លោក ម៉ិច ដារ៉ា ដែលបានប្រកាសបញ្ចប់អាជីពជាអ្នកកាសែត បានស្នើឱ្យថ្នាក់ដឹកនាំស្ថាប័នច្បាប់និងរដ្ឋាភិបាលផ្តល់សេរីភាពឱ្យលោកពេញលេញ បន្ទាប់ពីលោកបានទទួលស្គាល់កំហុសដែលផ្តើមចេញពីការបង្ហោះព័ត៌មានមួយចំនួនលើបណ្តាញសង្គមហ្វេសប៊ុក។
កាលពីខែតុលា តុលាការរាជធានីភ្នំពេញបានសម្រេចឱ្យលោក ដារ៉ា បានស្ថិតនៅក្រៅឃុំ ក្រោយលោកបានសរសេរលិខិតនិងចេញវីដេអូថ្លែងទទួលកំហុស ចំពោះថ្នាក់ដឹកនាំកម្ពុជាសំខាន់ៗពីររូប ប៉ុន្តែលោកត្រូវបានដាក់ឱ្យស្ថិតក្រោមការឃ្លាំមើលរបស់តុលាការ។ លោកក៏ត្រូវបានហាមឃាត់ដោយតុលាការមិនឱ្យចាកចេញពីប្រទេសផងដែរ។
នៅក្នុងការអត្ថាធិប្បាយមួយលើគណនីហ្វេសប៊ុករបស់លោកកាលពីថ្ងៃព្រហស្បតិ៍លោក ដារ៉ា បានសរសេរថា លោកបានសុំទោសប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចំពោះកំហុសរបស់លោកក្នុងការបង្ហោះព័ត៌មានមិនពិត នៅតាមបណ្តាញសង្គមចំនួន ៥ លើកកន្លងរួចមកហើយ។
លោកបានលើកឡើងថា៖ «ដូចអ្វីដែលខ្ញុំបានសន្យានោះ ខ្ញុំបានលុបនូវខ្លឹមសារទាំងឡាយ ដែលបានបង្ហោះនូវព័ត៌មានក្លែងក្លាយទាំង ៥ លើក នាពេលកន្លងទៅរួចហើយ»។
លោកបន្ថែមថា៖ «ខ្ញុំសូមសន្យាថាឈប់ផ្សព្វផ្សាយព័ត៌មានមិនពិត ដែលធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជា ព្រមទាំងសុំការលើកលែងទោសដល់ខ្ញុំបាទ ពីប្រមុខថ្នាក់ដឹកនាំនៃស្ថាប័ននីតិប្បញ្ញតិ្ត និងថ្នាក់ដឹកនាំស្ថាប័ននីតិប្រតិបត្តិផងដែរ»។
លោក ម៉ិច ដារ៉ា ត្រូវគេស្គាល់ថាជាអ្នកកាសែតមានភាពសកម្មក្នុងការរាយការណ៍ព័ត៌មានពាក់ព័ន្ធនឹងការជួញដូរមនុស្ស និងការឆបោកតាមប្រព័ន្ធអនឡាញ ឬ online scams និងធ្លាប់ទទួលបានពានរង្វាន់ពីក្រសួងការបរទេសសហរដ្ឋអាមេរិក ចំពោះភាពក្លាហាននៃការរាយការណ៍ព័ត៌មានអំពីប្រធានបទដ៏រសើបទាំងនោះ។
លោក ដារ៉ា ត្រូវបានកម្លាំងរាជអាវុធហត្ថចាប់ខ្លួន ហើយបញ្ជូនទៅប្រឈមមុខនឹងការកាត់ទោសនៅតុលាការក្រុងភ្នំពេញ ក្រោយលោកត្រូវបានអាជ្ញាធរមូលដ្ឋាននៅស្រុកបាភ្នំ ខេត្តព្រៃវែង ចោទប្រកាន់ថា បានបង្ហោះរូបភាពមិនពិតចំនួន ២ សន្លឹកលើបណ្តាញសង្គម ដែលបង្ហាញពីការបំផ្លិចបំផ្លាញភ្នំឈើកាច់ក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង ដែលមានព្រំប្រទល់ជាប់ប្រទេសវៀតណាម។
