាច្រើននៃការសិក្សាវាយតម្លៃនេះ មិនទាន់ត្រូវបានរៀបចំឡើងនៅឡើយទេ ដែលក្នុងនោះមានដូចជាការផ្ដោតលើដៃទន្លេជាក់លាក់ណាមួយ និងទំហំទិន្នន័យដែលប្រទេសចិននឹងចែករំលែកអំពីប្រតិបត្តិការទំនប់វារីអគ្គិសនីរបស់ខ្លួនជាដើម។ រហូតមកទល់នឹងពេលនេះ ចិននៅមិនទាន់បានបង្ហាញទិន្នន័យអំពីបរិមាណទឹកដែលទំនប់វារីអគ្គិសនីរបស់ខ្លួនបញ្ចេញនៅឡើយទេ។
លោក Anoulak បាននិយាយថា ភាពជោគជ័យមួយភាគធំនៃការសិក្សាវាយតម្លៃនេះគឺអាស្រ័យលើទំហំទិន្នន័យប្រតិបត្តិការ ដែលចិននិងបណ្តាប្រទេសដទៃទៀតស្ម័គ្រចិត្តបង្ហាញ។
លោកបញ្ជាក់ដូច្នេះថា៖ «នេះជាចំណុចសំខាន់មួយនៃការសិក្សាវាយតម្លៃនេះ។ ដើម្បីឲ្យការសិក្សានេះ អាចផ្ដល់នូវអនុសាសន៍ល្អនានាទាក់ទិននឹងការគ្រប់គ្រងរបបលំហូរទឹកនិងរបៀបដែលយើងអាចរិះរកវិធានការសម្របនានាបាន ទិន្នន័យមួយចំនួនគឺចាំបាច់ត្រូវតែចែករំលែក»។
លោក Brian Eyler នាយកកម្មវិធីអាស៊ីអាគ្នេយ៍នៃមជ្ឈមណ្ឌល Stimson (Stimson Center) បាននិយាយថា ប្រសិនបើប្រទេសចិនផ្ដល់ទិន្ន័យកាន់តែច្រើនពាក់ព័ន្ធនឹងរបៀបដែលខ្លួនគ្រប់គ្រងដំណើរការទំនប់វារីអគ្គិសនី នោះវាជាគន្លឹះដ៏សំខាន់សម្រាប់ស្វែងយល់ឲ្យបានពេញលេញអំពីផលប៉ះពាល់របស់ទំនប់វារីអគ្គិសនីលើតំបន់ទន្លេមេគង្គក្រោម និងសម្រាប់ការរៀបចំផែនការប្រកបដោយប្រសិទ្ធភាពដើម្បីគ្រប់គ្រងទន្លេមេគង្គឲ្យបានល្អប្រសើរបំផុតដើម្បីបានជាប្រយោជន៍ដល់មនុស្សគ្រប់គ្នា។
លោក Eyler ដែលមានតួនាទីផងដែរជាសហប្រធានគម្រោងឃ្លាំមើលទំនប់ទន្លេមេគង្គ (Mekong Dam Monitor) នៃមជ្ឈមណ្ឌល Stimson បានថ្លែងថា៖ «ប្រសិនបើការសិក្សានេះ ត្រូវបានធ្វើឡើងដោយត្រឹមត្រូវ នោះចិននឹងបង្ហាញឲ្យឃើញពីរបៀបគ្រប់គ្រងទំនប់វារីអគ្គិសនីរបស់ខ្លួន ចាប់ពីចំណុចផ្តើមដំបូងរហូតមក»។
លោកបានបន្ថែមថា ប្រសិនបើចិនចែករំលែកទិន្នន័យនោះ នោះវាគឺជាការផ្លាស់ប្តូរដ៏ធំមួយសម្រាប់ប្រទេសចិន ហើយថាតើចិននឹងធ្វើដូចនេះ ឬក៏យ៉ាងណានោះ «គឺយើងត្រូវរង់ចាំមើលសិន»។
សម្របតាមបញ្ហា ឬក៏បញ្ចៀសបញ្ហា
