សហចៅក្រមស៊ើបអង្កេតអន្តរជាតិនៃសាលាក្ដីខ្មែរក្រហម នៅថ្ងៃអង្គារនេះ បានប្រកាសថា ការស៊ើបសួរក្នុងសំណុំរឿង០០៣ ពាក់ព័ន្ធនឹងជនសង្ស័យឈ្មោះ មាស មុត បានបញ្ចប់ហើយ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានមួយរបស់សាលាក្ដីខ្មែរក្រហម ដែលបានចេញផ្សាយនៅថ្ងៃទី១០ខែមករានេះ។
សេចក្ដីប្រកាសព័ត៌មានដដែលនេះ បានឲ្យដឹងថា សហចៅក្រមស៊ើបអង្កេតអន្តរជាតិ ក៏បានចេញសេចក្ដីសម្រេចមួយផ្សេងទៀត ដែលកាត់បន្ថយវិសាលភាពនៃការស៊ើបសួររបស់តុលាការពាក់ព័ន្ធនឹងឈ្មោះ មាស មុត ដែលជាអតីតមេបញ្ជាការកងទ័ពជើងទឹកនៃរបបខ្មែរក្រហមរូបនេះដែរ។
ការបញ្ចប់កិច្ចស៊ើបសួររបស់សាលាក្ដីខ្មែរក្រហមក្នុងសំណុំរឿង០០៣នេះ ធ្វើឡើងក្រោយពីមានការស៊ើបអង្កេតរយៈពេល៨ឆ្នាំ លើ លោក មាស មុត ទាក់ទងនឹងឧក្រិដ្ឋកម្ម ដែលត្រូវបានចោទប្រកាន់ថា បានប្រព្រឹត្តនៅចន្លោះថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ រហូតដល់ថ្ងៃទី០៦ខែមករា ឆ្នាំ១៩៧៩។ នេះបើយោងតាមសាលាក្ដីខ្មែរក្រហម ដែលទទួលបន្ទុកជំនុំជម្រះក្ដីលើអតីតមេដឹកនាំនិងអ្នកទទួលខុសត្រូវខ្ពស់បំផុតនៃរបប៣ឆ្នាំ៨ខែនិង២០ថ្ងៃនោះ។
ការស៊ើបអង្កេតប្រឆាំងនឹងអតីតជនសង្ស័យម្នាក់ទៀត ឈ្មោះ ស៊ូ ម៉េត ក្នុងសំណុំរឿង០០៣នេះដែរ ត្រូវបានបិទ បន្ទាប់ពីអតីតមេបញ្ជាការកងទ័ពអាកាសនៃរបបខ្មែរក្រហមរូបនេះ បានស្លាប់កាលពីខែមិថុនា ឆ្នាំ២០១៥៕