រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក Jim Mattis បាននិយាយថា ការដាក់ទណ្ឌកម្មអន្តរជាតិលើប្រទេសកូរ៉េខាងជើងនឹងអាចដកចេញបាននៅពេលណាដែលរដ្ឋាភិបាលក្រុងព្យុងយ៉ាងចាត់វិធានការម៉ឺងម៉ាត់នៅក្នុងការលុបចោលកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនតែប៉ុណ្ណោះ។
លោក Mattis បានថ្លែងនៅពេលដែលលោកបញ្ចប់ដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសសិង្ហបុរីនៅថ្ងៃអាទិត្យនេះថា៖ «យើងនឹងនៅតែបន្តអនុវត្តសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលើប្រទេសកូរ៉េខាងជើងដដែល។ កូរ៉េខាងជើងនឹងរួចខ្លួនពីការដាក់ទណ្ឌកម្មនេះនៅពេលណាដែលប្រទេសនេះបានបង្ហាញពីវិធានការដែលអាចផ្ទៀងផ្ទាត់បាន និងមិនអាចកែប្រែបានដើម្បីធ្វើឲ្យគ្មានអាវុធនុយក្លេអ៊ែរតែប៉ុណ្ណោះ»។
ដោយថ្លែងក្បែរនឹងរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង និងរដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Mattis បានព្យាយាមបន្ធូរបន្ថយនូវក្ដីរំពឹងសម្រាប់កិច្ចពិភាក្សាដែលកំពុងតែបន្តធ្វើឡើងរវាងសហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងជើង។
លោក Mattis បាននិយាយយ៉ាងដូច្នេះថា៖ «យើងអាចប៉ាន់ប្រមាណយ៉ាងជាក់ច្បាស់ថា ការចរចានេះនឹងមានភាពរដាក់រដុប»។
សហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងជើងនៅតែបន្តលើកឡើងពីកិច្ចការជាមូលដ្ឋាននៅមុនជំនួបដែលគ្រោងនឹងធ្វើឡើងរវាងប្រធានាធិបតីអាមេរិកលោក Donald Trump និងមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un នៅថ្ងៃទី ១២ ខែមិថុនាខាងមុខនេះ នៅក្នុងប្រទេសសិង្ហបុរី។
គេនៅមិនទាន់ច្បាស់ទេថាតើភាគីទាំងពីរត្រៀមផ្ដល់អ្វីខ្លះនៅក្នុងអំឡុងពេលចរចានោះ។ ហើយគេក៏នៅមិនទាន់ច្បាស់ផងដែរថាតើជំនួបរវាងមេដឹកនាំទាំងពីរនឹងត្រូវការរយៈពេលយូរប៉ុណ្ណានោះទេ៕