លោក Eyler បានស្វាគមន៍ចំពោះការដាក់បញ្ចូលនូវការសិក្សាលើទំនប់វារីអគ្គិសនីលើដៃទន្លេជាច្រើននៃទន្លេមេគង្គទៅក្នុងការសិក្សាវាយតម្លៃនេះ។ ការស្រាវជ្រាវផ្ទាល់របស់លោកកន្លងមកបានបង្ហាញថា ទំនប់វារីអគ្គិសនីលើដៃទន្លមេគង្គមានផលប៉ះពាល់ជាបន្តបន្ទាប់កាន់តែច្រើនលើទន្លេមេគង្គដូចទៅនឹងផលប៉ះពាល់ដែលបណ្ដាលមកពីទំនប់វារីអគ្គិសនីលើខ្សែទឹកទន្លេមេគង្គផ្ទាល់ដូច្នេះដែរ។
លោកបាននិយាយថា លោកមានការព្រួយបារម្ភថា ចិនអាចយកកិច្ចសហប្រតិបត្តិការនេះ ធ្វើជាឱកាសដើម្បីជំរុញនូវការអះអាងរបស់ខ្លួនដែលថា ការបង្អាក់របស់ទំនប់វារីអគ្គិសនីរបស់ខ្លួនលើវដ្តជំនន់តាមរដូវរបស់ទន្លេមេគង្គ គឺបានជួយដល់បណ្តាប្រទេសនៅតំបន់ទន្លេមេគង្គក្រោម បើទោះបីជាមិនមានភស្តុតាងណាបញ្ជាក់ក៏ដោយ និងថា មន្រ្តីគណៈកម្មការទន្លេមេគង្គមួយចំនួន ក៏បានធ្វើការអះអាងស្រដៀងគ្នានេះផងដែរ។
លោក Eyler បានព្រមានថា៖ «ការអះអាងទាំងនោះអាចរួមគ្នាជាឥទ្ធិពលមួយដើម្បីចាត់ចែងប្រព័ន្ធទន្លេមេគង្គតាមវិធីមួយដែលធ្វើឲ្យប្រព័ន្ធនេះមានលក្ខណៈគ្រប់គ្រងនិងចាត់ចែងខ្លាំងជាងមុន។ យើងដឹងហើយថា លទ្ធផលដែលកើតចេញពីដំណើរការនេះនឹងទៅជាបែបណានោះ។ លទ្ធផលទាំងនោះគឺមានដូចជា ការខូចខាតប្រព័ន្ធអេកូឡូស៊ីនៅតំបន់ទន្លេមេគង្គ ការបាត់បង់ផលិតភាពនេសាទស្ទើរតែទាំងស្រុង ផលប៉ះពាល់ធ្ងន់ធ្ងរលើផលិតភាពកសិកម្មរបស់ប្រទេសវៀតណាម និងការធ្លាក់ចុះយ៉ាងខ្លាំងនៃភាពធន់របស់តំបន់ដីសណ្ដទន្លេមេគង្គនៅក្នុងការការពារខ្លួននៅពេលដែលប្រឈមនឹងផលប៉ះពាល់ដែលបណ្ដាលមកពីការប្រែប្រួលអាកាសធាតុនាពេលអនាគត»។
ទំនប់វារីអគ្គិសនីចំនួន ១១ ផ្សេងទៀតដែលស្ថិតនៅតាមដងទន្លេមេគង្គផ្ទាល់នៅខាងក្រោមប្រទេសចិន កំពុងដំណើរការ ឬកំពុងសាងសង់ ឬក៏កំពុងស្ថិតក្នុងដំណាក់កាលរៀបចំគម្រោង ដែលភាគច្រើនមានទីតាំងនៅក្នុងប្រទេសឡាវ។ ចំណែកឯទំនប់វារីអគ្គិសនីរាប់សិបកន្លែងទៀត គឺស្ថិតនៅតាមដៃទន្លេមេគង្គ។
លោក Marc Goichot អ្នកដឹកនាំការស្រាវជ្រាវផ្នែកទឹកសាបនៃតំបន់អាស៊ីប៉ាស៊ីហ្វិកប្រចាំអង្គការ មូលនិធិសាកលសម្រាប់ធម្មជាតិ (World Wide Fund for Nature (WWF)) បាននិយាយថា លោកមានចម្ងល់ថា តើគោលបំណងចុងក្រោយនៃការសិក្សាវាយតម្លៃនេះ គឺដើម្បីជួយបណ្តាប្រទេសនៅតំបន់ទន្លេមេគង្គនៅក្នុងការកាត់បន្ថយផលប៉ះពាល់និងសម្របទៅតាមផលប៉ះពាល់ទាំងនោះ ឬក៏បញ្ចៀសផលប៉ះពាល់ទាំងនោះនិងដោះស្រាយឫសគល់បញ្ហា។