លោក ឌុច ពិសិដ្ឋ មេធាវីការពារក្តីឱ្យលោក ម៉ិច ដារ៉ា ប្រាប់វីអូអេថា បើតាមនីតិវិធីច្បាប់ កូនក្តីលោកមិនទាន់ត្រូវបានរកឃើញថាមានទោសនៅឡើយទេ ទោះបីកំពុងស្ថិតក្រោមការចោទប្រកាន់ពីបទញុះញង់របស់តុលាការ។
លោកបន្ថែមថា កូនក្តីលោកបានធ្វើតាមសន្យារបស់លោក មុនពេលចេញពីពន្ធនាគារ ដោយបានលុបចោលរាល់ការបង្ហោះនានាដែលនាំឱ្យមានការចោទប្រកាន់ពីតុលាការ ហើយបានស្នើសុំឱ្យមានការយោគយល់ពីថ្នាក់ដឹកនាំចំពោះកំហុសដោយអចេតនានៃការបង្ហោះព័ត៌មានមិនពិតកន្លងមកលើប្រព័ន្ធទំនាក់ទំនងសង្គម។
លោកមេធាវី ឌុច ពិសិដ្ឋ សង្ឃឹមថា កូនក្តីនឹងទទួលបានការយោគយល់ខ្ពស់ពីថ្នាក់ដឹកនាំនិងស្ថាប័នពាក់ព័ន្ធ ចំពោះលទ្ធភាពនៃការទម្លាក់បទចោទលើកូនក្តី។
លោកថ្លែងថា៖ «អ៊ីចឹង យើងសង្ឃឹមថានឹងមានការយោគយល់ខ្ពស់ពីថ្នាក់ដឹកនាំ ហើយនិងស្ថាប័នដែលពាក់ព័ន្ធហ្នឹង ឬក៏អាចមានការទម្លាក់បទចោទទៅលើគាត់។ អានេះគឺជាការរំពឹងរបស់គាត់ ហើយនិងក្នុងនាមខ្ញុំជាមេធាវីការពារក្តីឱ្យគាត់ក៏យើងយល់ថាជាការល្អដែរ បើសិនជាការទម្លាក់បទចោទប្រកាន់»។
វីអូអេមិនទាន់សុំការអត្ថាធិប្បាយពីលោក ម៉ិច ដារ៉ា បាននៅឡើយទេ។ ប៉ុន្តែប្អូនស្រីលោកម្នាក់គឺកញ្ញា ម៉ិច ជូឡាយ បានបញ្ជាក់ឱ្យដឹងថា លោក ម៉ិច ដារ៉ា និងក្រុមគ្រួសារចង់ទទួលបានការលើកលែងការចោទប្រកាន់។
កញ្ញាថ្លែងថា៖ «ពួកខ្ញុំពិតជាចង់ឱ្យមានការលើកលែងទោស ប៉ុន្តែស្ថិតនៅខាងតុលាការដែរ ដែលគាត់ម៉េចដែរក្នុងរឿងហ្នឹង តែសម្រាប់ពួកខ្ញុំផ្ទាល់ទាំងគ្រួសារ ទាំងអីពិតជាចង់ឱ្យមាន[ការ]លើកលែងទោស»។
ក្នុងសំណុំរឿងលោក ម៉ិច ដារ៉ា អង្គការសង្គមស៊ិវិលជាតិ និងអន្តរជាតិ ដែលធ្វើការលើវិស័យសិទ្ធិមនុស្ស បានស្នើឱ្យតុលាការពិចារណាលើកលែងការចោទប្រកាន់លើអតីតអ្នកកាសែតរូបនេះ ក្រោមហេតុផលថា ការបង្ហោះព័ត៌មានរបស់លោកកន្លងមកគឺធ្វើឡើងក្នុងទម្រង់នៃការចែករំលែកព័ត៌មាន ហើយក៏ស្ថិតក្នុងដែនសេរីភាពនៃការបញ្ចេញមតិ។
