ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទីប្រឹក្សា​សន្តិសុខ​ជាតិ​សហរដ្ឋ​អាមេរិក​ជួប​ជាមួយ​មន្ត្រី​ស៊ីវិល​និង​យោធា​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន


ទីប្រឹក្សាសន្តិសុខជាតិ​លោកឧត្តមសេនីយ​ H.R. McMaster ស្តាប់​ខណ​ដែលប្រធានាធិបតី​អាមេរិក​ Donald Trump ប្រកាស​នៅ​គេហដ្ឋាន​របស់​គាត់​នៅ Mar-a-Lago ក្នុង​ទីក្រុង​ Palm Beach រដ្ឋ Florida កាល​ពី​ថ្ងៃទី​២០ កុម្ភៈ ២០១៧។
ទីប្រឹក្សាសន្តិសុខជាតិ​លោកឧត្តមសេនីយ​ H.R. McMaster ស្តាប់​ខណ​ដែលប្រធានាធិបតី​អាមេរិក​ Donald Trump ប្រកាស​នៅ​គេហដ្ឋាន​របស់​គាត់​នៅ Mar-a-Lago ក្នុង​ទីក្រុង​ Palm Beach រដ្ឋ Florida កាល​ពី​ថ្ងៃទី​២០ កុម្ភៈ ២០១៧។

ទីប្រឹក្សា​សន្តិសុខ​ជាតិ​សហរដ្ឋ​អាមេរិក លោក H.R. McMaster កំពុង​ជួប​ពិភាក្សា​ជាមួយ​នឹង​មន្ត្រី​ស៊ីវិល និង​មន្ត្រី​យោធា​នានា ពាក់ព័ន្ធ​នឹង​បញ្ហា​សន្តិសុខ​ទ្វេភាគី និង​កិច្ច​ប្រឹងប្រែង​ដើម្បី​ធ្វើ​ឲ្យ​ប្រទេស​អាហ្វហ្គានីស្ថាន ដែល​ជា​ប្រទេស​ជិត​ខាង​ប៉ាគីស្ថាន​ឲ្យ​មាន​ស្ថិរភាព។

លោក McMaster បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទីក្រុង​អ៊ីស្លាម៉ាបាត ប្រទេស​ប៉ាគីស្ថាន នៅ​ថ្ងៃ​ចន្ទ​នេះ គឺ​ក្នុង​រយៈពេល​មួយ​ថ្ងៃ​ក្រោយ​មក បន្ទាប់ពី​លោក​បាន​ជួប​ពិភាក្សា​ជាមួយ​មេដឹកនាំ​អាហ្វហ្គានីស្ថាន​នៅ​ក្នុង​ទីក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន ដើម្បី​ពិនិត្យ​ឡើង​វិញ និង​វាយ​តម្លៃ​ស្ថានការណ៍​ពាក់ព័ន្ធ​នឹង​បេសកកម្ម​ប្រឆាំង​នឹង​ការ​បះបោរ និង​ការ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម របស់​យោធា​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។

បន្ទាប់ពី​លោក McMaster បាន​ជួប​ប្រជុំ​ជាមួយ​នឹង​ទីប្រឹក្សា​គោល​នយោបាយ​ការបរទេស​ប៉ាគីស្ថាន លោក Sartaj Aziz រួច​មក គេ​ឃើញ​មាន​ការ​ចេញ​នូវ​សេចក្ដី​ប្រកាស​ផ្លូវការ​មួយ ដែល​បាន​បញ្ជាក់​ថា រដ្ឋាភិបាល​ប៉ាគីស្ថាន​បង្ហាញ​ពី​ក្ដី​បារម្ភ​របស់​ខ្លួន​ចំពោះ​ស្ថានការណ៍​សន្តិសុខ​ដែល​កាន់តែ​យ៉ាប់យ៉ឺន​ទៅៗ​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។

សេចក្ដី​ប្រកាស​នេះ បាន​បញ្ជាក់​បន្ថែម​ទៀត​ថា លោក Sartaj Aziz បាន​បញ្ជាក់​សារ​ជា​ថ្មី​អំពី​ការ​ប្ដេជ្ញា​របស់​ប្រទេស​ប៉ាគីស្ថាន នៅ​ក្នុង​ការ​ធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​នឹង​សហគមន៍​អន្តរជាតិ ដើម្បី​គាំទ្រ​កិច្ច​ប្រឹងប្រែង​ឲ្យ​មាន​សន្តិភាព និង​ការ​ផ្សះផ្សា​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។ នៅ​ក្នុង​សេចក្ដី​ប្រកាស​នេះ​ដែរ លោក McMaster ក៏​បាន​ទទួល​ស្គាល់​អំពី​ការ​ប្ដូរផ្ដាច់​របស់​ប៉ាគីស្ថាន នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​ជ្រុល​និយម និង​អំពើ​ភេរវកម្ម៕

XS
SM
MD
LG