សេចក្តីថ្លែងការណ៍ដ៏ខ្លីរបស់លោក Anoulak និងរបស់គណៈកម្មការទន្លេមេគង្គលើការសិក្សាវាយតម្លៃនេះភាគច្រើនសំដៅទៅលើការកាត់បន្ថយនិងការសម្របតាមផលប៉ះពាល់ ក៏ដូចជាការសាង់សង់ទំនប់វារីអគ្គិសនីឲ្យបានប្រសើរជាងមុន ជាជាងការមិនសាងសង់ទំនប់ទាំងនោះតែម្ដង។
លោក Goichot បាននិយាយថា លោកក៏មានការភ្ញាក់ផ្អើលផងដែរ ដោយសារលោកមិនឃើញមានការលើកឡើងណាមួយអំពីបញ្ហាល្បាប់ដី ដែលមានដូចជាដីម៉ត់ ដីធម្មតា និងដីខ្សាច់ ដែលទន្លេហូរនាំមកទម្លាក់នៅតំបន់ទន្លេខាងក្រោម។ កសិករពឹងផ្អែកលើល្បាប់ដីទាំងនេះតាមបណ្តោយទន្លេមេគង្គ ប៉ុន្តែតំបន់ដែលមានល្បាប់ដីទាំងនេះច្រើនជាងគេគឺតំបន់ដីសណ្ដទន្លេមេគង្គនៅភាគខាងត្បូងប្រទេសវៀតណាម ដែលតំបន់នេះត្រូវបានគេហៅថាជាជង្រុកស្រូវរបស់ប្រទេសវៀតណាម។
តំបន់ដីសណ្តទន្លេមេគង្គបានលិចនិងរួមតូច ដោយសារតែកង្វះល្បាប់ដីអស់រយៈពេលជាច្រើនឆ្នាំកន្លងមក គួបផ្សំជាមួយនឹងហានិភ័យនៃការកើនឡើងនីវ៉ូទឹកសមុទ្រនិងការព្រួយបារម្ភអំពីលំហូរប្រជាជនចាកចេញពីតំបន់ដែលមានមនុស្សរស់នៅច្រើនកុះករផងដែរ។
លោក Goichot បាននិយាយថា៖ «តំបន់ដីសណ្ដទន្លេមេគង្គគឺជាកន្លែងដែលប្រឈមនឹងគ្រោះរាំងស្ងួតនិងគ្រោះទឹកជំនន់ខ្លាំងជាងគេបំផុត ហើយវាពាក់ព័ន្ធយ៉ាងខ្លាំងទៅនឹងទំនប់វារីអគ្គិសនី ពីព្រោះតំបន់នេះកំពុងតែរួមតូចលឿនជាងការកើនឡើងរបស់នីវ៉ូទឹកសមុទ្រទៅទៀត។ ចំណុចសំខាន់ដែលបណ្ដាលឲ្យមានការរួមតូចនេះ គឺដោយសារតែល្បាប់ដីដែលហូរនាំតាមខ្សែទឹកទន្លេមេគង្គបានថយថុះ។ ហើយទំនប់វារីអគ្គិសនី គឺជាហេតុផលចម្បងមួយដែលធ្វើឲ្យល្បាប់ដីបានថយចុះយ៉ាងខ្លាំងដូចនេះ»។
លោកបានបន្ថែមថា៖ «សម្រាប់ខ្ញុំ ខ្ញុំធ្លាប់រំពឹងថា បញ្ហានេះគួរតែត្រូវបានគេផ្តោតជាចម្បងរួចស្រេចទៅហើយនៅក្នុងដំណាក់កាលឥឡូវនេះនៃការសិក្សាវាយតម្លៃនេះ តែតាមពិត វាមិនដូចអ្វីដែលខ្ញុំបានរំពឹងនោះទេ»។
មជ្ឈមណ្ឌលសហប្រតិបត្តិការធនធានទឹកឡានឆាង-មេគង្គ មិនបានឆ្លើយតបចំពោះសំណើរបស់ VOA ដែលចង់ឲ្យមានការអធិប្បាយលើបញ្ហានេះនោះទេ៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្រ្តបញ្ញា