នាយកប្រតិបត្តិសមាគមខេមបូចាលោក ណុប វី ប្រាប់វីអូអេថា លោក ម៉ិច ដារ៉ា ត្រូវបានថ្នាក់ដឹកនាំកម្ពុជាផ្តល់ការអភ័យទោសឱ្យ ក្រោយលោកចេញវីដេអូសុំទោសទទួលស្គាល់កំហុស។ លោកយល់ថា តុលាការអាចនឹងលើកយកការអភ័យទោសរបស់ថ្នាក់ដឹកនាំកម្ពុជាមកពិចារណាក្នុងការទម្លាក់បទចោទទាំងស្រុង ដើម្បីលោកមានសិទ្ធិសេរីភាពពេញលេញក្នុងការប្រកបរបរចិញ្ចឹមជីវិត និងមើលថែម្ដាយដែលចាស់ជរា ដោយគ្មានការបារម្ភពីការប្រឈមបញ្ហាផ្លូវច្បាប់បន្តទៀត។
លោកថ្លែងថា៖ «ខ្ញុំគិតថា តុលាការក៏លោកអាចនឹងពិនិត្យមើល និងប្រើប្រាស់នូវទឡ្ហីករណ៍នៃការស្នើសុំនៃការសុំទោស ក៏ដូចជាការអត់ឱនរបស់ថ្នាក់ដឹកនាំរដ្ឋាភិបាលនេះជាផ្នែកមួយដើម្បីឈានទៅទម្លាក់ចោលទាំងស្រុងនូវការចោទប្រកាន់ ហើយនិងដំណើរការនីតិវិធីលោក ម៉ិច ដារ៉ា ដែរ»។
វីអូអេមិនអាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក អ៊ី រិន្ទ ដោយលោកមិនឆ្លើយតបសំណួរផ្ញើតាមប្រព័ន្ធទំនាក់ទំនងតេឡក្រាម។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូលោក អំ សំអាត យល់ឃើញថា អាជ្ញាធរគួរប្រើច្បាប់ស្តីពីរបបសារព័ត៌មានដើម្បីដោះស្រាយករណីលោក ម៉ិច ដារ៉ា ជាជាងការនាំខ្លួនអតីតអ្នកកាសែតរូបនេះមកទទួលការផ្តន្ទាទោសនៅមុខតុលាការ។
លោកថ្លែងថា៖ «លោក ម៉ិច ដារ៉ា ក៏ជាអ្នកសារព័ត៌មានឯករាជ្យមួយពីមុនមកបាទ។ អ្វីដែលសំខាន់បើទាក់ទងនឹងបញ្ហាសារព័ត៌មាន គួរតែមានការប្រើប្រាស់ច្បាប់ស្តីពីរបបសារព័ត៌មានជាមុន។ ប៉ុន្តែទោះយ៉ាងណាក៏ដោយ ខ្ញុំនៅតែយល់ឃើញថា ករណីលោក ម៉ិច ដារ៉ា នេះ គឺមានការរិះគន់ច្រើនពីសហគមន៍អន្តរជាតិនិងបណ្តាទូតជាច្រើន។ អ៊ីចឹងគួរតែទម្លាក់បទចោទប្រកាន់លើរូបលោក ម៉ិច ដារ៉ា»។
កាលពីដើមខែវិច្ឆិកា លោកសាដា អ៊ូម៉ា អាឡាម (Sardar Umar Alam) តំណាងអង្គការយូណេស្កូប្រចាំកម្ពុជាក៏បានអំពាវនាវឱ្យទម្លាក់ចោលបទចោទលើអតីតអ្នកកាសែតលោក ម៉ិច ដារ៉ា និងអំពាវនាវឱ្យរដ្ឋាភិបាលធានាសេរីភាពសារព័ត៌មាន និងសុវត្ថិភាពរបស់អ្នកសារព័ត៌មាន តាមរយៈការបង្កើតយន្តការច្បាប់ដែលការពារអ្នកសារព័ត៌មាន។
ដោយឡែក ក្រសួងការបរទេសសហរដ្ឋអាមេរិកក៏បានសម្តែងការព្រួយបារម្ភចំពោះការចាប់ខ្លួនលោក ម៉ិច ដារ៉ា និងស្នើឱ្យរដ្ឋាភិបាលកម្ពុជាទទួលយកមតិចម្រុះនិងជំរុញសារព័ត៌មានសេរីផងដែរ៕
វេទិកាបញ្ចេញមតិ