រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក James Mattis បាននិយាយនៅថ្ងៃចន្ទនេះថា ការរារាំងការគំរាមកំហែងផ្នែកយោធាពីប្រទេសកូរ៉េខាងជើង គឺជាចំណុចអាទិភាពនៅក្នុងការពិភាក្សារបស់លោកក្នុងដំណើរទស្សនកិច្ចទៅកាន់ទ្វីបអាស៊ីក្នុងសប្ដាហ៍នេះ នៅមុនដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Donald Trump ទៅកាន់ទ្វីបអាស៊ីនៅខែវិច្ឆិកាខាងមុខ។
នៅពេលធ្វើដំណើរទៅកាន់ប្រទេសហ្វីលីពីនដើម្បីចូលរួមនៅក្នុងការពិភាក្សាអំពីបញ្ហាសន្តិសុខជាមួយនឹងរដ្ឋមន្ត្រីការពារជាតិមកពីបណ្ដាប្រទេសនានានៅតំបន់អាស៊ីអាគ្នេយ៍ លោក James Mattis បាននិយាយថា លោកនឹងពិភាក្សាអំពី «វិបត្តិសន្តិសុខក្នុងតំបន់ដែលបណ្ដាលមកពីភាពគឃ្លើនរបស់កូរ៉េខាងជើង» ក្នុងចំណោមបញ្ហាផ្សេងៗទៀត។
នៅឯកិច្ចពិភាក្សានោះ លោកក៏ត្រូវគេរំពឹងថានឹងរៀបចំជំនួបត្រីភាគីជាមួយនឹងសមភាគីរបស់លោកមកពីប្រទេសកូរ៉េខាងត្បូង និងជប៉ុន ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់សហរដ្ឋអាមេរិកនៅក្នុងទ្វីបអាស៊ីផងដែរ មុនពេលធ្វើទស្សនកិច្ចទៅកាន់ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូងដើម្បីចូលរួមនៅក្នុងការពិភាក្សាប្រចាំឆ្នាំអំពីផ្នែកការពារជាតិ។
រដ្ឋមន្ត្រីការពារជាតិមកពីប្រទេសទាំង ១០ នៃសមាគមអាស៊ាន ដែលបានជួបប្រជុំគ្នានៅក្នុងទីក្រុង Clark ភាគខាងជើងប្រទេសហ្វីលីពីននៅមុនជំនួបជាមួយនឹងលោក James Mattis បានចេញនូវសេចក្ដីថ្លែងការណ៍ខ្លាំងៗប្រឆាំងនឹងប្រទេសកូរ៉េខាងជើងនៅថ្ងៃចន្ទនេះ។
សេចក្ដីថ្លែងការណ៍រួមនោះសរសេរក្នុងន័យដើមថា៖ «យើងបង្ហាញនូវក្ដីបារម្ភដ៏ខ្លាំងក្លាពាក់ព័ន្ធនឹងការរីករាលដាលនៃភាពតានតឹងនៅឧបទ្វីបកូរ៉េ ដែលក្នុងនោះមានទាំងការសាកល្បង និងការបាញ់គ្រាប់ផ្លោងមីស៊ីលឆ្លងទ្វីបរបស់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ បន្ថែមទៅនឹងការសាកល្បងនុយក្លេអ៊ែរ និងការបាញ់គ្រាប់ផ្លោងមីស៊ីលកាលពីលើកមុនរបស់ប្រទេសនេះ។ យើងជំរុញយ៉ាងម៉ឺងម៉ាត់ឲ្យកូរ៉េខាងជើងគោរពជាបន្ទាន់ទៅតាមកាតព្វកិច្ចរបស់ខ្លួនដែលមានចែងនៅក្នុងសេចក្ដីសម្រេចពាក់ព័ន្ធទាំងអស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ៕